ក្រសួងសុខាភិបាលរកឃើញជំងឺអុតស្វា (Monkeypox) ចំនួន ២ករណីបន្ថែមដោយសរុប ៣ករណី កាលពីយប់ថ្ងៃទី៣ ខែមករា។ គ្រូពេទ្យដាក់ឲ្យអ្នកជំងឺទាំងនោះសម្រាកព្យាបាល ដាច់ដោយឡែកនៅមន្ទីរពេទ្យ។
ក្រសួងសុខាភិបាលលើកឡើងថា វីរុសអុតស្វាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទជាមួយអ្នកជំងឺអ៊ុតស្វា ការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗតាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងអ្នកជំងឺជាដើម។
បញ្ហានេះក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ដើម្បីបង្ការនូវការចម្លងជំងឺអុតស្វាដោយស្វែងយល់ពីរបៀបឆ្លង និងត្រូវអនុវត្តតាមវិធានការបង្ការនានាដូចជាវិធីបង្ការការចម្លងជំងឺអ៊ុតស្វា ដោយត្រូវប្រើប្រាស់ស្រោមអនាម័យរាល់ការរួមភេទ និងជៀសវាងការមានដៃគូរួមភេទច្រើន ចៀសវាងប៉ះពាល់ផ្ទាល់ ឬសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ជាមួយអ្នកជំងឺ ចៀសវាងការប៉ះពាល់ជាមួយជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់អ្នកជំងឺ ការអនុវត្តគោលការណ៍អនាម័យផងដែរ។


វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធាននាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លងលោក លី សូវ៉ាន់ ដើម្បីសាកសួរបន្ថែមបានទេ នៅថ្ងៃទី៥ ខែមករា។ ចំណែករដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ឈាង រ៉ា ប្រាប់ថា លោកជាប់រវល់ប្រជុំ។
ជុំវិញរឿងនេះ អ្នកជំនាញព្រមានថា ជំងឺអ៊ុតស្វាអាចប៉ះពាល់ធ្ងន់ធ្ងរសុខភាពសាធារណៈ បើសិនរដ្ឋាភិបាលមិនទប់ស្កាត់ និងអ្នកជំងឺមិនបានទទួលការព្យាបាលត្រឹមត្រូវ ឬយឺតយ៉ាវនោះ។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាលោកវេជ្ជបណ្ឌិត អ៊ួច វុទ្ធី ប្រាប់វិទ្យុអាស៊ីសេរីថា ជំងឺអុតស្វាកើតចេញសែស្រឡាយជាមួយនឹងជំងឺរើម ជំងឺអុតស្វាយដែរ ប៉ុន្តែលោកថាជំងឺនេះអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់លឿន ជាពិសេសកាច់សាហាវចាប់តាំងពីវីរុសបំប្លែងខ្លួនចេញពីតំបន់អាហ្វ្រិកដោយរាលដាលទៅប្រទេសទូទៅ។ លោកជំរុញឱ្យគ្រូពេទ្យ និងអ្នកពាក់ព័ន្ធត្រូវការយកចិត្តទុកដាក់ថែទាំព្យាបាលអ្នកជំងឺឱ្យបានដិតដល់ដើម្បីការពារអាយុជីវិត និងទប់ស្កាត់កុំឱ្យឆ្លងរាលដាលទៅមនុស្សរស់នៅជុំវិញ។ លោកវេជ្ជបណ្ឌិតក៏ណែនាំឱ្យពលរដ្ឋគួរចាក់វ៉ាក់សាំងបង្ការ ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងអនុវត្តវិធានការអនាម័យឱ្យបានខ្ជាប់ខ្ជួនជាដើម ទើបអាចទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះមានប្រសិទ្ធភាពខ្ពស់។
វេជ្ជបណ្ឌិត អ៊ួច វុទ្ធី៖ «អ្នកដែលជិតដិតជាមួយអ្នកជំងឺអុតស្វាត្រូវការពារខ្លួន និងអ្នកជំងឺដែលនៅជិតជាមួយគ្នា ទីមួយខោអាវ កម្រាលពូកខ្នើយ ខោអាវអ្វីហ្នឹងពេលប៉ះពាល់ទឹករងូ ឈាម ដំបៅអ្វីផ្សេងៗ តាមដំណក់ទឹកអ្វីហ្នឹងធ្វើឱ្យយើងឆ្លងលឿន មួយទៀតពេលណាយើងមានការប្រាស្រ័យជាមួយអ្នកជំងឺអុតស្វា យើងសង្ស័យត្រូវទៅរកពេទ្យ»។
ក្រសួងសុខាភិបាលបញ្ជាក់ថា បុគ្គលដែលមានរោគសញ្ញាដូចជាកន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់រួមភេទ រួមគ្រុនដៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ ឈឺចង្កេះ អស់កម្លាំង ទោះបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអុតស្វា ឬមិនមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺអុតស្វាក្តី ត្រូវទៅពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជាបន្ទាន់។
កម្ពុជារកឃើញករណីជនជាតិនីហ្សេរីយ៉ា (Nigerian) ម្នាក់មានជំងឺអុតស្វាលើកដំបូងកាលពីខែកក្កដា ឆ្នាំ២០២២។
អង្គការសុខភាពពិភពលោក(WHO) បញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ២០២២ ជំងឺអុតស្វាបានផ្ទុះឡើងភ្លាមៗ និងឆ្លងរាលដាលឆាប់រហ័សធ្វើឱ្យជំងឺនេះកើតលើមនុស្សជិត ៨ម៉ឺន ៧ពាន់ករណី និងស្លាប់សរុបចំនួន១១២នាក់ នៅតាមបណ្តាប្រទេសចំនួន១១០ក្នុងតំបន់ចំនួន៦ ដូចជានៅតំបន់អឺរ៉ុប តំបន់អាមេរិក អាហ្រិក មេឌីទែរ៉ាណេខាងកើត និងនៅអាស៊ីប៉ាស៊ីហ្វិកខាងលិចជាដើម។ អង្គការសុខភាពពិភពលោកជំរុញឱ្យប្រទេសទាំងអស់បង្កើនការយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការសុខាភិបាលឱ្យបានហ្មត់ចត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។