ក្រសួង​សុខាភិបាល​ប្រាប់​ឈ្មោះ​ថ្នាំពេទ្យ និង​របៀប​ព្យាបាល​ជំងឺ​កូវីដ-១៩ តាម​ផ្ទះ

ដោយ មួង ណារ៉េត
2021.04.15
ក្រសួង​សុខាភិបាល​ប្រាប់​ឈ្មោះ​ថ្នាំពេទ្យ និង​របៀប​ព្យាបាល​ជំងឺ​កូវីដ-១៩ តាម​ផ្ទះ អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​អ្នកនាំពាក្យ។
រូប៖ ហ្វេសប៊ុក​​​ក្រសួង​សុខាភិបាល

ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី១៥ ខែ​មេសា បាន​ប្រាប់​ឈ្មោះ​ថ្នាំពេទ្យ​ខ្លះ និង​ណែនាំ​របៀប​ព្យាបាល​ជំងឺ​កូវីដ​-១៩ តាម​ផ្ទះ​។ ប៉ុន្តែ​ថ្នាំ និង​របៀប​ព្យាបាល​ជំងឺ​ដោយ​ខ្លួនឯង​នេះ ក្រសួង​ថា​ធ្វើ​បាន​សម្រាប់​តែ​ករណី​អ្នកជំងឺ គ្មាន​ចេញ​រោគសញ្ញា និង​មាន​រោគសញ្ញា​ដែរ រោគ​សញ្ញា​ស្រាល។

បើ​អ្នកជំងឺ​ក្តៅ​ខ្លួន​ក្រោម ៣៧,៥ អង្សា គ្មាន​ក្អក គ្មាន​ហៀរ​សំបោរ គ្មាន​ឈឺបំពង់ក និង​សភាព​ទូទៅ​ធម្មតា មិន​ចាំ​បាច់​ប្រើ​ថ្នាំ​ព្យាបាល​ទេ​។ ករណីនេះ ចាត់ទុកថា​គ្មាន​រោគសញ្ញា។

បើ​អ្នកជំងឺ​ក្តៅ​ខ្លួន​លើស ៣៧,៥ មាន​ឈឺ​សាច់ដុំ ឬ​ឈឺបំពង់ក ចាត់​ទុកថា​មាន​រោគសញ្ញា​ស្រាល​។ ករណី​បែប​នេះ ត្រូវ​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល។

ករណី​មាន​សញ្ញា​បន្ថែម ដូចជា តឹង​ច្រមុះ ឬ​ហៀរ​សំបោរ ឬ​ក្អក (​មាន ឬ​មិន​មាន​ស្លេស្ម​) ត្រូវ​ប្រើ​ថ្នាំ ប្រ៉ូម៉ិចស៊ីន (Bromhexine) ឬ​សេទីរីហ្ស៊ីន (Cetirizine)

ក្រសួង​បាន​ណែនាំ​បន្ថែម ឲ្យ​អ្នកជំងឺ​នៅ​ដាច់​ដោយឡែក​ពី​គេ ហូប​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់ និង​ពិសា​ទឹក​ឲ្យ​បាន​ច្រើន​ជា​ដើម។

ការណែនាំ​នេះ ធ្វើឡើង​ក្រោយ​តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​កម្ពុជា ថា​កម្ពុជា​ស្ថិត​ដល់​មាត់ជ្រោះ​មរណៈ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ស្ថានការណ៍​រីក​រាលដាល​នៃ​ជំងឺ​នេះ ទ្រាំទ្រ​លែង​បាន​ហើយ។

អគារ​ធំៗ​ជាច្រើន នៅ​ទីក្រុង​ភ្នំពេញ ដូចជា​អគារ​កោះពេជ្យ​ជាដើម ដែល​ធ្លាប់​ទទួល​ភ្ញៀវ​ការ ឥឡូវ​បាន​ប្រែក្លាយ​ទៅជា​មណ្ឌល​សម្រាក​ព្យាបាល​អ្នក​ជំងឺ​។ ប៉ុន្តែ ចំនួន​អ្នកជំងឺ​ថ្មី បន្ត​កើនឡើង លើស​គ្រែ​ពេទ្យ ដែល​អ្នកជំងឺ​ជាច្រើន មិន​ទាន់​រក​កន្លែង​សម្រាក​ព្យាបាល​ឃើញ​នៅ​ឡើយ។ ក្រសួង​សុខាភិបាល ថា​ដំណាក់កាល​នេះ អ្នកជំងឺ​កូ​វីដ​-១៩ នៅក្នុង​រាជធានី​ភ្នំពេញ​កើនឡើង​ច្រើន លើស​ពី​ចំណុះ​របស់​មន្ទីរពេទ្យ​។ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​លោក ងី មានហេង ប្រាប់​សារព័ត៌មាន​ក្នុងស្រុក ថា​អ្នកជំងឺ​ជិត ១​ពាន់ ៥​រយ​នាក់ (,៤៩៣) កំពុង​នៅផ្ទះ ឬ​ទី​សំណាក់​ឯទៀត រង់ចាំ​បុគ្គលិក​ពេទ្យ​ទាក់ទង​មក​ទទួល ដើម្បី​បញ្ជូន​ទៅ​កន្លែង ឬ​មណ្ឌល​សម្រាក​ព្យាបាល​អ្នកជំងឺ​កូវីដ​ណាមួយ ដែល​មាន​គ្រែ​ទំនេរ។

ឱសថការី​ខ្មែ-អូស្ត្រាលី សាទរ​ចំពោះ​សេចក្ដី​ណែនាំ​របស់​ក្រសួង​សុខាភិបាល អំពី​វិធី​ថែទាំ​សុខភាព និង​ការប្រើប្រាស់​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​តាម​ផ្ទះ​នេះ។ ប៉ុន្តែ​សេចក្តី​ប្រកាស​នេះ ធ្វើឡើង​ជាង​មួយឆ្នាំ​ក្រោយ​ករណី​ផ្ទុះ​កូវីដ​-១៩ នៅ​កម្ពុជា​។ ឱសថការី លឹម សួរ ថា​វិធានការ​នេះ រាង​យឺត​ពេល​បន្តិច​ទៅ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។