វ៉ាក់សាំង​ចិន​បន្ត​មក​ដល់​កម្ពុជា​ចំនួន​មួយ​លាន​ប្រាំ​សែន​ដូស

អ្នកវិភាគ​លើក​ថា បើ​រដ្ឋាភិបាល​ចំណាយ​លុយ​លើ​ការទិញ​វ៉ាក់សាំង រដ្ឋាភិបាល​ត្រូវតែ​គិត​គួរ​ទិញ​វ៉ាក់សាំង​ណា​មាន​គុណភាព​ខ្ពស់ និង​មានការ​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​។ ការ​លើកឡើង​នេះ ក្រោយពេល វ៉ាក់សាំង​ទី​២​របស់​ចិន​ឈ្មោះ​ស៊ីណូវ៉ាក់ (Sinovac)​ត្រូវ​បាន​គេ​ដឹក​មកដល់​កម្ពុជា​ចំនួន​មួយ​លាន ៥​សែន​ដូស ដែល​កម្ពុជា​ទិញ​អស់​លុយ ១៥លាន​ដុល្លារ។

អ្នកវិភាគ​នយោបាយ​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស លោក គឹម សុខ សង្កេតឃើញថា ក្នុង​ចំណោម​វ៉ាក់សាំង​នានា វ៉ាក់សាំង​របស់​ចិន​មានគុណ​ភាព​អន់​ជាងគេ​។ លោក​លើកឡើង​ទៀត​ថា បើ​រដ្ឋាភិបាល​ត្រូវ​ចំណាយ​លុយ​លើ​ការទិញ​វ៉ាក់សាំង​បែបនេះ​គួរ​ព្យាយាម​ទិញ​វ៉ាក់សាំង​ដែល​មាន​គុណភាព​ខ្ពស់​ជាង​នេះ និង​មានការ​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​ទើប​ជា​ការ​ផ្ដល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ​៖ «បើ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ចំណាយ​លុយ​ទិញ​វ៉ាក់សាំង​ដដែល​ហេតុ​អី​មិន​ទិញ​វ៉ាក់សាំង​មានការ​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក គឺ​វ៉ាក់សាំង អាមេរិក និង​អង់គ្លេស ហើយ​វ៉ាក់សាំង​ទាំងនេះ​ប្រជា​​ពលរដ្ឋ​មាន​ទំនុកចិត្ត​ចាក់​ជាង​វ៉ាក់សាំង​ចិន»។

ទោះបីជា​យ៉ាងណា ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) ថ្លែង​ការពារ​ថា ភាគី​ចិន​លក់​វ៉ាក់សាំង​នេះ​ឱ្យ​កម្ពុជា​ក្នុង​តម្លៃ​ពិសេស​បំផុត​។ លោក​រំពឹង​ថា វ៉ាក់សាំង​របស់​ខ្លួន​នឹង​ក្លាយជា​ជញ្ជាំង​សុវត្ថិភាព​ការពារ​សុវត្ថិភាព​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​។ លោក​អះអាង​ដែរ​ថា មិនមែន​តែ​កម្ពុជា​ទេ​ដែល​ប្រើ​វ៉ាក់សាំង​ចិន​នេះ គឺ​មាន​ប្រទេស​ប្រមាណ​៦០​ទៀត​បាន​ប្រើប្រាស់​វ៉ាក់សាំង​នេះ​ដែរ​។ លោក​ថា បើ​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​នៅ​កម្ពុជា ចិន​នឹង​បន្ត​ជួយ​គិតគូរ​ដោះស្រាយ​ដោយ​អាច​ផ្ដល់​ជំនួយ​វ៉ាក់សាំង​បន្ថែម ឬក៏​សម្រួល​ក្នុង​ការ​បញ្ជា​ទិញ​ឱ្យ​បាន​ឆាប់រហ័ស​៖ «​ថ្ងៃនេះ​វ៉ាក់សាំង​កូ​វីដ​១៩​ដែល​ត្រូវ​បាន​បញ្ជា​ទិញ​លើកដំបូង​ដោយ​ភាគី​កម្ពុជា​ត្រូវ​បាន​ប្រគល់​និង​ទទួល​បាន​ជោគជ័យ»។

រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រៅពី​ទិញ​វ៉ាក់សាំង​ចិន​ពេលនេះ​កម្ពុជា​ក៏​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ឥណ្ឌា​ដែល​នឹង​មក​ដល់​កម្ពុជា​នា​ពេល​ខាង​មុខ ហើយ​កម្ពុជា​កំពុង​ទំនាក់​ទំនង​ជាមួយ​ក្រុម​ហ៊ុន​របស់​អាមេរិក​ដើម្បី​ទិញ​វ៉ាក់សាំង​ដែរ​៖ «ខ្ញុំ​ពុំ​អាច​ជម្រាប​អស់​បាន​ទេ​អំពី​វិធានការ​កិច្ចសហការ​រៀងរាល់ថ្ងៃ​ជាប្រចាំ​ដែល​យើង​កំពុង​ធ្វើ ប៉ុន្តែ ខ្ញុំ​អាច​បញ្ជាក់​ជូន​ថា លក្ខណៈ​ពិសេស​មិត្តភាព​ដែកថែប​ចិន​ -​ កម្ពុជា បាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ធានា​ឱ្យ​កម្ពុជ​មាន​វ៉ាក់សាំង​ទាន់ពេល​ចាក់​ជូន​ប្រជាជន​ក្នុង​ពេលនេះ​និង​ពេល​ខាង​មុខ»។

ការ​ទទួល​វ៉ាក់សាំង​លើក​ទី​២ ដែល​ជា​ការ​បញ្ជា​ទិញ​នេះ​មិន​មាន​វត្តមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ទទួល​ដល់​ព្រលាន​យន្តហោះ​ដូច​មុន​ទេ ប៉ុន្តែ លោក​ចាត់​តំណាង​របស់​លោក​រួមមាន​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច ក្រសួងសុខាភិបាល​និង​ក្រសួង​ផ្សេងទៀត​ឱ្យទៅ​ទទួល​។ លោក ហ៊ុន សែន សរសេរ​លើ​ហ្វេសប៊ុក​លោក​ថា រដ្ឋាភិបាល​កំពុង​ចរចា​ដើម្បី​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ Sinovac ប្រមាណ​៤​លាន​ដូស​បន្ថែម​ទៀត​ពី​ភាគី​ចិន​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ឥតគិតថ្លៃ​តាម​ផែនការ​។ លោក​បន្ត​ថា រដ្ឋាភិបាល​មាន​គម្រោង​ចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​ឱ្យ​បាន​ជាង​១០​លាន​នាក់​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព និង​ស្ដារ​សេដ្ឋកិច្ច​ដែល​រង​ផល​ប៉ះពាល់​ឡើងវិញ។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល អ្នកស្រី យក់ សម្បត្តិ ឱ្យ​ដឹង​ថា អ្នក​ដែល​អាច​ចាក់​វ៉ាក់សាំង​នេះ​បាន​ចាប់ពី​អាយុ​១៨​ឆ្នាំ ឡើង​ទៅ និង​ត្រូវ​ចាក់​ពីរ​ដូស​លើ​មនុស្ស​ម្នាក់ ហើយ​វា​អាច​រក្សាទុក​បាន​រយៈពេល​៣៦​ខែ ប៉ុន្តែ​បើ​ប្រើ​ត្រឹម​រយៈពេល​៦​ខែ​គឺ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា វ៉ាក់សាំង​នេះ​នឹង​ចាក់​ឱ្យ​ពលរដ្ឋ​ងាយ​រងគ្រោះ មនុស្ស​ចាស់ និង​មន្ត្រីរាជការ​ក្នុង​នោះ​តំបន់​អាទិភាព​រាជធានី ភ្នំពេញ ខេត្ត​កណ្ដាល និង​ខេត្ត​ព្រះសីហនុ។

វត្តមាន​វ៉ាក់សាំង​ចិន​ជា​លើក​ទី​២​ពេលនេះ ខណៈ​កម្ពុជា​កំពុង​រងគ្រោះ​ដោយ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដែល​ករណីនេះ​ផ្ដើម​ចេញពី​ស្ត្រីជន​ជាតិចិន​លួច​ចេញពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​ដោយមាន​សន្តិសុខ​ខ្មែរ​ជួយ​សម្របសម្រួល​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ​កន្លង​ទៅ។

គិត​ត្រឹម​ថ្ងៃទី​២៦ ខែ​មីនា មាន​មនុស្ស ៨​នាក់​ហើយ​បាន​ស្លាប់​ដោយ​ជំងឺ​នេះ​។ ចំណែក​ចំនួន​អ្នក​ឆ្លង​ក៏​កើនឡើង​ដែរ ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ថា អ្នក​ឆ្លង​កូវីដ​១៩​ថ្មី​កើន​ដល់​៩៦​នាក់ ដែល​សុទ្ធ​សឹង​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នកជំងឺ​សរុប​មាន​ជិត​ពីរ​ពាន់​នាក់ ២,០០០ (១៩៦៨​នាក់)។

កម្ពុជា​បាន​ទទួល​ជំនួយ​វ៉ាក់សាំង​២​មុខ​រួច​ហើយ គឺ​វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm) ៦០​ម៉ឺន​ដូ​ស ជា​ជំនួយ​របស់​ចិន និង​វ៉ាក់សាំង Astra Zeneca (ឥណ្ឌា​) ៣២​ម៉ឺន​ដូស​តាមរយៈ​យន្តការ​កូវ៉ាក់ ដែល​ជា​ជំនួយ​របស់​អង្គការ​សុខភាព​ពិភពលោក​។ ទោះ​យ៉ាង​ណា​ក្នុងចំណោម​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ​ទាំង​៨​នាក់​ក៏​មាន​អ្នក​បាត់​បង់ជីវិត​មួយចំនួន​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ដែរ។

លោក ហ៊ុន សែន ឱ្យ​ដឹង​ថា រដ្ឋាភិបាល​របស់​លោក​កំពុង​ស្វះ​ស្វែងរក​វ៉ាក់សាំង​ជា​បន្តបន្ទាប់​ទៀត​តាមរយៈ​ប្រទេស​ជា​មិត្ត​និង​តាមរយៈ​យន្តការ​កូវ៉ាក់ (Covax)​។ លោក​ឱ្យ​ដឹង​ថា តាម​ការ​គ្រោង​ទុក​វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm )​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ចំនួន​៧០​ម៉ឺន​ដូស​ទៀត (៣០​ម៉ឺន​ដូស សម្រាប់​ក្រសួង​ការពារជាតិ និង​៤០​ម៉ឺន​ដូស សម្រាប់​ក្រសួង​សុខាភិបាល​) នឹង​មកដល់​កម្ពុជា​នា​ពេល​ខាងមុខ​នេះ​ផង​ដែរ។

ទោះ​យ៉ាងណា​លោក គឹម សុខ យល់​ថា ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ ឱ្យ​មាន​ប្រសិទ្ធភាព​គឺ​ត្រូវ​មាន​វិធានការ​ច្បាស់លាស់​គាំពារ​ដល់​ពលរដ្ឋ​ក្នុង​នោះ​រួមមាន​៖ ជួយ​ដោះស្រាយ​បំណុល​ពលរដ្ឋ​ជំពាក់​លុយ​ធនាគារ ថ្លៃ​ផ្ទះ ទឹក ភ្លើង និង​ប្រាក់ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។