គណៈកម្មការ​ទី​៨​សភា​គ្រោង​កោះ​ហៅ​រដ្ឋមន្ត្រី​​សុខាភិបាល​បំភ្លឺ​រឿង​ឆ្លង​​មេរោគ​អេដស៍​នៅ​ឃុំ​រកា

ដោយ ទេព សុរ៉ាវី
2014-12-28
Share
កែ សុវណ្ណរតន៍ អេដស៍ ៦២០ ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋ​សភា អ្នកស្រី កែ សុវណ្ណរតន៍ (រូប​ឈរ​ ពី​ឆ្វេង​ទី​៤) ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ (​មួយ​ចំនួន​​ផ្ទុក​មេរោគ​អេដស៍)​ ខណៈ​​អ្នកស្រី​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​នៅ​វត្ត​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​រសៀល​ថ្ងៃ​ទី​២០ ធ្នូ ឆ្នាំ​២០១៤។
RFA/Hum Chamroeun

ពលរដ្ឋ​ដែល​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា ខេត្ត​បាត់ដំបង កើន​ឡើង​ដល់​ចំនួន ១៩០​នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២៦ ធ្នូ។ ប្រជាពលរដ្ឋ​គិត​ថា តួលេខ​នេះ​អាច​នឹង​មាន​ការ​កើន​ឡើង​ជា​បន្ត​ទៀត ខណៈ​ដែល​ពលរដ្ឋ​នៅ​ឃុំ​រកា នៅ​តែ​បន្ត​នាំ​គ្នា​ទៅ​ពិនិត្យ​ឈាម​ដើម្បី​រក​មេរោគ​អេដស៍។ បញ្ហា​នេះ​ជំរុញ​ឲ្យ​រដ្ឋ​សភា​គ្រោង​កោះ​ហៅ​រដ្ឋមន្ត្រី​​ក្រសួង​សុខាភិបាល មក​បំភ្លឺ​ពាក់ព័ន្ធ​ការ​រីក​រាលដាល​ជំងឺ​អេដស៍​នៅ​ឃុំ​រកា​នោះ។

គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា គ្រោង​កោះហៅ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋ​សភា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើតេស្ត​រក​ឃើញ​មេរោគ​អេដស៍​នៅ​ភូមិ​រកា ស្ថិត​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង។

ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន យុវនីតិសម្បទា ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី ឬ​គណៈកម្មការ​ទី​៨​នៃ​រដ្ឋ​សភា អ្នកស្រី កែ សុវណ្ណរតន៍ បញ្ជាក់​ថា ២ ទៅ ៣​សប្ដាហ៍​ទៀត អ្នកស្រី​នឹង​កោះហៅ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល មក​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការ​រីក​រាល​ដាល​មេរោគ​អេដស៍​នៅ​ឃុំ​រកា បន្ទាប់ពី​ទទួល​បាន​លទ្ធផល​ឈាម​ដែល​មន្ត្រី​ជំនាញ​បាន​បញ្ជូន​​សំណាក​​ទៅ​ពិនិត្យ​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​កូរ៉េ​ខាងត្បូង៖ «ទី​១​យើង​ត្រូវ​ទទួល​ស្គាល់​លទ្ធផល​នោះ ហើយ​ចាត់​វិធានការ​លើក​ទឹក​ចិត្ត​ពួកគាត់។ ទី​២ ត្រូវ​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល មក​បំភ្លឺ​ពី​រឿង​នេះ»

​តាម​គំនិត​អ្នកស្រី កែ សុវណ្ណរតន៍ ការ​ផ្ទុះ​ការ​រីក​រាល​មេរោគ​អេដស៍​យ៉ាង​ច្រើន​នៅ​ឃុំ​រកា​នេះ គឺ​ជា​រឿង​អសមត្ថភាព​របស់​ស្ថាប័ន​ក្រសួង​សុខាភិបាល ដែល​ទាមទារ​ឲ្យ​ក្រសួង​សុខាភិបាល ត្រូវ​កែ​លំអ​វិស័យ​សុខាភិបាល​ទូទាំង​ប្រទេស​ឡើង​វិញ។

រហូត​មក​ដល់​ពេល​នេះ វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ជុំវិញ​ប្រតិកម្ម​ចំពោះ​គម្រោង​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​រដ្ឋ​សភា​នៅ​ឡើយ​ទេ។

គម្រោង​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​មក​បំភ្លឺ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​គណៈប្រតិភូ​សមាជិក​សភា​ជិត ១០​នាក់ មក​ពី​គណបក្ស​ទាំង​ពីរ​ដែល​ដឹកនាំ​ដោយ​លោក ឈាង វុន និង​អ្នកស្រី កែ សុវណ្ណរតន៍ ដឹកនាំ​គ្រូពេទ្យ​ជំនាញ​ទៅ​អប់រំ​ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ឆ្លង​មេរោគ​អេដស៍​ទាំង​នោះ​កុំ​ឲ្យ​ពួកគាត់​គិត​រវើរវាយ​ចំពោះ​អ្វី​ដែល​បាន​ជួប​ប្រទះ។

អ្នកស្រី កែ សុវណ្ណរតន៍ បញ្ជាក់​ថា ក្រៅពី​កោះហៅ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល មក​បំភ្លឺ​នោះ រដ្ឋាភិបាល​ត្រូវ​បង្កើត​កញ្ចប់​ថវិកា​ពិសេស​មួយ​​សម្រាប់​ជួយ​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ដែល​បាន​ឆ្លង​មេរោគ​អេដស៍​ទាំង​នោះ៖ «រហូត​មក​ដល់​ពេល​នេះ មាន​អ្នក​ឆ្លង ១៩០​នាក់។ គ្រួសារ​ខ្លះ​សមាជិក ៤​នាក់ មាន​អ្នក​ផ្ទុក ៣​នាក់ គ្រួសារ​ខ្លះ​ទៀត​សមាជិក ៥​នាក់ មាន​អ្នក​ផ្ទុក ៤​នាក់ ហើយ​អ្នក​ដែល​ប៉ះពាល់​មួយ​ចំនួន​សុទ្ធតែ​អ្នក​ពេញ​កម្លាំង​ពលកម្ម​ទ្រទ្រង់​គ្រួសារ អ៊ីចឹង​យើង​ត្រូវ​មាន​កញ្ចប់​ថវិកា​ទ្រទ្រង់​ពួក​គាត់​មួយ​រយៈ»

​គិត​ត្រឹម​ថ្ងៃ​ទី​២៦ ធ្នូ មាន​អ្នកភូមិ​ចំនួន ១៩០​នាក់ មាន​ផ្ទុក​មេរោគ​អេដស៍​ក្នុង​ចំណោម​ពលរដ្ឋ​ជាង ១.៦០០​នាក់ ដែល​ទៅ​ធ្វើតេស្ត​ឈាម​នៅ​មណ្ឌល​សុខភាព។

យ៉ាង​ណា​ក៏ដោយ ចំនួន​នេះ​អាច​នឹង​កើន​ឡើង​ទៀត ដោយសារ​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​ទៅ​ធ្វើតេស្ដ​ឈាម​រក​មេរោគ​អេដស៍​ជា​បន្តបន្ទាប់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល