​អង្គការ​​សមាគម​និង​​សហជីព​ជិត​​៤០​ស្ថាប័ន​ចេញ​​សេចក្ដី​ថ្លែង​ការណ៍​​ព្រួយបារម្ភ​​ពី​សុខភាព​និង​​សុវត្ថិភាព​​​​កម្មករ​​​នៅ​​កន្លែង​​ការងារ​​ក្នុង​​ពេល​​មាន​​វិបត្តិ​ជំងឺ​កូវីដ-១៩​

សហព័ន្ធ​សហជីព​ សមាគម​ សហគមន៍​ អង្គការ​​​សង្គម​​ស៊ីវិល​​ធ្វើការ​​​លើ​​​វិស័យ​​សិទ្ធិ​ការងារ និង​សិទ្ធិ​មនុស្ស​ជិត​ ​៤០ ស្ថាប័ន បាន​ចេញ​​​សេចក្ដី​ថ្លែង​ការណ៍​​រួម​ព្រួយ​​​បារម្ភ​​​ពី​បញ្ហា​​សុខភាព និង​​សុវត្ថិភាព​កម្មករ​​និយោជិត​​នៅ​​កន្លែង​​ការងារ ក្នុង​​ពេល​​មាន​​វិបត្តិ​ជំងឺ​កូវីដ-១៩។​

សេចក្ដី​ថ្លែងការណ៍​រួម​របស់​ស្ថាប័ន​​ចំនួន ​៣៦ ចេញ​ផ្សាយ​​នៅ​ថ្ងៃទី២៨ ខែមេសា នេះ ជា​​ទិវា​​អន្តរជាតិ ដើម្បី​​រំលឹក​​ដល់​ការ​​ចងចាំ​​ដល់​​កម្មករ​ បាន​​ដាក់​​សំណើរ​​ចំនួន ​៧ ​ចំណុច ​ទៅ​​រដ្ឋាភិបាល។ សំណើរ​​ទាំង​នេះ មាន​​ដូចជា ស្នើ​ឲ្យ​រដ្ឋាភិបាល​​បង្កើត​​យន្តការ​​ធ្វើការ​​ជាមួយ​​តំណាង​​កម្មករ​​និយោជិក និង​​និយោជក អង្គការ​​សង្គម​​ស៊ីវិល​​ក្នុង​​វិស័យ​​ការងារ ​ដើម្បី​​កំណត់​​យន្តការ​​តាមដាន​​ត្រួតពិនិត្យ និង​​វាយតម្លៃ​ចំពោះ​​បញ្ហា​សុខភាព និង​​សុវត្ថិភាព​​នៅ​កន្លែង​​ការងារ និង​បណ្ដា​ការ​ដ្ឋាន​សំណង់​ និង​​ក្រុម​ហ៊ុន​​សាងសង់ ក្នុង​​រាជធានី​ភ្នំពេញ និង​ខេត្ត ពិសេស​​ក្នុង​​ពេល​​រីករាលដាល​ជំងឺ​កូវី-១៩។ ស្ថាប័ន​​ទាំង​នេះ ជំរុញ​ឲ្យ​​ក្រសួង​​ពាក់ព័ន្ធ​ធ្វើ​​អធិការកិច្ច​​ការងារ និង​​ចុះ​បញ្ជី​​ក្រុម​ហ៊ុន​​សាងសង់​​ជា​​បន្ទាន់​​ជាមួយ​​បេឡាជាតិ​​របប​សន្តិសុខ​​សង្គម​​នៅ​ទូទាំង​​ប្រទេស។

សេចក្ដី​ថ្លែងការណ៍​​រួម​នេះ ក៏​បាន​ផ្ដោត​​សំខាន់​លើ​បញ្ហា​ស្ថានភាព​កម្មករ​វិស័យ​កាត់ដេរ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​កន្លែង​ស្នាក់នៅ​ដល់​កម្មករ រួម​ទាំង​វិធានការ​អនាម័យ​នៅ​តាម​បណ្ដា​រោងចក្រ ពិនិត្យ​លើ​ប្រព័ន្ធ​ធ្វើ​ដំណើរ​របស់​កម្មករ ក្នុង​ពេល​រីករាលដាល​ជំងឺ​ឆ្លង។ ទន្ទឹម​នឹង​គ្នា​នេះ ពួកគេ​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល មាន​វិធានការ​ជាក់លាក់​នៅ​កន្លែង​ការងារ​ដែល​ប្រឈម​នឹង​ហារនិភ័យ​ខ្ពស់ និង​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​ក្នុង​ពេល​វេលា​សមស្រប ដោយ​ផ្ដល់​ប្រាក់​ឈ្នួល​ជូន​ពួកគេ។ អង្គការ សមាគម​ដដែល ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​នូវ​កម្មវិធី​ជំនួយ​សង្គម និង​សង្គ្រោះ​បន្ទាន់ រួម​មាន​ស្បៀង​អាហារ​និង​សម្ភារៈ​ចាំបាច់​ប្រចាំ​ថ្ងៃ ឲ្យ​បាន​ទាន់​ពេល​វេលា​ក្នុង​ពេល​បិទ​ខ្ទប់ ជា​ពិសេស​កម្មករ​និង​ពលរដ្ឋ​ខ្វះខាត​ក្នុង​តំបន់​ក្រហម។ ចំណុច​ចុងក្រោយ​ស្ថាប័ន​ទាំងនេះ ស្នើ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​កន្លែង​សមរម្យ​ឲ្យ​អាជីវករ អ្នក​លក់ដូរ​តាម​ដង​ផ្លូវ តាម​ទីផ្សារ និង​នៅ​តាម​ទីសាធារណៈ​នានា ប្រកប​ដោយ​អនាម័យ និង​សុវត្ថិភាព​នៅ​នឹង​កន្លែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។