មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ជំងឺកូវីត១៩​ អាច​នឹង​កើន​ឡើង​ក្នុង​សហគមន៍​ក្រោយ​ពី​បញ្ចប់​ចូលឆ្នាំ​ខ្មែរ

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា​ជំងឺ​កូវីត​១៩​ អាច​នឹង​រាល​ដាល​តាម​សហគមន៍​បន្ថែម​ទៀត​ក្រោយ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ដោយ​សារ​តែ​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ​នៅ​តែ​ជួប​ជុំ​គ្នា​ទទួល​ទាន​អាហារ​រួម​គ្នា​ និង​ចាក់​ធុងបាស​រាំ​កម្សាន្ត​នៅ​តាម​ភូមិ​ដោយ​មិន​ខ្លាច​ការ​ឆ្លង​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ទេ។ ទោះ​បី​ជា​យ៉ាង​ណា ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា​ នៅ​ថ្ងៃទី​១៥​ មេសា​នេះ​គ្មាន​អ្នក​ឆ្លង​ជំងឺ​កូវីត​១៩​បាន​រក​ឃើញ​ថ្មី​នោះ​ទេ។​

​​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា​ប្រាប់​អាស៊ី​សេរី​ថា​ ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ​ហាក់​មិន​សូវ​ខ្លាច​នឹង​ជំងឺ​កូវីត១៩ ប៉ុន្មាន​​ទេ​ បើ​ទោះ​បី​ជា​ក្រសួង​សុខាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​មិន​ឲ្យ​មាន​ការ​ជួប​ប្រជុំ​គ្នា​ក្នុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ ខ្មែរ​និង​ពិធី​បុណ្យ​ទាន​ផ្សេងៗ​យ៉ាង​ណា​ក៏​ដោយ។

លោក​បញ្ជាក់​ថា នៅ​ឯ​ស្រុក​កំណើត​របស់​លោក​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ នៅ​តាម​ទី​ប្រជុំ​ជន​ក្នុង​ទី​រួម​ខេត្ត​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពាក់​ម៉ាស​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នឹង​ទៅ​ផ្សារ​នានា។ប៉ុន្តែ​សម្រាប់​នៅ​តាម​តំបន់ជនបទ​វិញ​ប្រជាពលរដ្ឋ​មិន​ចាប់​អារម្ភ​នឹង​ជំងឺ​កូវីត១៩ ទេ ដោយ​សារ​តែ​ពួកគេ​ចាត់​ទុក​ថា​ជំងឺ​នេះ​ជា​ជំងឺ​នយោបាយ​ ជា​ជំងឺ​មហា​អំណាច​ចង់​ឈ្នះ​ចង់​ចាញ់​គ្នា។

លោក​បញ្ជាក់​ថា នៅ​តាម​វត្ត​អារាម​មួយ​ចំនួន​ក្នុង​ឃុំ​ត្រពាំង​ច័ន្ទ​ ស្រុក​បរិបូរ​ ខេត្ត​កំពង់ឆ្នាំង មាន​មនុស្ស​ប្រមាណ​តិចតួច​ពាក់​ម៉ាស​ចំណែក​អ្នក​ផ្សេង​ទៀត​គ្មាន​ពាក់​ម៉ាស​ទេ​គឺ​ពួក​គេ​ដើរ​ពពាក់​ពពូន​ចុះ​ឡើង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដោយ​គ្មាន​ភ័យ​ខ្លាច​ជំងឺ​ឆ្លង​អ្វី​ទាំង​អស់៖ « បាន​នៅ​សល់​៩៩ . ៩៩​ %​ ហ្នឹង​គឺ​គាត់​អត់​ប្រើ​អត់​អី​ ហាក់​ដូច​ជា​ធម្មតា​ ។​គាត់​អត់​ខ្លាច​អត់​ញញើត​អី​ ហើយ​ធ្វើ​បុណ្យ​ធ្វើ​ទាន​ហាក់​ដូច​ជា​មិន​បាន​គិត​ខ្វល់​ខ្វាយ​កូវីត​អី​ហ្នឹង​ទេ​ ហើយ​នៅ​ឆ្ងាយ​ពី​គ្នា​ពី​អី​អ៊ីចឹង អត់​សោះ ហើយ​នៅ​ជិត​គ្នា​ ប្រមូល​ផ្ដុំ​គ្នា​គិត​ថា​ ហាក់​ដូច​ជា​ធម្មតា​ចាត់​ទុក​ថា​ពួក​គ្នា​គាត់​ហ្នឹង​មិន​មាន​មេរោគ​ហ្នឹង​ទេ »

ក្រសួង​សុខាភិបាល​និង​អង្គការ​សុខភាព​ពិភព​លោក​បាន​​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ដើម្បី​ការពារ​ជំងឺ​កូវីត១៩​ត្រូវ​ចៀសវាង​ការ​ជួប​ប្រជុំ​គ្នា​ជាពិសេស​ពេល​ចូល​ឆ្នាំ​ខ្មែរ​ និង​ពិធី​បុណ្យ​ផ្សេងៗ។​

ក្រសួង​សុខាភិបាល​បាន​ណែនាំ​ទៀត​ថា​ប្រជាពលរដ្ឋ​ត្រូវ​លាងដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ប្រើ​ទឹក​លាង​ដៃ​ដែល​មាន​ជាតិ​អាល់កុល ពាក់​ម៉ាស​ ខ្ទប់​មាត់ និង​ច្រមុះ​របស់​អ្នក​ដោយ​ប្រើ​កន្សែង​ដៃ ឬ​ក្រដាស​ជូត​មាត់ នៅ​ពេល​ក្អក ឬ​កណ្ដាស់ ហើយ​បោះ​ចោល​ក្រដាស​ជូត​មាត់​ទៅ​ក្នុង​ធុង​សំរាម​បិទ​ជិត។ ក្រសួង​ឲ្យ​ពលរដ្ឋ​ចៀសវាង​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ដែល​មាន​រោគសញ្ញា ដូចជា មាន​ជំងឺ​ផ្ដាសាយ​ ហើយ​បើ​មាន​គ្រុន​ក្ដៅ​លើស​ពី ៣៧អង្សា ត្រូវ​​ទៅ​ជួប​គ្រូពេទ្យ​​ មាន​រោគសញ្ញា​ ក្អក ឬ​មាន​អារម្មណ៍​ថា​ ពិបាក​ដក​ដង្ហើម​ជា​ដើម។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ប្រចាំ​តំបន់​ភូមិភាគ​ពាយព្យ លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​សង្កាត់​វត្តគរ​ ដែល​ជា​ភូមិ​មួយ​នៅ​ជាយ​ក្រុង​ជាប់​នឹង​ស្រុក​បាណន់​ខេត្ត​បាត់​ដំបង​ប្រជាពលរដ្ឋ​នៅ​តែ​ចាក់​ធុង​បាស់​រាំ​លេង​កម្សាន្ត​ និង​ ជួប​ជុំ​គ្នា​ទទួល​ទាន​ស្រាបៀ​​ ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ។

លោក​បារម្ភ​ថា​ជំងឺ​កូវីត១៩ អាច​នឹង​រាលដាល​កាន់​តែ​ច្រើន​នៅ​តាម​សហគមន៍​ក្រោយ​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​បាន​បិទ​បញ្ចប់។

លោក​បញ្ជាក់​ថា កន្លង​មក​អាជ្ញាធរ​មូល​ដ្ឋាន​បាន​ផ្សព្វផ្សាយ​ស្តី​ពី​​វិធី​សាស្ត្រ​ការពារ​នៃ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីត១៩ នៅ​តាម​តំបន់​ជន​បទ។​តែ​ប្រជាពលរដ្ឋ​គ្រាន់​តែ​បាន​យល់​ដឹង​ប៉ុណ្ណោះ​ ​មិន​បាន​យក​មក​អនុវត្ត​តាម​នោះ​ទេ។ ដោយ​សារ​តែ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិន​មាន​លទ្ធភាព​គ្រប់​គ្រាន់​ដើម្បី​ទិញ​ម៉ាស អាល់កុល​ដើម្បី​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ទេ៖ « ចំពោះ​ម៉ាស់​ហ្នឹង គឺ ១០០ % គ្មាន​អ្នក​ណា​មាន​លទ្ធភាព​ទិញ​ម៉ាស់​ពាក់​ទេ។ គាត់​អត់​ប្រើ​ម៉ាស់​ទេ។ អ៊ីចឹង​ជា​ចំណុច​មួ​ដែល​ឃើញ​មាន​ការ​ព្រួយបារម្ភ​ ហើយ​មួយ​ទៀត​គាត់​នៅ​ផ្តុំ​គ្នា​ជា​លក្ខណៈ​ក្រុម​តូចៗ ៤នាក់ ៥នាក់​ ដោយ​មិន​បាន​រក្សា​គម្លាត​ពីរ​ម៉ែត្រ​អ៊ីចឹង​គាត់​ឈរ​កៀក​គ្នា​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​សន្ទនា​គ្នា​ដោយ​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន »

ទាក់ទង​នឹង​ក្តី​បារម្ភ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​អ្នក​ស្រី ឱ វណ្ណឌីន មិន​បាន​ឆ្លើយ​តប​នឹង​ការ​ព្រួយ​បារម្ភ​របស់​មន្ត្រី​សង្គម​ស៊ីវិល​ទេ​ដោយ​អ្នក​ស្រី​និយាយ​ថា ​កំពុង​ជាប់​រវល់។ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១៣​មេសា​ថា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​ករ​ណី​​ចម្លង​ទៅ​​នៅ​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​តូច ហើយ​ក្រុម​ការងារ​ក្រសួង​សុខាភិបាល និង ​អាជ្ញាធរ​ពាក់ព័ន្ធ​ រក​មិន​ទាន់​ឃើញ​ពី​ប្រភព​នៃ​ការ​ចម្លង​ជំងឺ​កូវីដ-១៩ ច្បាស់លាស់​នៅ​ឡើយ​ទេ។ លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់​ទៀត​ថា ក្រុម​ការងារ​ក្រសួង​សុខាភិបាល​កំពុង​ត្រៀម​ចាត់​វិធានការ​​ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​ចូល​សហគមន៍​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ។

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ទី១៥ មេសា​នេះ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ​មិន​មាន​អ្នក​ជំងឺ​ថ្មី​ណា​ម្នាក់​បាន​រក​ឃើញ​មាន​ផ្ទុក​ជំងឺ​កូវីត១៩ នោះ​ទេ​ ពោល​គឺ ចំនួន​អ្នក​កើត​ជំងឺ​នេះ​នៅ​ទូទាំង​ប្រទេស​គឺ​មាន​ចំនួន​១២២​នាក់​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។