ក្រុមអង្គការសង្គមស៊ីវិលសោកស្ដាយចំពោះគ្រូពេទ្យ និងសមត្ថកិច្ច ដែលមិនអនុញ្ញាតឲ្យប្រធានសហភាពសហជីពកម្ពុជា និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន បានសម្រាកព្យាបាលត្រឹមត្រូវនៅមន្ទីរពេទ្យ ក្រោយពេលមានការវះកាត់ភ្នែករួចរាល់។ ក្រុមសង្គមស៊ីវិលស្នើឲ្យសមត្ថកិច្ចបញ្ជូនលោក រ៉ុង ឈុន ទៅសម្រាកនៅមន្ទីរពេទ្យវិញ រហូតដល់មុខរបួសលោកបានជាសះទាំងស្រុង សឹមបញ្ជូនលោកទៅឃុំខ្លួនបន្តទៀត។
ភ្នែកខាងស្ដាំរបស់លោក រ៉ុង ឈុន បានវិវត្តមកភាពល្អប្រសើរវិញហើយ ក្រោយការវះកាត់យកដុំឈាមកកចេញពីក្នុងភ្នែករួច កាលពីថ្ងៃទី១៥ កញ្ញា។ មន្ត្រីសង្គមស៊ីវិលដែលជិតស្និទ្ធនឹងលោក រ៉ុង ឈុន ឱ្យដឹងថា ពេលនេះភ្នែកខាងស្ដាំរបស់លោកអាចមើលឃើញព្រិលៗវិញបានហើយ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ឲ្យដឹងថា គ្រូពេទ្យបានប្រើពេលវះកាត់ និងអនុញ្ញាតឲ្យលោក រ៉ុង ឈុន សម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬពេទ្យរុស្សីបានមួយថ្ងៃកាលពីថ្ងៃទី១៥ កញ្ញា ដោយចាប់ពីព្រឹករហូតដល់ម៉ោង៤ល្ងាច ទើបឆ្មាំពន្ធនាគារដឹកលោកត្រឡប់ទៅមន្ទីរឃុំឃាំងវិញ។ លោកស្រីបន្តថា ២ថ្ងៃក្រោយមក គឺនៅថ្ងៃទី១៧ កញ្ញា សមត្ថកិច្ចបានដឹកលោក រ៉ុង ឈុន មកលាងមុខរបួសវិញ នៅមន្ទីរពេទ្យរុស្ស៊ីដដែល។ អ្នកស្រី អ៊ុក ឆាយាវី ចង់ឲ្យគ្រូពេទ្យ និងសមត្ថកិច្ចអនុញ្ញាតឲ្យលោក រ៉ុង ឈុន សម្រាកព្យាបាលក្នុងមន្ទីរពេទ្យជាជាងការដឹកទៅវិញទៅមកបែបនេះ៖ « គួរតែទុកពេលវេលាឲ្យលោកគ្រូហ្នឹងថែសុខភាពគាត់បន្ថែមទៀត ដោយអំពើល្អរបស់អស់លោក យើងទទួលស្គាល់ ហើយយើងក៏សូមអរគុណ។ ប៉ុន្តែយើងសំណូមពរយ៉ាងទទូចគឺចង់ឲ្យគាត់ថែសុខភាព ព្រោះអ្វីគាត់នៅមានជំងឺច្រើនមុនទៀត ដែលត្រូវការព្យាបាល»។
បញ្ហាដុំឈាមកកក្នុងភ្នែកស្ដាំរបស់លោក រ៉ុង ឈុន បានវិវត្តទៅជាធ្ងន់ធ្ងរ ក្រោយលោកជាប់ឃុំជាងមួយឆ្នាំមកនេះ ព្រោះលោកបានខកខានទៅពិនិត្យ និងព្យាបាលតាមដំណាក់កាលណាត់របស់គ្រូពេទ្យ។ អ្នកស្រី អ៊ុក ឆាយ៉ាវី អះអាងថា លោក រ៉ុង ឈុន មានជំងឺនេះកើតច្រើនឆ្នាំហើយ ដោយសារក្រុមសន្តិសុខរាជធានីភ្នំពេញគ្រវាសដៃត្រូវភ្នែករបស់លោក កាលពីលោកដឹកនាំកម្មករតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល កាលពីឆ្នាំ២០១៣។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សវនា ដើម្បីសាកសួរបន្ថែមអំពីការវះកាត់ភ្នែករបស់លោក រ៉ុង ឈុន នេះបាននៅឡើយទេ នៅថ្ងៃទី១៨ កញ្ញា។ តែយ៉ាងណា លោកធ្លាប់បញ្ជាក់ខាងគ្រូពេទ្យជាអ្នកសម្រេចចំពោះព្យាបាលទាំងឡាយ។ ឯសមត្ថកិច្ចពន្ធនាគារ នឹងអនុវត្តតាមវេជ្ជបញ្ជា។ ជុំវិញករណីនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីនាយកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតលោក ងី ម៉េង បានទេនៅថ្ងៃដដែលនេះ។
នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត សង្កេតឃើញថាកន្លងមកមានឧកញ៉ាជាប់ឃុំខ្លះទទួលបានការសម្រាកព្យាបាលជំងឺក្នុងបន្ទប់ពិសេសនៃមន្ទីរពេទ្យរហូតដល់មានការដោះលែង។ លោកយល់ថា ចំពោះករណីលោក រ៉ុង ឈុន នេះ សមត្ថកិច្ច និងគ្រូពេទ្យ គួរតែអនុញ្ញាតឲ្យគាត់ទទួលបានការសម្រាកក្នុងមន្ទីរពេទ្យរហូតជាសះស្បើយដើម្បីបញ្ចៀសការរិះគន់ថាអាជ្ញាធរអនុវត្តច្បាប់មានស្តង់ដារ២ រវាងអ្នកការពារសិទ្ធិមនុស្ស និងអ្នកដែលទ្រព្យសម្បត្តិ ឬមានអំណាច៖ « បើសិនជាយើងរកនូវមធ្យោបាយ ឬក៏បានន័យថាការព្យាបាលល្អមួយ ដែលមានការអនុញ្ញាតឲ្យដូចថាការព្យាបាលបានជាសះស្បើយ រួចហើយចាំវិលត្រឡប់ទៅវិញ អាហ្នឹងជារឿងមួយល្អប្រសើរ»។
របបក្រុងភ្នំពេញបានចាប់ឃុំលោក រ៉ុង ឈុន ក្នុងពន្ធនាគារជាងមួយឆ្នាំមកហើយ ពាក់ព័ន្ធការបញ្ចេញមតិអំពីបញ្ហាព្រំដែនកម្ពុជាវៀតណាម។ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា បានកាត់ទោសលោកឱ្យជាប់ពន្ធនាគារអតិបរមានៃទោសក្នុងបទចោទ ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបង្គាប់ឱ្យលោកបង់សំណងរួមគ្នាជាមួយសកម្មជនពីរនាក់ទៀតចំនួនមួយសែន (១សែន) ដុល្លារអាមេរិកឲ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។ តែសហគមន៍ជាតិ និងអន្តរជាតិថ្កោលទោសសាលក្រមនេះថា អយុត្តិធម៌ និងជាការបំបិទសេរីភាពបញ្ចេញមតិ។
មកដល់ពេលនេះ ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជន នៅតែបន្តយុទ្ធនាការតាមហ្វេសប៊ុក (facebook) ទាមទារឱ្យរបបក្រុងភ្នំពេញដោះលែងលោក រ៉ុង ឈុន ឱ្យមានសេរីភាពវិញ ពីព្រោះការបញ្ចេញមតិមិនមែនបទល្មើសនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។