មន្ត្រីអង្គការសង្គមស៊ីវិលព្រួយបារម្ភកាន់តែខ្លាំងអំពីការរាតត្បាតជំងឺកូវីដ១៩ ផ្ទុះឡើងច្រើនឆ្លងចូលនៅក្នុងពន្ធនាគារ។ ក្ដីបារម្ភនេះ កើតឡើងបន្ទាប់ពីសង្គមស៊ីវិលតាមដានឃើញជនជាប់ឃុំចំនួន២នាក់ហើយ ដែលបានឆ្លងជំងឺកូវីដស្លាប់ ហើយអាជ្ញាធរមិនបានបញ្ចេញតួលេខ និងវិធានការជាក់លាក់ ដើម្បីទប់ស្កាត់ជំងឺកាចសាហាវនេះនៅក្នុងមន្ទីរឃុំឃាំងនៅឡើយ។
មន្ត្រីអង្គការសង្គមស៊ីវិល ថ្លែងថា ការរាតត្បាតជំងឺកូវីដ១៩ ឆ្លងចូលក្នុងពន្ធនាគារនៅពេលនេះជាហានិភ័យមួយ ដែលអាជ្ញាធរពាក់ព័ន្ធគួរតែប្រញាប់ដោះស្រាយបញ្ហានេះជាបន្ទាន់។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ឱ្យដឹងនៅថ្ងៃទី៨ មិថុនាថា ស្ថានការណ៍រាលដាលជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារអំឡុងពេលនេះហាក់កាន់តែធ្ងន់ធ្ងរ និងគួរឱ្យព្រួយបារម្ភ។ មន្ត្រីសង្គមស៊ីវិលរូបនេះ បន្តថា ជនជាប់ឃុំប្រឈមនឹងជួបគ្រោះថ្នាក់ធំ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធនៅតែបិទបាំងព័ត៌មានអំពីការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារនោះ។ លោកបញ្ជាក់ថា ស្ថានភាពនៅក្នុងពន្ធនាគារចង្អៀតណែន ដូចសព្វថ្ងៃនេះនឹងឱ្យជនជាប់ឃុំឆ្លងជំងឺកាចសាហាវនេះយ៉ាងងាយស្រួល៖ «ព្រួយបារម្ភខ្លាំងគឺអ្នកជាប់ពន្ធនាគារសុខភាពមិនល្អដូចអ្នកខាងក្រៅទេ ទាំងសុខភាពផ្លូវកាយទាំងផ្លូវចិត្ត ព្រោះពន្ធនាគារខ្លះហូបអត់គ្រប់គ្រាន់ ហើយបើអ្នកមានលុយទៅហូបអាហារគ្រប់គ្រាន់គេមានលុយទិញ។ ចុះគ្នាអ្នកអត់មានលុយ ហើយមួយចំនួនទៀត ចាស់ជរា មានចំនួនច្រើនដែរ ខ្ញុំឧទាហរណ៍ពន្ធនាគារនៅត្រពាំងផ្លុងចាស់ៗ ច្រើនណាស់ ខ្ញុំឃើញជាក់ស្ដែងកាលពីខ្ញុំជាប់ឃុំ។ ចុះបើសិនជាមានកូវីដកើតឡើងទៅ ហើយវាវាយលុកខ្លាំងទៅលើអ្នកសុខភាពទន់ខ្សោយជនចាស់ជរានឹងឯង » ។
ប្រតិកម្មរបស់អង្គការសង្គមស៊ីវិលនេះ ក្រោយពេលជំងឺកូវីដ១៩ បានឆ្លងចូលដល់ពន្ធនាគារចំនួន៦ និងអ្នកជាប់ឃុំរាប់រយនាក់ឆ្លងជំងឺនេះ ក្នុងនោះអ្នកជាប់ឃុំពីរនាក់បានស្លាប់ដោយសារជំងឺនេះ។ ពន្ធនាគារ ដែលមានផ្ទុះករណីឆ្លងជំងឺនេះ រួមមាននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ និងខេត្តស្វាយរៀង។ ដោយឡែក អង្គការសិទ្ធិមនុស្សអន្តរជាតិថា ខ្លួនមានព័ត៌មានសំងាត់ ថាពន្ធនាគារប៉េហ្ស៊ី (PJ) ឬពន្ធនាគាររាជធានីភ្នំពេញ មានអ្នកជាប់ឃុំរាប់រយនាក់ ឆ្លងជំងឺនេះដែរ ប៉ុន្តែរដ្ឋាភិបាលលាក់ព័ត៌មាននេះ។ ទោះជាយ៉ាងណា អាជ្ញាធរពាក់ព័ន្ធមិនបានបញ្ចេញព័ត៌មានពីការឆ្លង និងវិធានការជាក់លាក់ ដើម្បីទប់ស្កាត់នៅក្នុងពន្ធនាគារនៅឡើយ។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៨ មិថុនា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់អាស៊ីសេរីថា ពន្ធនាគារនៅក្នុងខេត្តដែលលោកគ្រប់គ្រង គឺអាជ្ញាធរទប់ស្កាត់ជំងឺកូវីដ១៩ បានទាំងស្រុងហើយ ដោយពុំមានជនជាប់ឃុំឆ្លងថ្មីទៀតទេ។ លោកបញ្ជាក់ថា បច្ចុប្បន្នមានជនជាប់ឃុំជាង ១០០នាក់ប៉ុណ្ណោះ ដែលឆ្លងជំងឺកូវីដនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ៖ «នៅពេលដែលយើងដឹងភ្លាមៗ ហ្នឹងគឺយើងញែកឱ្យគាត់ដែលមានបញ្ហាហ្នឹងនៅមួយចំហៀង ហើយយើងវ៉ៃថ្នាំចូលព្យាបាលទូទាំងបណ្ដោយ។ ដល់អីចឹងវាដូចអត់មានឆ្លងរីករាលដាលអីទេ ដោយសារនៅក្នុងហ្នឹង វាមានចំនួនកំណត់ មានអ្នកទោស ១.៨០២នាក់ អីចឹងវ៉ៃថ្នាំរះទាំងអស់យកតែម្ដង ដល់អីចឹងវាអត់រីកបាន » ។
ទោះជាយ៉ាងណា មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មានប្រសាសន៍ថា ការឆ្លងជំងឺកូវីដ១៩ ចូលក្នុងពន្ធនាគារជាហានិភ័យដល់ជនជាប់ឃុំ ដែលអាជ្ញាធរពាក់ព័ន្ធគួរតែប្រញាប់ដោះស្រាយបញ្ហានេះជាបន្ទាន់។ បន្ថែមពីនេះ លោកថា អាជ្ញាធរត្រូវបញ្ចេញព័ត៌មានពីស្ថានភាពនៅក្នុងពន្ធនាគារឱ្យបានលឿន ដើម្បីងាយស្រួលស្ថាប័នពាក់ព័ន្ធចូលទៅជួយសង្គ្រោះទាន់ពេលវេលា៖ «ក្នុងពន្ធនាគារបើសិនតែមួយរបូតទៅគឺឆ្លងគ្នាច្រើនណាស់ អីចឹងត្រូវការខាងសង្គម ដូចជាខ្ញុំអី ក៏ត្រូវការឱ្យមានការជួយផ្សព្វផ្សាយព័ត៌មានហ្នឹង។ បើសិនជាមានការសង្ស័យណាមួយត្រូវជូនព័ត៌មានតើអាចសង្គមជួយអីបាន ជួយចំណុចណាបានយើងត្រូវផ្ដល់ព័ត៌មានឱ្យគ្នាដើម្បី ខាងខ្ញុំអាចពាំនាំពាក្យអស់ហ្នឹងទៅសាច់អ្នកអស់ហ្នឹងបាន » ។
របាយការណ៍អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃឱ្យដឹងថា បច្ចុប្បន្ន នៅពន្ធនាគារទូទាំងប្រទេសមានជនជាប់ឃុំជិត ៤ម៉ឺននាក់។
កន្លងមកអង្គការសង្គមស៊ីវិលបានស្នើឱ្យតុលាការដោះលែងអ្នកទោសស្រាលៗ ដើម្បីកាត់បន្ថយភាពណែនចង្អៀតនៅក្នុងពន្ធនាគារ ប៉ុន្តែរហូតមកទល់ពេលនេះពុំមានដំណោះស្រាយនោះទេ។ ក្រុមអង្គការជាតិ និងអន្តរជាតិសោកស្ដាយ ដែលរបបលោក ហ៊ុន សែន មានលេសមិនចេះចប់មិនចេះហើយ ដើម្បីគេចពីការដោះលែងអ្នកជាប់ឃុំ ដែលកំពុងប្រឈមគ្រោះថ្នាក់ធំនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នោះ។ ពួកគេព្រមានថា គ្រោះមហន្តរាយនៅក្នុងពន្ធនាគារ នឹងកើតឡើងធ្ងន់ធ្ងរ ប្រសិនបើអាជ្ញាធររបបលោក ហ៊ុន សែន បន្តលាក់បាំងព័ត៌មាន និងចេះ តែរកលេសដោះសា មិនព្រមចាត់វិធានការជាក់ស្ដែងបែបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។