លោក ហ៊ុន សែន ផ្អាក​ចាក់​វ៉ាក់សាំង​អង់គ្លេស AstraZenca ដូស​ទី៣ សម្រាប់​អ្នក​បាន​ចាក់​វ៉ាក់សាំង​នេះ​រួច ព្រោះ​ខ្វះ​វ៉ាក់សាំង

0:00 / 0:00

ការ​ទន្ទឹង​រង់ចាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដែល​មាន​គុណភាព​ប្រសើរ​ជាង​វ៉ាក់សាំង​ចិន បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជ្រួលច្របល់ ស្នើសុំ​ចាក់​វ៉ាក់សាំង​អង់គ្លេស អាស្រ្តាហ្សេណេកា (AstraZeneca) តាំង​ពី​ដូស​ដំបូង និង​ដូស​ទី៣ ក្រោយ​រដ្ឋាភិបាល​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​ដូស​ទី៣ (ដូស​ជំរុញ) សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ចិន​គ្រប់​ពីរ​ដូស​រួច​ហើយ។

នៅ​ក្នុង​សារ​ដ៏​កម្រ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បង្ហាញ​ឲ្យ​ឃើញ​អំពី​បំណង​របស់​ពលរដ្ឋ ចង់​បាន​វ៉ាក់សាំង​មាន​គុណភាព​ល្អ អាស្រ្តាហ្សេណេកា ធ្វើ​ឡើង​តាម​រយៈ​សារ​ជា​សំឡេង​ពិសេស​មួយ ដែល​បាន​ចាក់​ផ្សាយ​ព្រោងព្រាត​តាម​ប្រព័ន្ធ​ឃោសនា និង​គណនី​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី៩ ខែ សីហា នេះ៖ « ក៏​មាន​សំណូមពរ​ខ្លះ​ទៀត អ្នក​ចាក់​ដូស​ទី​មួយ ដែល​មិន​ទាន់​បាន​ចាក់ បែរ​ជា​ឃើញ​អាស្រ្តាហ្សេណេកា បាន​មក​ដល់ បែរ​ជា​សុំ​ចាក់​អាស្រ្តាហ្សេណេកា​ ដោយ​មិន​គិត​ទៅ​ដល់​ការ​លំបាក​របស់​រដ្ឋ​ ដែល​កំពុង​តែ​ខ្វះ​វ៉ាក់សាំង »

លោក ហ៊ុន សែន បញ្ជា​ឲ្យ​បដិសេធ​សំណើ​របស់​ពលរដ្ឋ ដែល​ចង់​បាន​វ៉ាក់សាំង​អង់គ្លេស​ជា​ដូស​ដំបូង និង​ឲ្យ​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​អង់គ្លេស​ដូស​ទី៣ (ដូស​ជំរុញ) សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង អាស្រ្តាហ្សេណេកា គ្រប់​ពីរ​ដូស​រួច​ហើយ។ លោក ហ៊ុន សែន អះអាង​ថា ការ​មិន​អាច​ឲ្យ​ចាក់​វ៉ាក់សាំង​អង់គ្លេស​ដូស​ទី ៣ សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​នេះ​គ្រប់​ពីរ​ដូស​រួច​ហើយ​នោះ គឺ​ដោយសារ​តែ​មិន​ទាន់​មាន​ការ​សិក្សា​អំពី​គម្លាត​នៃ​រយៈ​ចាក់​វ៉ាក់សាំង​នៃ​ដូស​នីមួយៗ។ ជាង​នេះ​ទៅ​ទៀត លោក​បន្ថែម​ថា វ៉ាក់សាំង​អង់គ្លេស​ដូស​ទី៣ នេះ គឺ​ទុក​សម្រាប់​ចាក់​ឲ្យ​កម្លាំង​ជួរ​មុខ ដែល​បាន​ចាក់​វ៉ាក់សាំង​ចិន​ពីរ​ដូស​រួច​ហើយ។

វ៉ាក់សាំង​ចិន រង​ការ​រិះគន់​ថា​មាន​ប្រសិទ្ធភាព​ទាប។ មន្រ្តី​ជាន់​ខ្ពស់​សុខាភិបាល​ចិន ក៏​ធ្លាប់​ទទួល​ស្គាល់​បញ្ហា​នេះ​ដែរ និង​ធ្លាប់​ពិចារណា​រឿង​ចាក់​លាយ​វ៉ាក់សាំង​បរទេស ដែល​មាន​គុណភាព​ល្អ​ជាង​នេះ ដើម្បី​ជំរុញ​ប្រសិទ្ធភាព​របស់​វា។

ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ ដូច​ជា​ប្រទេស​ថៃ ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី បាន​ជ្រើសរើស​ចាក់​វ៉ាក់សាំង អាមេរិក និង​អង់គ្លេស ជា​ដូស​ទី៣ លើ​វ៉ាក់សាំង​ចិន ដើម្បី​ប្រសិទ្ធភាព​បង្ការ​ជំងឺ​កូវីដ-១៩ ជាពិសេស​បង្ការ​មេរោគ​បំប្លែង​ថ្មី​ប្រភេទ ឌែលតា (Delta)។

ប៉ុន្តែ​ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) ស្នើ​ឲ្យ​ប្រទេស​ទាំង​ឡាយ កុំ​អាល​និយាយ​ពី​រឿង​ចាក់​វ៉ាក់សាំង​ដូស​ទី៣ នៅ​ពេល​នេះ ព្រោះ​ប្រទេស​ក្រីក្រ​ជា​ច្រើន​នៅ​លើ​ពិភពលោក មិន​ទាន់​មាន​វ៉ាក់សាំង​គ្រប់ ដើម្បី​ចាក់​ដូស​ទី​មួយ​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។