អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ និងមន្ត្រីសង្គមស៊ីវិល លើកឡើងថា រដ្ឋាភិបាលមិនគួរពន្លឿនចាក់វ៉ាក់សាំងឲ្យកុមារអាយុ ៦ឆ្នាំដល់ ១១ឆ្នាំ មុនការសម្រេចរបស់អង្គការសុខភាពពិភពលោក (WHO) នោះទេ ព្រោះជាការផ្សងគ្រោះថ្នាក់ ហើយនាំឲ្យមានការរិះគន់ថា កម្ពុជា ជាកន្លែងសាកល្បងវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន។ ការលើកឡើងនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនចិនឲ្យក្មេងអាយុចាប់ពី ៦ឆ្នាំដល់១១ឆ្នាំចាប់ពីថ្ងៃទី១៧ ខែកញ្ញា ខណៈមិនទាន់មានការអនុញ្ញាតដោយអង្គការសុខភាពពិភពលោកនៅឡើយ។
អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ និងមន្ត្រីសង្គមស៊ីវិល លើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន សែន គួរពិចារណារង់ចាំការអនុញ្ញាតជាផ្លូវការពីអង្គការសុខភាពពិភពលោកជាមុនសិន មុននឹងសម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនចិនដល់កុមារអាយុចន្លោះពី ៦ឆ្នាំដល់ ១១ឆ្នាំ ដើម្បីធានាអំពីសុវត្ថិភាព។
ឱសថការីខ្មែរអូស្រ្តាលី លោក លឹម សួរ ថ្លែងថា មកទល់ពេលនេះ ប្រទេសនានាលើពិភពលោក រួមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអូស្ត្រាលីជាដើម ទើបសម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដដល់ក្មេងអាយុចាប់ពី ១២ឆ្នាំឡើង ប៉ុន្តែសម្រាប់ក្មេងអាយុក្រោម ១២ឆ្នាំ កំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ។ ប៉ុន្តែលោក ឲ្យដឹងថា ប្រទេសចិន បានអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់នូវសាំងប្រភេទស៊ីណូវ៉ាក់ (Sinovac) សម្រាប់ក្មេងអាយុចាប់ពី៣ឆ្នាំដល់១៧ឆ្នាំ តាំងពីខែមិថុនា ហើយចិនបានអះអាងថា មានប្រសិទ្ធិភាព និងសុវត្ថិភាពសម្រាប់កុមារ។ ទោះជាយ៉ាងណា ឱសថការីរូបនេះ យល់ថា រដ្ឋាភិបាលកម្ពុជា គួរតែសិក្សាលម្អិតបន្ថែមទៀតអំពីហានិភ័យ និងរង់ចាំការអនុញ្ញាតជាផ្លូវការពីអង្គការសុខភាពពិភពលោកជាមុនសិន ដើម្បីកុំឲ្យមានប៉ះពាល់សម្រាប់កុមារ៖ « ក្នុងទស្សនៈប្រទេសលោកខាងលិច និងអូស្ត្រាលីនេះ គេគិតផ្សេង ដូចខ្ញុំមានប្រសាសន៍ចឹង បើអត់មានហានិភ័យអីទេ គេអត់ទាន់ប្រញាប់ទេ។ដូច្នេះប្រសិនបើប្រទេសយើង អត់ទាន់មានហានិភ័យឬប្រជាជនក្មេងៗយើងមិន ទាន់មានបញ្ហានៅឡើយ យើងអាចពន្យារពេលបន្តិច យើងចង់មើលលទ្ធផលពេញ លេញចេញពីអង្គការសហប្រជាជាតិ តែបើយើងមានហានិភ័យហើយដោយក្មេងៗឆ្លង ច្រើនពេកដូចនៅប្រទេសចិននៅវូហាន (Wuhan) ក៏អាចប្រញាប់ចាក់បន្ទាន់បាន » ។
លោក លឹម សួរ យល់ថា បើទោះបីជាកុមារមិនទាន់ចាក់វ៉ាក់សាំងក៏ដោយ ក៏រដ្ឋាភិបាល អាចបើកសាលារៀនបានដែរ ដោយគ្រាន់តែណែនាំតាមសាលារៀនឲ្យអនុវត្តវិធានការបង្ការមួយចំនួន ដូចជា ពាក់ម៉ាស់ រក្សាគម្លាត និងការលាងសម្អាតដៃ។
« ចំពោះការបើកការសិក្សានៅប្រទេសអូស្ត្រាលី គេនៅតែបើក ដដែល តែពាក់ម៉ាស់ ព្រោះវាមិនទាន់ឆ្លងណាស់ណា គេមិនទាន់ចាក់នៅឡើយ ទេ។ ឥឡូវនេះ គេចាប់ផ្ដើមចាក់ ១២ឆ្នាំឡើងទៅ។ គេមិនទាន់ឲ្យចាក់ក្រោម ១២ឆ្នាំ ព្រោះគេយល់ថា ក្មេងៗ វាមិនឆ្លងច្រើនដូចមនុស្សចាស់ម្ល៉ោះហើយការសិក្សានៅតែ ទៅសិក្សាដដែល។ ក្មេងអាយុក្រោម ១២ឆ្នាំគេមិនឲ្យពាក់ម៉ាស់ ក៏មិនអីដែរ ព្រោះគេយល់ថា ក្មេងអាយុក្រោម ១២ឆ្នាំ មានប្រព័ន្ធការពារខ្លាំងជាងមនុស្សចាស់ៗ ដែលគេមិនព្រួយបារម្ភប៉ុន្មានទេ » ។
ការលើកឡើងរបស់អ្នកជំនាញសុខាភិបាលបែបនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥ កញ្ញា បានសម្រេចប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិន សម្រាប់ចាក់ក្មេង អាយុចន្លោះ ៦ឆ្នាំដល់ ១១ឆ្នាំ នៅទូទាំងប្រទេសប្រមាណ ១លាន ៨សែននាក់ ដើម្បីឈាន ទៅបើកសាលាបឋមសិក្សាឡើងវិញ។ ការប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិនដល់កុមារនេះ ធ្វើឡើងក្រោយពីប្រមុខការទូតរបស់ចិន លោក វ៉ាង យី (Wang Yi) មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១២ ខែកញ្ញា។
អាស៊ីសេរី មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ដើម្បីបកស្រាយអំពីរឿងនេះបានទេ។ ប៉ុន្តែក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានថា យុទ្ធនាការចាក់វ៉ាក់សាំងចិន ជូនដល់កុមារ ដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ ១១ឆ្នាំ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តកោះកុង នឹងចាប់ផ្ដើមពីថ្ងៃទី១៧ ខែកញ្ញា ខណៈ២១ខេត្តផ្សេងទៀត នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១៨ ខែកញ្ញា។
ទាក់ទងនឹងករណីចាក់វ៉ាក់សាំងដល់កុមារ ដើម្បីឈានទៅបើកសាលាបឋមសិក្សាឡើងវិញនេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ថ្លែងយ៉ាងខ្លីថា ក្រសួងអប់រំ គាំទ្រនិងអនុវត្តតាមការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ប៉ុន្តែលោកមិនបកស្រាយអំពីភាពចាំបាច់ ឬអត្ថប្រយោជន៍ និងហានិភ័យ ចំពោះកុមារដែលចាក់វ៉ាក់សាំងបន្ទាន់នោះទេ។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ការគិតគូររឿងផ្តល់វ៉ាក់សាំងសម្រាប់កុមារ ដើម្បីបើកសាលារៀនឡើងវិញ គឺជារឿងល្អ។ ប៉ុន្តែលោក ក៏ព្រួយបារម្ភដែរអំពីផលប៉ះពាល់អវិជ្ជមានដល់កុមារ ព្រោះកន្លងមក គេហាក់មិនសូវមានព័ត៌មានទូលំទូលាយអំពីការធ្វើតេស្តសាកល្បងវ៉ាក់សាំងចិនលើកុមារនោះទេ។ លោក ជំរុញឲ្យរដ្ឋាភិបាលបង្ហាញព័ត៌មានជាសាធារណៈឲ្យបានច្បាស់លាស់អំពីសុវត្ថិភាព និងផលប៉ះពាល់ ដើម្បីកុំឲ្យពលរដ្ឋ ព្រួយបារម្ភ និងរិះគន់ជុំវិញរឿងនេះ៖ « ប្រសិនបើការចាក់នេះ មានលទ្ធផលល្អនឹងមិនមានការ រិះគន់អីទេ តែបើវាផ្តល់ផលអវិជ្ជមានច្រើន អាហ្នឹងវាអាចមានការរិះគន់ដល់ផ្នែកវេជ្ជសាស្ត្រ និងការសម្រេចចិត្តរបស់យើងដែរ។ នេះជារឿងមួយសំខាន់ណាស់បាទ។ ជុំវិញបញ្ហានេះ ការចាក់ឲ្យក្មេងនេះ វាមិនទាន់ជាការប្រញាប់ពេកដែរដោយសារថា កម្រិតនៃការឆ្លង និងផលប៉ះពាល់កូវីដ - ១៩ វាមានកម្រិតទាបដែរ ហើយដែលមិនមែនជាក្រុមប្រឈមខ្លាំងនោះទេ » ។
រដ្ឋាភិបាលលោក ហ៊ុន សែន ហាក់មិនរាថយក្នុងការទទួលយកវ៉ាក់សាំងចិន ដើម្បីចាក់ឲ្យប្រជាពលរដ្ឋនោះទេ ក្រោមហេតុផលការពារអាយុជីវិតប្រជាពលរដ្ឋ ទោះបីមានមតិរិះគន់អំពីប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងចិនក្ដី។ ក្រៅពីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារមានអាយុចាប់ពី ៦ឆ្នាំហើយនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏កំពុងពិចារណាចាក់វ៉ាក់សាំងដល់កុមារមានអាយុចន្លោះពី ៣ឆ្នាំ ដល់ ៥ឆ្នាំដូចនៅប្រទេសចិនដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។