មន្រ្តីខ្មែរព្រមានចាប់ខ្លួនមនុស្សជាបន្តបន្ទាប់ ឲ្យតែហ៊ាននិយាយរិះគន់ថា វ៉ាក់សាំងចិនមិនល្អ។ ការព្រមាននេះ ធ្វើឡើងស្របពេលដែលយុទ្ធនាការសម្រុកចាក់វ៉ាក់សាំងចិន ស៊ីណូហ្វាម (Sinopharm) កាន់តែរុលទៅមុខខ្លាំង ហើយវ៉ាក់សាំងចិនស៊ីណូវ៉ាក់ (Sinovac) ១លានកន្លះដូសបន្ថែម ដែលលោក ហ៊ុន សែន បានបញ្ជាទិញ នឹងមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា។
ស្របពេលជាមួយគ្នានេះ អង្គការសុខភាពពិភពលោក (WHO) បានលើកពេលពិនិត្យមើលសំណើរបស់ចិន ដែលស្នើសុំឲ្យទទួលស្គាល់វ៉ាក់សាំងទាំងនេះ ទៅខែក្រោយ។
មន្ត្រីក្រសួងការងារ សរសេរសារគំរាមផង សម្លុតផង និងដាក់បណ្ដាសាផង ចំពោះអ្នកណា ដែលលោកចោទថា ឃោសនា បំផុសបំផុលឲ្យអ្នកដទៃកុំចាក់វ៉ាក់សាំងចិន។ អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បង្ហោះសារតាម គណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៤ ខែមីនា ដោយប្រកូកប្រកាសឲ្យពលរដ្ឋនាំគ្នាថតរូប និងប្តឹងទៅប៉ូលិសជាបន្ទាន់ បើឃើញនរណានិយាយអាក្រក់ពីវ៉ាក់សាំងចិននេះ។ លោកថាប៉ូលិស និងប៉េអឹមនឹងចាប់ខ្លួនអ្នកដែលធ្វើដូច្នេះ។ លោកមិនត្រឹមតែចាត់ទុកទង្វើនេះ ជាអំពើល្មើសផ្នែកព្រហ្មទណ្ឌនោះទេ តែជឿលើជំនឿថា នោះជាអំពើបាបផង!
សាររបស់មន្រ្តីក្រសួងការងារនេះធ្វើឡើង ក្រោយពេលក្រសួងការងារកំពុងធ្វើយុទ្ធនាការជំរុញឲ្យ កម្មកររោងចក្រ ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ សព្វថ្ងៃកម្ពុជាកំពុងសម្រុកចាក់វ៉ាក់សាំងចិន ស៊ីណូហ្វាម និងវ៉ាក់សាំង អាស្ត្រាហ្ស៊េណេកា (AstraZeneca) របស់អង់គ្លេស ផលិតនៅប្រទេសឥណ្ឌា។ វ៉ាក់សាំងចិនគ្មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនោះទេ។ វ៉ាក់សាំងអង់គ្លេស មានការទទួលស្គាល់ពីអង្គការអន្តរជាតិនេះ។ ប៉ុន្តែ រដ្ឋាភិបាលលោក ហ៊ុន សែន អនុញ្ញាតឲ្យអ្នកចាក់វ៉ាក់សាំងអង់គ្លេសបាន ត្រូវតែមានអាយុចាប់ ៦០ឆ្នាំឡើងទៅ។ ក្រៅពីនោះ ពួកគាត់ត្រូវចាក់វ៉ាក់សាំងចិនទាំងអស់។
ក្រសួងសុខាភិបាលអះអាងថា ការចាក់វ៉ាក់សាំងចិន និងវ៉ាក់សាំងអង់គ្លេសនេះ ធ្វើតាមគោលការណ៍ស្ម័គ្រចិត្ត។ ប៉ុន្តែ និន្នាការនៃអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងអង់គ្លេស មានសន្ទុះខ្លាំងរហូតដល់រដ្ឋាភិបាល បានសម្រេចផ្អាកចាក់វាមួយរយៈ ដើម្បីសម្រួលសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅកន្លែងចាក់វ៉ាក់សាំង មុននឹងបន្តការចាក់វាទៀត។
មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល និងពលរដ្ឋ ធ្លាប់ថ្លែងប្រាប់អាស៊ីសេរី អំពីភាពអល់អែកចំពោះការស្ម័គ្រចិត្តចាក់វ៉ាក់សាំងចិននេះ។ ពួកគាត់ មិនជំទាស់នឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នោះទេ ប៉ុន្តែពួកគាត់ចង់ចាក់វ៉ាក់សាំង ដែលមានការទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក។
មន្រ្តីសហជីព ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក៏បង្ហាញភាពអល់អែកក្នុងការស្ម័គ្រចិត្តចាក់វ៉ាក់សាំងចិននេះដែរ។ ពួកគាត់ថា កម្មកររោងចក្រកាត់ដេរ និងមន្ត្រីសហជីព សុទ្ធតែចង់បានវ៉ាក់សាំងដូចគ្នា ប៉ុន្តែសុំស្ម័គ្រចិត្តចាក់វ៉ាក់សាំងអង់គ្លេស។
ទោះជាពួកគាត់ ចង់បានវ៉ាក់សាំងអង់គ្លេសជាងវ៉ាក់សាំងចិន វ៉ាក់សាំងអង់គ្លេសមានចំនួនកម្រិត។ វ៉ាកសាំងចិនសម្បូរជាង។ នៅថ្ងៃទី២៦ ខែមីនានេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងចិនរបស់ក្រុមហ៊ុនស៊ីណូហ្វាមដែរ ឈ្មោះវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន ១លាន៥សែនដូស ដែលនឹងត្រូវចាក់ឲ្យពលរដ្ឋបន្ថែមទៀត។
វ៉ាក់សាំងចិនស៊ីណូវ៉ាក់នេះ បើតាមព័ត៌មានអាមេរិក the New York Timesអំពីការតាមដានវ៉ាក់សាំង ថា មានប្រសិទ្ធភាពត្រឹមតែជាង ៥០% (៥០,៣៨%) ប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្ដី វ៉ាក់សាំងនេះ ត្រូវបានប្រទេសជាច្រើន នៅលើពិភពលោក ព្រមទិញយកទៅប្រើប្រាស់ដែរ។
ក្នុងពេលជាមួយគ្នានេះ អង្គការសុខភាពពិភពលោក (WHO) បានលើកពេលសម្រេចលើវ៉ាក់សាំងចិនទាំងពីរមុខ គឺវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ទៅដើមខែមេសាវិញ ក្រោយខកខានមិនបានចេញសេចក្ដីសម្រេចណាមួយ អំពីវ៉ាក់សាំងទាំងនេះ កាលពីដើមខែមីនា។
ទោះវ៉ាក់សាំងចិនទាំងនេះ គ្មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក លោក ហេង សួរ ដែលបានចាក់វ៉ាក់សាំងនេះរួចហើយ ថាចាក់វ៉ាក់សាំងនេះ គឺជាផ្លូវតែមួយគត់ ដែលឲ្យពលរដ្ឋទាំងអស់ អាចចេញធ្វើការ រកស៊ី និងជួបជុំគ្នាដោយសុវត្ថិភាពជាងមុនបាន។
លោកអំពាវនាវឲ្យកម្មករ ជឿជាក់លើវិទ្យាសាស្ត្រ និងវ៉ាក់សាំងគ្រប់ប្រភេទដែលរាជរដ្ឋាភិបាល ស្វែងរកមកបាន។ លោកថាលោក និងមិត្តភ័ក្ដិ បានចាក់វ៉ាក់សាំងចិននោះរួចហើយ និងមិនឃើញមានផលប៉ះពាល់អ្វីដល់សុខភាពពួកលោកនោះទេ។
ការសម្រុកចាក់វ៉ាក់សាំងចិននេះ មានសន្ទុះខ្លាំងក្លា ក្រោយព្រឹត្តិការណ៍សហគមន៍លើកទីបី កាលពីថ្ងៃទី២០ ខែកុម្ភៈ។ រហូតមកដល់ពេលនេះ អ្នកចាក់វ៉ាក់សាំងរួច ទាំងវ៉ាក់សាំងចិន និងវ៉ាក់សាំងអង់គ្លេសមានជាង ៣សែននាក់ហើយ។ ប៉ុន្តែចំនួននេះ នៅតិចតួចណាស់ បើធៀបនឹងចំនួនពលរដ្ឋខ្មែរដែលមានជិត ១៧លាននាក់។
គិតត្រឹមថ្ងៃទី២៤ ខែមីនា ករណីឆ្លងជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានកើនដល់ ១,២៩៣ នាក់ បូកទាំងករណីថ្មី ២៧នាក់។ អ្នកកំពុងសម្រាកព្យាបាលជំងឺនេះ មាន ៧៧៧ នាក់។ អ្នកស្លាប់ក្នុងពេលសម្រាកព្យាបាល និងធ្វើចត្តាឡីស័ក កើនដល់ ៨នាក់ ប៉ុន្តែក្រសួងសុខាភិបាលទទួលស្គាល់តែ ៥នាក់ប៉ុណ្ណោះថា ស្លាប់ដោយសារជំងឺនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។