ពលករ​ខ្មែរ​ម្នាក់​​នៅ​​ថៃ​ឆ្លង​ជំងឺ​កូវីដ១៩ ខណៈ​ពលករ​មួយ​ចំនួន​ទៀត​បន្ត​គេច​ខ្លួន​រក​កន្លែង​សុវត្ថិភាព

ដោយ សុជីវី
2020-12-24
Share
ពលករ​ខ្មែរ​ម្នាក់​​នៅ​​ថៃ​ឆ្លង​ជំងឺ​កូវីដ១៩ ខណៈ​ពលករ​មួយ​ចំនួន​ទៀត​បន្ត​គេច​ខ្លួន​រក​កន្លែង​សុវត្ថិភាព សកម្មភាព​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ខេត្ត​សាមុតសាខន ប្រទេស​ថៃ នៅ​ថ្ងៃ​ទី២៤ ខែ​ធ្នូ ឆ្នាំ​២០២០។
Photo Provided

អាជ្ញាធរ​ថៃ​រក​ឃើញ​ពលករ​ខ្មែរ​ម្នាក់​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ខេត្ត​ឈុនបូរី (Chon Buri) កាលពី​ថ្ងៃ​ទី​២៣ ធ្នូ។ ជាមួយគ្នា​នេះ មាន​ពលករ​ខ្មែរ​ជាច្រើន​នាក់​នៅតែ​បន្ត​លាក់ខ្លួន​ក្នុង​ព្រៃ ដើម្បី​គេច​ចេញ​ពី​ការ​តាម​ ចាប់ខ្លួន​របស់​អាជ្ញាធរ​ថៃ អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ​១៩ លើក​ទី​២ នៅ​ប្រទេស​ថៃ។ មន្ត្រី​សង្គម​ស៊ីវិល យល់​ថា អំឡុង​ពេលនេះ​ពលករ​គួរតែ​ស្នាក់នៅ​មួយ​កន្លែង ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន។

អភិបាលខេត្ត​ឈុនបូរី របស់​ថៃ លោក ផ័ករះថន ធៀនឆៃ (Phakrathorn Theanchai) ធ្វើ​សន្និសីទ​សារព័ត៌មាន កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ ធ្នូ ថា ពលការិនី​ខ្មែរ​ដែល​ឆ្លង​កូវីដ​១៩​នោះ មាន​អាយុ ១៩​ឆ្នាំ ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​ឈ្មោះ និង​ស្រុក​កំណើត​នៅ​ក្នុង​ខេត្ត​ណា​របស់​កម្ពុជា​នោះ​ទេ។ លោក​បន្ត​ថា ពលការិនី​រូប​​នេះ លួច​ឆ្លងដែន​ចូល​មក​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ដោយ​បាន​ធ្វើដំណើរ​តាម​រថយន្ត​ឈ្នួល​មួយ​គ្រឿង​ជាមួយ​ពលករ​ខ្មែរ​ចំនួន ១០​នាក់​ផ្សេងទៀត មក​រក​ការងារ​ធ្វើ​នៅ​ខេត្ត​ឈុនបូរី កាល​ថ្ងៃ​ទី​១៧​ធ្នូ។ បច្ចុប្បន្ន​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពល​ការិនី​រូប​នេះ ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ឈុនបូរី​ហើយ ចំណែក​ពលករ​រួម​ដំណើរ​ជាមួយគ្នា​នោះ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពួកគេ​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​ខេត្ត​មួយ​នេះ​ហើយ ដើម្បី​តាមដាន​រក​ជំងឺ​កូវីដ​១៩។

អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​ករណី​ពលករ​ខ្មែរ​កើត​ជំងឺ​កូវីដ-១៩ នៅ​ប្រទេស​ថៃ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ធ្នូ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល​។ អាស៊ីសេរី​ក៏​មិនទាន់​អាច​ទាក់ទង​ពលករ​ខ្មែរ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ រូប​នោះ និង​សាច់ញាតិ​របស់​គាត់​បាន​ដែរ។

ជាមួយ​គ្នា​នេះ មាន​ពលករ​ខ្មែរ​ជាច្រើន​នាក់​ទៀត​បន្ត​គេចខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព​នៅ​ខេត្ត​សាមុតសាខន ដដែល។

ពលករ​ខ្មែរ​ម្នាក់​ធ្វើការ​សំណង់​នៅ​ខេត្ត​សាមុតសាខន (Samut Sakhorn) លោក ឆន សុខឿន ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​២៤ ធ្នូ ថា យ៉ាងហោចណាស់​មាន​ពល​ករ​ខ្មែរ​ធ្វើការ​ខុសច្បាប់​ប្រមាណ​២០​នាក់​ក្នុង​ចំណោម​ពលករ​ជាង ១០០​នាក់​បន្ត​លាក់ខ្លួន​នៅ​ក្នុង​ព្រៃ នៅ​តំបន់​គាត់​ធ្វើ​ការ ដោយសារ​ពួកគេ​ព្រួយបារម្ភ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា ឬ​ចាប់​ពួកគេ​ដាក់គុក​ក្នុង​ពេល​ចុះ​ត្រួត​ជំងឺ​កូវីដ១៩។ លោក​បន្ថែម​ថា ពលករ មួយ​ចំនួន​ទៀត ស្នាក់​នៅ​ក្នុង​បន្ទប់​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​មាន​អង្គការ​សង្គម​ស៊ីវិល​របស់​ខ្មែរ​និង​ថៃ បាន​ទូរស័ព្ទ​ប្រាប់​ពួកគេ​ថា​នឹង​ជួយ​អន្តរាគមន៍​ដល់​ពួកគេ​ឱ្យ​រួច​ផុត​ពី​ការ​ចាប់ចង៖ «ការ​ពិត​ទៅ​នៅតែ​មាន​ការ​ព្រួយ​បារម្ភ​ដដែល ព្រោះ​អត់​ទាន់​មាន​ចំណាត់​ការ​ពី​ខាង​ស្ថាប័ន​ណាមួយ ឱ្យ​បាន​ជំនឿ​ទុកចិត្ត​១០០%​នៅឡើយ​ទេ​។ ប៉ុន្តែ​គ្រាន់តែ​យើង​មាន​មួយ​ចំណែក​ដោយ​សង្ឃឹមថា មាន​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល នឹង​រិះរក​គ្រប់​មធ្យោបាយ​មក​ជួយ​យើង​ហ្នឹង​បាទ»

រដ្ឋមន្ត្រី​ក្រសួង​ការងារ​របស់​ថៃ លោក សុឆាត ឈុំគ្លិន (Suchart Chom Klin)​បាន​ប្រាប់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩​របស់​ថៃ នៅ​ថ្ងៃ​ទី​២៤ ធ្នូ ថា អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ​១៩ លើក​ទី​២​នេះ ក្រសួង​ការងារ​នឹង​ដាក់​សំណើ​ទៅ​គណៈរដ្ឋមន្ត្រី​ថៃ​អនុញ្ញាត​ឱ្យ​ពលករ​បរទេស​ទាំងអស់​ដែល​ធ្វើការ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ បន្ត​ស្នាក់នៅ​និង​ធ្វើការ​បាន ដោយ​មិន​មាន​ការ​ចាប់ចង​ឡើយ។ លោក​ថា នឹង​ដាក់​សំណើ​នេះ​ជូន​គណៈរដ្ឋមន្ត្រី​ថៃ​អនុម័ត​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ ដើម្បី​កុំ​ឱ្យ​ពលករ​ទាំងនោះ​រត់គេច​ពី​អាជ្ញាធរ​ថៃ​ក្នុង​ពេល​ចុះ​ធ្វើ​តេស្ដ​ជំងឺ​កូវីដ១៩​។ ប៉ុន្តែ អំឡុង​ពេលនេះ​អាជ្ញាធរ​ថៃ​នៅតែ​បន្ត​ហាមឃាត់​មិន​ឱ្យ​ពលករ​បរទេស ចល័ត​ចេញពី​កន្លែងធ្វើការ​ទៅ​តំបន់​ផ្សេង​ឡើយ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​ជំងឺ​កូវីដ១៩។

ទោះជា​យ៉ាងណា​មន្ត្រី​អង្គការ​សង់ត្រាល់ (Central) ទទួលបន្ទុក​ផ្នែក​ពលករ លោក ឌី ថេហូយ៉ា នៅតែ​ព្រួយបារម្ភ​ថា អាជ្ញាធរ​មូលដ្ឋាន​របស់​ថៃ​អាច​នឹង​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​ពលករ​ខ្មែរ​ដដែល ប្រសិនបើ​រដ្ឋាភិបាល​ថៃ​មិន​បាន​តាមដាន​រឿង​នេះ​ឱ្យ​ដិតដល់​ទេ​នោះ​។ លោក​និយាយ​ថា កន្លងទៅ​មាន​ពលករ​ខ្មែរ​ជាច្រើន​នាក់​បាន​រត់គេច​ខ្លួន បន្ទាប់ពី​អាជ្ញាធរ​ថៃ​តាម​ចាប់​ពួកគេ​ជាច្រើន​ករណី​រួច​មក​ហើយ​។ ទោះជា​យ៉ាងណា​លោក​ថា អំឡុង​ពេលនេះ​ពលករ​មិន​គួរ​ចល័ត​ចេញពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​ឡើយ ពីព្រោះ​ការ​ធ្វើ​បែបនេះ​ប្រឈម​នឹង​ឆ្លង​ជំងឺ​កូវីដ​១៩​ផង និង​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ពួកគេ​ផង៖ «ជា​ឧទាហរណ៍​យើង​មើល​ឃើញ​ថា មាន​សម្ពាធ​ពី​ថៅកែ​មួយ​ចំនួន​នៅ​ពេល​ដឹង​ខ្លួនឯង​ថា ប្រើប្រាស់​ពលករ ដែល​មិន​មាន​ឯកសារ​ស្របច្បាប់​ហ្នឹង​ចាប់ផ្ដើម​បារម្ភ​ក្រែងលោ​មាន​វិធាន​ដោយ​រដ្ឋ។ អ៊ីចឹង​បារម្ភ ធ្វើ​ឱ្យ​ដាក់​សម្ពាធ​មក​លើ​ពលករ បញ្ឈប់​ការ​ជួល មិន​ឱ្យ​ស្នាក់នៅ និង​បណ្ដេញ​ចេញ​ពី​កន្លែង​អីចឹង​យើង​ឃើញ​ថា អាច​ជា​វិបត្តិ​មួយ​ប្រសិនបើ​រដ្ឋាភិបាល​ថៃ​មិន​ប្រកាស​គោលនយោបាយ​ជាក់លាក់​ទេ ហើយ​រដ្ឋាភិបាល​កម្ពុជា​មិន​ចាត់វិធានការ សហការ​ធានា​សុវត្ថិភាព​ដល់​ពលករ​ហ្នឹង​ទេ វា​ហានិភ័យ​ឬក៏​ជា​ឧបសគ្គ​ដល់​ពួកគាត់​ដែរ»

ចំណែក​នៅ​កម្ពុជា​វិញ មាន​អ្នក​ជំងឺ​កូវីដ​-១៩ ចំនួន​២ នាក់​ទៀត បាន​ជា​សះស្បើយ និង​ចេញ​ពី​មន្ទីរពេទ្យ​ហើយ នៅ​ថ្ងៃ​ទី​២៤ ធ្នូ​។ ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​តាម​សេចក្ដីច​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៤ ធ្នូ ថា អ្នកជា​សះស្បើយ​ទាំង​២​នាក់​នោះ ម្នាក់ គឺជា​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ចម្លង​ក្នុង​សហគមន៍​២៨ វិច្ឆិកា ចំណែក​ម្នាក់ទៀត ជា​ករណី​នាំចូល​ពី​បរទេស​។ នៅ​ថ្ងៃ​ដដែល​នេះ ក្រសួង​រក​មិនឃើញ​មាន​ករណី​ឆ្លង​ថ្មី​ទៀត​នោះ​ទេ បន្ទាប់ពី​ពិនិត្យ​លើ​សំណាក​មនុស្ស​៥១​នាក់។

ទោះជា​យ៉ាងណា ក្រសួង​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត​នៅ​ជាប់​ព្រំដែន​ថៃ​ឱ្យ​ធ្វើ​ចត្តាឡីស័ក លើ​ពលករ​ខ្មែរ​ត្រឡប់​មកពី​ប្រទេស​ថៃ​ឱ្យ​បាន​តឹងរ៉ឹង​បំផុត ដើម្បី​បង្ការ​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ​១៩​ចូល​មក​កម្ពុជា​។

គិត​ត្រឹម​ថ្ងៃ​ទី​២៤ ធ្នូ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន​៣៦៣ នាក់ ក្នុង​នោះ​ជាសះស្បើយ​ចំនួន​៣៥១ នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​១២ នាក់៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល