អាជ្ញាធរថៃរកឃើញពលករខ្មែរម្នាក់ឆ្លងជំងឺកូវីដ១៩នៅខេត្តឈុនបូរី (Chon Buri) កាលពីថ្ងៃទី២៣ ធ្នូ។ ជាមួយគ្នានេះ មានពលករខ្មែរជាច្រើននាក់នៅតែបន្តលាក់ខ្លួនក្នុងព្រៃ ដើម្បីគេចចេញពីការតាម ចាប់ខ្លួនរបស់អាជ្ញាធរថៃ អំឡុងពេលផ្ទុះជំងឺកូវីដ១៩ លើកទី២ នៅប្រទេសថៃ។ មន្ត្រីសង្គមស៊ីវិល យល់ថា អំឡុងពេលនេះពលករគួរតែស្នាក់នៅមួយកន្លែង ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
អភិបាលខេត្តឈុនបូរី របស់ថៃ លោក ផ័ករះថន ធៀនឆៃ (Phakrathorn Theanchai) ធ្វើសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី២៣ ធ្នូ ថា ពលការិនីខ្មែរដែលឆ្លងកូវីដ១៩នោះ មានអាយុ ១៩ឆ្នាំ ប៉ុន្តែលោកមិនបានប្រាប់ឈ្មោះ និងស្រុកកំណើតនៅក្នុងខេត្តណារបស់កម្ពុជានោះទេ។ លោកបន្តថា ពលការិនីរូបនេះ លួចឆ្លងដែនចូលមកប្រទេសថៃដោយខុសច្បាប់ ដោយបានធ្វើដំណើរតាមរថយន្តឈ្នួលមួយគ្រឿងជាមួយពលករខ្មែរចំនួន ១០នាក់ផ្សេងទៀត មករកការងារធ្វើនៅខេត្តឈុនបូរី កាលថ្ងៃទី១៧ធ្នូ។ បច្ចុប្បន្នអាជ្ញាធរថៃបានបញ្ជូនពលការិនីរូបនេះ ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យក្នុងខេត្តឈុនបូរីហើយ ចំណែកពលកររួមដំណើរជាមួយគ្នានោះ អាជ្ញាធរថៃបានបញ្ជូនពួកគេទៅធ្វើចត្តាឡីស័កនៅក្នុងខេត្តមួយនេះហើយ ដើម្បីតាមដានរកជំងឺកូវីដ១៩។
អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ដើម្បីសុំអត្ថាធិប្បាយជុំវិញករណីពលករខ្មែរកើតជំងឺកូវីដ-១៩ នៅប្រទេសថៃនេះបានទេ នៅថ្ងៃទី២៤ ធ្នូ ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។ អាស៊ីសេរីក៏មិនទាន់អាចទាក់ទងពលករខ្មែរដែលឆ្លងជំងឺកូវីដ-១៩ រូបនោះ និងសាច់ញាតិរបស់គាត់បានដែរ។
ជាមួយគ្នានេះ មានពលករខ្មែរជាច្រើននាក់ទៀតបន្តគេចខ្លួនរកកន្លែងមានសុវត្ថិភាពនៅខេត្តសាមុតសាខន ដដែល។
ពលករខ្មែរម្នាក់ធ្វើការសំណង់នៅខេត្តសាមុតសាខន (Samut Sakhorn) លោក ឆន សុខឿន ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២៤ ធ្នូ ថា យ៉ាងហោចណាស់មានពលករខ្មែរធ្វើការខុសច្បាប់ប្រមាណ២០នាក់ក្នុងចំណោមពលករជាង ១០០នាក់បន្តលាក់ខ្លួននៅក្នុងព្រៃ នៅតំបន់គាត់ធ្វើការ ដោយសារពួកគេព្រួយបារម្ភខ្លាចអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់ទៅកម្ពុជា ឬចាប់ពួកគេដាក់គុកក្នុងពេលចុះត្រួតជំងឺកូវីដ១៩។ លោកបន្ថែមថា ពលករ មួយចំនួនទៀត ស្នាក់នៅក្នុងបន្ទប់ជាបណ្ដោះអាសន្ន បន្ទាប់ពីមានអង្គការសង្គមស៊ីវិលរបស់ខ្មែរនិងថៃ បានទូរស័ព្ទប្រាប់ពួកគេថានឹងជួយអន្តរាគមន៍ដល់ពួកគេឱ្យរួចផុតពីការចាប់ចង៖ «ការពិតទៅនៅតែមានការព្រួយបារម្ភដដែល ព្រោះអត់ទាន់មានចំណាត់ការពីខាងស្ថាប័នណាមួយ ឱ្យបានជំនឿទុកចិត្ត១០០ % នៅឡើយទេ។ ប៉ុន្តែគ្រាន់តែយើងមានមួយចំណែកដោយសង្ឃឹមថា មានអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល នឹងរិះរកគ្រប់មធ្យោបាយមកជួយយើងហ្នឹងបាទ»។
រដ្ឋមន្ត្រីក្រសួងការងាររបស់ថៃ លោក សុឆាត ឈុំគ្លិន (Suchart Chom Klin)បានប្រាប់ទូរទស្សន៍ប៉ុស្តិ៍លេខ៩របស់ថៃ នៅថ្ងៃទី២៤ ធ្នូ ថា អំឡុងពេលផ្ទុះជំងឺកូវីដ១៩ លើកទី២នេះ ក្រសួងការងារនឹងដាក់សំណើទៅគណៈរដ្ឋមន្ត្រីថៃអនុញ្ញាតឱ្យពលករបរទេសទាំងអស់ដែលធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃ បន្តស្នាក់នៅនិងធ្វើការបាន ដោយមិនមានការចាប់ចងឡើយ។ លោកថា នឹងដាក់សំណើនេះជូនគណៈរដ្ឋមន្ត្រីថៃអនុម័តក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីកុំឱ្យពលករទាំងនោះរត់គេចពីអាជ្ញាធរថៃក្នុងពេលចុះធ្វើតេស្ដជំងឺកូវីដ១៩។ ប៉ុន្តែ អំឡុងពេលនេះអាជ្ញាធរថៃនៅតែបន្តហាមឃាត់មិនឱ្យពលករបរទេស ចល័តចេញពីកន្លែងធ្វើការទៅតំបន់ផ្សេងឡើយ ដើម្បីទប់ស្កាត់កុំឱ្យជំងឺកូវីដ១៩។
ទោះជាយ៉ាងណាមន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុកផ្នែកពលករ លោក ឌី ថេហូយ៉ា នៅតែព្រួយបារម្ភថា អាជ្ញាធរមូលដ្ឋានរបស់ថៃអាចនឹងបន្តធ្វើទុក្ខបុកម្នេញលើពលករខ្មែរដដែល ប្រសិនបើរដ្ឋាភិបាលថៃមិនបានតាមដានរឿងនេះឱ្យដិតដល់ទេនោះ។ លោកនិយាយថា កន្លងទៅមានពលករខ្មែរជាច្រើននាក់បានរត់គេចខ្លួន បន្ទាប់ពីអាជ្ញាធរថៃតាមចាប់ពួកគេជាច្រើនករណីរួចមកហើយ។ ទោះជាយ៉ាងណាលោកថា អំឡុងពេលនេះពលករមិនគួរចល័តចេញពីតំបន់មួយទៅតំបន់មួយទៀតឡើយ ពីព្រោះការធ្វើបែបនេះប្រឈមនឹងឆ្លងជំងឺកូវីដ១៩ផង និងអាជ្ញាធរថៃចាប់ខ្លួនពួកគេផង៖ «ជាឧទាហរណ៍យើងមើលឃើញថា មានសម្ពាធពីថៅកែមួយចំនួននៅពេលដឹងខ្លួនឯងថា ប្រើប្រាស់ពលករ ដែលមិនមានឯកសារស្របច្បាប់ហ្នឹងចាប់ផ្ដើមបារម្ភក្រែងលោមានវិធានដោយរដ្ឋ។ អ៊ីចឹងបារម្ភ ធ្វើឱ្យដាក់សម្ពាធមកលើពលករ បញ្ឈប់ការជួល មិនឱ្យស្នាក់នៅ និងបណ្ដេញចេញពីកន្លែងអីចឹងយើងឃើញថា អាចជាវិបត្តិមួយប្រសិនបើរដ្ឋាភិបាលថៃមិនប្រកាសគោលនយោបាយជាក់លាក់ទេ ហើយរដ្ឋាភិបាលកម្ពុជាមិនចាត់វិធានការ សហការធានាសុវត្ថិភាពដល់ពលករហ្នឹងទេ វាហានិភ័យឬក៏ជាឧបសគ្គដល់ពួកគាត់ដែរ»។
ចំណែកនៅកម្ពុជាវិញ មានអ្នកជំងឺកូវីដ-១៩ ចំនួន២ នាក់ទៀត បានជាសះស្បើយ និងចេញពីមន្ទីរពេទ្យហើយ នៅថ្ងៃទី២៤ ធ្នូ។ ក្រសួងសុខាភិបាលឱ្យដឹងតាមសេចក្ដីចប្រកាសព័ត៌មាននៅថ្ងៃទី២៤ ធ្នូ ថា អ្នកជាសះស្បើយទាំង២នាក់នោះ ម្នាក់ គឺជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ចម្លងក្នុងសហគមន៍២៨ វិច្ឆិកា ចំណែកម្នាក់ទៀត ជាករណីនាំចូលពីបរទេស។ នៅថ្ងៃដដែលនេះ ក្រសួងរកមិនឃើញមានករណីឆ្លងថ្មីទៀតនោះទេ បន្ទាប់ពីពិនិត្យលើសំណាកមនុស្ស៥១នាក់។
ទោះជាយ៉ាងណា ក្រសួងបានអំពាវនាវដល់អាជ្ញាធរខេត្តនៅជាប់ព្រំដែនថៃឱ្យធ្វើចត្តាឡីស័ក លើពលករខ្មែរត្រឡប់មកពីប្រទេសថៃឱ្យបានតឹងរ៉ឹងបំផុត ដើម្បីបង្ការកុំឱ្យឆ្លងជំងឺកូវីដ១៩ចូលមកកម្ពុជា។
គិតត្រឹមថ្ងៃទី២៤ ធ្នូ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ សរុបចំនួន៣៦៣ នាក់ ក្នុងនោះជាសះស្បើយចំនួន៣៥១ នាក់ និងកំពុងសម្រាកព្យាបាលចំនួន១២ នាក់៕