អ្នក​​ឆ្លង​កូវីដ​-១៩ ក្នុង​​ព្រឹត្តិការណ៍​​សហគមន៍​កើន​​ដល់​ជាង ៤ពាន់នាក់​និង​ស្លាប់​ ៣៥ នាក់​

ដោយ អាស៊ីសេរី
2021-04-14
Share
អ្នក​​ឆ្លង​កូវីដ​-១៩ ក្នុង​​ព្រឹត្តិការណ៍​​សហគមន៍​កើន​​ដល់​ជាង ៤ពាន់នាក់​និង​ស្លាប់​ ៣៥ នាក់​ អ្នក​​ឆ្លង​កូវីដ​-១៩ ក្នុង​​ព្រឹត្តិការណ៍​​សហគមន៍​កើន​​ដល់​ជាង៤ពាន់នាក់​និង​ស្លាប់​ ៣៥នាក់​។ រដ្ឋាភិបាលបញ្ជាឱ្យបិទខ្ទប់រាជធានីភ្នំពេ និងក្រុងតាខ្មៅខេត្តកណ្តាលរយៈពេល ២ សប្តាហ៍។
រូប៖ ហ្វេសប៊ុក នាយកដ្ឋានចត្តាឡីស័ក

ចំនួន​​អ្នក​​ឆ្លង​​ជំងឺកូវីដ-១៩ ក្នុង​​សហគមន៍​បាន​កើន​​ឡើង​​ដល់ជាង ៤ ពាន់៣​រយនាក់ (៤.៣៣៧) ហើយ បន្ទាប់​​ពី​ក្រសួង​សុខាភិបាល​​រក​​ឃើញ​ករណី​​ឆ្លង​ថ្មីជិត​ ២ រយនាក់ (១៧៧) ថែម​ទៀត នៅ​ថ្ងៃទី១៣ ខែមេសា។

អ្នក​ឆ្លង​ថ្មី​ជិត​ ២ រយនាក់​នោះ ត្រូវ​បា​​ន​រក​ឃើញនៅ​​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ​កណ្តាល​ កំពង់ស្ពឺ​ និង​​ខេត្ត​មួយ​​ចំនួន​​ទៀត។ ប៉ុន្តែ​​​រាជធានី​ភ្នំពេញ​​មាន​​អ្នក​ឆ្លង​​ច្រើន​​ជាង​គេ គឺ ១៤៩ នាក់។ ទាក់ទង​​នឹង​​ករណី​ជា​សះស្បើយវិញ ក្រសួង​​សុខាភិបាល​ឱ្យ​ដឹង​ថា មាន​អ្នក​​ជំងឺជិត ៤០ នាក់ បាន​​ជាសះស្បើយនៅ​ថ្ងៃដដែល​នេះ ដោយ​​ពួក​គាត់​ភាគច្រើន ជា​អ្នក​​ឆ្លង​​ក្នុង​ព្រឹត្តិការណ៍​​សហគមន៍២០ កុម្ភៈ​។

ជាមួយ​គ្នានេះ​ ក្រសួងសុខាភិបាល​​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​​នៅថ្ងៃទី១៤ ខែមេសា បំភ្លឺ​ករណីស្លាប់​​ជន​ជាតិ​បារាំង​ម្នាក់​អាយុ ៨៦​ ឆ្នាំ​ នៅ​​ខណ្ឌព្រែ​កព្នៅ​ រាជ​ធានី​ភ្នំពេញ។ ក្រសួង​​​បញ្ជាក់ថា បុរស​រូប​នោះ​​បាន​ស្លាប់ មុន​ពេល​​​បញ្ជូន​ទៅដល់​​មន្ទីរពេទ្យ​នៅ​ថ្ងៃទី១១ ខែមេសា ហើយ​​ដោយ​សារ​ជាករណី​​សង្ស័យ​ ក្រុម​​គ្រូពេទ្យ​ក៏​​​បាន​​យក​សំណាក​​សពបុរសរូបនោះ​​ទៅវិភាគ។ លទ្ធផល​​បង្ហាញ​ថា គាត់​​មាន​​ផ្ទុក​ជំងឺកូវីដ-១៩ ហើយ​គ្រូពេទ្យ​បាន​​​សន្និដ្ឋាន​​ថា គាត់​​ស្លាប់​​ដោយ​​សារ​ជំងឺ​កូវីដ-១៩​

ចំណែក​ករណីស្លាប់​​បុរស​ម្នាក់​ទៀត​ជាជន​ជាតិ​​ខ្មែរអាយុ ៥៨ ឆ្នាំ នៅខេត្ត​កំពង់ស្ពឺ​វិញ ក្រសួង​​ឱ្យដឹង​ថា បុរស​​រូបនោះ​បាន​​ទៅ​មន្ទីរពេទ្យ​បង្អែក​​ខេត្ត​កំពង់​ស្ពឺ​​នៅព្រឹក​​ថ្ងៃទី១៣ ខែមេសា ដោយ​មាន​​អាការៈហត់ និង​​ពិបាក​ដក​ដង្ហើម។ គាត់​បាន​​ស្លាប់​នៅព្រឹក​ថ្ងៃដដែលនោះ ហើយ​​លទ្ធផល​វិភាគ​​របស់​​គ្រូពេទ្យបង្ហាញថា​ គាត់​ស្លាប់​​ដោយ​សា​រ​​ជំងឺកូវីដ-១៩។​

គិត​ត្រឹម​ព្រឹក​ថ្ងៃទី១៤ ខែមេសា កម្ពុជា​មាន​​អ្នកកើត​​ជំងឺកូវីដ-១៩ ជាង ៤ ពាន់៨ រយនាក់ (៤.៨៧៤) ក្នុងនោះ​​អ្នក​ជាសះស្បើយ​​មាន​ជាង ​២ ពាន់ ២ រយនាក់ (២.២៩០) និង​​អ្នក​កំពុង​​សម្រាក​ព្យាបាល​​ជាង ២ ពាន់​៥ រយនាក់ (២.៥៤៤)។ ចំពោះ​តួលេខ​​អ្នក​ស្លាប់​ដោយសារ​​ជំងឺកូវីដ-១៩ ​វិញ ក្រសួង​​សុខាភិបាល​​ទទួល​​ស្គាល់​ចំនួន​ ​៣៥ នាក់។

ទាក់ទងនឹងជំងឺកូវីដ១៩នេះដែរ រដ្ឋាភិបាលកម្ពុជា ទើបបានសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលជាបណ្តោះអាសន្នសម្រាប់​រយៈពេល ២ សប្តាហ៍ ដោយអនុវត្តចាប់ពីម៉ោងសូន្យឈានចូលថ្ងៃទី១៥  ដល់ថ្ងៃទី២៨ ខែមេសា ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ប្រសិនបើគ្មានការចាំបាច់។ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ ក៏ត្រូវបានហាមឃាត់រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មទាំងអស់ ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល