ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍បានកើនឡើងដល់ជាង ៤ ពាន់៣រយនាក់ (៤.៣៣៧) ហើយ បន្ទាប់ពីក្រសួងសុខាភិបាលរកឃើញករណីឆ្លងថ្មីជិត ២ រយនាក់ (១៧៧) ថែមទៀត នៅថ្ងៃទី១៣ ខែមេសា។
អ្នកឆ្លងថ្មីជិត ២ រយនាក់នោះ ត្រូវបានរកឃើញនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល កំពង់ស្ពឺ និងខេត្តមួយចំនួនទៀត។ ប៉ុន្តែរាជធានីភ្នំពេញមានអ្នកឆ្លងច្រើនជាងគេ គឺ ១៤៩ នាក់។ ទាក់ទងនឹងករណីជាសះស្បើយវិញ ក្រសួងសុខាភិបាលឱ្យដឹងថា មានអ្នកជំងឺជិត ៤០ នាក់ បានជាសះស្បើយនៅថ្ងៃដដែលនេះ ដោយពួកគាត់ភាគច្រើន ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៤ ខែមេសា បំភ្លឺករណីស្លាប់ជនជាតិបារាំងម្នាក់អាយុ ៨៦ ឆ្នាំ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រសួងបញ្ជាក់ថា បុរសរូបនោះបានស្លាប់ មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យនៅថ្ងៃទី១១ ខែមេសា ហើយដោយសារជាករណីសង្ស័យ ក្រុមគ្រូពេទ្យក៏បានយកសំណាកសពបុរសរូបនោះទៅវិភាគ។ លទ្ធផលបង្ហាញថា គាត់មានផ្ទុកជំងឺកូវីដ-១៩ ហើយគ្រូពេទ្យបានសន្និដ្ឋានថា គាត់ស្លាប់ដោយសារជំងឺកូវីដ-១៩
ចំណែកករណីស្លាប់បុរសម្នាក់ទៀតជាជនជាតិខ្មែរអាយុ ៥៨ ឆ្នាំ នៅខេត្តកំពង់ស្ពឺវិញ ក្រសួងឱ្យដឹងថា បុរសរូបនោះបានទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១៣ ខែមេសា ដោយមានអាការៈហត់ និងពិបាកដកដង្ហើម។ គាត់បានស្លាប់នៅព្រឹកថ្ងៃដដែលនោះ ហើយលទ្ធផលវិភាគរបស់គ្រូពេទ្យបង្ហាញថា គាត់ស្លាប់ដោយសារជំងឺកូវីដ-១៩។
គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមេសា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ៤ ពាន់៨ រយនាក់ (៤.៨៧៤) ក្នុងនោះអ្នកជាសះស្បើយមានជាង ២ ពាន់ ២ រយនាក់ (២.២៩០) និងអ្នកកំពុងសម្រាកព្យាបាលជាង ២ ពាន់៥ រយនាក់ (២.៥៤៤)។ ចំពោះតួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ វិញ ក្រសួងសុខាភិបាលទទួលស្គាល់ចំនួន ៣៥ នាក់។
ទាក់ទងនឹងជំងឺកូវីដ១៩នេះដែរ រដ្ឋាភិបាលកម្ពុជា ទើបបានសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលជាបណ្តោះអាសន្នសម្រាប់រយៈពេល ២ សប្តាហ៍ ដោយអនុវត្តចាប់ពីម៉ោងសូន្យឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ប្រសិនបើគ្មានការចាំបាច់។ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ ក៏ត្រូវបានហាមឃាត់រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មទាំងអស់ ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។