ក្រសួងសុខាភិបាលប្រកាសករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដំបូងបង្អស់ នៅកម្ពុជា នៅថ្ងៃទី១១ ខែមីនា នេះ។ ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលយល់ថា ករណីស្លាប់នេះ ជាសញ្ញាមួយដាស់តឿនឲ្យកម្ពុជាយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលធ្ងន់ធ្ងរនេះ។ អ្នកជំងឺកូវីដ-១៩ ម្នាក់បានស្លាប់នៅព្រឹកថ្ងៃទី១១ ខែមីនា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីគាត់ត្រូវបានរកឃើញថា មានផ្ទុកជំងឺនេះ កាលពីចុងខែកុម្ភៈ។
ក្រសួងសុខាភិបាលឱ្យដឹងតាមសេចក្តីប្រកាសព័ត៌មានថា អ្នកជំងឺដែលបានស្លាប់នោះ គឺជាបុរសខ្មែរ អាយុ ៥០ឆ្នាំ។ បុរសរូបនោះមានទីលំនៅនៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គាត់ជាអ្នកបើកបរឱ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែលមានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។
ក្រសួងបានបញ្ជាក់ប្រាប់ពត៌មានក្នុងស្រុកដែលជិតស្នឹតនឹងរដ្ឋាភិបាលថា សពរបស់អ្នកជំងឺមិនអាចរក្សាទុកបានយូរទេ ពោលគឺត្រូវរៀបចំបូជាតាមការកំណត់របស់រដ្ឋាភិបាលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺនេះ។
អាស៊ីសេរីបានព្យាយាមទាក់ទងទៅអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន ដើម្បីសួរនាំបន្ថែមពីករណីស្លាប់របស់អ្នកជំងឺរូបនេះ នៅថ្ងៃទី១១ ខែមីនា ដោយទូរស័ព្ទចូល ប៉ុន្តែពុំមានអ្នកទទួល។
ប៉ុន្តែអ្នកស្រីបានផ្តល់បទសម្ភាសន៍ឲ្យសារព័ត៌មានក្នុងស្រុកថា ជំងឺកូវីដ-១៩ ដែលបុរសនោះបានឆ្លងពីថៅកែជនជាតិចិននោះ បានវិវត្តយ៉ាងលឿន និងមានសភាពធ្ងន់ធ្ងរ។ អ្នកស្រីបន្តថា ក្រុមគ្រូពេទ្យបានពិនិត្យឃើញថា សួតទាំងសងខាងរបស់បុរសនោះមានសភាពធ្ងន់ធ្ងរធ្វើឲ្យកង្វះអុកស៊ីសែននៅក្នុងសួត និងរលាកខ្លាំង រហូតសរីរាង្គរបស់បុរសរូបនោះទ្រាំទ្រលែងបាន។ អ្នកស្រី ឱ វណ្ណឌីន បន្ថែមថា អ្នកជំងឺមួយចំនួនទៀត ក៏ស្ថិតក្នុងសភាពធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភដែរ៖« បច្ចុប្បន្ននេះ ស្ថានភាពអ្នកជំងឺក៏មានអ្នកជំងឺមួយចំនួនទៀត ក៏ស្ថិតនៅក្នុងលក្ខណៈមិនសូវល្អប៉ុន្មានទេ ហើយក្រុមគ្រូពេទ្យរបស់យើងក៏កំពុងតែខ្នះខ្នែង នៅក្នុងការជួយសង្គ្រោះពួកគាត់ផងដែរ។ តែស្ថានភាពបែបណានោះ យើងនឹងធ្វើការតាមដានជាបន្តទៅទៀត។ យើងមានករណីស្លាប់ទីមួយនៅក្នុងកម្ពុជារបស់យើងដោយសារការវាយលុកពីវីរុសកូវីដ១៩ » ។
ក្រៅពីការស្លាប់អ្នកជំងឺម្នាក់ ក្រសួងបានរកឃើញករណីឆ្លងថ្មី ៣៩នាក់ បន្ថែមទៀត ដែលជាសុទ្ធតែជាករណីចម្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ធ្វើឱ្យតួលេខអ្នកឆ្លងក្នុងសហគមន៍កើនដល់ជាង ៦រយ (៦៥២) នាក់ គិតត្រឹមថ្ងៃទី១១ ខែមីនា។
ករណីស្លាប់ដំបូងនៅកម្ពុជានេះ គឺជាក្តីបារម្ភមួយរបស់ប្រជាពលរដ្ឋ និងសង្គមស៊ីវិល ជុំវិញការរីករាលដាលនៃជំងឺនេះ នៅទូទាំងប្រទេសកម្ពុជា។ ខេត្តជាច្រើនដែលរងផលប៉ះពាល់ និងរីករាលដាលដល់នោះ រួមមាន ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្តស្វាយរៀង ខេត្តកោះកុង និងរាជធានីភ្នំពេញជាដើម។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញលោកស្រី សុខ ស្រីនិច ថ្លែងថា លោកស្រីព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួន និងក្រុមគ្រួសារជាខ្លាំង ក្រោយមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩នេះ។ លោកស្រី ខកចិត្តដែលរាជរដ្ឋាភិបាលមិនបានប្រកាសបិទទាំងស្រុងនូវពិធីជួបជុំមួយចំនួន ដូចជាពិធីមង្គលការ ពិធីផ្សេងៗទៀត ដែលអាចបង្កហានិភ័យដល់ប្រជាពលរដ្ឋ។ លោកស្រីទទូចឲ្យរដ្ឋាភិបាលគួរយកចិត្តទុកដាក់លើប្រជាពលរដ្ឋឲ្យបានខ្លាំងជាងនេះ និងស្នើឲ្យពលរដ្ឋគួរចួលរួមសហការទប់ស្កាត់ ដោយអនុវត្តវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវ៖ « សេដ្ឋកិច្ចខ្ញុំក៏ធ្លាក់ចុះខ្លាំងមែនទែន រកលុយក៏អត់សូវបានដែរ ព្រោះឥឡូវមានបញ្ហាអញ្ចឹង គឺប្រជាពលរដ្ឋយើងអត់សូវមានថវិកាក្នុងការទិញអីផ្សេងៗទេ។ ខ្ញុំលែងហ៊ានចេញទៅណាហើយ និយាយទៅឥឡូវរាងខ្លាចដែរ។ ហើយងាកជួលតែគេឲ្យដឹកឲ្យ។ សូម្បីតែទៅផ្សារទិញម្ហូបអីក៏លែងហ៊ានដែរ ព្រោះខ្ញុំព្រួយបារម្ភពីបញ្ហាខ្លាចមានការឆ្លងពីខ្លួនឯងទៅដល់កូន ដល់គ្រួសារអីអញ្ចឹង » ។
ចំណែកនាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត ទទូចឲ្យរដ្ឋាភិបាលគួរបន្ថែមនូវសំភារៈបរិក្ខារ និងក្រុមគ្រូពេទ្យបន្ថែមទៀត ដើម្បីបំរុងក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩។ លោកបន្តថា ករណីស្លាប់ដំបូងនៅប្រទេសកម្ពុជានេះ គឺជាសញ្ញាដាស់តឿនដល់រដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល គួរយកចិត្តទុកដាក់ ពង្រឹងវិធានការសុខាភិបាល និងរិះរកវិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺនេះ៖ « បច្ចុប្បន្នរដ្ឋាភិបាលត្រូវផ្តល់ពត៌មានឲ្យបានជាក់លាក់ ហើយពលរដ្ឋទាំងអស់ គឺរួមគ្នាយ៉ាងណា ដើម្បីចូលរួមចាត់វិធានការខ្លួនឯងហ្នឹង ដើម្បីបង្កា និងទប់ស្កាត់កុំឲ្យមានការរីករាលដាល ទី១គឺការពារខ្លួនឯង ទី២ការពារទៅដល់គ្រួសារ ហើយនឹងអនុវត្តទៅតាមវិធានការ និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជាអង្គការសុខភាពពិភពលោកនោះ » ។
គិតត្រឹមថ្ងៃទី១១ ខែមីនា កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ម្នាក់ អ្នកឆ្លងសរុបជិត ១ពាន់២រយ (១១៦៣) នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយជិត ៦រយ (៥៩៧) នាក់ និងកំពុងសម្រាកព្យាបាលជិត ៦រយ (៥៦៥)នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។