ជំងឺកូវីដ១៩ (Covid-19) បានបន្តឆ្លងដល់អ្នកជាប់ឃុំ និងអនុរក្សនៅពន្ធនាគារមួយទៀតហើយ គឺពន្ធនាគារខេត្តបន្ទាយមានជ័យ។ ក្នុងនោះ អ្នកជាប់ឃុំម្នាក់ស្លាប់ ខណៈអ្នកជាប់ឃុំជាង ៣០នាក់ និងអនុរក្សជាង ១០នាក់ឆ្លងជំងឺ។ សង្គមស៊ីវិលជំរុញឲ្យអាជ្ញាធរពន្ធនាគារអនុវត្តវិធានការបង្ការ និងដោះលែងអ្នកទោសស្រាលៗ ខ្លះ ដើម្បីបន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារខេត្តនេះ។
ក្នុងពេលកម្ពុជាកំពុងប្រឈមស្ថានភាពឆ្លងជំងឺកូវីដ១៩ កាន់តែច្រើន ជាពិសេស មេរោគបំប្លែងថ្មី អាជ្ញាធរនៅតែលាក់បាំងព័ត៌មានពីការឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីនេះក្នុងពន្ធនាគារ។
សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៃគណបក្សសង្គ្រោះជាតិ លោក ឆាន់ សុភាន់ រិះគន់ការបន្តលាក់បាំងពីការឆ្លងកូវីដ១៩ ក្នុងពន្ធនាគារខេត្តមួយនេះថា នឹងបង្កឲ្យអ្នកជាប់ឃុំប្រឈមហានិភ័យខ្ពស់។ មន្ត្រីជាប់ឆ្នោតរូបនេះជំរុញអាជ្ញាធរពន្ធនាគារ ឱ្យប្រញាប់រកវិធីដោះស្រាយ ឬដោះលែងអ្នកជាប់ឃុំស្រាលៗ និងជិតផុតទោសដើម្បីបន្ថយបន្ថយភាពចង្អៀតណែន និងត្រូវបង្ហាញព័ត៌មានការឆ្លងនេះជាសាធារណៈ៖ « វាត្រូវតែមានការប៉ះពាល់ហើយ ព្រោះអ្វីមេរោគអាកូវីដហ្នឹងវាសាហាវណាស់។ អ៊ីចឹងហើយវាគួរតែលែងដើម្បីឲ្យធូរស្រាលភាពចង្អៀតណែនក្នុងពន្ធនាគារ។ គួរតែលែង»។
កាលពីថ្ងៃទី១៩ កក្កដា មានការផ្សព្វផ្សាយតៗគ្នា តាមបណ្ដាញហ្វេសប៊ុក (facebook) ថា អ្នកជាប់ឃុំនៅពន្ធនាគារខេត្តបន្ទាយមានជ័យ ចំនួន ៣នាក់ ដែលឆ្លងកូវីដ១៩ បានស្លាប់ និងអ្នកឆ្លងជាង ១០០នាក់រួមទាំងស្ត្រីមានផ្ទៃពោះកំពុងជាប់ឃុំ ព្រមទាំងឆ្មាំពន្ធនាគារប្រមាណ ១០នាក់។
ជុំវិញករណីនេះ អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីរដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត ប្រធានពន្ធនាគារខេត្តនេះ និងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា បានទេ នៅថ្ងៃទី២០ ខែកក្កដា។ ប៉ុន្តែលោក នុត សវនា បានប្រាប់សារព័ត៌មានក្នុងស្រុក (VOD) ថា ពិតជាមានករណីអ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យស្លាប់មែន ដោយសារអ្នកជាប់ឃុំនោះមានបញ្ហាសួតធ្ងន់ធ្ងរ។ តែលោកអះអាងថា ចំនួនអ្នកស្លាប់ គឺម្នាក់ មិនមែន ៣នាក់ទេ។ ទោះយ៉ាងណាលោក នុត សវនា មិនដឹងពីចំនួនអ្នកជាប់ឃុំឆ្លងពិតប្រាកដឡើយ ខណៈអ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ មានសរុប ១.៦០០នាក់។
ជុំវិញរឿងនេះ សង្គមស៊ីវិលខកចិត្តចំពោះអាជ្ញាធរដែលមិនបង្ហាញតួលេខ និងមូលហេតុនៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារឲ្យបានជាក់លាក់។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធមនុស្សអាដហុកខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា ឲ្យដឹងថា មន្ត្រីពន្ធនាគារប្រាប់ទៅលោកថា អ្នកដែលឆ្លងគឺជាក្រុមអ្នកទើបត្រូវបានតុលាការបញ្ជូនទៅពន្ធនាគារ ហើយពួកគេ ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩ នៅកន្លែងធ្វើចត្តាឡីស័ក ដែលមានចំនួនជាង ៣០នាក់ និងមានអនុរក្សពន្ធនាគារជាង ១០នាក់ឆ្លងជំងឺកាចសាហាវនេះ។
ទោះជាយ៉ាងណា លោក ស៊ុំ ចាន់គា មើលឃើញថា ការគ្រប់គ្រងបង្ការ និងការដាក់ឲ្យអ្នកជាប់ឃុំធ្វើចត្តាឡីស័កមុនបញ្ជូនចូលក្នុងពន្ធនាគារ គឺអាជ្ញាធរអនុវត្តបានល្អប្រសើរ។ តែយ៉ាងណា លោកនៅតែជំរុញឲ្យអាជ្ញាធរដោះលែងអ្នកជាប់ឃុំស្រាលៗ និងជិតរួចទោសមួយចំនួន ដើម្បីបន្ថយភាពចង្អៀតណែន៖ « ការបន្ធូរបន្ថយទោស ដោះលែងឲ្យបានមុនការកំណត់។ ប៉ុន្តែការដោះលែងមុនការកំណត់ហ្នឹងត្រូវពិនិត្យមើល កុំឲ្យមានអំពើពុករលួយមានអ្វី មានខ្សែមានច្រវាក់គ្នាសែស្រឡាយ ឬត្រូវដោះលែងត្រូវអស់លុយអស់កាក់អ្វី»។
កម្ពុជាមានអ្នកជាប់ឃុំសរុបទូទាំងប្រទេសជិតបួនម៉ឺន (៣៩.០០០) នាក់ ហើយគិតមកដល់ពេលនេះ មានពន្ធនាគារប្រមាណ១០ ត្រូវបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ដូចជាពន្ធនាគារខេត្តព្រះសីហនុ ពន្ធនាគាររាជធានីភ្នំពេញ (PJ) មណ្ឌលអប់រំកែប្រែ "ម១" "ម២" ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង និងខេត្តតាកែវ ជាដើម និងមានករណីអ្នកជាប់ឃុំស្លាប់ដោយសារកូវីដ១៩ យ៉ាងហោចណាស់ ៤ករណីហើយ។ ប៉ុន្តែអាជ្ញាធរមិនបានបង្ហាញតួលេខ និងព័ត៌មានជាក់លាក់ពីស្ថានភាពតាមក្នុងពន្ធនាគារទាំងនោះទេ។
កាលពីខែឧសភា អង្គការសិទ្ធិមនុស្សអន្តរជាតិចំនួន២ Amnesty International & Human Rights Watch បានរកឃើញថា គ្រាន់តែពន្ធនាគាររាជធានីភ្នំពេញ (PJ) មួយ មានអ្នកជាប់ឃុំរាប់រយនាក់ឆ្លងជំងឺកូវីដ១៩ តែអាជ្ញាធរបដិសេធ។
បន្ទាប់មកនៅខែមិថុនាមកក្រុមអង្គការសង្គមស៊ីវិលជាតិជាច្រើន បានចេញសេចក្ដីថ្លែងការណ៍រួមទាមទារឲ្យរដ្ឋាភិបាល និងតុលាការដោះលែងអ្នកនយោបាយ អ្នកទោសមនសិការ អ្នកជាប់ទោសស្រាលៗ និងអ្នកជាប់ឃុំជិតរួចទោស ដើម្បីកាត់បន្ថយភាពចង្អៀតណែន និងហានិភ័យការឆ្លងជំងឺកូវីដ១៩ ក្នុងពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។