សាច់ញាតិសពអ្នកជំងឺកូវីដ១៩ (Covid19) ម្នាក់ជាបុគ្គលិកបម្រើការងារនៅកាស៊ីណូអនឡាញ (Online) ខេត្តព្រះសីហនុ ស្នើឲ្យស្ថាប័នពាក់ព័ន្ធនិងក្រុមហ៊ុនទូទាត់ប្រាក់អត្ថប្រយោជន៍របស់សព ដើម្បីឲ្យគ្រួសារបានធ្វើបុណ្យ។ ការអំពាវនាវនេះ ធ្វើឡើងបន្តបន្ទាប់គ្នា ក្រោយពីបុគ្គលិកក្រុមហ៊ុនកាស៊ីណូចិន ឈ្មោះដឺ សេនជូរី (The Century) បានឡាយវីដេអូ (Live video) ផ្សាយផ្ទាល់លើហ្វ៊េសប៊ុករបស់ពួកគេថា ថៅកែមិនយកចិត្តទុកដាក់ផ្ដល់ការព្យាបាលអ្នកជំងឺដែលឆ្លងជាង ៤រយនាក់ នាំឲ្យបុគ្គលិកម្នាក់ស្លាប់ ហើយលួងលោមឲ្យពួកគេឲ្យបន្តធ្វើការទាំងឈឺ។
ជីដូនមួយ សពអ្នកជំងឺកវីដ-១៩ជាបុគ្គលិកបម្រើការងារនៅកាស៊ីណូអនឡាញ ចិន ដឺ សេនជូរី ខេត្តព្រះសីហនុ លើកឡើងថា គ្រួសារសពពុំបានទទួលការលើកទឹកចិត្ត សួរសុខទុក្ខ និងជូនដំណឹងជាផ្លូវការ ពីថៅកែ ឬអ្នកគ្រប់គ្រងក្រុមហ៊ុននេះបន្ទាប់ពីសាច់ញាតិរបស់គាត់ស្លាប់នៅក្នុងទីតាំងស្នាក់នៅនិងធ្វើការរបស់ក្រុមហ៊ុននេះទេ។
ប្អូនជីដូនមួយរបស់សព កញ្ញា ហៀន ស្រីនិច បុគ្គលិកកាស៊ីណូអនឡាញ ដឺ សេនជូរី លោក រស់ ឡេង ថ្លែងថា គ្រូពេទ្យថា កញ្ញា ហៀន ស្រីនិច ពុលចំណីអាហារ ខ្វះជាតិទឹក និងមានជំងឺកូវីដ។ លោកថា មុនស្លាប់ពីរថ្ងៃបងស្រីគាត់បានហៅទូរស័ព្ទនិងបើករូបវីដេអូនិយាយគ្នា តែសុខភាពមិនធ្ងន់ដុនដាបនោះទេ។ លោកថា ហួសចិត្តនៅពេលគ្រួសារបានទទួលដំណឹងនេះ។ លោកថា ក្រៅពីការមិនជូនដំណឹងមកគ្រួសារពីការស្លាប់នេះ ពួកគាត់ក៏មិនបានឃើញមានការគិតគូរណាមួយនូវប្រាក់ខែចុងក្រោយរបស់សព និងប្រាក់បេឡាជាតិរបបសន្តិសុខសង្គម ព្រមប្រាក់អត្ថប្រយោជន៍នានាតាមច្បាប់ការងារឡើយ៖ «បញ្ហាហ្នឹងខ្ញុំចង់ឲ្យតែកាស៊ីណូគាត់ចេញមកដោះស្រាយ ផ្ដល់សំណងឲ្យគ្រួសារសពគាត់ធ្វើហីៗ អត់ទាក់ទងមកគ្រួសារសពអត់មានរកដំណោះស្រាយឲ្យគ្រួសារសពផង អ៊ីចឹងខ្ញុំម៉េចទទួលយកបាន។ បើសិនទាក់ទងមកក៏គិតថាក្រុមហ៊ុនហ្នឹងល្អដែរ តែដល់ពេលបញ្ហាហ្នឹងកើតឡើងគាត់អត់បានទាក់ទងមកទេ នេះបើសិនអត់មានបុគ្គលិកក្នុងហ្នឹងទេ ប្រហែលជាគ្រួសារអត់ដឹងទៅជាសពទៅជាយ៉ាងណាទេ ប្រហែលគេបំបិទបាត់ហើយក៏មិនដឹង។ ចង់ឲ្យគាត់ជួយជាលក្ខណៈសំណងជាលុយដើម្បីដើម្បីឲ្យគ្រួសារសពធ្វើបុណ្យកុំឲ្យអត់សោះ»។
កញ្ញា ហៀន ស្រីនិច អាយុ ២៨ឆ្នាំ គឺជាបុគ្គលិកបម្រើការងារជិត ២ឆ្នាំ ផ្នែកចែកបៀរអនឡាន (Dealer Online) នៅកាស៊ីណូអនឡាញចិន ដឺសេនជូរី ខេត្តព្រះសីហនុ បានរកឃើញមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៥ កញ្ញា។ នាងបានស្លាប់កាលពីថ្ងៃទី៣០ ខែកញ្ញា សពរបស់នាងបានបូជា នឹងបញ្ជូនធាតុដល់ស្រុកកំណើត នៅខេត្តកំពត។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកគ្រប់គ្រងធនធានមនុស្សនៅកាស៊ីណូ ដឺសេនជូរី លោក សំណាង ដើម្បីឆ្លើយតបសំណើរបស់គ្រួសារសពបាននៅឡើយទេ ដោយទូរស័ព្ទហៅចូលតែគ្មានអ្នកទទួល។
ទាក់ទងករណីផ្ទុះជំងឺកូវីដក្នុងកាស៊ីណូនេះ អាជ្ញាធរពាក់ព័ន្ធនៅខេត្តព្រះសីហនុ បានចុះអន្តរាគមន៍ដាក់គ្រូពេទ្យប្រចាំការនៅពេលថ្ងៃ និងចែកថ្នាំឲ្យបុគ្គលិកបម្រើការងារនៅកាស៊ីណូនេះ ក្រោយដែលរកឃើញមានឆ្លងជំងឺកូវីដ-១៩ ជាង ៤រយនាក់។ ការចុះអន្តរាគមន៍នេះ នៅបន្ទាប់ពីបុគ្គលិកក្រុមហ៊ុនកាស៊ីណូនេះ កាលពីថ្ងៃទី៣០ កញ្ញា បានឡាយវីដេអូ (Live video) ផ្សាយផ្ទាល់លើហ្វ៊េសប៊ុករបស់ពួកគេពីបន្ទប់ស្នាក់នៅក្នុងកាស៊ីណូនេះថា ថៅកែមិនយកចិត្តទុកដាក់ មិនផ្ដល់ការព្យាបាលជំងឺ នាំឲ្យមានបុគ្គលិកម្នាក់ស្លាប់ ហើយលួងលោមឲ្យពួកគេធ្វើការទាំងឈឺ។
ប៉ុន្តែភ្លាមៗនៅថ្ងៃដដែលនោះ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្ដីប្រកាសព័ត៌មានបដិសេធការផ្សាយវីដេអូនោះ ថា ជាការនិយាយមិនពិត និងឲ្យបកស្រាយការយល់ច្រឡំលើគ្រូពេទ្យ និងអាជ្ញាធរឡើងវិញ។ ព្រោះអាជ្ញាធរបានយកកន្លែងនោះជាទីតាំងព្យាបាលជំងឺ ផ្ដល់ថ្នាំរួចហើយ។ រីឯករណីស្លាប់ រដ្ឋបាលខេត្តនេះ បកស្រាយថា មានការរាយការណ៍ពីអាការៈមិនស្រួលខ្លាំងរបស់អ្នកជំងឺ ក្រុមការងារបានយករថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ បានតែជាងកន្លះម៉ោងក៏បានស្លាប់ ព្រោះតែអ្នកជំងឺបាត់បង់ជាតិទឹកច្រើន និងក្អួតចង្អោរពុលអាហារ។
បុគ្គលិកបម្រើការងារនៅកាស៊ីណូដឺសេនជូរី ដែលឆ្លងជំងឺកូវីដ-១៩ កំពុងស្នាក់នៅក្នុងទីតាំងកាស៊ីណូ សុំមិនបញ្ចេញឈ្មោះ បានផ្ដល់សម្ភាសថា ក្រោយពីមានបុគ្គលិកឡាយវីដេអូ (Live Video) ភ្លាមៗ អាជ្ញាធរបានដាក់គ្រូពេទ្យ ២នាក់ ប្រចាំការនៅពេលថ្ងៃ និងចែកថ្នាំឲ្យពួកគាត់ តាមដានសុខភាពដែលធ្វើឲ្យអ្នកជំងឺបានកក់ក្ដៅខ្លះដែរ។ ពួកគាត់ថា ក្រោយតេស្ដសំណាករកឃើញជំងឺនេះ មុនមានអ្នកជំងឺម្នាក់ស្លាប់ គ្រូពេទ្យបានត្រឹមតែចែកថ្នាំឲ្យទុកហូប ៣ថ្ងៃ និងចងក្រុមបណ្ដាញសង្គមតេឡេក្រាម (Telegram) គ្រូពេទ្យ ទុកឲ្យពួកគាត់រាយការណ៍នៅពេលមានបញ្ហានានា ដែលធ្វើឲ្យពួកគាត់បារម្ភខ្លាំង ខ្លាចសង្គ្រោះមិនទាន់ពេលវេលា៖ «និយាយរួមគ្រប់យ៉ាងគឺប្អូនទទួលយកបានហើយនៅពេលនេះ តែបើសិនជាទៅមុខស្ថានភាពមានការផ្លាស់ប្ដូរឬក៏ការមិនយកចិត្តទុកដាក់យ៉ាងម៉េចទៀតចាំប្អូនផ្ដល់ដំណឹងតទៀត តែនៅពេលនេះគាត់បានយកចិត្តទុកដាក់យ៉ាងល្អជាមួយពួកប្អូន។ តាមពិតវាមានចំណុចខ្វះខាតដែរ តែពួកខ្ញុំសូមថាទទួលប៉ុណ្ណឹងចុះបង»។
កាស៊ីណូអនឡាញចិន ដឺសេនជូរី មានទីតាំងនៅភូមិ ៥ សង្កាត់លេខ ៤ ខេត្តព្រះសីហនុ មានចំនួនកម្មករបុគ្គលិកបម្រើការសរុប ៤៣៧នាក់។ បុគ្គលិកក្រុមហ៊ុននេះ អះអាងថា ពួកគេឆ្លងជំងឺនេះទាំងអស់គ្នា។
ប៉ុន្តែប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ លោក យ៉ូវ ខេមារា ថ្លែងថា មានបុគ្គលិកកម្មករប្រមាណជាង ២រយនាក់ប៉ុណ្ណោះ ដែលឆ្លងជំងឺនេះ។ លោកថា មានការផ្ដល់អាហារនិងថ្នាំសង្កូវដល់អ្នកជំងឺយ៉ាងយកចិត្តទុកដាក់៖ «ពីមុនក៏មានក្រុមគ្រូពេទ្យទៅដែរ គ្រាន់តែអត់មានប្រចាំការទេ ក្នុងមួយថ្ងៃទៅមើល២ដង ហើយឥឡូវគ្រូពេទ្យប្រចាំការ ២ថ្ងៃ ដោយសារគាត់ចេះតែទទូចអ៊ីចឹង ប្រចាំការពីម៉ោង ៨ព្រឹកទៅ ដល់ពេលយប់ដកកម្លាំងមកវិញ ហើយអាហារ ម្ង៉ៃ ៤ពេលនោះ»។
កាលពីថ្ងៃទី២៣ កញ្ញា បុគ្គលិកកាស៊ីណូដឺសេនជូរី បានធ្វើកូដកម្មតវ៉ាឲ្យថៅកែគោរពច្បាប់ការងារចំនួន១០ ចំណុច ដូចជា បញ្ឈប់ការបង្ខិតបង្ខំបុគ្គលិកឲ្យធ្វើការទាំងឈឺបណ្ដាលឲ្យបុគ្គលិកដួលសន្លប់ជាបន្តបន្ទាប់ចំនួន ១១នាក់។ កូដកម្មនេះ ត្រូវបានអាជ្ញាធរនិងមន្ទីរការងារដោះស្រាយសះជា រវាងកម្មករបុគ្គលិកជាមួយក្រុមហ៊ុននិងបានព្រមព្រៀងគ្នាចូលធ្វើការវិញ។ ប៉ុន្តែនៅថ្ងៃទី២៤ កញ្ញា មានបុគ្គលិកដែលបានលាឈប់ពីការងារម្នាក់ បានទៅដល់ភ្នំពេញរាយការណ៍មកថា មានឆ្លងជំងឺកូវីដ-១៩ ទើបបុគ្គលិកកាស៊ីណូ ស្នើសុំឲ្យធ្វើសំណាកពួកគេ ទើបរកឃើញមានឆ្លងពាសពេញកាស៊ីណូទៅហើយ។ នៅថ្ងៃទី២៥ កញ្ញា អាជ្ញាធរបានកំណត់យកកាស៊ីណូនេះ ជាកន្លែងធ្វើចត្តាឡីស័ក មិនឲ្យដំណើរការ។ ប៉ុន្តែបុគ្គលិកមួយចំនួនបានអះអាងថា ពួកគេត្រូវបានថៅកែលួងលោមឲ្យធ្វើការនៅតាមផ្នែកល្បែងអនឡាញខ្លះ ដើម្បីស្រោចស្រង់ការខាតបង់របស់ក្រុមហ៊ុន បើទោះជាពួកគាត់មានជំងឺកូវីដហើយក្ដី ទាល់តែមានករណីស្លាប់បុគ្គលិកម្នាក់នៅថ្ងៃទី ៣០ កញ្ញា ទើបក្រុមហ៊ុននេះបិទជាស្ថាពរ។
ពាក់ព័ន្ធរឿងនេះ ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ លោក យ៉ូវ ខេមារា មិនទាន់បានបញ្ជាក់ ពីសំណងដល់អ្នកស្លាប់ និងអ្នកធ្វើការងារទាំងឈឺ និងវិធានការប្រឆាំងនឹងកាស៊ីណូនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។