មន្រ្តីបក្សប្រឆាំងបារម្ភពីកង្វះថវិកាជាតិក្នុងការជួយពលរដ្ឋដែលរងគ្រោះដោយសារវិបត្តិនៃជំងឺកូវីដ-១៩

ដោយ មួង ណារ៉េត
2021-03-26
Share
មន្រ្តីបក្សប្រឆាំងបារម្ភពីកង្វះថវិកាជាតិក្នុងការជួយពលរដ្ឋដែលរងគ្រោះដោយសារវិបត្តិនៃជំងឺកូវីដ-១៩ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ​។
រូប៖ ហ្វេសប៊ុក លោក អេង ឆៃអ៊ាង។

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទ្ទេសខ្លួននៅសហរដ្ឋអាមេរិក រិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលលោកថា មានការ​ឆកល្វែងក្នុងការយកចិត្ត​ទុកដាក់ដោះស្រាយបញ្ហាជីវភាព​ប្រជាពលរដ្ឋទូទៅ ដែលរងគ្រោះនៅទូទាំងប្រទេស ដោយសារ​តែវិបត្តិនៃជំងឺកូវីដ-១៩នេះ​។

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ​ថ្លែងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២៥ ខែមីនា ថា លោកហួសចិត្តដែលរដ្ឋាភិបាលកម្ពុជាមិនធ្វើច្បាប់ថវិកាដើម្បីជួយពលរដ្ឋគ្រប់គ្នា តែបែរជាធ្វើច្បាប់ដាក់ពិន័យ និងទោសទណ្ឌរហូតដាក់ពន្ធនាគារ​ នៅក្នុងគ្រាអាសន្ននេះទៅវិញ៖ «នៅប្រទេសទាំងអស់នៅលើពិភព​លោក គឺគេធ្វើច្បាប់បញ្ចេញកញ្ចប់​លុយ ដើម្បីទៅជួយ​ប្រជាពលរដ្ឋ ជួយស្ដារជីវភាព។ អ៊‍ីចឹងបានជារដ្ឋាភិបាល​នៃប្រទេសនីមួយៗគិតគូចំណុចហ្នឹង​ខ្លាំងណាស់។ គេមិនមែនយកលេសរឿងកូវីដហ្នឹង​ទៅដាក់ទោស​ បំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ​ ធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ​ថែមទៀតទេ។ គេធ្វើម៉េចដើម្បីជួយស្ដារជីវភាព​របស់ប្រជាពលរដ្ឋឲ្យប្រជាពលរដ្ឋមានសេចក្ដីសង្ឃឹម ឲ្យប្រជាពលរដ្ឋ​មានជំនឿជឿជាក់ គេគិតគូផ្គត់ផ្គង់ច្បាស់លាស់»។

ការផ្គត់ផ្គង់ច្បាស់លាស់នេះលោក អេង ឆៃអ៊ាង សំដៅលើច្បាប់ថវិកា ដូចជានៅសហរដ្ឋអាមេរិក ដែលរហូតមកពេលនេះ រដ្ឋាភិបាលនេះបានបញ្ចេញកញ្ចប់ថវិកាចំនួនបីលើកទៅហើយ​ ដើម្បីចែកប្រាក់ពលរដ្ឋគ្រប់គ្នា ដែលរកចំណូលបានក្រោម ៧ម៉ឺន៥ពាន់​ដុល្លារក្នុងឆ្នាំ (ឬក្រោម ៦,២៥០ ដុល្លារក្នុងមួយខែ) មិនថាអ្នកនោះកំពុងមានការងារធ្វើ ឬបាត់បង់ការងារធ្វើនោះទេ។ លើកទីមួយ រដ្ឋចែកលុយម្នាក់ ១,២០០ដុល្លារ កាលពីខែមេសា ឆ្នាំ២០២០ លើកទីពីរម្នាក់ ៦០០ដុល្លារ​ចែកនៅខែធ្នូ និង​លើកទីបីនេះ ចែកម្នាក់​ ១,៤០០ ដុល្លារ​ កាលពី​ពាក់កណ្តាលខែមីនា នេះ។

នៅកម្ពុជាឯណោះ​វិញ​ រដ្ឋាភិបាលលោក ហ៊ុន សែន អះអាងថា បានចែកប្រាក់នេះដែរសម្រាប់តែគ្រួសារ​ក្រីក្រ ហើយត្រូវមានបណ្ណសមធម៌ទើបទទួលបានប្រាក់ជំនួយមួយគ្រួសារ ៣០ ដុល្លារ។

ក្រសួងសង្គមកិច្ច កាលពី​ថ្ងៃទី២៥ ខែមីនា ប្រកាសថា គិតត្រឹមចុងខែមីនានេះ រដ្ឋាភិបាលបានចំណាយថវិកាជាង ២៩០ លានដុល្លារ ផ្តល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ប៉ុន្តែ ជំនួយសង្គ្រោះនេះ មិនបានចែកប្រជាពលរដ្ឋរងគ្រោះគ្រប់គ្នាទេ។ ជាពិសេសកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពួកគាត់បានត្អូញត្អែរតាំងពីដំបូងសុំឲ្យរដ្ឋាភិបាល​ជួយ ប៉ុន្តែរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់រឿងនេះទេ។

Covid19_Treatment_Ward_031121.jpg
ជនរងគ្រោះខ្មែរទី១ ដែលស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ ថ្លែងកាល​ពី​ថ្ងៃទី២៥ ខែមីនាថា ក្នុងចំណោមសមាជិករបស់លោកជាង ១ម៉ឺននាក់ មានប្រមាណតែ​ ៥គ្រួសារ ប៉ុណ្ណោះ ដែលបានទទួលជំនួយពីរដ្ឋាភិបាល។ លោកស្នើឲ្យរដ្ឋាភិបាល គិតគូរផ្ដល់ជំនួយដល់ពួកគាត់ជាបន្ទាន់​ដែលជាអ្នកប្រកបរ​បរ​រត់ម៉ូតូឌុប រ៉ឺម៉កកង់បី លក់ដូរបន្តិចបន្តួច និងអ្នករើសអេតចាយ ក្នុងស្ថានភាពដ៏លំបាកនេះ។ លោកថា អ្នកក្រតោកយ៉ាកពិតប្រាកដពុំបានទទួលជំនួយ​តាម​រ​យៈអាជ្ញាធរមូលដ្ឋានទេ «ខ្ញុំសំណូមពរទៅរដ្ឋាភិបាលសូមឲ្យជួយជាក់ស្ដែងតែម្ដងមិនបាច់ជួយតាមរយៈមេភូមិមេអីទេ។ កុំជួយតាមខ្សែតាមអី ជាទូទៅ គេជួយ​ទាល់តែអ្នកមានប័ណ្ណក្រីក្រហើយទៅធ្វើប័ណ្ណក្រីក្រទាល់តែមានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ មានអី អ្នកក្រពិតប្រាកដនៅភ្នំពេញអ្នក​អេត​ចាយ​គាត់​អត់មានសៀវភៅគ្រួសារ អត់មានអត្តសញ្ញាណប័ណ្ណទេ។ ខ្ញុំចង់ឲ្យរដ្ឋជួយផ្ទាល់តែម្ដង ឃើញអ្នកក្រកន្លែងណាជួយកន្លែងហ្នុង។ យើងមើលតំបន់នៅតាម​ទីក្រុង​ភ្នំពេញ ក្រុងប៉ោយប៉ែត តំបន់ប្រជុំជនមួយចំនួន អ្នកក្រច្រើនណាស់ដែលកំពុងតែដង្ហោយហៅឲ្យរដ្ឋាភិបាលជួយតែម្ដង»

ក្រៅពី​កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅមានពលរដ្ឋរាប់សែននាក់ផ្សេងទៀត ដែលរងគ្រោះដោយសារ​វិបត្តិនេះដែរ ប៉ុន្តែមិនបានទទួលជំនួយពីរដ្ឋាភិបាលនោះទេ បើ​ទោះបីជា​លោក ហ៊ុន សែន ធ្លាប់សន្យាកាលពីដើមឆ្នាំមុន ថានឹង​បញ្ចេញកញ្ចប់ថវិកាប្រមាណ ២ពាន់លានដុល្លារ ដើម្បីជួយពលរដ្ឋខ្មែរ បើស្ថានភាពជំងឺកូវីដ-​១៩ ​អូសបន្ថាយពេលដល់ ១ឆ្នាំ។

ស្របពេលដែលមន្រ្តីបក្សប្រឆាំងបារម្ភពីកង្វះថវិកាជាតិ ដើម្បីជួយពលរដ្ឋរងគ្រោះដោយសារវិបត្តិនេះ អ្នក​ឃ្លាំមើលសង្គម ​បារម្ភពីការខ្វះបរិក្ខា​ពេទ្យ ដើម្បី​ជួយ​សង្គ្រោះ​អ្នកជំងឺកូវីដ-១៩។ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី មើលឃើញថា មន្រ្តីឬបុគ្គលិកសុខាភិបាលអាចមានចំនួនគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងស្ថានភាពនេះ។ ប៉ុន្តែគុណភាព និងការផ្តល់សេវា នៅមានកម្រិតនៅឡើយ ដែលរដ្ឋាភិបាលត្រូវពង្រឹងចំណុចនេះបន្ថែមទៀត «ចំណុចមួយដែលរដ្ឋាភិបាលត្រូវតែបន្ថែមដែរ គឺត្រូវត្រៀមខ្លួនសម្រាប់អ្នកជំងឺ ដែលកើនឡើងបន្តបន្ទាប់ឥតស្រាកស្រាន្តរបៀបនេះ ដូចជាសម្ភារៈឧបទេសរបស់ពេទ្យមួយចំនួន ដូចជាបំពង់អុកស៊ីហ្សែន ឧបករណ៍ដកដង្ហើមជាដើម។ បច្ចុប្បន្ននេះហាក់ដូចជាស្ទើតែខ្វះខាតក្នុងការប្រើប្រាស់ទៅហើយ។ ដូច្នេះថវិកា​ដែល​រដ្ឋាភិបាលប្រកាសក្នុងការត្រៀម ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដនេះ គួរតែវិនិយោគឱ្យបានបរិមាណច្រើនបំផុតដែរ ធ្វើទៅបានក្នុងការទិញសម្ភារៈសង្គ្រោះនេះ»

អាស៊ីសេរី មិនអាចសុំការបំភ្លឺជុំវិញរឿងនេះ ពីអ្នកនាំពាក្យក្រសួង​សុខាភិបាលអ្នកស្រី ឱ វណ្ណឌីន​ បានទេ ដោយសារ​តែអ្នកស្រី​មិនលើកទូរស័ព្ទ។

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ៧នាក់ ហើយគិតមកត្រឹមថ្ងៃទី២៥ ខែមីនា។ ចំណែក ៣នាក់ ផ្សេងទៀត មាន ២នាក់​ជាអ្នកជំងឺ​កូវីដ-១៩ និងស្លាប់​ពេលកំពុងសម្រាកព្យាបាលជំងឺនេះដែរ តែក្រសួងសុខាភិបាល ថាមិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩នេះទេ។ ​ម្នាក់ទៀត ស្លាប់ក្នុងពេលកំពុងធ្វើចត្តាឡីស័ក។​

21e89a60-7189-47a4-b29d-24b31f237b20.jpeg
យុវជន ​​​តោ ចន្នី ជាមនុស្សដំបូងគេ ដែលត្រូវបាននគរបាល​រាជធានី​ភ្នំពេញ ​និង​នគរបាល​ខេត្តកំពង់ឆ្នាំង​សហការ​ឃាត់ខ្លួនដោយ​ចោទ​ពីបទផ្សាយ​ព័ត៌មាន​មិន​ពិត​លើបណ្តាញសង្គម Tik Tok ពាក់ព័ន្ធការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ចិន ឈ្មោះ​ស៊ីណូហ្វាម។

ស្របពេលជាមួយគ្នានេះ អាជ្ញាធរចាប់ផ្តើមអនុវត្តច្បាប់ថ្មីលើយុវជនម្នាក់ រឿងបង្ហោះសាររិះគន់វ៉ាក់សាំងចិន។ យុវជន​ខ្មែរដំបូង និងជា​អ្នកបើកបររថយន្តដឹកទំនិញ ដែលអាជ្ញាធរចាប់ខ្លួនក្នុងពេលកំពុងបើកបរ​កាលពីថ្ងៃទី២៤ ខែមីនានោះ កាលពីថ្ងៃទី២៥ ខែមីនា ត្រូវតុលាការ​សម្រេច​ចោទប្រកាន់តាមច្បាប់ថ្មី ស្ដីពីវិធានការបង្ការជំងឺកូវីដ-១៩។

យុវជន តោ ចន្នី ត្រូវ​ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ «រារាំង​ដល់​ការអនុវត្ត​វិធានការ» បង្ការជំងឺកូវីដ-១៩ ដែលជាបទល្មើស មាន​ចែងក្នុងមាត្រា​ ១១ នៃច្បាប់ថ្មី ពីវិធានការបង្ការជំងឺកូវីដ-១៩ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ប្រញាប់អនុម័តដើម្បីពិន័យ និង​ដាក់ទោសទណ្ឌពលរដ្ឋ ដែលអាជ្ញាធរចោទប្រកាន់ថា រារាំងដល់ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

មុនចាប់ខ្លួនដោយសមត្ថកិច្ចយុវជន តោ ចន្នី ​បាន​បង្ហោះ​​វីដេអូ​ឃ្លីបមួយនៅ​លើ​បណ្ដាញ​សង្គម​ទិកតុក​ (TikTok) ​របស់​ខ្លួន ដោយលោកបញ្ចេញទស្សនៈផ្ទាល់ខ្លួន​ អំពីការយល់ឃើញ​និង​ព្រួយបារម្ភចំពោះវ៉ាក់សាំងចិន ដែលអង្គការសុខភាពពិភពលោក (WHO) មិនទាន់ទទួលស្គាល់នោះ​។ ដោយសារ​តែគ្មានការទទួលស្គាល់​ពីស្ថាប័នអន្តរជាតិបែបនេះ ទើប​លោកខ្លាចអ្នកចាក់វ៉ាក់សាំងនេះ មានគ្រោះថ្នាក់ដល់សុខភាពទៅថ្ងៃក្រោយ ទើបលោកអំពាវនាវដល់កម្មករកុំចាក់វ៉ាក់សាំងចិននេះ។

តុលាការចោទប្រកាន់ថា លោក តោ ចន្នី ពីបទ «រារាំង​ដល់​ការអនុវត្ត​វិធានការ» បង្ការជំងឺកូវីដ-១៩ ដែលអាចត្រូវពិន័យជាប្រាក់ពីរ ២លានរៀល (ឬ៥០០ ដុល្លារ) ដល់ ១០ លានរៀល (ឬ២,៥០០ ដុល្លារ)។ ទោសធ្ងន់ជានេះទៅទៀតនោះ គឺយុវជននេះ អាចជាប់ពន្ធនាគារ​ពី ៦ខែ ដល់ ៣ឆ្នាំ បើតុលាការ​រកឃើញថាមានទោស។

គិតមកត្រឹមថ្ងៃទី២៥ ខែមីនា អ្នកឆ្លងជំងឺកូវីដ-១៩ តាំងពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានកើនឡើងដល់ ១,៣៤៨ នាក់ បូកថែមទាំងករណីចម្លងថ្មី ៥៥ នាក់។ សរុបករណីជំងឺនេះ នៅទូទាំងប្រទេសកើនឡើងជិត ១៩០០ នាក់ (១៨៧២)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល