មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទ្ទេសខ្លួននៅសហរដ្ឋអាមេរិក រិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលលោកថា មានការឆកល្វែងក្នុងការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋទូទៅ ដែលរងគ្រោះនៅទូទាំងប្រទេស ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩នេះ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិថ្លែងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២៥ ខែមីនា ថា លោកហួសចិត្តដែលរដ្ឋាភិបាលកម្ពុជាមិនធ្វើច្បាប់ថវិកាដើម្បីជួយពលរដ្ឋគ្រប់គ្នា តែបែរជាធ្វើច្បាប់ដាក់ពិន័យ និងទោសទណ្ឌរហូតដាក់ពន្ធនាគារ នៅក្នុងគ្រាអាសន្ននេះទៅវិញ៖ «នៅប្រទេសទាំងអស់នៅលើពិភពលោក គឺគេធ្វើច្បាប់បញ្ចេញកញ្ចប់លុយ ដើម្បីទៅជួយប្រជាពលរដ្ឋ ជួយស្ដារជីវភាព។ អ៊ីចឹងបានជារដ្ឋាភិបាលនៃប្រទេសនីមួយៗគិតគូចំណុចហ្នឹងខ្លាំងណាស់។ គេមិនមែនយកលេសរឿងកូវីដហ្នឹងទៅដាក់ទោស បំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ ធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋថែមទៀតទេ។ គេធ្វើម៉េចដើម្បីជួយស្ដារជីវភាពរបស់ប្រជាពលរដ្ឋឲ្យប្រជាពលរដ្ឋមានសេចក្ដីសង្ឃឹម ឲ្យប្រជាពលរដ្ឋមានជំនឿជឿជាក់ គេគិតគូផ្គត់ផ្គង់ច្បាស់លាស់»។
ការផ្គត់ផ្គង់ច្បាស់លាស់នេះលោក អេង ឆៃអ៊ាង សំដៅលើច្បាប់ថវិកា ដូចជានៅសហរដ្ឋអាមេរិក ដែលរហូតមកពេលនេះ រដ្ឋាភិបាលនេះបានបញ្ចេញកញ្ចប់ថវិកាចំនួនបីលើកទៅហើយ ដើម្បីចែកប្រាក់ពលរដ្ឋគ្រប់គ្នា ដែលរកចំណូលបានក្រោម ៧ម៉ឺន៥ពាន់ដុល្លារក្នុងឆ្នាំ (ឬក្រោម ៦,២៥០ ដុល្លារក្នុងមួយខែ) មិនថាអ្នកនោះកំពុងមានការងារធ្វើ ឬបាត់បង់ការងារធ្វើនោះទេ។ លើកទីមួយ រដ្ឋចែកលុយម្នាក់ ១,២០០ដុល្លារ កាលពីខែមេសា ឆ្នាំ២០២០ លើកទីពីរម្នាក់ ៦០០ដុល្លារចែកនៅខែធ្នូ និងលើកទីបីនេះ ចែកម្នាក់ ១,៤០០ ដុល្លារ កាលពីពាក់កណ្តាលខែមីនា នេះ។
នៅកម្ពុជាឯណោះវិញ រដ្ឋាភិបាលលោក ហ៊ុន សែន អះអាងថា បានចែកប្រាក់នេះដែរសម្រាប់តែគ្រួសារក្រីក្រ ហើយត្រូវមានបណ្ណសមធម៌ទើបទទួលបានប្រាក់ជំនួយមួយគ្រួសារ ៣០ ដុល្លារ។
ក្រសួងសង្គមកិច្ច កាលពីថ្ងៃទី២៥ ខែមីនា ប្រកាសថា គិតត្រឹមចុងខែមីនានេះ រដ្ឋាភិបាលបានចំណាយថវិកាជាង ២៩០ លានដុល្លារ ផ្តល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ប៉ុន្តែ ជំនួយសង្គ្រោះនេះ មិនបានចែកប្រជាពលរដ្ឋរងគ្រោះគ្រប់គ្នាទេ។ ជាពិសេសកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពួកគាត់បានត្អូញត្អែរតាំងពីដំបូងសុំឲ្យរដ្ឋាភិបាលជួយ ប៉ុន្តែរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់រឿងនេះទេ។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ ថ្លែងកាលពីថ្ងៃទី២៥ ខែមីនាថា ក្នុងចំណោមសមាជិករបស់លោកជាង ១ម៉ឺននាក់ មានប្រមាណតែ ៥គ្រួសារ ប៉ុណ្ណោះ ដែលបានទទួលជំនួយពីរដ្ឋាភិបាល។ លោកស្នើឲ្យរដ្ឋាភិបាល គិតគូរផ្ដល់ជំនួយដល់ពួកគាត់ជាបន្ទាន់ដែលជាអ្នកប្រកបរបររត់ម៉ូតូឌុប រ៉ឺម៉កកង់បី លក់ដូរបន្តិចបន្តួច និងអ្នករើសអេតចាយ ក្នុងស្ថានភាពដ៏លំបាកនេះ។ លោកថា អ្នកក្រតោកយ៉ាកពិតប្រាកដពុំបានទទួលជំនួយតាមរយៈអាជ្ញាធរមូលដ្ឋានទេ « ខ្ញុំសំណូមពរទៅរដ្ឋាភិបាលសូមឲ្យជួយជាក់ស្ដែងតែម្ដងមិនបាច់ជួយតាមរយៈមេភូមិមេអីទេ។ កុំជួយតាមខ្សែតាមអី ជាទូទៅ គេជួយទាល់តែអ្នកមានប័ណ្ណក្រីក្រហើយទៅធ្វើប័ណ្ណក្រីក្រទាល់តែមានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ មានអី អ្នកក្រពិតប្រាកដនៅភ្នំពេញអ្នកអេតចាយគាត់អត់មានសៀវភៅគ្រួសារ អត់មានអត្តសញ្ញាណប័ណ្ណទេ។ ខ្ញុំចង់ឲ្យរដ្ឋជួយផ្ទាល់តែម្ដង ឃើញអ្នកក្រកន្លែងណាជួយកន្លែងហ្នុង។ យើងមើលតំបន់នៅតាមទីក្រុងភ្នំពេញ ក្រុងប៉ោយប៉ែត តំបន់ប្រជុំជនមួយចំនួន អ្នកក្រច្រើនណាស់ដែលកំពុងតែដង្ហោយហៅឲ្យរដ្ឋាភិបាលជួយតែម្ដង »។
ក្រៅពីកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅមានពលរដ្ឋរាប់សែននាក់ផ្សេងទៀត ដែលរងគ្រោះដោយសារវិបត្តិនេះដែរ ប៉ុន្តែមិនបានទទួលជំនួយពីរដ្ឋាភិបាលនោះទេ បើទោះបីជាលោក ហ៊ុន សែន ធ្លាប់សន្យាកាលពីដើមឆ្នាំមុន ថានឹងបញ្ចេញកញ្ចប់ថវិកាប្រមាណ ២ពាន់លានដុល្លារ ដើម្បីជួយពលរដ្ឋខ្មែរ បើស្ថានភាពជំងឺកូវីដ-១៩ អូសបន្ថាយពេលដល់ ១ឆ្នាំ។
ស្របពេលដែលមន្រ្តីបក្សប្រឆាំងបារម្ភពីកង្វះថវិកាជាតិ ដើម្បីជួយពលរដ្ឋរងគ្រោះដោយសារវិបត្តិនេះ អ្នកឃ្លាំមើលសង្គម បារម្ភពីការខ្វះបរិក្ខាពេទ្យ ដើម្បីជួយសង្គ្រោះអ្នកជំងឺកូវីដ-១៩។ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី មើលឃើញថា មន្រ្តីឬបុគ្គលិកសុខាភិបាលអាចមានចំនួនគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងស្ថានភាពនេះ។ ប៉ុន្តែគុណភាព និងការផ្តល់សេវា នៅមានកម្រិតនៅឡើយ ដែលរដ្ឋាភិបាលត្រូវពង្រឹងចំណុចនេះបន្ថែមទៀត « ចំណុចមួយដែលរដ្ឋាភិបាលត្រូវតែបន្ថែមដែរ គឺត្រូវត្រៀមខ្លួនសម្រាប់អ្នកជំងឺ ដែលកើនឡើងបន្តបន្ទាប់ឥតស្រាកស្រាន្តរបៀបនេះ ដូចជាសម្ភារៈឧបទេសរបស់ពេទ្យមួយចំនួន ដូចជាបំពង់អុកស៊ីហ្សែន ឧបករណ៍ដកដង្ហើមជាដើម។ បច្ចុប្បន្ននេះហាក់ដូចជាស្ទើតែខ្វះខាតក្នុងការប្រើប្រាស់ទៅហើយ។ ដូច្នេះថវិកាដែលរដ្ឋាភិបាលប្រកាសក្នុងការត្រៀម ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដនេះ គួរតែវិនិយោគឱ្យបានបរិមាណច្រើនបំផុតដែរ ធ្វើទៅបានក្នុងការទិញសម្ភារៈសង្គ្រោះនេះ » ។
អាស៊ីសេរី មិនអាចសុំការបំភ្លឺជុំវិញរឿងនេះ ពីអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន បានទេ ដោយសារតែអ្នកស្រីមិនលើកទូរស័ព្ទ។
ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ៧នាក់ ហើយគិតមកត្រឹមថ្ងៃទី២៥ ខែមីនា។ ចំណែក ៣នាក់ ផ្សេងទៀត មាន ២នាក់ជាអ្នកជំងឺកូវីដ-១៩ និងស្លាប់ពេលកំពុងសម្រាកព្យាបាលជំងឺនេះដែរ តែក្រសួងសុខាភិបាល ថាមិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩នេះទេ។ ម្នាក់ទៀត ស្លាប់ក្នុងពេលកំពុងធ្វើចត្តាឡីស័ក។

ស្របពេលជាមួយគ្នានេះ អាជ្ញាធរចាប់ផ្តើមអនុវត្តច្បាប់ថ្មីលើយុវជនម្នាក់ រឿងបង្ហោះសាររិះគន់វ៉ាក់សាំងចិន។ យុវជនខ្មែរដំបូង និងជាអ្នកបើកបររថយន្តដឹកទំនិញ ដែលអាជ្ញាធរចាប់ខ្លួនក្នុងពេលកំពុងបើកបរកាលពីថ្ងៃទី២៤ ខែមីនានោះ កាលពីថ្ងៃទី២៥ ខែមីនា ត្រូវតុលាការសម្រេចចោទប្រកាន់តាមច្បាប់ថ្មី ស្ដីពីវិធានការបង្ការជំងឺកូវីដ-១៩។
យុវជន តោ ចន្នី ត្រូវព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ «រារាំងដល់ការអនុវត្តវិធានការ» បង្ការជំងឺកូវីដ-១៩ ដែលជាបទល្មើស មានចែងក្នុងមាត្រា ១១ នៃច្បាប់ថ្មី ពីវិធានការបង្ការជំងឺកូវីដ-១៩ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ប្រញាប់អនុម័តដើម្បីពិន័យ និងដាក់ទោសទណ្ឌពលរដ្ឋ ដែលអាជ្ញាធរចោទប្រកាន់ថា រារាំងដល់ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
មុនចាប់ខ្លួនដោយសមត្ថកិច្ចយុវជន តោ ចន្នី បានបង្ហោះវីដេអូឃ្លីបមួយនៅលើបណ្ដាញសង្គមទិកតុក (TikTok) របស់ខ្លួន ដោយលោកបញ្ចេញទស្សនៈផ្ទាល់ខ្លួន អំពីការយល់ឃើញនិងព្រួយបារម្ភចំពោះវ៉ាក់សាំងចិន ដែលអង្គការសុខភាពពិភពលោក (WHO) មិនទាន់ទទួលស្គាល់នោះ។ ដោយសារតែគ្មានការទទួលស្គាល់ពីស្ថាប័នអន្តរជាតិបែបនេះ ទើបលោកខ្លាចអ្នកចាក់វ៉ាក់សាំងនេះ មានគ្រោះថ្នាក់ដល់សុខភាពទៅថ្ងៃក្រោយ ទើបលោកអំពាវនាវដល់កម្មករកុំចាក់វ៉ាក់សាំងចិននេះ។
តុលាការចោទប្រកាន់ថា លោក តោ ចន្នី ពីបទ «រារាំងដល់ការអនុវត្តវិធានការ» បង្ការជំងឺកូវីដ-១៩ ដែលអាចត្រូវពិន័យជាប្រាក់ពីរ ២លានរៀល (ឬ៥០០ ដុល្លារ) ដល់ ១០ លានរៀល (ឬ២,៥០០ ដុល្លារ)។ ទោសធ្ងន់ជានេះទៅទៀតនោះ គឺយុវជននេះ អាចជាប់ពន្ធនាគារពី ៦ខែ ដល់ ៣ឆ្នាំ បើតុលាការរកឃើញថាមានទោស។
គិតមកត្រឹមថ្ងៃទី២៥ ខែមីនា អ្នកឆ្លងជំងឺកូវីដ-១៩ តាំងពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានកើនឡើងដល់ ១,៣៤៨ នាក់ បូកថែមទាំងករណីចម្លងថ្មី ៥៥ នាក់។ សរុបករណីជំងឺនេះ នៅទូទាំងប្រទេសកើនឡើងជិត ១៩០០ នាក់ (១៨៧២)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។