ប្រធានមន្ទីរពេទ្យបង្អែកពញាឮ ខេត្តកណ្ដាល បដិសេធការចោទប្រកាន់របស់ពលរដ្ឋ ហើយលោកថា លោកជាគ្រូពេទ្យដែលគោរពវិជ្ជាជីវៈត្រឹមត្រូវ ឆ្លងការសិក្សាច្បាស់លាស់ និងមិនអាចប្រព្រឹត្តអំពើដូចការចោទនោះឡើយ។ ការបដិសេធនេះ បន្ទាប់ពីប្រជាពលរដ្ឋរងគ្រោះដោយសារជំងឺអេដស៍នៅភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ចោទប្រកាន់ប្រធានមន្ទីរពេទ្យបង្អែករូបនេះថា ជាអ្នកបង្កឲ្យពួកគាត់ឆ្លងមេរោគអេដស៍។
ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំងឺអេដស៍ប្រមាណ ១៤គ្រួសារ អះអាងថា ភាគច្រើននៃពួកគាត់នៅពេលមានជំងឺ គឺនាំគ្នាទៅព្យាបាលជំងឺនៅគ្លីនិកឯកជនតាមផ្ទះរបស់លោកវេជ្ជបណ្ឌិត សុខ ធន ប្រធានមន្ទីរពេទ្យបង្អែកពញាឮ។
បុរសរងគ្រោះដោយសារឆ្លងមេរោគអេដស៍ម្នាក់ និយាយថា កាលពីឆ្នាំ២០១២ លោក និងភរិយាធ្លាប់ធ្វើតេស្ដរកមេរោគអេដស៍ម្តងដែរ។ ជាលទ្ធផលបង្ហាញថា មិនមានផ្ទុកមេរោគអេដស៍នោះឡើយ ប៉ុន្តែនៅពេលគាត់ធ្វើតេស្ដម្តងទៀតនៅដើមខែកុម្ភៈ ឆ្នាំ២០១៦ បង្ហាញថា គាត់មានមេរោគអេដស៍។ បុរសម្នាក់នេះ ត្រូវបានអ្នកស្រុកស្ទើរគ្រប់គ្នាបញ្ជាក់ថា ជាមនុស្សស្លូតត្រង់ និងមិនដែលប្រព្រឹត្តអំពើផិតក្បត់ប្រពន្ធដោយលួចទៅរួមរ័កជាមួយស្ត្រីផ្សេងនោះទេ។
បុរសម្នាក់នេះដាក់ការសង្ស័យថា លោកឆ្លងមេរោគអេដស៍តាមរយៈការចាក់ថ្នាំនៅគ្លីនិករបស់លោកវេជ្ជបណ្ឌិត សុខ ធន ហើយពលរដ្ឋដទៃផ្សេងទៀតក៏សង្ស័យដូចគ្នា៖ «ខ្ញុំទ្រហោយំ! តើខ្ញុំមានមេរោគហ្នឹងដោយរបៀបណា? ខ្ញុំសួរគ្រូពេទ្យ បើខ្ញុំអត់បានរួមភេទអីផង តើឆ្លងតាមអី? ខ្ញុំឆ្លងហ្នឹង អាចដោយសារតាមការចាក់ថ្នាំ ព្រោះខ្ញុំឧស្សាហ៍ចាក់ថ្នាំ អ៊ីចឹងខ្ញុំសន្និដ្ឋានថា ប្រហែលអាចមកពីចាក់ថ្នាំ»។
ប្រជាពលរដ្ឋរស់នៅនៅក្នុងភូមិចំនួនបួនដែលធ្លាប់ទៅព្យាបាលនៅគ្លីនិកឯកជននោះ ត្រូវគេសង្ស័យថាមានផ្ទុកមេរោគអេដស៍ដូចគ្នា។
ប្រធានមន្ទីរពេទ្យបង្អែកពញាឮ លោកវេជ្ជបណ្ឌិត សុខ ធន បដិសេធចំពោះការចោទប្រកាន់របស់ពលរដ្ឋ។ លោកថា លោកជាគ្រូពេទ្យបណ្តុះបណ្តាលគ្រូពេទ្យដទៃផ្នែកជំងឺទូទៅ និងផ្នែកជំងឺអេដស៍។ លោកយល់ដឹងច្បាស់ពីជំងឺអេដស៍ ហើយក៏មិនអាចចម្លងឲ្យគេដូចការចោទប្រកាន់នោះទេ៖ «ខ្ញុំបានបណ្ដុះបណ្ដាលទៅដល់បុគ្គលិករបស់ខ្ញុំ ដូច្នេះក្នុងនាមខ្ញុំជាគ្រូបណ្ដុះបណ្ដាល ខ្ញុំតែងតែរៀបចំត្រឹមត្រូវណាស់ ទាំងនៅក្នុងផ្ទះ និងនៅមន្ទីរពេទ្យ ខ្ញុំមានការទុកដាក់ត្រឹមត្រូវ មិនអាចមានជំងឺអ៊ីចឹងៗកើតឡើងទេ»។
ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោក លី ពេញស៊ុន អះអាងដោយផ្អែកតាមរយៈការធ្វើតេស្ដឈាមប្រជាពលរដ្ឋរកមេរោគអេដស៍នៅភូមិពាម ព្រឹកថ្ងៃទី២២ កុម្ភៈ ថា រហូតមកទល់ពេលនេះ គឺមានប្រជាពលរដ្ឋ ១៤នាក់ប៉ុណ្ណោះដែលមានផ្ទុកមេរោគអេដស៍៖ «យើងអត់ដឹងទេមូលហេតុដំបូង តែគាត់អ្នកដឹងមុន គាត់សង្ស័យ គាត់ចេះតែឈឺ ប្រហែលជាគាត់ដឹងលទ្ធផលខ្លួនគាត់មុន»។
ក្រសួងសុខាភិបាល កំពុងធ្វើតេស្ដឈាមពលរដ្ឋក្នុងភូមិពាម និងពលរដ្ឋនៅភូមិជិតនោះទៀត ដើម្បីស្វែងរកពីចំនួននៃអ្នកផ្ទុកមេរោគអេដស៍ និងមូលហេតុដែលបណ្ដាលឲ្យកើតជំងឺអេដស៍ជាក់លាក់។
មេឃុំសំបួរមាស អ្នកស្រី ណែម យ៉ង់ ឲ្យដឹងថា អាជ្ញាធរខេត្តកណ្តាល និងអាជ្ញាធរសង្កាត់ព្រែកព្នៅ កំពុងសហការគ្នាដើម្បីស៊ើបអង្កេតជុំវិញការផ្ទុះនូវជំងឺអេដស៍នេះ៖ «ខ្ញុំ ឆ្ងល់ដែរ កើតលើមនុស្សចាស់ហើយអត់ប្ដីទៀត។ មកពីស៊ីរាំង ឬមកពីស្អី? ខ្ញុំមិនអាចសន្និដ្ឋានថា ពេទ្យណាៗទេ ពីព្រោះគាត់មិនមែនចាក់មួយកន្លែង។ អ៊ីចឹងយើងតាមដាន ពិនិត្យទៅមុខទៀត តើធ្លាក់លើពេទ្យណា?»។
ពលរដ្ឋរងគ្រោះដោយសារជំងឺអេដស៍ទាំងនោះ ទទូចស្នើសុំឲ្យរដ្ឋាភិបាល បើកការស៊ើបអង្កេត និងស្រាវជ្រាវជុំវិញការផ្ទុះមេរោគអេដស៍នៅក្នុងភូមិពាម ឲ្យបានច្បាស់លាស់ជាងនេះ ដើម្បីស្វែងរកយុត្តិធម៌ជូនពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។