ឪពុកម្ដាយ​ដែល​មាន​កូន​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា​សុំ​ឱ្យ​បញ្ឈប់​ការ​រើសអើង

ឪពុកម្ដាយ​មានកូន​ឆ្លង​ជំងឺអេដស៍​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង សំណូមពរ​សុំ​ឱ្យ​បញ្ឈប់​ការរើសអើង​នៅក្នុង​សាលារៀន​។ យ៉ាងហោចណាស់​ក៏​មាន​កុមារ​ចំនួន​ ៦៨​នាក់ ក្នុងចំណោម​អ្នក​ឆ្លង​ឆ្លង​ជំងឺអេដស៍​សរុប ៣២៥​នាក់ កាល​ពី​ឆ្នាំ​២០១៤ ដែល​ភាគច្រើន ឆ្លង​ពី​ម្តាយ និង​ដោយសារ​ការ​ចាក់​ថ្នាំ​ព្យាបាល​ជំងឺគ្រុន​ឈាម ជាដើម។

តើ​កុមារ​ទាំងនោះ​ជួប​បញ្ហា​លំបាក​អ្វីខ្លះ ក្រោយ​ការ​ឆ្លង​អេដស៍​?

«កាល​នៅ​រៀន អត់​មាន​នរណា​លេង​ជាមួយ​ផង សូម្បី​អង្គុយ​តុ​ជាមួយ​គេ ក៏​គេ​មិន​ឱ្យ​អង្គុយ​ផង សុំ​លេង​ជាមួយ​គេ​ដេញ ហើយ​គេ​ថា​ខ្ញុំ​កើត​អេដស៍​អ៊ីចឹង គេ​ខ្លាច​ឆ្លង​ ..»

​នេះ​ជា​ការ​រៀបរាប់​របស់​យុវតី​ម្នាក់ អាយុ​ ១៦ឆ្នាំ បាន​ឈប់​រៀន​កាលពី​អាយុ ​៩​ឆ្នាំ ក្រោយ​ពី​សិស្ស​ក្នុង​ថ្នាក់រៀន​រើសអើង បន្ទាប់ពី​ដឹង​ថា នាង​ឆ្លង​ជំងឺ​អេដស៍​។ យុវតី​រូប​នេះ ឆ្លង​មេរោគ​អេដស៍ ដោយសារ​កើត​ជំងឺ​គ្រុនឈាម ហើយ​ចាក់​ថ្នាំ​ព្យាបាល​ពី​គ្រូពេទ្យ​នៅ​ក្នុង​ឃុំ​។ សមាជិកគ្រួសារ​នាង​ចំនួន ៤​នាក់ ក្នុង​នោះ​មាន​ម្តាយ​អាយុ ៣៨​ឆ្នាំ និង​បងស្រី ២​នាក់ បាន​ឈប់រៀន​ដោយសារ​ឆ្លង​ជំងឺអេដស៍​និង​ត្រូវ​បាន​រើសអើង​៖ «​កាល​ហ្នឹង​ចាក់​ថ្នាំ ខ្ញុំ​ឈឺ​គ្រុនឈាម ដល់ពេល​ទៅ​ជួស​ឈាម​ឃើញ​មាន​មេរោគ​ហ្នឹង​។ ខ្ញុំ​បងប្អូន ​៣​នាក់ ខ្ញុំ​កូនពៅ ៤​នាក់ ម៉ាក់​ខ្ញុំ​កើត​ដែរ អត់​តែ​ប៉ា​ខ្ញុំ​ទេ​។ កាល​ផ្ទុះ​ដំបូង​កើត ៥​នាក់ តែ​ស្លាប់​ម្នាក់​ហើយ តាំង​ពី​ភ្លាមៗ អាយុ​ ៧​ខែ។ ប៉ា​ខ្ញុំ​អត់​អី​ទេ តែ​បងៗ ​ខ្ញុំ​កើត​ដែរ ម៉ាក់​ខ្ញុំ​ក៏​កើត​ដែរ អត់​តែ​ប៉ា​ខ្ញុំ​មួយ​ទេ​»។

ឪពុក​របស់​យុវតី​រូប​នេះ ដែល​ជា​កសិករ​នៅក្នុង​ឃុំ​រកា ប្រាប់​ថា ដោយសារតែ​ការរើសអើង​នេះ​ហើយ ទើប​កូនៗ ​របស់​លោក​ទាំង​បី​នាក់​ត្រូវ​ឈប់​រៀន​ទាំងអស់គ្នា​។ លោក​សោកស្តាយ​ជា​ខ្លាំង​ ដែល​ប្រពន្ធ​ និង​កូន​ទាំង​បី កើត​ជំងឺអេដស៍​ទាំងអស់គ្នា ហើយ​បារម្ភ​ជា​ខ្លាំង​ពី​អនាគត​របស់​ពួកគេ ​ដែល​មិនបាន​រៀនសូត្រ​៖ «បាទ ! ​ស្តាយ​ណាស់​ដែរ ​កូន ជំរុញ​ឱ្យ​វា​ទៅ​​រៀន វា​មិន​ទៅ​ វាថា​ខ្មាស​គេ គេ​រើសអើង​អ៊ីចឹង ស្តាយ​អនាគត​កូន​ដែរ កូន​ទាំងពីរ​ទាំង​បី​។ ទី​១ អាយុ ២២ ទី​ពីរ អាយុ ​២០​ឆ្នាំ ហើយ​ទី​៣ អាយុ​ ១៦​ឆ្នាំ​។ យើង​តាម​ដំណើរ​របស់​យើង​ទៅ មិនដឹង​ជា​គិត​យ៉ាងម៉េច គិត​តាម​កម្ម​ពារ ប្រសិនបើ​កូន​ទៅ​អ៊ីចឹង​អស់ហើយ រក​និយាយ​អ្វី​ក៏​អត់​ចេញ​ទេ។ អត់​មាន​ការងារ​ធ្វើ​អ្វី​ទេ អត់​មាន​ទេ ធ្វើស្រែ​តិចតួច​គ្រាន់​បាន​រួច​ព្រឹក​រួច​ល្ងាច​»។

កាល​ពី​ចុង​ឆ្នាំ​២០១៤ មាន​ករណី​ផ្ទុះ​ការឆ្លង​មេរោគ​អេដស៍​ដ៏​ច្រើន​នៅក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង មាន​សរុប​ចំនួន ៣២៥​នាក់ ក្នុង​នោះ​មាន​កុមារ​ចំនួន ៦៨​នាក់ ដែល​បាន​ឆ្លង​ជំងឺអេដស៍ តាមរយៈ​ការ​ចាក់​ថ្នាំ​ព្យាបាល​ជំងឺ ពី​គ្រូពេទ្យ​នៅក្នុង​ឃុំ ឈ្មោះ យ៉ែម ជ្រិន ក្នុង​អំឡុង​ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​២០១៤។ សាលាដំបូង​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​៣ ធ្នូ ឆ្នាំ​២០១៥ ក៏បាន​ផ្ដន្ទាទោស​គ្រូពេទ្យ​រូប​នោះ ឱ្យ​ជាប់​ពន្ធនាគារ ២៥​ឆ្នាំ ក្រោម​បទ​ចោទ​ចំនួន ៣​ករណី គឺ​បទ​បើក​កន្លែង​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការអនុញ្ញាត បទ​អំពើ​ឃោរឃៅ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម និង​បទ​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នកដទៃ​ដោយ​ចេតនា។

ស្ត្រី​កើត​ជំងឺអេដស៍​នៅ​ឃុំ​រកា​ម្នាក់ទៀត ដែល​អាស៊ីសេរី​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​ថា លោកស្រី​ឆ្លង​ជំងឺ​អេដស៍ ដោយសារ​ចាក់​ថ្នាំ​កាលពី​ចុងឆ្នាំ​២០១៣ ជាមួយ​អតីត​គ្រូពេទ្យ យ៉ែម ជ្រិន។ លោកស្រី​ថា ក្នុង​សមាជិក​គ្រួសារ ៤​នាក់ គឺ​មាន​លោកស្រី​ និង​កូនស្រី​ម្នាក់​អាយុ ​៧​ឆ្នាំ ដែល​មាន​ផ្ទុកមេរោគ​អេដស៍​។ លោកស្រី​ថា កូនស្រី​ទៅ​រៀនសូត្រ​ធម្មតា​ដោយសារ​គ្មាន​នរណា​ដឹង​ទេ ក៏ប៉ុន្តែ​ការរៀនសូត្រ​នោះ មិនសូវ​ទៀងទាត់​ទេ​ព្រោះ​ឧស្សាហ៍​ឈឺ​៖ «ខ្ញុំ​កើត​អេដស៍​ដោយសារ​ចាក់​ថ្នាំ ហើយ​កូនស្រី​ខ្ញុំ​អាយុ ឥឡូវ​៧​ឆ្នាំ កើត​កាលពី​ឆ្នាំ​២០១៤​។ រៀន​បាន​ប៉ុន្មាន​ថ្ងៃ ក៏​ឈប់​រៀន​មួយ​រយៈ​សិន ព្រោះ​កើត​រើម ឈឺ​នៅផ្ទះ ហើយ​អត់​មាន​នរណា​ដឹង​ទេ​ថា មាន​ផ្ទុកមេរោគ​អេដស៍​។ ជីវភាព​រស់នៅ​ពិបាក​ណាស់ ខ្វះ​មុខ​ខ្វះក្រោយ កូន​ឈឺ​ផង រកស៊ី​មិន​សូវ​បាន ឥឡូវ​មាន​កូរ៉ូណា​ទៀត យ៉ាប់​ណាស់​»។

អាស៊ីសេរី​មិន​ទាន់​មាន​ស្ថិតិ​ច្បាស់លាស់​ពី​ចំនួន​កុមារ​ដែល​នៅ​បន្ត​ការសិក្សា ឬ​ឈប់​រៀន​នោះ​ទេ ក្នុង​ចំណោម​កុមារ​ឆ្លង និង​កើត​អេដស៍ ចំនួន ​៦៨​នាក់ កាលពី​ឆ្នាំ​២០១៤​។ ក៏ប៉ុន្តែ​ប្រធាន​អង្គការ​ពុទ្ធសាសនា ដើម្បី​អភិវឌ្ឍន៍ លោក ប៉ុក សុជាតិ ដែល​ក្រុម​ការងារ​របស់​លោក បាន​ចុះ​ធ្វើការ​ផ្ទាល់​ជាមួយ​ក្រុម​គ្រួសារ​អ្នក​កើត​អេដស៍​ទាំងនោះ ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា មាន​កុមារ​តិចតួច​ណាស់ ដែល​អាច​បន្ត​ការសិក្សា​បាន។

ទោះបីជា​យ៉ាងណា អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង លោក ស៊ូ សានិត មាន​ប្រសាសន៍​ថា មន្ទីរ​សុខាភិបាល​ខេត្ត រួម​ទាំង មន្ទីរពេទ្យ​បង្អែក​រកា តែងតែ​សហការ​ជាមួយ​ថ្នាក់​ដឹកនាំ​សាលារៀន​ក្នុង​ឃុំ​រកា​នេះ ចុះ​អប់រំ​ពី​វិធី​ថែទាំ​សុខភាព ជាពិសេស គឺ​ជំរុញ​ឱ្យ​គ្រូបង្រៀន​ក្នុង​ថ្នាក់ ណែនាំ​ប្រាប់​សិស្ស​ឱ្យ​បញ្ឈប់​ការរើសអើង​ដល់​សិស្ស​ដទៃទៀត​ដែល​កើត​អេដស៍​៖ «យើង​គាំទ្រ​ដល់​គាត់​ដែល​ផ្ទុកមេរោគ និង​នៅ​បន្ត​ការសិក្សា ប៉ុន្តែ​យើង​ធ្វើ​បាន​ភាគច្រើន​តែ​ជាមួយ​គ្រូ និង​សិស្ស​។ ដោយឡែក​រវាង​សិស្ស​ជាមួយ​សិស្ស​គ្នាឯង យើង​មានការ​លំបាក​មែនទែន ដោយសារ​ក្មេង​យើង​ដឹង​ហើយ វា​ពិបាក​ណាស់ ជួនកាល​យើង​ប្រាប់​ឱ្យ​ទៅ​ឆ្វេង​វា​ទៅ​ស្តាំ​។ ប៉ុន្តែ​ការ​គាំទ្រ​របស់​ស្ថាប័ន​គឺ​នៅតែ​មាន​អ៊ីចឹង សំរាប់​ក្មេង​ផ្ទុកមេរោគ​អេដស៍ និង​នៅតែ​បន្ត​ការ​សិក្សា​។ យើង​ណែនាំ​ថា ប្រសិន​បើ​គាត់​ជាប់​បាក់​ឌុប គឺ​យើង​ឱ្យ​ខាង​ក្រសួង​អប់រំ ជួយ​គាំទ្រ​រហូតដល់​មាន​អាហារូបករណ៍​កន្លែង​ណា ឱ្យ​គាត់​បន្ត​រៀន​បាន ឱ្យ​ទៅ​រៀន​កន្លែង​ហ្នឹង​»។

រហូត​មក​ដល់​ថ្ងៃ​ទី២០ ខែ​មីនា ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​នៅ​ឃុំ​រកា បាន​កើន​ឡើង​ដល់ ៤៦​នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប​ចំនួន ៣២៥​នាក់​។ ស្ថិតិ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺអេដស៍​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៩ អ្នក​កើត​ជំងឺអេដស៍ ទូទាំង​ប្រទេស​សរុប​ជាង ៧៣.០០០នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់ ១.៣០០។ ចំណែក​អ្នក​ទទួល​បាន​ថ្នាំ​ព្យាបាល​វិញ គឺ​មាន​សរុប ៦១.១៩៣​នាក់។

ពលរដ្ឋ​កើត​ជំងឺអេដស៍​ជា​ច្រើន ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប ៣២៥​នាក់ ក្នុង​ឃុំ​រកា ត្អូញត្អែរ​ថា ជីវិត​ពួកគេ​គឺ​រស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​លំបាក​ជា​ទីបំផុត មិន​អាច​ទៅ​រក​ការងារ​នៅ​ឆ្ងាយៗ​ បាន​។ បន្ថែម​ពី​នេះ ពួកគេ​ថា អ្វី​ដែល​ជា​ក្តី​សោកសៅ និង​គ្មាន​សង្ឃឹម​នោះ គឺ​កូនៗ ​របស់​ពួកគេ​ ដែល​មាន​វ័យក្មេងៗ មិន​អាច​ទៅ​រៀនសូត្រ​បាន ដោយសារ​ការរើសអើង និង​បញ្ហា​សុខភាព​ឈឺ​ជាប្រចាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។