ពលរដ្ឋខ្មែរមួយចំនួនដែលទៅព្យាបាលជំងឺនៅក្នុងប្រទេសថៃអះអាងថា គ្រូពេទ្យ នៅទីនោះមានសីលធម៌ យកចិត្តទុកដាក់ព្យាបាលជំងឺ ហើយមិនទារលុយមុនដូចពេទ្យនៅកម្ពុជាទេ។ ជុំវិញបញ្ហានេះមន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាល យកចិត្តទុកដាក់កែទម្រង់ដើម្បីឱ្យប្រជាពលរដ្ឋជឿជាក់លើវិស័យសុខាភិបាលឡើងវិញ។
ប្រជាពលរដ្ឋមួយចំនួនជំរុញឱ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់រៀបចំប្រព័ន្ធសុខាភិបាល ឱ្យដូចប្រទេសថៃ ដែលគ្រូពេទ្យមានសមត្ថភាព មានសីលធម៌ និងមិនទារលុយ មុនការព្យាបាលនោះទេ។
ពលរដ្ឋម្នាក់នៅខេត្តឧត្តរមានជ័យ លោក ស្រេង ញិប ឱ្យដឹងថា លោកតែងតែទៅព្យាបាលជំងឺនៅក្នុងខេត្តអ៊ុប៊ុន ប្រទេសថៃ (Ubon Ratchathani) ជាប្រចាំ ហើយនៅខែមិថុនា ឆ្នាំ២០២៣ លោកទៅម្តងទៀតពិនិត្យបញ្ហាគ្រួសក្នុងថ្លើម។
លោក ស្រេង ញិប អះអាងថា សមត្ថភាពពេទ្យនៅកម្ពុជានិងថៃហាក់មិនខុសគ្នាទេ ប៉ុន្តែមូលហេតុដែលនាំឱ្យលោកជ្រើសរើសយកការព្យាបាលនៅថៃគឺ ដោយសារនៅទីនោះ ពេទ្យមានសីលធម៌ មានការយកចិត្តទុកដាក់ជាង ហើយសំខាន់គឺមិនទារលុយមុនដូចនៅកម្ពុជា។
លោក ស្រេង ញិប៖ «នៅនេះថតយើងអស់ហើយបានគេយកលុយយើង បើយើងវិញស្អីបន្តិចលុយស្អីបន្តិចលុយគឺថាលុយមុន។ ខុសគ្នាគេថា ទិញទឹកចិត្តគឺទិញទឹកចិត្តមនុស្ស។ អ្នកជំងឺចូលទៅគេដឹងតែមើលតែម្តងគេអត់សួររឿងលុយទេ ដល់រួចទៅបានចេញបុងឱ្យយើងទៅបង់លុយទៅបើកថ្នាំ»។
លោក ស្រេង ញិប បញ្ជាក់ទៀតថា រូបលោកក៏ដូចជាពលរដ្ឋផ្សេងទៀត មិនចង់ចេញទៅព្យាបាលនៅប្រទេសគេនោះទេ បើសិនជាគុណភាព ពេទ្យប្រហាក់ប្រហែលគ្នានោះ។
លោក ស្រេង ញិប៖ «និយាយពីក្នុងចិត្តវិញលើសលប់ចង់ឱ្យមាន ក្រមសីលធម៌ពេទ្យយើងឱ្យដូចគេដូចឯងព្រោះយើងប្រទេសជិតខាងគ្នា យើងសមអីយកលុយទៅឱ្យគេព្រោះអីមនុស្សយើងមិនចង់ទៅឆ្ងាយទេ ចង់នៅជិតណាស់មនុស្សយើង»។
អ្នកជំងឺម្នាក់ទៀតនៅរាជធានីភ្នំពេញ យុវជន ប៉ាន បូរិន បានទៅព្យាបាលជំងឺ២ប្រភេទនៅក្នុងខេត្តអ៊ុប៊ុន ប្រទេសថៃដែរ នៅក្នុងខែមិថុនា។ យុវជន ប៉ាន បូរិន បន្តថា មូលហេតុដែលលោកសុខចិត្តធ្វើដំណើរទៅ ប្រទេសថៃ២ លើកនៅក្នុងខែមិថុនា ដោយសារលោកមានអារម្មណ៍កក់ក្តៅនឹងការព្យាបាលរបស់គ្រូពេទ្យនៅទីនោះ។
លោក ប៉ាន បូរិន៖ «គ្រូពេទ្យនៅក្នុងប្រទេសថៃគេយកចិត្តទុកដាក់ជាមួយអ្នកជំងឺមិនថា ជាជនជាតិថៃ ឬជនបរទេស ឬជនជាតិខ្មែរគឺពួកគាត់យកចិត្តទុកដាក់ថែរក្សាអ្នកជំងឺប្រៀបបីដូចជា កូនទៅរកអាណាព្យាបាលឱ្យទៅព្យាបាល។ ចំពោះតម្លៃនៃការពិនិត្យនិងព្យាបាលសមរម្យ»។
អគ្គលេខាធិការគណបក្សបំណងពលរដ្ឋ លោក រីត សោរង្សី ជាអ្នកជំងឺម្នាក់ ដែលទៅទទួលការព្យាបាលនៅទីក្រុងបាងកក (Bangkok) ប្រទេសថៃដែរ នៅក្នុងខែមិថុនា ក៏សរសើរពីគុណភាពនៃការព្យាបាលជំងឺនៅក្នុងប្រទេសនោះដែរ។
លោក រីត សោរង្សី៖ «ប្រជាពលរដ្ឋគេគឺគេយកធូរថ្លៃមែនទែន គេយកថ្លៃហ្នឹងគឺថ្លៃបម្រើប្រទេសជាតិតែម្តង។ ឧទាហរណ៍ថ្លៃព្យាបាលម្តងអស់១០០បាត គឺ ១០០បាតហ្នឹងចូលហោប៉ៅរដ្ឋមិនមែនចូលហោប៉ៅឯកជនទេ។ យកតិចមែនទែនអត់ដូចស្រុកខ្មែរទេ ពេទ្យរដ្ឋទេតែយកចង់ថ្លៃជាងពេទ្យឯកជនទៅទៀត វាហាក់ដូចជាជញ្ជក់ឈាមពលរដ្ឋអ៊ីចឹង»។
ពលរដ្ឋដែលទៅព្យាបាលជំងឺនៅក្នុងប្រទេសថៃទាំងនេះអះអាងថា កន្លែងដែលពួកគាត់ទៅព្យាបាលជំងឺគឺមានពលរដ្ឋខ្មែររាប់រយនាក់ ជារៀងរាល់ថ្ងៃដើម្បីពិនិត្យ និងព្យាបាលជំងឺផ្សេងៗ។
ទន្ទឹមនឹងពលរដ្ឋខ្មែរដែលមានជីវភាពខ្វះខាតទៅស្វែងរកការព្យាបាលនៅប្រទេសជិតខាងរួមមានថៃ និងវៀតណាមនេះ ថ្នាក់ដឹកនាំប្រទេសក៏ទៅព្យាបាល នៅក្រៅប្រទេសដែរ ដូចជា លោក ហ៊ុន សែន ព្យាបាលជំងឺ នៅប្រទេសសិង្ហបុរី (Singapore) លោក ស ខេង ទៅព្យាបាលដល់ប្រទេសបារាំង (France) ចំណែក លោក ទៀ បាញ់ ទៅប្រទេសចិន (China)ជាដើម។
ជុំវិញរឿងនេះប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង លើកឡើងថា បញ្ហាប្រព័ន្ធសុខាភិបាលនេះកើតមានយូរណាស់មកហើយ។ លោកជំរុញឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ធ្វើកំណែទម្រង់ដើម្បីឱ្យពលរដ្ឋនិងថ្នាក់ដឹកនាំទុកចិត្តហើយទទួលការព្យាបាលនៅក្នុងស្រុកវិញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ឌឌីន សុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៧ ខែមិថុនា។
ទោះយ៉ាងណានៅក្នុងពិធីសម្ពោធអគារនៅក្នុងពេទ្យកាល់ម៉ែត្រនៅក្នុងខែឧសភា លោក ហ៊ុន សែន បានលើកឡើងពីការរីកចម្រើនវិស័យសុខាភិបាល នៅក្នុងប្រទេស ដែលមិនចាញ់ប្រទេសផ្សេងទេ។ ក្នុងឱកាសនោះ លោកក៏បានរំឭកដល់គ្រូពេទ្យឱ្យប្រកាន់ភ្ជាប់នូវសីលធម៌ក្នុងការព្យាបាលអ្នកជំងឺជាជាង ការមើលឃើញតែលុយ។
លោក ហ៊ុន សែន៖ «ខ្ញុំអំពាវនាវដល់ក្រុមគ្រូពេទ្យរបស់យើងត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដែលយកការបម្រើប្រជាជាតិធ្វើជាស្នូលធ្វើជាគោលដៅនៃការធ្វើសកម្មភាពរបស់គ្រូពេទ្យ»។
បញ្ហាគុណភាពពេទ្យកើតមានការរិះគន់ពីមហាជនជាបន្តបន្ទាប់ ដូចជាការវះកាត់ ខុសច្រឡំកាត់ពោះវៀន ចាក់ថ្នាំខុស និងបញ្ហាប្រើពាក្យសម្ភីមិនសមរម្យ រួមទាំងទុកចោលអ្នកជំងឺដែលមិនមានលុយបង់មុនរហូតដល់ស្លាប់ជាដើម។
កាលពីខែវិច្ឆិកាឆ្នាំ២០២២ គ្លីនិកដើមអង្គ្រង នៅក្នុងខេត្តកំពង់ស្ពឺបានវះកាត់ ដោយច្រឡំកាត់ពោះវៀនស្ត្រីម្នាក់បណ្តាលឱ្យស្លាប់ ករណីមួយទៀតនៅ ក្នុងខែមិថុនា ឆ្នាំ២០២៣ គ្លីនិក ឈ្មោះ ប៉ខាង នៅក្នុងរាជធានីភ្នំពេញ ដែលបើកដំណើរការដោយមិនមានច្បាប់អនុញ្ញាត បានចាក់ថ្នាំបណ្តាលឱ្យស្ត្រីជនជាតិកូរ៉េម្នាក់ស្លាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។