ពលរដ្ឋ​និង​អ្នក​វេជ្ជសាស្ត្រ​រិះគន់​រដ្ឋាភិបាល​រឿង​ផ្អាក​ការ​ធ្វើ​តេស្ដ​រហ័ស​រក​ជំងឺ​កូ​វីដ​-១៩

ប្រជា​ពលរដ្ឋ និង​អ្នក​វេជ្ជសាស្ត្រ ព្រួយបារម្ភ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ-១៩ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ភ័ន្ត​ច្រឡំ​ខ្វះ​ការប្រុងប្រយ័ត្ន ក្រោយ​រដ្ឋាភិបាល ប្រកាស​ផ្អាក​ការ​ធ្វើ​តេស្ដ​រហ័ស(Rapid Test) រក​ជំងឺ​កូ​វីដ-១៩ ។ ពួកគាត់ មិន​ជឿ​ទៅលើ​តួលេខ​អ្នកជំងឺ​កូវីដ​ថយ​ចុះ​នោះ​ទេ ប៉ុន្តែ​អាច​ដោយសារ​សមត្ថភាព​ធ្វើតេស្ត​របស់​ក្រសួងសុខាភិបាល​ច្រើន​មិន​ច្បាស់​លាស់​ច្រើន​ជាង។

ប្រជា​ពលរដ្ឋ និង​អ្នកជំនាញ​វេជ្ជសាស្ត្រ បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​ចំពោះ​តួលេខ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ថយ​ចុះ​យ៉ាង​ខ្លាំង​ដែល​បង្ហាញ​ដោយ​ក្រសួង​សុខាភិបាល ក្រោយ​ផ្អាក​ការ​ធ្វើ​តេស្ដ​រហ័ស​តាម​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​បាត់ដំបង​កញ្ញា ពៅ ណា ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កញ្ញា​មិន​គាំទ្រ​ការ​សម្រេច​របស់​រដ្ឋាភិបាល​ដែល​ផ្អាក​ការ​ធ្វើ​តេស្ដ​រហ័ស រក​ជំងឺ​កូវីដ-១៩ នោះ​ទេ ព្រោះ​វា​ហាក់​ធ្វើ​ឱ្យ​កញ្ញា​រស់នៅ​លាយឡំ​ជាមួយ​ជំងឺ​កូវីដ​-១៩ គ្រប់​ពេល។ អាជីវករ​រូប​នេះ​ប្រាប់​ថា កញ្ញា​មិន​សប្បាយ​រីករាយ​ពេល​ឃើញ​តួលេខ​ថយ​ចុះ​ឡើយ ប៉ុន្តែ​រឿង​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​ព្រួយ​បារម្ភ​ទៅវិញ​ទេ៖ «ខ្ញុំ​ចង់​ឱ្យ​ធ្វើ​អ្វី​មាន​វិធានការ​ច្បាស់លាស់​និង​ទាន់​ពេល​វេលា​កុំឱ្យ​ហួស​ពេល ឬ​មួយ​អូស​បន្លាយ​ពេលវេលា​យូរ​ជាង​នេះ ព្រោះ​អាច​នាំ​ផល​ប៉ះពាល់​ដល់​អ្នក​ដែល​គាត់​ព្យាបាល​ជាសះស្បើយ​ហើយ អ្នក​ដែល​គាត់​អត់​ទាន់​កើត​គឺ​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ពួកគាត់»។

ស្រដៀង​គ្នា​នេះ​ដែរ​អ្នក​រត់​រឺម៉ក់​នៅ​រាជធានី​ភ្នំពេញ លោក ប៊ុន ធឿន លើក​ឡើងថា ពលរដ្ឋ​ចង់ឱ្យ​ក្រសួងសុខាភិបាល​កាត់ផ្ដាច់​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​ពលរដ្ឋ​ព្រួយបារម្ភ​ក្រោយ​ទទួល​ដំណឹង​ថា រដ្ឋាភិបាល​ប្រកាស​ផ្អាក​ប្រើប្រាស់​ឧបករណ៍​ធ្វើតេស្ត​រហ័ស អាច​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​លែង​សូវ​ប្រុង​ប្រយ័ត្ន​ដូច​មុន៖ «យើង​ធ្វើតេស្ត​រហ័ស​ហ្នឹង​យើង​មើល​ឃើញនឹងភ្នែក​តែម្តង មាន​ឬ​មិន​មាន​យើង​ដឹង​ភ្លាមៗ ប្រើ​រយៈពេល​ខ្លី​ក្នុង​ការចូលរួម​ធ្វើតេស្ត ហើយ​ប្រសិនបើ​មាន​មេរោគ​ហ្នឹង​យើង​ចូលរួម​ធ្វើការ​ព្យាបាល ប្រសិនបើ​អត់​យើង​អាច​ទៅ​រក​មុខរបរ​វិញ​បាន»។

តួលេខ​ឆ្លង​ថ្មី​ចាប់ផ្ដើម​ថយ​ចុះ​រយៈពេល​ពីរ​ថ្ងៃ​មក​នេះ គឺ​ដោយសារ​ក្រសួង​សុខាភិបាល​រាប់​តែ​លទ្ធផល​ដែល​បញ្ជាក់​ដោយ​ម៉ាស៊ីន​ពិសោធន៍ PCR ដោយ​មិន​បញ្ចូល​លទ្ធផល​ដែល​ពិនិត្យ​តាម​ឧបករណ៍​តេស្ដ​រហ័ស (Rapid Test) នោះ​ទៀត​ទេ។ រាល់ដង​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩ មាន​ប្រមាណ​ជិត​មួយ​ពាន់​នាក់​ប្រចាំថ្ងៃ។ ការ​មិន​ពិនិត្យ​តាម​ឧបករណ៍​តេស្ដ​រហ័ស​(Rapid Test) នេះ​ជា​ការ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចង់ឱ្យ​ពលរដ្ឋ​អាច​រស់​នៅ​បាន​ជាមួយ​ជំងឺ​កូវីដ​-១៩។

ពួកគាត់​មួយចំនួន​បាន​លើកឡើង​ថា ទោះជា​ឃើញ​តួលេខ​ថយ​ចុះ​ក៏ដោយ ពលរដ្ឋ​មិន​អាច​ធ្វេសប្រហែស​បាន​ដែរ ពី​ព្រោះ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​បន្ត​កើនឡើង។ ពួកគាត់​ឆ្ងល់​ថា តើ​ក្រសួង​មាន​ម៉ាស៊ីន​ពិសោធន៍ CPR ចំនួន​ប៉ុន្មាន​គ្រឿង ហើយ​ដាក់​បាន​គ្រប់​ខេត្ត ស្រុក ក្រុង​ឬ​នៅ​ទេ។

អាស៊ីសេរី​មិនអាច​ទាក់ទង​សុំ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ បាន​ទេ នៅ​ថ្ងៃទី៣ តុលា ដោយ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នកទទួល។

ទោះជា​យ៉ាងណា អ្នក​វេជ្ជសាស្ត្រ​ពន្យល់​ថា ប្រទេស​ដែល​ជឿនលឿន​ផ្នែក​វេជ្ជ​សាស្ត្រា​កំពុង​ជំរុញ​ពលរដ្ឋ​ខ្លួន​ឱ្យទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ឱ្យ​បាន​៨០% ឡើង​ទៅ​ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​ឧបករណ៍​ធ្វើតេស្ត​រហ័ស​នៅ​តាម​រោងចក្រ សហគ្រាស ភោជនីយដ្ឋាន និង​ទីកន្លែង​ផ្សេងទៀត​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​នេះ​។ ប៉ុន្តែ​អ្នកជំនាញ​ទាំងនោះ​ភ្ញាក់ផ្អើល​ទៅវិញ ដោយ​ឃើញថា​ពលរដ្ឋ​កម្ពុជា​ស្ទើរតែ​១០០​ភាគ​បាន​ចាក់​វ៉ាក់សាំង​បែរ​ជា​រដ្ឋាភិបាល​ប្រកាស​ផ្អាក​ធ្វើ​តេស្ត​រហ័ស​ទៅវិញ ហើយ​ពួកគេ​មិន​គាំទ្រ​ការសម្រេច​នោះ​ទេ ព្រោះ​ករណីនេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ-១៩​កាន់តែ​ខ្លាំង​ឡើង។

ឱសថ​ការី​នៅ​ប្រទេស​អូស្រា​លី លោក លីម សួរ មានប្រសាសន៍ថា ការ​ធ្វើ​តេស្ដ​រហ័ស គឺជា​មធ្យោបាយ​មាន​ប្រសិទ្ធភាព​រក​ឃើញ​រហ័ស​ទប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ​-១៩​ឱ្យ​ទាន់​ពេល​វេលា​។ លោក​ថា ស្ថានភាព​បច្ចុប្បន្ន​ឧបករណ៍​តេស្ដ​រហ័ស​និង​ម៉ាស៊ីន​ពិសោធន៍ CPR ដើម្បី​ស្វែង​រក​មេរោគ​ជំងឺ​កូវីដ​-១៩ មាន​សារៈសំខាន់​ដូចគ្នា ដោយ​មិន​អាច​ខ្វះ​មួយ​ណា​បាន​ឡើយ៖ «យើង​ដឹង​ថា​គ្រុន​យើង​នៅតែ​ទៅ​ធ្វើ​តេស្ដ​គេ​រាប់​បញ្ចូល​ក្នុង​តួលេខ​ហ្នឹង​ដើម្បី​ឱ្យ​យើង​ដឹង​តើ​ប៉ុន្មាន ហើយ​យើង​តែងតែ​លើកទឹកចិត្ត​ប្រជាជន​យើង​ឱ្យទៅ​តេស្ដ​ឱ្យ​បាន​កាន់តែ​ច្រើន បាន​ច្រើនណាស់​ល្អ​ណាស់ អត់​តេស្ដ​វិញ​ឃើញ​តួលេខ​តិច​យើង​ថា ល្អ​អាហ្នឹង​ព្រួយបារម្ភ​ទៅលើ​ការ​ឆ្លង​វា​លឿន បើ​យើង​អត់​ដឹង​ចំនួន​បាទ»។

ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោក អ៊ូច វុទ្ធី អះអាង​ថា ឧបករណ៍​នេះ​មាន​សារសំខាន់​ក្នុង​ការ​ជួយ​កំណត់​អត្តសញ្ញាណ​អ្នកជំងឺ និង​ញែក​អ្នកជំងឺ​ឱ្យ​បាន​ត្រឹមត្រូវ​។ លោក​ទទូច​ឱ្យ​រដ្ឋា​ប្រើប្រាស់​ឧបករណ៍​ធ្វើតេស្ត​រហ័ស​ធម្មតា​ឡើងវិញ ហើយ​លើស​ពី​នេះ​គ្រូពេទ្យ​ដែល​ចុះ​យក​ចំណាក​ពី​ពលរដ្ឋ​ត្រូវ​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ និង​អនុវត្តន៍​តាម​ទម្រង់​សុខាភិបាល៖ «បើ​រ៉ាពីត​តេស្ត​ហ្នឹង​យើង​មិនអាច​បញ្ឈប់​បាន​ទេ ព្រោះ​យើង​ចង់​ដឹង​អ្នកណា​ឈឺ​ហើយ​វា​មិនមែន​ត្រឹមត្រូវ​១០០​ភាគរយ​ទេ គ្រាន់តែ​យើង​ដឹង​ទៅ​អាច​ញែក​អ្នកជំងឺ​យក​មក​មន្ទីរ​បង្អែក ឬ​មណ្ឌល​ដែល​គេ​មាន​ជំនាញ​ពេទ្យ​ត្រូវ​ជួយ​មើល ហើយ​រ៉ាពីត​តេស្ត​បើ​និយាយ​គ្រាន់​ថា ជំហាន​ដំបូង​គាត់​មាន​កូវីដ​ - ១៩ ឬមួយ​មិន​មាន»។

ក្រសួងសុខាភិបាល​កម្ពុជា កាល​ពី​ថ្ងៃទី​២២ ខែ​មេសា បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​នេះ ទាំង​ផ្នែក​រដ្ឋ និង​ឯកជន​។ មន្ត្រី​ក្រសួងសុខាភិបាល ថែមទាំង​បាន​អះអាង​ទៀត​ថា តេស្ដ​រហ័ស​នេះ មាន​ភាព​សុក្រឹត​មិន​ចាញ់​តេស្ដ​ដោយ​ម៉ាស៊ីន​ពិសោធន៍​ធំ PCR នោះ​ឡើយ។

សារ​របស់​លោក ហ៊ុន សែន ប្រកាស​ផ្អាក​ការ​ធ្វើ​តេស្ដ​រហ័ស​នេះ ធ្វើឡើង​ក្រោយ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​នៅ​កម្ពុជា កើនឡើង​យ៉ាង​គំហុក ក្នុង​រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ បើ​ទោះបីជា​ពលរដ្ឋ​កម្ពុជា​ស្ទើរតែ ១០០​ភាគរយ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​ទៅ​ហើយ​ក្ដី​។ ប្រការ​នេះ​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ថា អាច​មក​ពី​វ៉ាក់សាំង​របស់​ចិន​មាន​ប្រសិទ្ធភាព​ទាប។

ចាប់​តាំង​ពី​ផ្ទុះ​ជំងឺ​កូវីដ-១៩ ទ្រង់ទ្រាយ​ធំ និង​មាន​អ្នក​ស្លាប់​នេះ​មក ក្រសួង​សុខាភិបាល​មិន​បាន​ផ្តល់​ព័ត៌មាន​ពេញលេញ និង​គ្រប់​ជ្រុងជ្រោយ​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ ហើយ​សូម្បីតែ​អ្នកសារព័ត៌មាន​ក៏​មិនអាច​ទាក់ទង​សុំ​ព័ត៌មាន​ចាំបាច់​ទាំងឡាយ ពី​ក្រុម​អ្នកនាំពាក្យ​នៃ​ក្រសួងសុខាភិបាល​ដែរ។ ម្យ៉ាងទៀត ក្រសួង​ជំនាញ​មួយ​នេះ​ហាក់ដូចជា​ចាំ​ធ្វើ​តាមតែ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ផ្តល់​ព័ត៌មាន​អំពី​ស្ថានការណ៍​កូវីដ​-១៩ និង​វិធានការ​ជាក់លាក់​ទាំងឡាយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។