ប្រជាពលរដ្ឋមួយចំនួនរស់នៅរាជធានីភ្នំពេញលើកឡើងថា ពួកគាត់មិនសូវមានជំនឿចិត្តលើវិធានការកន្លងមករបស់អាជ្ញាធរនោះទេ ព្រោះចំនួនអ្នកឆ្លងនិងអ្នកស្លាប់នៅតែបន្តកើនឡើងឥតថមថយ។ ពួកគេចង់ឃើញអាជ្ញាធរពាក់ព័ន្ធបង្ហាញពីប្រសិទ្ធភាពនៃវិធានការទប់ស្កាត់ជំងឺកូវីដ និងចេញមុខដោះស្រាយជីវភាពរបស់ពលរដ្ឋពេលអាជ្ញាធរអនុវត្តវិធានការទប់ស្កាត់ជំងឺនេះ។
អ្នករត់តាក់ស៊ីម្នាក់នៅរាជធានីភ្នំពេញលោក ម៉ៅ ឆន ប្រាប់អាស៊ីសេរីថា លោកបារម្ភដែលចំនួនអ្នកឆ្លង និងអ្នកស្លាប់ដោយជំងឺកូវីដ១៩បន្តកើនឡើង ដែលអាចបញ្ញាក់ថា វិធានការទប់ស្កាត់ជំងឺកូវីដ១៩ របស់អាជ្ញាធររាជធានីភ្នំពេញពុំមានប្រសិទ្ធភាព ។ លោកបន្តថា ពលរដ្ឋរស់នៅទាំងត្រដាបត្រដួល ខ្លាចដាច់ឆ្នាំបាយ ជាងឆ្លងជំងឺកូវីដ១៩ ព្រោះពួកគាត់ប្រឈមបង់ថ្លៃបន្ទប់ជួល ថ្លៃទឹកភ្លើង សងបំណុល និងដោះស្រាយជីវិភាពប្រចាំថ្ងៃជាដើម៖ « មកដល់ម៉ោងនេះមិនមានស្រាកស្រាន្តទេ គិតតែពីឡើង ហើយស្លាប់រឹតតែកើនឡើងទៅទៀត ចឹងចង់មិនចង់ក្នុងនាមខ្ញុំប្រជាពលរដ្ឋខ្ញុំមើលទៅអាចវិលទៅរកកន្លែងដូចដើមវិញ បិទខ្ទប់ឡើងវិញ បើបិទខ្ទប់ម្តងទៀតសម្រាប់សេដ្ឋកិច្ចប្រជាពលរដ្ឋដូចជារូបខ្ញុំអីប៉ះពាល់ខ្លាំងមែនទែន អត់មានប្រសិនភាពអីទេរឹតតែដុនដាបទេបាទ »។
ស្រដៀងគ្នានេះដែរ ម្ចាស់ហាងនំខេកម្នាក់នៅរាជធានីភ្នំពេញលោកស្រី ម៉ៃ សៃយ៉ា លើកឡើងថា ដំបូងឡើយគ្រួសារលោកស្រីបើកហាងនំ ដោយខ្ចីលុយពីធនាគារ ប៉ុន្តែការរីករាលជំងឺកូវីដ១៩ ជាងមួយឆ្នាំនេះបានធ្វើឱ្យអាជីកម្មរបស់លោកស្រីមិនអាចងើបរួចពីបំណុល និងបង់ថ្លៃផ្ទះជួលជាង៦រយដុល្លារ(៦៥០)ក្នុងមួយខែនោះទេ។ លោកស្រីរិះគន់វិធានការទប់ស្កាត់ជំងឺកូវីដ១៩របស់អាជ្ញាធរ ដែលមិនអាចធានាដល់ដំណើរការអាជីវកម្មរបស់ប្រជាពលរដ្ឋ។ ស្រ្តីរូបនេះប្រាប់ទៀតថាអាជ្ញាធរហាក់មើលរំលងពីសុខទុក្ខ និងផលប៉ះពាល់មុខរបររបស់ប្រជាពលរដ្ឋអំឡុងវិបត្តិជំងឺកូវីដ១៩។ លោកស្រីយល់ថា ប្រសិនបើអាជ្ញាធរនៅតែបណ្តែតបណ្តោយ មិនអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩បាន លោកស្រីនឹងសម្រេចបិទហាងនំបុ័ង ដែលជាក្តីសង្ឃឹមរបស់គ្រួសារលោកស្រី៖ « ចា៎លក់នៅតែភ័យខ្លាចហ្នឹង បើអារម្មណ៍អត់នៅក្នុងខ្លួនទេ អត់មានទំនុកចិត្តអីផង ជួលផ្ទះផងបង់ធនាគារផង ជួយឱ្យគាត់មើលប្រជាពលរដ្ឋផង ព្រោះពិបាកខ្លាំងមួយគ្រួសារមួយគ្រួសារ » ។
ដូចគ្នានេះដែរ អាជីវករម្នាក់ទៀតនៅរាជធានីភ្នំពេញលោកស្រី សុខ ហូរ ប្រាប់ថា មុខរបរលក់សាច់ជ្រូករបស់លោកស្រីធ្លាក់ជាង៧០ភាគ ព្រោះម៉ូយតាមហាង ឬភោជនីយដ្ឋានមួយចំនួនក្នុងរាជធានីភ្នំពេញបន្តបិទ ឬផ្អាកដំណើរការ ដោយសារវិធានការទប់ស្កាត់ជំងឺកូវីដ១៩ បន្តអូសបន្លាយ ហើយមូលហេតុនេះក៏បានរុញច្រានជីវភាពគ្រួសារលោកស្រីខ្វះខាត ដូចប្រជាពលរដ្ឋផ្សេងទៀតដែរ៖ «បើមិនស្រួលគេបិទទៀតទៅ ហើយបើសិនបិទទៅយើងខានលក់ដូរទៅ ប្រឈមមុខនឹងលំបាកដែរហ្នឹង ចេះតែខ្លាចដែរឮសូរចេះចុះច្រើនដែរ ប៉ុន្តែបើយើងអត់លក់បានអីហូប ចឹងបានយើងត្រូវមកលក់ដូរតែចេះតែទ្រាំទៅ »។
ប្រតិកម្មរបស់ប្រជាពលរដ្ឋទាំងនេះ កើតមានឡើងបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញសម្រេចដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងតំបន់ភូមិសាស្រ្តរាជធានីភ្នំពេញរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៣ ខែមិថុនា ដល់ថ្ងៃទី១៦ ខែមិថុនា។ ពលរដ្ឋអះអាងដូចគ្នាថា រដ្ឋាភិបាល និងអាជ្ញាធរ ផ្តោតតែទៅលើការបិទ ឬផ្អាក ប៉ុន្តែហាក់មិនបានគិតគូរអំពីបញ្ហាដំណើរការមុខរបរ និងអាជីវកម្មរបស់ពលរដ្ឋ ដើម្បីដោះស្រាយជីវភាព និងការខ្វះខាតរបស់ពួកគាត់នោះទេ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៦ ខែមិថុនា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ទោះយ៉ាណាប្រជាពលរដ្ឋអះអាងទៀតថា រដ្ឋាភិបាល និងអាជ្ញាធរ មិនទាន់បង្ហាញផែនការច្បាស់លាស់ជុំវិញវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីឱ្យប្រជាពលរដ្ឋជឿជាក់នៅឡើយទេ។ ពួកគាត់យល់ថាការលុបចោលវិធានការបិទខ្ទប់នៅរាជធានីភ្នំពេញកន្លងមក បង្ហាញថា អាជ្ញាធរចង់គេចវះពីការទទួលខុសត្រូវចំពោះជីវភាពរស់នៅប្រជាពលរដ្ឋ និងការផ្ទុះការតវ៉ាពីសំណាក់ប្រជាពលរដ្ឋប៉ុណ្ណោះ។
ជុំវិញរឿងនេះ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន ពៅ មើលឃើញថា រដ្ឋាភិបាលបានរៀបចំផែនការទប់ស្កាត់ជំងឺកូវីដ១៩ ដែរ ប៉ុន្តែផែនការទាំងនោះមិនបានឆ្លើយតប ឬជួយដល់ប្រជាពលរដ្ឋដែលបាត់បង់ការងារ មុខរបរ និងខាតបង់អាជីវកម្មនោះទេ ព្រោះកន្លងមករដ្ឋាភិបាលមិនទាន់បង្ហាញយន្តការ ឬផែនការច្បាស់លាស់ដើម្បីផ្តល់ជំនឿ ដល់ប្រជាពលរដ្ឋនៅឡើយ។ លោកយល់ថា រដ្ឋាភិបាលគួររៀបចំផែនការមេច្បាស់លាស់មួយ ដើម្បីឲ្យពលរដ្ឋជឿជាក់លើដំណើរការ បើកអាជីវកម្មរបស់ពួកគេឡើងវិញ។ លោកលើកទឹកចិត្តឱ្យរដ្ឋាភិបាលមើលគំរូប្រទេសជិតខាងនូវចំណុចវិជ្ជមានដែលមន្រ្តីពាក់ព័ន្ធគួរយកមករៀបចំផែនការបើកដំណើរការវិស័យទេសចរណ៍ និងអាជីវកម្មឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋអាចដោះស្រាយជីវភាព និងដោះស្រាយបំណុលរបស់ពួកគេបាន៖ « ពិនិត្យឡើងវិញនូវការកសាងសេដ្ឋកិច្ចរបស់ពលរដ្ឋ ក្នុងដំណើរការកូវីដ១៩នេះ យើងត្រូវតែថែរក្សាទាំងក្រពះថែរក្សាទាំងសួត រដ្ឋត្រូវមានយន្តការធ្វើយ៉ាងណាបង្កើនការចាក់វ៉ាក់សាំងជូនពលរដ្ឋគ្រប់គ្នាៗដើម្បីធានាដែលគាត់ប្រកបមុខរបរអាជីវកម្ម ក៏ដូចតំបន់ទេសចរណ៍មួយចំនួន ធ្វើយ៉ាងណាឱ្យអន្តរជាតិមានទំនុកទុកចិត្តសម្រាប់ប្រទេសកម្ពុជាក្នុងការចូលមកទេសចរណ៍ឡើងវិញ រដ្ឋត្រូវរៀបចំកញ្ចប់ថវិកាយ៉ាងណាដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ»។
ប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាត សំណូមពរដល់រដ្ឋាភិបាលឱ្យគិតគូរបន្ថែមទៀតដល់សុខទុក្ខរបស់ពួកគាត់ ដូចជា ចំណីអាហារ និងថវិកាជាដើម ដើម្បីជួយសម្រួលចំណាយចំាបាច់ ព្រោះពួកគាត់មិនអាចរកប្រាក់ចំណូល ផ្គត់ផ្គង់គ្រួសារ ខណៈពេលវិធានការទប់ស្កាត់ជំងឺកូវីដ១៩ របស់អាជ្ញាធរមិនទាន់ច្បាស់លាស់។ មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋតែងតែទាមទារឱ្យរបបលោក ហ៊ុន សែន បង្ហាញ វិធានការទប់ស្កាត់ជំងឺកូវីដ១៩ ឱ្យបានច្បាស់លាស់ជាងនេះ ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ រួមទាំងធានានូវដំណើរការមុខរបរ និងអាជីវកម្មពលរដ្ឋ ដោយបញ្ចៀស ពីបញ្ហាខាតបង់ប្រាក់កាកដោយផុងខ្លួននឹងបំណុលបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។