កម្មករ និងពលរដ្ឋ ស្នាក់នៅតាមបន្ទប់ជួលច្រើនរយនាក់ ផ្ទុះការតវ៉ាទាមទារអំណោយពីអាជ្ញាធរខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ ក្នុងពេលពួកគេរងការបិទខ្ទប់មិនឱ្យធ្វើដំណើរ ជាងមួយសប្ដាហ៍មកហើយ។ អ្នកឃ្លាំមើលសិទ្ធិកម្មករ ជំរុញឱ្យអាជ្ញាធរផ្ដល់អំណោយតាមគោលការណ៍ ដែលប្រមុខរដ្ឋាភិបាល បានប្រកាសឧបត្ថម្ភ។
អាជ្ញាធរខណ្ឌទាំង២ បានបិទខ្ទប់កម្មករច្រើនម៉ឺននាក់ ឱ្យស្នាក់នៅក្នុងបន្ទប់ជួលជិតដប់ថ្ងៃ។ កម្មករនិងអ្នកប្រកបរបរក្រៅប្រព័ន្ធខ្លះ ឱ្យដឹងថាអ្នកខ្លះ ចាប់ផ្ដើមអស់លុយទិញម្ហូប និងគ្មានអង្ករហូបបណ្ដើរៗហើយ។
កម្មការិនីម្នាក់ធ្វើការនៅរោងចក្រឌីនឡាក់ ក្នុងខណ្ឌពោធិ៍សែនជ័យកញ្ញា នី សុគន្ធ ប្រាប់ថា កម្មករទាល់តម្រិះទើបនាំគ្នាតវ៉ា។ កញ្ញាថា អាជ្ញាធរបានបិទខ្ទប់កម្មករនិងអ្នករស់នៅតាមបន្ទប់ជួល តាំងពីថ្ងៃទី៩ មេសា ហើយជាងមួយសប្ដាហ៍មកនេះ គ្មាននរណា បានទទួលអំណោយពីអាជ្ញាធររដ្ឋនោះទេ។
ទន្ទឹមនឹងនេះ អាជ្ញាធរបានបិទខ្ទប់បរិវេណនោះទាំងស្រុងមិនអនុញ្ញាតឱ្យកម្មករចេញក្រៅបរិវេណនៃម្ដុំបន្ទប់ជួលបានទេ សូម្បីទៅផ្សារទិញម្ហូប។ កញ្ញាបន្តថា កម្មករទាំងអស់អាចទិញម្ហូបអាហារបានតែនៅខាងក្នុងបរិវេណនៃម្ដុំបន្ទប់ជួលទេ ហើយមានអ្នកលក់ម្ហូប ចូលមកលក់ដល់ក្នុងនោះ តែបន្លែ សាច់ ថ្លៃជាងនៅផ្សារ៖ «គេកត់ឈ្មោះមួយអាទិត្យជាង។ បើការឃុំវិញ ឃុំចាប់ពីថ្ងៃទី០៩មក ឡើងជិត៩ថ្ងៃហើយ។ នៅមិនទាន់បានអ្វីទេ នៅទេ។ គេឱ្យយើងនៅរង់ចាំប្រហែលជា២ថ្ងៃអ្វីទៀតអ៊ីចឹងណា។ តាមគេសិនទៅបើគេនេះហើយ។ យើងចាំមើលសិនទៅ ២ថ្ងៃសិន»។
កម្មករតាមរោងចក្រនានា និងអ្នកស្នាក់នៅក្នុងបន្ទប់ជួល នៅចន្លោះខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ បានជួបជុំនាំគ្នាតវ៉ាក្នុងបរិវេណបន្ទប់ជួល នៅម្ដុំផ្លូវវេងស្រេង នៅព្រឹកថ្ងៃទី១៧ ខែមេសា ។ ក្រោយការតវ៉ាបានបន្តិច អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះមកសម្របសម្រួល និងសន្យាថា អាជ្ញាធរនឹងដោះស្រាយបញ្ហានេះ ក្នុងចន្លោះពីរ ទៅបីថ្ងៃទៀត។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្ដី បានទេ នៅថ្ងៃទី១៧ មេសា។ តែទោះជាយ៉ាងណាអាជ្ញាធររាជធានីភ្នំពេញ ធ្លាប់បង្ហោះសារពីការផ្ដល់អំណោយឱ្យកម្មករ ៦៤០នាក់ នៅតាមបណ្ដារោងចក្រមួយចំនួន ដែលមានកម្មករឆ្លងជំងឺកូវីដ១៩ នៅម្ដុំផ្លូវវេងស្រេង កាលពីថ្ងៃទី១២ មេសា។
ទោះជាយ៉ាងណា អ្នករត់រ៉ឺម៉កកង់បីម្នាក់ ដែលស្នាក់នៅបន្ទប់ជួលម្ដុំគ្នានោះដែរលោក យ៉ាំង ផារី ឱ្យដឹងថា ពលរដ្ឋនាំគ្នារំសាយក្រោយពេលអាជ្ញាធរសន្យាថា ដោះស្រាយឱ្យ តែលោកមិនទាន់ជឿជាក់ទាំងស្រុងទេ។ អ្នករត់រ៉ឺម៉កកង់បីរូបនេះ បន្តថា អ្នកជួលបន្ទប់នៅម្ដុំផ្លូវវេងស្រេង ដែលកើតការតវ៉ានេះ មានរាប់ម៉ឺននាក់ ភាគច្រើនជាកម្មករតាមរោងចក្រ និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ហើយសុទ្ធតែមិនទទួលបានអំណោយពីអាជ្ញាធររដ្ឋ៖ «យើងចាំមើលសិនបង ព្រោះអ្វី គេសន្យាថា មួយថ្ងៃពីរទៀតគេបើកឱ្យ។ យើងចាំមើលសិន បើដល់ថ្ងៃហើយ មិនឃើញវត្តមានគេចុះមក ចាំមើលទៀត»។
កាលពីថ្ងៃទី១០ មេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបញ្ចេញថវិការដ្ឋជួយឧបត្ថម្ភដល់ពលរដ្ឋរងផលប៉ះពាល់ផ្ទាល់ពីវិបត្តិជំងឺកូវីដ១៩ (Covid-19) ដោយមិនរើសអើងទេ ទាំងគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺនេះ អ្នកកំពុងធ្វើចត្តាឡីស័ក និងអ្នកស្ថិតក្នុងការបិទខ្ទប់។
លោក ហ៊ុន សែន ប្រកាសថា អ្នកស្ថិតក្នុងតំបន់បិទខ្ទប់នឹងទទួលបានថវិកាពីរដ្ឋចំនួន ៣០ម៉ឺនរៀល ក្នុងមួយគ្រួសារ ហើយរដ្ឋអាចនឹងជួយបង់ថ្លៃទឹក ថ្លៃអគ្គិសនីចំនួន២ខែ។ អាជ្ញាធរ ក៏នឹងផ្ដល់អង្ករឱ្យគ្រួសារស្ថិតក្នុងតំបន់បិទខ្ទប់ចំនួន ២៥គីឡូក្រាម មីមួយកេសតូច ត្រីខ ២០កំប៉ុង។ លោក ប្រកាសថា នឹងជួយក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងតំបន់ដែលបិទខ្ទប់ ខណៈនៅថ្ងៃទី១៦ មេសា លោក បានបញ្ជាឱ្យបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល៖ «បើគាត់មិនអាចចេញទៅរកស៊ីបាន វិធីតែមួយគត់ត្រូវផ្ដល់ឱ្យគាត់មួយគ្រួសារ៣០ម៉ឺនរៀល វាប្រហាក់ប្រហែល៧៥ដុល្លារដែរ។ អង្ករ២៥គីឡូ បូកនឹងមីមួយកេស បូកនឹងត្រីខ២០កំប៉ុង។ អាចទទួលទានអាហារប៉ុណ្ណឹង។ វាគ្រាន់បើជាងសម័យសង្គ្រាម ដែលគ្មានអ្វីស៊ីផង ពេលនោះ។ យើងស៊ីបាយក្រៀម តែពេលនេះ យើងមានអ្វីទទួលទានហើយពេលទៅ ខាងមុខ យើងក៏អាចមានផលចំណេញ ពីការបង់ថ្លៃទឹក ថ្លៃភ្លើងជំនួសរយៈពេល ២ខែផងដែរ»។
ពាក់ព័ន្ធករណីនេះ អ្នកឃ្លាំមើលសិទ្ធិកម្មករ ជំរុញឱ្យអាជ្ញាធរ ចុះចែកអំណោយឱ្យបានលឿន ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋក្នុងតំបន់បិទខ្ទប់។ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន់ ពៅ សង្កេតឃើញថា តាមតំបន់មួយចំនួន ត្រូវបានអាជ្ញាធរបិទខ្ទប់ច្រើនថ្ងៃមកហើយ។ លោកថា ពួកគាត់ កំពុងប្រឈមជីវភាពធ្ងន់ធ្ងរ ដូច្នេះ លោកទទូចឱ្យអាជ្ញាធរប្រញាប់ចែកអំណោយឱ្យបានលឿនបំផុត។
មន្ត្រីសង្គមស៊ីវិលរូបនេះ ជំរុញឱ្យអាជ្ញាធរដោះស្រាយបញ្ហានេះទៀតជាបន្ទាន់ បើពុំដូចនេះទេពលរដ្ឋក្រីក្រ កាន់តែច្រើន នឹងប្រឈមបញ្ហាគ្មានអាហារហូប ហើយពួកគេអាចនឹងជួបជុំគ្នាតវ៉ាបែបនេះទៀត៖ «រដ្ឋគួរតែគិតរៀបចំសេណារីយ៉ូ ធ្វើផែនការច្បាស់លាស់ឡើងវិញ ដើម្បីកុំឱ្យមានព្រឹត្តិការណ៍តវ៉ាបែបនេះតទៀត។ រឿងនេះ វាជាមេរៀនសំខាន់ ដើម្បីដាស់ស្មារតីតាមមូលដ្ឋានទាំងអស់ហ្នឹងត្រូវធ្វើការជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ហើយមុននឹងធ្វើអ្វីរដ្ឋត្រូវតែគិតពិចារណា មានផែនការច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង។ បើមិនមានផែនការច្បាស់លាស់ទេ វាបណ្ដាលឱ្យគាត់ ( ពលរដ្ឋ ) តវ៉ាអ៊ីចឹង។ អ៊ីចឹង ខ្ញុំគិតថា វាជារឿងមួយចាំបាច់ណាស់ហើយយើងសង្ឃឹមថា រដ្ឋនឹងឆ្លើយតប ជាមួយពួកគាត់ក្នុងពេលឆាប់ៗ»។
នេះគឺជាលើកទី១ហើយ ដែលកម្មករនិងអ្នកស្នាក់នៅតាមបន្ទប់ជួល តវ៉ាទាមទារអំណោយ ចាប់តាំងពីផ្ទុះការឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ មក។ កម្មករ និងអ្នកស្នាក់នៅតាមបន្ទប់ជួល ទទូចស្នើសុំអាជ្ញាធរដោះស្រាយបញ្ហានេះឱ្យលឿន បើមិនដូច្នេះទេ ពួកគាត់នឹងតវ៉ាទៀតនៅប៉ុន្មានថ្ងៃខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។