ពលរដ្ឋ​កម្ពុជា កាន់​តែ​បារម្ភ​ពី​វីរុស​កូរ៉ូណា និង​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​ជើង​ហោះហើរ​ពី​ចិន

0:00 / 0:00

ប្រជាពលរដ្ឋ​កម្ពុជា កាន់តែ​បារម្ភ​អំពី​វីរុស​កូរ៉ូណា និង​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​ជើង​ហោះហើរ ពី​ប្រទេស​ចិន​បណ្ដោះអាសន្ន ដើម្បី​បង្ការ និង​ទប់​ស្កាត់​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​មួយ​នេះ។ ទោះ​បី​ជា​យ៉ាង​ណា អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា បញ្ជាក់​ថា គ្មាន​ផែនការ​ផ្អាក​ជើង​ហោះ​ហើរ​នោះ​ទេ ព្រោះ បារម្ភ​ពី​ការ​ខាត​បង់​ផ្នែក​សេដ្ឋកិច្ច​ជាតិ។

ប្រជាពលរដ្ឋ​កម្ពុជា កាន់​តែ​ព្រួយ​បារម្ភ​អំពី​សុខភាព និង​នាំ​គ្នា​ពាក់​ម៉ាស់​ក្នុង​ពេល​ធ្វើដំណើរ និង ពេល​ធ្វើការ បន្ទាប់​ពី​ក្រសួង​សុខាភិបាល រក​ឃើញ​មាន​បុរស​ជន​ជាតិ​ចិន​ម្នាក់​ផ្ទុក​វីរុស​កូរ៉ូណា នៅ​ខេត្ត​ព្រះសីហនុ។

បុគ្គលិក​កាស៊ីណូ ណាហ្គា វើលដ៍ លោកស្រី រ៉េត ធារ៉ាត់ ប្រាប់​ថា មុន​ពេល​ចូល​ធ្វើ​ការ គឺ​ក្រុមហ៊ុន បាន​ពិនិត្យ​កម្តៅ​បុគ្គលិក និង​បាន​ចែក​ម៉ាស់​ការពារ ប៉ុន្តែ​លោកស្រី និង​បុគ្គលិក​ដទៃ​ទៀត នៅ​តែ​ភ័យ​ខ្លាច​ឆ្លង​មេរោគ​កូរ៉ូណា​នេះ ដោយសារ​ក្នុង​មួយ​ថ្ងៃៗ មាន​ជន​ជាតិ​ចិន​ជា​ច្រើន ចូល​លេង​ល្បែង​ក្នុង​កាស៊ីណូ៖ « ភ្ញៀវ​ចូល​ទៅ​ក៏​គេ​ស្កែន និង​ចែក​ម៉ាស់​ឲ្យ​ពាក់​ដែរ តែ​ភាគ​ច្រើន​ភ្ញៀវ​ខ្មែរ​ពាក់ តែ​ភ្ញៀវ​ចិន​ភាគ​ច្រើន អត់​ពាក់​ទេ។ ខ្ញុំ​បារម្ភ​ណាស់​ព្រោះ​អី​ធ្វើ​ការ​ក្នុង​កាស៊ីណូ​នេះ ចម្រុះ​ជាតិ​សាសន៍​ចូល​ទៅ ហើយ​យើង​ធ្វើ​ការ​ផ្ទាល់​ជា​មួយ​ភ្ញៀវ​ទៀត។ ពួក​ខ្ញុំ​ចង់​ឲ្យ​កន្លែង​ដាក់​ទឹក​អាកុល​លាង​ដៃ​តាម​តុ​ល្បែង ដើម្បី​លាង​មេរោគ​បាន​គ្រប់​ពេល »

បន្ថែម​ពី​នេះ លោកស្រី រ៉េត ធារ៉ាត់ ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​ជើង​ហោះហើរ​ពី​ប្រទេស​ចិន​ជា​បណ្តោះ​អាសន្ន ដើម្បី​បង្ការ និង​ការពារ​កុំ​ឲ្យ​ជន​ជាតិ​ចិន​នាំ​មេរោគ​ប្រភេទ​ថ្មី​នេះ ចូល​កម្ពុជា​កាន់​តែ ច្រើន​ដែល​ធ្វើ​ឲ្យ​ពិបាក​ទប់​ស្កាត់៖ « ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ផ្អាក​ជើង​ហោះហើរ​ពី​ស្រុក​ខ្មែរ និង​សុំ​ឲ្យ​ផ្អាក​សាលា​រៀន​កូន​ក្មេង ព្រោះ​ដោយ​សារ​កូន​ក្មេង អត់​ចេះ​ថែ​រក្សា​សុខភាព​ពាក់​ម៉ាស់​អី​ទេ »

ពលរដ្ឋ​រស់​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ម្នាក់​ទៀត លោក ចាន់ ធឿន មាន​ក្តី​បារម្ភ​អំពី​សុខភាព​ដូច​គ្នា ដោយ​សារ​លោក បាន​ដឹង​ថា មាន​ជន​ជាតិ​ចិន​ជា​ច្រើន​បាន​ចូល​មក​កម្ពុជា ជា​ពិសេស​មាន​ជន​ជាតិ​ចិន ៣ ពាន់​នាក់ ដែល​មក​ពី​ទីក្រុង​វ៉ូហាន (wunan) ប្រទេស​ចិន​ដែល​ជា​តំបន់​ផ្ទុះ​វីរុស​ថ្មី​នេះ។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា មិន​គួរ​មើល​ស្រាល​ស្ថានការណ៍​នោះ​ទេ គួរ​តែ​គិត​អំពី​សុខ​ទុក្ខ​ប្រជាពលរដ្ឋ ដោយ​ផ្អាក​ជើង​យន្តហោះ​ពី​ប្រទេស​ចិន​ទាំង​អស់​ជា​បណ្ដោះអាសន្ន៖ « ហេតុ​មិន​បិទ ខ្ញុំ​ឆ្ងល់​ដែរ។ ប្រទេស​ខ្លះ​គេ​គិត​អំពី​ពលរដ្ឋ​របស់​គេ គឺ​គេ​បិទ​ជើង​យន្តហោះ​ដែរ មាន​តែ​ខ្មែរ​ហេតុ​អី​មិន​បិទ »

ចំណែក​បុគ្គលិក​កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ លោក សាំង វីន រៀបរាប់​ថា ពលរដ្ឋ​ក្នុង​ខេត្ត​ដែល​មាន ជន​ជាតិ​ចិន​រស់​នៅ​ច្រើន​នេះ ជ្រួលច្របល់​ខ្លាំង បន្ទាប់​ពី​ដឹង​ថា នៅ​ខេត្ត​នេះ មាន​បុរស​ជន​ជាតិ​ចិន ម្នាក់​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី។ លោក​ថា ពលរដ្ឋ​ពាក់​ម៉ាស់​ស្ទើរ​គ្រប់​គ្នា ហើយ​នៅ​ថ្ងៃ​ទី២៨ ខែ​មករា គឺ លោក និង​ពលរដ្ឋ​ខ្លះ​ទៀត សម្រេច​ចាក​ចេញ​ពី​ខេត្ត​ព្រះសីហនុ​បណ្ដោះអាសន្ន។ បុគ្គលិក​កាស៊ីណូ រូប​នេះ​បារម្ភ​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​មិន​ផ្អាក​ជើង​ហោះហើរ​ពី​ប្រទេស​ចិន ដោយ​បណ្ដោយ​ឲ្យ​ជន​ជាតិ​ចិន​ច្រើន​នៅ​តែ​ចូល​មក​កម្ពុជា គឺ​អាច​នឹង​មាន​ករណី​វីរ៉ុស​កូរ៉ូណា​ជា​បន្ត បន្ទាប់​ទៀត៖ « ខ្លាច​ជន​ជាតិ​ចិន​មាន​ផ្ទុក​ជំងឺ​នេះ ហើយ​មក​ប្រទេស​នេះ​មក​កម្ពុជា ដូច្នេះ​ធ្វើ​ឲ្យ​ពិបាក​ខ្លាំង​ក្នុង​ការ គ្រប់គ្រង​សភាព​ការណ៍ ព្រោះ​យើង​ដឹង​ហើយ​ថា វិស័យ​សុខាភិបាល យើង​មិន​ទាន់​ជឿនលឿន​ទេ សូម្បី​តែ​ចិន​គេ​ជឿនលឿន​ផង នៅ​តែ​ទប់​មិន​ចង់​ជាប់​មាន​អ្នក​ស្លាប់ និង​ឆ្លង​ច្រើន »

ការ​ស្នើសុំ​ឲ្យ​ផ្អាក​ជើង​ហោះហើរ​ពី​ប្រទេស​ចិន​ទាំង​អស់​ជា​បណ្ដោះអាសន្ន​នេះ បន្ទាប់​ពី​ក្រសួង​សុខា ភិបាល​កម្ពុជា បាន​រក​ឃើញ​ករណី​ជំងឺ​ឆ្លង ប្រភេទ​ថ្មី​នេះ កាលពីថ្ងៃ២៧ មករា ទៅ​លើ​បុរស​ជន​ជាតិ ចិន​ម្នាក់ ក្នុង​ចំណោម​ជន​ជាតិ​ចិន​ជាង ៣ពាន់​នាក់ ដែល​ធ្វើ​ដំណើរ​មក​ពី​ក្រុង​វ៉ូហាន (Wuhan) ប្រទេស ចិន​មក​កម្ពុជា មុន​ថ្ងៃ​ទី២៣ ខែ​មករា។

អ្នក​នាំ​ពាក្យ​រដ្ឋ​លេខាធិការដ្ឋាន​នៃ​អាកាសចរ​ស៊ីវិល​កម្ពុជា លោក ជា អូន ថ្លែង​ប្រាប់​អាស៊ី​សេរី​ថា នរណា​ក៏​ព្រួយ​បារម្ភ​អំពី​មេរោគ​ថ្មី​នេះ​ដែរ ប៉ុន្តែ​កម្ពុជា គ្មាន​គម្រោង​បិទ​ជើង​ហោះហើរ​ប្រទេស​ចិន ឡើយ ដោយ​សារ​ខ្លាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល។ ទោះ​ជា​យ៉ាង​ណា​លោក​បញ្ជាក់​ថា ចំពោះ​ជើង​ហោះហើរ​ពី​ទីក្រុង​វ៉ូហាន និង​ខេត្ត​ហ៊ូបេ (Hubei) ទាំង​មូល គឺ​រដ្ឋាភិបាល​ចិន​បាន​បិទ តាំង​ពី​ថ្ងៃ​ទី២៣ ខែ​មករា​មក​ម្លេះ៖ « មធ្យោបាយ​ធ្វើ​ដំណើរ​ប្រៀប ដូច​ជា​សរសៃ​ឈាម​របស់​យើង​អ៊ីចឹង បើ​យើង​បិទ​សរសៃ​ឈាម​ទៅ body ឬ​ខ្លួន​របស់​យើង​នឹង​ស្លាប់។ ទោះ​បី​ជា​មាន​ការ​បារម្ភ ក៏​រដ្ឋាភិបាល​យើង កំពុង​ដុត​ដៃ​ដុត​ជើង​ដែរ ដើម្បី​ធ្វើ​ការងារ​នេះ »

រីឯអ្នកនាំពាក្យក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍ថា គិតត្រឹមម៉ោង៤​ល្ងាចថ្ងៃ ទី២៨ មករា កម្ពុជា ពុំ​ទាន់​រក​ឃើញ​មាន​ករណី​វីរុសកូរ៉ូណា​លើ​មនុស្ស​ផ្សេង​ទៀត​នោះ​ទេ ក្រៅ​ពី​បុរស​ជន​ជាតិ​ចិន​ម្នាក់ នៅ​ខេត្ត​ព្រះសីហនុ។ លោក​អះអាង​ថា បុរស​ជន​ជាតិ​ចិន​ដែល​ផ្ទុក​វីរូសកូ​រ៉ូណា​នោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​កម្ពុជា ដាក់​ឲ្យ​ស្ថិត​ក្នុង​បន្ទប់​ព្យាបាល​ដាច់​ដោយ​ឡែក​ពី​គេ នៅ​ក្នុង មន្ទីរ​ពេទ្យ​ខេត្ត​ព្រះសីហនុ ហើយ​ស្ថានភាព​របស់​គាត់​នៅ​ល្អ​ប្រសើរ​ធម្មតា ដែល​សង្ឃឹម​ថា នឹង​ព្យាបាល​ជា​សះ​ស្បើយ​វិញ។ លោក លី សូវ៉ាន់ បញ្ជាក់​ដែរ​ថា សមាជិក​គ្រួសារ​របស់​បុរស​ជន​ជាតិ​ចិន​ដែល​ផ្ទុក​មេរោគ​កូរ៉ូណា​នោះ រួម​ទាំង​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ​ជាមួយ​គ្នា គឺ​ពុំ​មាន​រោគ សញ្ញា​អ្វី​ទេ។ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​រូប​នេះ បន្ថែម​ថា អាជ្ញាធរ​ពាក់ព័ន្ធ​កម្ពុជា នឹង​បន្ត​ស្វែង រក​ជន​ជាតិ​ចិន​ផ្សេង​ទៀត​មក​ទីក្រុង​វ៉ូហាន ដើម្បី​ពិនិត្យ​រក​វីរុស​កូរ៉ូណា៖ « យើង​បាន​រក​ឃើញ​អ្នក​ប៉ះ​ពាល់​មួយ​ចំនួន​ធំ ជា​ពិសេស អ្នក​ដែល​ជិះ​យន្តហោះ​ជា​មួយ​បុរស​ផ្ទុក​វីរុស​ថ្មី​នេះ​ដែល គាត់​ធ្វើ​ដំណើរ​ទៅ​ខេត្ត​នានា​នេះ គឺ​យើង​មិន​ទាន់​រក​ឃើញ​រោគ​សញ្ញា​អ្វី​ទេ។ ទោះ​ជា​យ៉ាង​ណា​អ្នក​ប៉ះ​ពាល់ ទាំង​អស់​នេះ យើង​នឹង​បន្ត​តាម​ដាន​សុខភាព​របស់​គាត់​ជា​រៀងរាល់​ថ្ងៃ។ សំណូមពរ​ដល់​អ្នក​នាំ​ភ្ញៀវ និង​កន្លែង​គាត់​ស្នាក់​នៅ បើ​ឃើញ​គាត់​មាន​ករណី​សង្ស័យ សូម​ជួយ​រាយ​ការណ៍ 115 »

ជំងឺ​រលាក​សួត​ដែល​បង្ក​ដោយ​វីរុស​កូរូណា​ថ្មី​នេះ បាន​ផ្ទុះឡើង​នៅ​ទីក្រុង​វ៉ូហាន ​ខេត្ត​ហ៊ូបេ (Hubei) ប្រទេស​ចិន ចាប់​តាំង​ពី​ដើម​ខែ​មករា។ គិត​ត្រឹម​ថ្ងៃ​ទី២៨ ខែ​មករា វីរុស​ថ្មី​នេះ បាន​សម្លាប់​មនុស្ស ១០៦នាក់ និង​បាន​ឆ្លង​ដល់​មនុស្ស​ជិត ៥ពាន់​នាក់។ ករណី​វីរុស​ថ្មី​នេះ កំពុង​រីក​រាលដាល​ដល់​ប្រទេស​ជា​ច្រើន​ក្នុង​ពិភព​លោក​ដោយ​សារ​តែ​ជន​ជាតិ​ចិន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ទាំង​នោះ ​រួមមាន កោះ​តៃវ៉ាន់ ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន នេប៉ាល់ កូរ៉េខាងត្បូង បារាំង អូស្ត្រាលី កាណាដា អារ៉ាប់ប៊ីសាអូឌីត និង​សហរដ្ឋអាមេរិក។

អ្នក​សម្រប​សម្រួល​សមាគម អាដហុក (Adhoc) ខេត្ត​ព្រះ​សីហនុ អ្នក​ស្រី​ ជាប​ សុធារី ស្នើសុំ​ឲ្យ

រដ្ឋាភិបាល​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នូវ​គ្រោះថ្នាក់​នៃ​មេរោគ​ថ្មី​នេះ និង​របៀប​ការពារ ជា​ពិសេស ត្រូវ​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព។ អ្នកស្រី​បារម្ភ​ថា ប្រជាពលរដ្ឋ​ខេត្ត​ព្រះ​សីហនុ អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​ថ្មី​នេះ ព្រោះ​មាន​ជន​ជាតិ​ចិន​ច្រើន​បាន​​វិល​ត្រឡប់​​ពី​ប្រទេស​ចិន មក​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ ​​បន្ទាប់​ពី​ពួក​គេ​បាន​ទៅ​លេង​គ្រួសារ​​ក្នុង​ពេល​ចូល​ឆ្នាំ​ចិន៕

(យន្តហោះ​កំពុង​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃ​ទី២៨ ខែ​មករា ឆ្នាំ២០២០)


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។