ពលរដ្ឋទាមទារឲ្យរបបភ្នំពេញសង់រូប​សំណាក​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​បង្ហាញ​ពី​ការ​ដឹង​គុណ

ស្ងួន អមរា
2018-09-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបគំនូរបង្ហាញពីសកម្មភាពលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) ពិនិត្យជំងឺកុមារ ដែលគេបង្ហោះចែកចាយលើបណ្ដាញសង្គម កាលពីពេលកន្លងទៅ។
រូបគំនូរបង្ហាញពីសកម្មភាពលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) ពិនិត្យជំងឺកុមារ ដែលគេបង្ហោះចែកចាយលើបណ្ដាញសង្គម កាលពីពេលកន្លងទៅ។
Photo Screenshot

ប្រជា​ពលរដ្ឋ​ខ្មែរ មាន​បំណង​ប្រាថ្នា​ចង់អោយ​របប​ក្រុងភ្នំពេញ​ជួយ​សាងសង់​រូបសំណាក​ស្ថាបនិក​មន្ទីរពេទ្យ​​គន្ធបុប្ផា ដើម្បី​​បង្ហាញ​ពី​​ការ​ដឹង​គុណ​​ចំពោះ​​លោក​​ដែល​​បាន​​លះ​បង់​​ខ្ពស់​ជួយ​ដល់​កុមារ និង​ស្ត្រី​កម្ពុជា​​រាប់សិប​​ឆ្នាំ​​មក​ហើយ​។ រីឯ​រដ្ឋាភិបាល មិន​​ទាន់​​​ឆ្លើយ​​តប​អំពី​​បំណង​​​សាង​សង់​​​រូប​សំណាក​​​នេះ​​នៅ​​ឡើយ​​​ទេ​។​

​ក្រៅពី​​បង្ហាញ​​អារម្មណ៍​​រំជួលចិត្ត​​សោកស្តាយ​ក្រៃលែង​ចំពោះ​លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឆ្នឺ​រ (Dr. Beat Richner) ដែល​​ទើប​​ទទួល​មរណភាព​​នៅ​​ប្រទេស​​កំណើត គឺ​ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី៩ ខែកញ្ញា​ ប្រជាពលរដ្ឋ​ខ្មែរ ក៏​ចង់​​ឲ្យ​​របប​​ក្រុង​ភ្នំពេញ គិតគូរ​​សាងសង់​​រូប​សំណាក​​របស់​លោក តម្កល់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​​ទុក​​ឲ្យ​​ពលរដ្ឋ​​ខ្មែរ​​ចងចាំ និង​​គោរព​​ដឹង​គុណ​ចំពោះ​ការ​លះបង់​​ដ៏​​ធំធេង​​របស់​លោក​។​

ប្រជា​ពលរដ្ឋ​ខ្មែរ​​មួយរូប លើកឡើងថា រដ្ឋាភិបាល គួរតែ​ជា​អ្នក​ចាប់ផ្តើម​ចេញមុខ​សាងសង់​រូបសំណាក​​ស្ថាបនិក​​មន្ទីរពេទ្យ​​គន្ធបុប្ផា ដើម្បី​​បង្ហាញ​ថា ជាតិ​ខ្មែរ​​ទាំង​មូល មិន​ភ្លេច​នូវ​ទង្វើ​ល្អ និង​​ការ​លះបង់​​គ្រប់បែបយ៉ាង​របស់លោក ក្នុងការ​​ជួយ​សង្គ្រោះ​ជីវិត​កុមារ និង​ស្ត្រី​កម្ពុជា​នោះទេ​៖​ «»

ស្ត្រី​ម្នាក់ទៀត ដែល​កំពុងតែ​បីកូន​តូច​ជាប់ដៃ ខណៈ​​នាំ​កូន​​មក​​ទទួល​​សេវា​​ព្យាបាល​​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា​នោះ រៀបរាប់ថា លោកស្រី បាន​ដឹង​ថា លោក​​វេជ្ជបណ្ឌិត បេ​អាត រិច​ឆ្នឺ​រ  កាល​នៅរស់​បាន​ដើរ​រក​ជំនួយ​គ្រប់ទិសទី​សម្រាប់​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ អោយ​ដំណើរការ​​រហូតមកដល់​ស​ព្វ​ថ្ងៃ​។ លោកស្រី មានប្រសាសន៍​ទាំង​អួលដើមក​ថា លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឆ្នឺរ គឺ​ជា​​គ្រួ​ពេទ្យ​​ទេវតា​​ដែល​មាន​គុណបំណាច់​ធំធេង​ សម្រាប់​គ្រួសារ​លោកស្រី និង​ប្រជាពលរដ្ឋ​ខ្មែរ​​រាប់​លាន​​នាក់​ផ្សេង​ទៀត ដូច្នេះ​​រដ្ឋាភិបាល គួរ​តែ​ជួយ​សាងសង់​រូបសំណាក​របស់គាត់ ដើម្បី​ឲ្យ​កូន​ខ្មែរ​ចងចាំ និង​​យក​​គំរូ​​តាម​។

រីឯ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទ​រ័ត្ន មានប្រសាសន៍ថា រដ្ឋាភិបាល​គួរតែ​ធ្វើ​រូបសំណាក​​របស់​​លោក​​វេ​ជ្ជ​បណ្ឌិត បេ​អាត រិច​ឆ្នឺ​រ ដើម្បី​​ដាក់​​តម្កល់​​នៅ​តាម​មន្ទីរពេទ្យ​ទាំងឡាយ ដែល​មាន​មូលនិធិ​គន្ធបុប្ផា ព្រោះ​​ស្ទើរ​​ពេញ​មួយ​ជីវិត​​របស់​លោក​​បាន​លះបង់​ដើម្បី​ជួយ​សង្គ្រោះ​ជីវិតកុមារ​កម្ពុជា ​រាប់លាន​នាក់ ដោយ​​សមានចិត្ត សប្បុរស​បំផុត​នេះ  គឺ​ជា​​ការ​​តប​ស្នង​សង​គុណ​​ដល់​​រូប​​លោក និង​ទុក​ជា​ភស្ដុតាង​​ដល់​​ក្មេង​ជំនាន់ក្រោយ​​បាន​ដឹង​អំពី​ការលះបង់​របស់​គាត់​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ អំពី​បំណង​របស់​​រដ្ឋាភិបាល​​ក្នុង​​ការ​​​សាងសង់​​​រូប​សំណាក​​លោក បេ​អាត រិច​ឆ្នឺ​រ ហើយ​រដ្ឋាភិបាល ក៏​មិនទាន់​ទទួលបាន​ការស្នើសុំ​សាងសង់​រូបសំណាក់​នេះ​ពី​ក្រុម​ណាមួយ​នៅឡើយ​ដែរ​។ លោក​បន្តថា ប្រសិនបើ មាន​ក្រុម​ណា​ចង់​សាងសង់​រូបសំណាក​​លោក បេ​អាត រិច​ឆ្នឺ​រ គឺ​​ត្រូវ​សុំ​​ការ​អនុញ្ញាត​​ពី​​ខាង​​អាជ្ញាធរ​​ជាមុនសិន​។​ «»

ចំពោះ​ការលើកឡើង​របស់លោក ​ផៃ ស៊ី​ផាន​ នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ចាត់ទុកថា ជា​ការ​ខ្វះ​គុណធម៌ និង​​ខ្វះ​ឆន្ទៈ ក្នុង​​ការ​​​សាងសង់​​រូប​សំណាក​​​របស់​​វី​រ​បុរស​​បេះដូង​​មនុស្សធម៌​ដែល​បាន​ជួយ​​កម្ពុជា យ៉ាងច្រើន​បំផុត​លើ​ផ្នែក​វិស័យ​សុខាភិបាល​។ «»

ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឆ្នឺ​រ បានទទួល​មរណភាព​ក្នុង​ជន្មាយុ​៧១ឆ្នាំ នៅ​ម៉ោងជាង ២​ព្រឹក ថ្ងៃ​ទី​៩ ខែ​កញ្ញា នៅ​​ប្រទេស​​​ស្វី​ស បន្ទាប់​ពី​​បាន​​ធ្លាក់​ខ្លួន​ឈឺ​រយៈពេល​​ជា​​យូរ​​មក​។​

តំណាង​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​សាស្ត្រា​វេជ្ជបណ្ឌិត គី ស​ន្ទី  បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា មន្ទីរពេទ្យ​​គន្ធបុប្ផា ពិត​​ចង់​​ឲ្យ​​មាន​​រូប​សំណាក់​លោក​​វេជ្ជបណ្ឌិត បេ​អាត រិច​ឆ្នឺ​រ នេះដែរ ប៉ុន្តែ ​រងចាំ​ជជែក​​គ្នា​​បន្ថែម​ទៀត នៅ​ក្រោយ​​ពិធី​បុណ្យ​៧​ថ្ងៃ​រួចរាល់​​សិន​។​ «»

​មន្ទីរពេទ្យ​គន្ធបុប្ផា​​នៅ​ភ្នំពេញ និង​​នៅ​​ខេត្តសៀមរាប បា​ន​​បើក​​ឲ្យ​សារ​ធា​រណ​ជន ចូល​​គោរព​វិញ្ញាណ​ក្ខ​ន្ធ រយៈពេល ៥​ថ្ងៃ ចាប់​ពី​​ថ្ងៃ​ទី​១០ ដល់​​ថ្ងៃ​ទី​១៥ ខែ​​កញ្ញា​។ មន្ទីរពេទ្យ​គន្ធបុប្ផា​ក៏​គ្រោង​​នឹង​​រៀបចំ ពិធីបុណ្យ​ ៧​ថ្ងៃ​ដែរ ​ដើម្បី​ឧទ្ទិស​​កុសល​ផល​បុណ្យ​​ជូន​​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ប្រជាពលរដ្ឋ​ខ្មែរ អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រីរាជការ បាន​ចូលរួម​ដាក់​​កម្រង​ផ្កា និង​​គោរព​​​វិញ្ញាណក្ខន្ធ​​​ក្នុង​​​មន្ទីរពេទ្យ គន្ធបុប្ផា​​ជា​​បន្តបន្ទាប់ ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​សោកស្តាយ និង​ការ​គោរព​​​ដឹង​គុណ​។​

ប្រជាពលរដ្ឋ​ខ្មែរ​បាន​ប្រសិទ្ធិ​នាម​ជូន​លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឆ្នឺ​រ ស្ថាបនិក​មូល​និ​ធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ថា ជា​​គ្រួ​ពេទ្យ​​ទេវតា ជា​​វីរ​បុរស​​បេះដូង​​មនុស្ស​ធម៌ ដែល​​បាន​​ពលី​​កម្លាំង​កាយ​​ចិត្ត និង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ផង ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​​កុមារ ​និង​ស្ត្រី​កម្ពុជា​រាប់លាន​នាក់​ក្នុង​រយៈពេល​ជាង​ ២៥​ឆ្នាំ​មកនេះ៕​

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល