សាលាក្រុងភ្នំពេញ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញឬ ដូសទី៣ ជូនបុគ្គលិក កម្មករ ដែលកំពុងបម្រើការងារដឹកជញ្ជូនទំនិញ ម្ហូបអាហារ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចាប់ពីថ្ងៃទី១៨ ខែកញ្ញាតទៅ។
សេចក្តីប្រកាសរបស់អភិបាលក្រុងរាជធានីភ្នំពេញលោក ឃួង ស្រេង កាលពីថ្ងៃទី១៧ ខែកញ្ញា ឲ្យដឹងថា មុនមកទទួលការចាក់វ៉ាក់សាំងដូសទី៣នេះ បុគ្គលិកឬកម្មករទាំងនោះ ត្រូវនាំយកមកជាមួយប័ណ្ណចាក់វ៉ាក់សាំងពីមុន ប័ណ្ណសំគាល់ខ្លួនបុគ្គលិក កម្មករ ឬលិខិតផ្សេងៗ បញ្ជាក់ការប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាដើម។
បន្ថែមពីនេះម្ចាស់ក្រុមហ៊ុនឬសហគ្រាសក្នុងផ្នែកដឹកជញ្ជូនទំនិញ ម្ហូបអាហារ និងផ្នែកពាក់ព័ន្ធ ត្រូវលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួល ដើម្បីអាចអោយពួកគេ មកទទួលការចាក់វ៉ាក់សាំងដូសទី៣ តាមកាលកំណត់។
ពាក់ព័ន្ធនឹងចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ វិញ បានកើនឡើងដល់ ២.០៨៩នាក់ហើយ បន្ទាប់ពីករណីអ្នកស្លាប់បន្ថែមចំនួន ១១នាក់ទៀត កាលពីថ្ងៃទី១៧ ខែកញ្ញា។
រហូតមកដល់ពេលនេះកម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ១សែននាក់ (១០២.៨៣៤) ក្នុងនោះអ្នកជាសះស្បើយមាន ៩៦.២៧៥នាក់។
ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា រដ្ឋាភិបាលចាក់វ៉ាក់សាំងជូនពលរដ្ឋបាន ៩លាន ៨សែននាក់ ក្នុងចំណោមអ្នកដែលត្រូវចាក់សរុប ១០លាននាក់។ ចំណែកកុមារ និងយុវជនដែលមានអាយុពី១២ឆ្នាំ ដល់១៧ឆ្នាំវិញ ក្រសួងប្រកាសថា ចាក់វ៉ាក់សាំងបានជាង ១លាន ៧សែននាក់ ក្នុងចំណោមអ្នកដែលត្រូវចាក់សរុបជិត ២លាននាក់។
រដ្ឋាភិបាលក៏បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី ៦ឆ្នាំដល់ ១១ឆ្នាំ ចាប់ពីថ្ងៃទី១៧ ខែកញ្ញា តទៅ សម្រាប់រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និងខេត្តកោះកុង ស្របពេលខេត្តទាំង២១ ផ្សេងទៀត ត្រូវចាប់ផ្តើមពីថ្ងៃសៅរ៍ ទី១៨ ខែកញ្ញានេះដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីប្រកាសបើកយុទ្ធនាការ បានណែនាំដល់គណៈកម្មការចាក់វ៉ាក់សាំងឱ្យសិក្សាពីការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី ៣ឆ្នាំ ដល់៥ ឆ្នាំ ដែលមានចំនួនប្រមាណ ៩ សែននាក់បន្ថែមទៀត ពីព្រោះពួកគេត្រូវចូលរៀនថ្នាក់មត្តេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។