អ្នកជំនាញសុខាភិបាលថា វិធីដាក់ឱ្យអ្នកជំងឺព្យាបាលនៅផ្ទះ គឺជារឿងល្អ ដែលអាចទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ១៩ ទៅអ្នកដទៃក្រោយពីកម្ពុជាបានឈានដល់បន្ទាត់ក្រហមនៃការឆ្លងជំងឺនេះនៅក្នុងសហគមន៍។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាលោក អ៊ូច វុទ្ធី មានប្រសាសន៍ថា បណ្ដាប្រទេសជាច្រើននៅពេលដែលពលរដ្ឋបានធ្វើតេស្តរហ័សរកឃើញថា មានជំងឺកូវីដ១៩ ក៏តម្រូវឱ្យព្យាបាលដោយខ្លួនឯងនៅផ្ទះដែរ។
លោកបញ្ជាក់ថា វិធីដាក់ឱ្យអ្នកជំងឺកូវីដ១៩ សម្រាកព្យាបាលនៅក្នុងផ្ទះដោយខ្លួនឯង គឺជារឿងល្អ ដែលអាចកាត់បន្ថយការចំណាយច្រើន និងទទួលបានអាហារ ហូបចុកគ្រប់គ្រាន់ ដោយសារមានក្រុមគ្រួសារជួយមើលថែទាំ។ លោកបន្តថា មួយរយៈកន្លងមកអ្នកជំងឺដែលធ្វើតេស្ត រកឃើញថា មានជំងឺកូវីដ ១៩ ត្រូវរង់ចាំចូលសម្រាកព្យាបាលនៅក្រោមដើមឈើ ក្បែរមន្ទីរពេទ្យ ដែលអាចឱ្យពួកគេ ប្រឈមនឹងជំងឺផ្សេងៗ ដូចជាជំងឺផ្ដាសាយ នៅពេលត្រូវទឹកសន្សើមជាដើម៖ «ប្រសិទ្ធភាពនៅផ្ទះវាល្អប្រសើរជាងនៅមន្ទីរពេទ្យ ពីព្រោះនៅមន្ទីរពេទ្យ វាវិលវក់ អត់មានគ្រែដេកទៀត ហើយចំណាយថវិកាជាតិច្រើន។ ប៉ុន្តែនៅផ្ទះហ្នឹងគួរណាតែចំណាយដូចនៅមន្ទីរពេទ្យដែរ ដើម្បីជួយដល់ប្រជាពលរដ្ឋយើងនេះជារឿងមួយល្អពីព្រោះខ្ញុំតែងតែនិយាយហើយថា កូវីដ ដំបូងមិនអាចយកគាត់ទៅប្រមូលផ្តុំបានទេ ហើយក៏រដ្ឋអត់មានគ្រូពេទ្យណាដេកចាំអ្នកជំងឺ២៤ ទៅ៤៨ ម៉ោងដែរ»។
អភិបាលក្រុងភ្នំពេញលោក ឃួង ស្រេង កាលពីថ្ងៃទី៥ ខែកក្កដា បានប្រាប់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ថា មកដល់ពេលនេះមានអ្នកជំងឺប្រមាណជិត ៦០០ នាក់ កំពុងសម្រាកព្យាបាលនៅក្នុងផ្ទះ នៅទីតាំងភូមិសាស្ត្រក្រុងភ្នំពេញ។
លោកបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅតាមផ្ទះនោះ មានអ្នកជំងឺដែលមិនទាន់ចាក់វ៉ាក់សាំង និងអ្នកដែលចាក់វ៉ាក់សាំងរួច តែនៅតែមានវិជ្ជមានជំងឺកូវីដ ១៩។
ក្រសួងសុខាភិបាលកាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២១ បានដាក់ចេញ នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ តាមផ្ទះស្របពេលដែលចំនួនពលរដ្ឋស្លាប់ និងអ្នកឆ្លងថ្មី បានកើនឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។