ពលរដ្ឋខេត្តព្រះសីហនុនៅតំបន់បិទខ្ទប់មួយចំនួនកំពុងជួបបញ្ហាខ្វះស្បៀងអាហារ។ មន្រ្តីសង្គមស៊ីវិលជំរុញទៅអាជ្ញាធរខេត្ត និងអ្នកពាក់ព័ន្ធជួយអន្តរាគមន៍បញ្ហានេះឱ្យទាន់ពេលព្រោះពលរដ្ឋដែលជួបបញ្ហាភាគច្រើនជាអ្នកទីទ័លក្របាត់បង់មុខរបរអស់ហើយក្នុងពេលផ្ទុះជំងឺកូវីដនេះ។
ពលរដ្ឋខេត្តព្រះសីហនុ ដែលជួបបញ្ហាខ្វះខាតស្បៀងទាំងនោះ ភាគច្រើនជាកម្មករសំណង់ កម្មកររោងចក្រដែលរកព្រឹកខ្វះល្ងាច។ អ្នកទីទ័លក្រទាំងនោះ អ្នកខ្លះសល់អង្ករតិចតួច អ្នកខ្លះទៀត ក៏អស់មី អង្ករ ត្រីខ និងកំពុងមានជំងឺជាប់ខ្លួនថែមទៀតផង។
ពលរដ្ឋរស់នៅតំបន់បិទខ្ទប់ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ លោកស្រី ចាន់ សារ៉ន ដែលទើបសម្រាលកូនកាលពីពេលថ្មីៗ ឱ្យដឹងទៀតថា លោកស្រីមានសមាជិកទាំងអស់ ១០នាក់ ចំណែកប្ដីជាកម្មករសំណង់។ លោកស្រីបន្តថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ មកប្ដី និងកូនលោកស្រីមិនអាចទៅធ្វើការងាររកប្រាក់ចំណូលបានទេ។ លោករៀបរាប់ថា ពេលនេះលោកស្រីសល់លុយបន្តិចបន្ដូច ដើម្បីទិញទឹកដោះគោឱ្យកូន ចំណែកអង្ករសម្រាប់ដាំបាយប្តីលោកស្រីដើរខ្ចីអ្នកជិតខាងហើយដើម្បីបានម្ហូបប្ដី និងកូនៗ លោកស្រីដើររើសខ្យងនៅជិតៗ ផ្ទះ ដើម្បីធ្វើម្ហូប៖ «ត្រីខ ត្រីអី ខ្ញុំអត់មានផងពូ ខ្ញុំឆ្លងទៅបឹងក្រោយដាក់មងបានត្រីមួយពីរ ពីរបី ខ្ញុំមិនដឹងធ្វើម៉េចដែរ ? ចេះតែខ្ចីគេខាងៗ មានចាយតិចតួច»។
លោកស្រីឱ្យដឹងទៀតថា នៅតំបន់លោកស្រីរស់នៅត្រូវអាជ្ញាធរបិទខ្ទប់កាលពីថ្ងៃទី២៣ ខែមេសា ប៉ុន្តែរហូតមកដល់ពេលនេះលោកស្រីក៏មិនដែលទទួលបានជំនួយឬស្បៀងអាហារពីអាជ្ញាធរនៅឡើយទេ។ លោកស្រីបន្តថា ក្រោយសម្រាលកូនរួចហើយលោកស្រីមានជំងឺប៉ុន្តែលោកស្រីគ្មានលុយទិញថ្នាំព្យាបាលទេ៖ «ខ្ញុំសម្រាលកូនចំពេលគេបិទផ្សារបិទអស់រលីងពូ ខ្ញុំនៅផ្ទះឥឡូវកូនង៉ែតផង ខ្វះខាតៗ ហើយមិនដឹងទៅផ្លូវណាផង»។
ចំណែកពលរដ្ឋម្នាក់ទៀត លោក តេង សុខា ដែលកំពុងរស់នៅតំបន់បិទខ្ទប់នេះដែរប្រាប់ថា លោកកំពុងមានជំងឺកូវីដ ហើយគ្រូពេទ្យឱ្យលោកព្យាបាលនៅផ្ទះដោយខ្លួនឯង។ លោកឱ្យដឹងថា ក្នុងអំឡុងពេលព្យាបាលនេះត្រីខ និងមីអស់ហើយនៅសល់តែអង្ករ ទឹកត្រី និងទឹកស៊ីអ៊ីវប៉ុណ្ណោះ។ លោកថា ពេលនេះលោកគ្មានលទ្ធភាពទិញត្រី សាច់ បន្លែ ឬផ្លែឈើនោះទេ ព្រោះរបស់ទាំងនោះមានតម្លៃថ្លៃ ប៉ុន្តែលោក និងប្រពន្ធសល់លុយ ១០ម៉ឺនរៀលទុកទិញម្សៅទឹកដោះគោឱ្យកូនប៉ុណ្ណោះ។ លោកស្នើទៅអាជ្ញាធរខេត្ត ឬអ្នកពាក់ព័ន្ធជួយផ្ដល់ស្បៀងដល់គ្រួសារលោកផង៖ «ខ្ញុំក្រសួងឱ្យនៅដាច់ឡែក ១៤ថ្ងៃលោកគ្រូ ១៤ថ្ងៃ ក្រោយទៀតបានយើងធ្វើសំណាកម្ដងទៀតបានក្រសួងគេចេញក្រដាសបញ្ជាក់ថា យើងបានជាដាច់ស្រឡះអ៊ីចឹងលោកគ្រូ។ គ្មានអីហូបចុកអ៊ីចឹងពិបាកដែរលោកគ្រូ ខ្ញុំគ្រាន់តែថា ខាងរដ្ឋាភិបាលអាចផ្ដល់ជាអ្វី ក៏បានឱ្យតែយើងហូបចុកត្រឹមផុតកូវីដ»។
អាជ្ញាធរខេត្តព្រះសីហនុសម្រេចបិទភូមិចំនួន៥ ក្នុងភូមិសាស្ត្រ ភូមិសង្កាត់លេខ៥ ក្រុងព្រះសីហនុដើម្បីបង្ការការរីករាលនៃជំងឺកូវីដ១៩។ របាយការណ៍អាជ្ញាធរខេត្តព្រះសីហនុឱ្យដឹងថា ត្រឹមល្ងាចទី២៩ ខែមេសារកឃើញអ្នកឆ្លងថ្មីកើនដល់ ១.៦៤០នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយជិត ៧០០នាក់។
អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី សង្កេតឃើញថា ពលរដ្ឋដែលជួបបបញ្ហាខ្វះស្បៀងជាពលរដ្ឋប្រកបរបរតិចតួច និងអ្នកធ្វើការងារសំណង់ ឬកម្មកររោងចក្រជាដើម។ អ្នកស្រីបន្តថា ក្នុងតំបន់បិទខ្ទប់ទាំង ៥ភូមិ ក៏ឃើញមានពលរដ្ឋខ្លះទទួលបានការឧបត្ថម្ភជាស្បៀងអាហារដល់ពលរដ្ឋដែរ។ មន្រ្តីសង្គមស៊ីវិលរូបនេះ ជំរុញទៅអាជ្ញាធរ ឬអ្នកពាក់ព័ន្ធពន្លឿនការចែកស្បៀងនេះឱ្យពលរដ្ឋបានទាន់ពេល៖ «អ្នកដែលកាន់ទទួលបន្ទុកផ្នែកស្រង់ស្ថិតិគួរតែប្រញាប់ក្នុងការផ្ដល់ជូន ព្រោះអីគិតមើលថ្ងៃត្រូវបានប្រកាសថា ជាតំបន់ក្រហមតាំងពីថ្ងៃទី២៣ មក រហូតមកដល់ថ្ងៃនេះថ្ងៃទី២៩ ហើយ។ អ៊ីចឹងពួកគាត់អ្នកខ្លះប្រាកដជាដាច់បាយដោយសារពួកគាត់អត់បានចេញទៅរកអីទេ ព្រោះអីជីវភាពពួកគាត់គឺ រកមួយថ្ងៃហូបមួយថ្ងៃ»។

ពាក់ព័ន្ធនឹងការខ្វះម្ហូបអាហារនេះដែរ អ្នកជំនាញផ្នែកថ្នាំពេទ្យនៅប្រទេសអូស្ត្រាលី លោកឱសថការី លឹម សួរ ឱ្យដឹងថា ការបរិភោគអាហារគ្រប់ មានជីវជាតិ និងវីតាមីន គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកកំពុងព្យាបាលជំងឺកូវីដ១៩។ លោកថា រដ្ឋាភិបាលអាជ្ញាធរខេត្ត និងពាក់ព័ន្ធគួរផ្ដល់ការហូបចុកឱ្យពលរដ្ឋបានគ្រប់គ្រាន់ និងជួយការព្យាបាលជំងឺនេះឆាប់ជាសះស្បើយ៖ «ម៉្លោះហើយរដ្ឋាភិបាលត្រូវមានគ្រប់គ្រាន់សព្វថ្ងៃនេះ បើរដ្ឋាភិបាលមានមិនគ្រប់គ្រាន់ទេរដ្ឋាភិបាលត្រូវតែសុំជំនួយប្រទេសគេ ដើម្បីយកមកជួយប្រជាជនយើងឱ្យទាន់ពេលវេលា។ នេះយោបល់ខ្ញុំទេណា»។
ជុំវិញបញ្ហាពលរដ្ឋខេត្តព្រះសីហនុនៅតំបន់បិទខ្ទប់មួយចំនួនកំពុងជួបបញ្ហាខ្វះស្បៀងអាហារនេះ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ឱ្យដឹងថា អាជ្ញាធរខេត្ត និងអ្នកពាក់ព័ន្ធមានស្បៀងអាហារគ្រប់គ្រាន់សម្រាប់ចែកជួនឱ្យពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់។ លោកបន្តថា អាជ្ញាធរបានត្រៀមចែកស្បៀងអាហារឱ្យពលរដ្ឋជាង ១២ . ០០០គ្រួសារ (មួយម៉ឺនពីរពាន់) ទាំងក្នុងតំបន់ក្រហមនិងតំបន់បិទខ្ទប់។ ទោះយ៉ាងណាលោកទទួលស្គាល់ថា នៅកន្លែងខ្លះអាជ្ញាធរមិនទាន់បានចូលទៅផ្ដល់ស្បៀងនៅឡើយ ប៉ុន្តែលោកស្នើទៅពលរដ្ឋ ដែលជួបបញ្ហាខ្វះស្បៀងអាចទាក់ទងទៅអាជ្ញាធរមូលដ្ឋាន និងប្រព័ន្ធទាក់ទងសង្គមមកសាលាខេត្ត ក៏បានដើម្បីអាជ្ញាធរយកស្បៀងទៅផ្ដល់ជូន៖ «យើងនឹងចាត់ចែងបញ្ជូនទៅភ្លាមៗ គឺមិនឱ្យបងប្អូនយើងណាម្នាក់ប្រឈមនឹងការដាច់ស្បៀងទេ»។
លោក ឃាង ភារម្យ ប្រាប់ថា ពេលនេះអាជ្ញាធរមិនមានតួលេខរួមនៃចំនួនពលរដ្ឋក្នុងតំបន់បិទខ្ទប់ទាំង ៥ភូមិនៅឡើយទេ ព្រោះពេលនេះអាជ្ញាធរកំពុងប្រមូលព័ត៌មាន និងតួលេខ។
មកទល់ពេលនេះចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍បានកើនឡើងដល់ជាង ១ម៉ឺន ២ពាន់នាក់នៃព្រឹត្តិការណ៍ឆ្លងសហគមន៍លើកទី៣ កាលពីខែកុម្ភៈ។ តំបន់ដែលប្រឈមខ្លាំង និងត្រូវបានរដ្ឋាភិបាលសម្រេចបិទខ្ទប់គឺរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងខេត្តព្រះសីហនុ។ ដំណាលគ្នានៃការអនុវត្តន៍វិធានការដ៏តឹងតែងនេះពលរដ្ឋជាច្រើនកំពុងជួបប្រទះបញ្ហាខ្វះស្បៀងអាហារ។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ កាលពីថ្មីៗ នេះ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេសកាកបាទក្រហមអន្តរជាតិ (ICRC) និងកម្មវិធីចំណីអាហារពិភពលោក (WFP) ផ្តល់ជំនួយបន្ទាន់ជាស្បៀងអាហារជូនដល់ប្រជាពលរដ្ឋខ្មែរនៅទីក្រុងភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ។
លោក សម រង្ស៊ី ថា ការបិទខ្ទប់ទីក្រុងទាំង ៣នេះ មានសភាពតឹងរឹងជ្រុលហួសជាហេតុនាំមកនូវទុក្ខលំបាករហូតដល់មានទុរ្ភិក្ស ឬធ្វើឱ្យអត់ឃ្លានដោយខ្វះអាហារហូបចុកសម្រាប់ប្រជាពលរដ្ឋរងគ្រោះ។ ក្រៅពីនេះ ក៏មានអ្នកឃ្លាំមើលសង្គមរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ដែរថា មានផែនការមិនច្បាស់លាស់ និងមិនបានគិតគូរពីតម្រូវការមូលដ្ឋានចាំបាច់របស់ពលរដ្ឋក្នុងពេលបិទខ្ទប់នៅតំបន់ដែលផ្ទុះជំងឺកូវីដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។