ឪពុក​សព​យុវតី​ដែល​ស្លាប់​​ដោយ​​ជំងឺ​កូវីដ​-​១៩​ មិន​ទាន់​​វិល​ទៅ​ស្រុក​​វិញ​ ព្រោះ​នៅរង់​ចាំ​​រក​ធាតុ​កូន​នៅ​ភ្នំពេញ​​

ដោយ មួង ណារ៉េត
2021-05-26
Share
ឪពុក​សព​យុវតី​ដែល​ស្លាប់​​ដោយ​​ជំងឺ​កូវីដ​-​១៩​ មិន​ទាន់​​វិល​ទៅ​ស្រុក​​វិញ​ ព្រោះ​នៅរង់​ចាំ​​រក​ធាតុ​កូន​នៅ​ភ្នំពេញ​​ កញ្ញា​ ភិន​ សុដាលីន​ អាយុ ១៧​ ឆ្នាំ​ ដែលសន្និដ្ឋានថាស្លាប់ដោយសារជំងឺកូវីដ១៩ បន្ទាប់ពីបាត់ដំណឹងអស់រយៈពេលជិត១ខែ។
រូប៖ គេ​ផ្ដល់​ឱ្យ

លោក​ ភិន​ ទិត្យ​ ដែល​ជា​ឳពុក​យុវតី​វ័យ​ ១៧​ ឆ្នាំ​ កញ្ញា​ ភិន​ សុដាលីន​ នៅតែ​មិន​អស់​ចិត្ត​នឹង​​ការស្លាប់​របស់​កូន​ស្រី​របស់​លោក​ ព្រោះ​លោក​ដើរ​រក​គ្រប់​ច្រក​ល្ហក​ តែ​បាត់​ដំណឹង​កូន​ឈឹង​ រហូត​ជិត​មួយ​ខែ​ គឺ​​ទាល់​តែ​លោក​ពឹង​គេ​​ឲ្យ​ជួយ​​ផ្សាយ​រក​កូន​តាម​បណ្ដាញ​​សង្គម​ហ្វេស​ប៊ុក​​ ទើប​បាន​​ដឹង​ដំណឹង​​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​ឧសភា​ ថា​កូន​នោះ​ ស្លាប់​ដោយសារ​ជំងឺ​កូវីដ​-​១៩​ តាំង​ពី​ចុង​ខែ​​មេសា​ មក​ម្ល៉េះ​​ ហើយ​សាក​សព​ត្រូវ​គេ​បូ​ជា​តាំងពី​ពេល​នោះ​មក​​។​

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ រហូត​​មក​ដល់​ថ្ងៃ​ទី​២៦​ ខែ​ឧសភា​នេះ​ ដែល​គម្រប់​មួយ​ខែ​នៃ​ការ​ស្លាប់​របស់​កូន​ស្រី​របស់​លោក​ លោក​នៅ​តែ​មិន​ទាន់​បាន​សេចក្តី​បញ្ជាក់​ជា​លាយ​លក្ខណ៍​អក្សរ​ពី​មន្រ្តី​សុខាភិបាល​ ថា​កូន​ស្រី​របស់​លោក​ពិត​ជា​ស្លាប់​មែន​នៅ​ឡើយ​។ លោក​ឆ្ងល់​ថា ​បើ​កូន​ស្រី​របស់​លោក​ស្លាប់​មែន​ ចុះ​ឯណា​មិន​ឃើញ​ធាតុ​របស់​សព​?​ លោក​ ភិន​ ទិត្យ​ នៅ​តែ​មាន​អារម្មណ៍​មិន​ស្ងប់​ វិល​វល់​ និង​​មិន​អស់​ចិត្ត​​ក្នុង​រឿង​នេះ​។​

លោក​ថា ​លោក​នឹង​​ទៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​ នៅ​ថ្ងៃ​ទី​២៦​ ខែ​ឧសភា​នេះ​​ម្តង​ទៀត​ ដើម្បី​ទៅសាក​សួរ​​អំពី​ដំណឹង​នេះ​។​

កញ្ញា​ ភិន​ សុដាលីន​ ជា​កូន​ច្បង​ ក្នុង​ចំណោម​កូន​ពីរ​នាក់​ ប្រុស​មួយ​ស្រី​មួយ​ ក្នុង​គ្រួសារ​លោក​ ភិន​ ទិត្យ​ ដែល​មាន​ទីលំនៅ​ នៅ​ភូមិ​កាទែ​ ឃុំ​លំជ័រ​ ស្រុក​អូរ​យ៉ាដាវ​ ខេត្ត​​រតនគិរី​​។​ កញ្ញា​​ជា​​សិស្ស​​​ថ្នាក់​​ទី​​​១០​​ នៅ​​វិទ្យាល័យ​​មួយ​​នៅ​​ក្នុង​​ខេត្ត​​​នេះ​​​។​ លោក​​ ភិន​​ ទិត្យ​​ ថា​​កញ្ញា​​ ភិន​​ សុដាលីន​​ ជា​សិស្ស​រៀន​ពូកែ​ក្នុង​ថ្នាក់​។​

ដំបូង​ឡើយ​ កញ្ញា​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ជំងឺ​តម្រង​នោម​ និង​​ទឹកនោម​ផ្អែម​ផង​ និង​​បាន​​សម្រាក​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​រតនគិរី​បាន​ពីរ​ថ្ងៃ​។​ ក្រោយ​ស្ថានភាព​នេះ​ ​មិន​ធូរ​ស្បើយ​ នៅ​ថ្ងៃ​ទី​២៦​ ខែ​មីនា​ លោក​ ភិន​​ ទិត្យ​ បាន​​សម្រេច​​បញ្ជូន​កញ្ញា​ទៅ​ព្យាបាល​នៅ​ភ្នំពេញ​។​

សម្រាក​ព្យាបាល​បាន​មួយ​ខែ​ ពោល​គឺ​នៅ​ថ្ងៃ​ទី​២៦​ ខែ​មេសា​ ស្រាប់​តែ​កញ្ញា​ឆ្លង​ជំងឺ​កូវីដ​-​១៩​ ពី​អ្នក​ជំងឺ​ក្នុង​មន្ទីរ​ពេទ្យ​ គឺ​ឆ្លង​​ក្នុង​ពេល​​កំពុង​​សម្រាក​ព្យាបាល​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា​ (​ឬ​​ពេទ្យ​យោធា​)​។​ ភ្លាម​នោះ​លោក​ ភិន​​ ទិត្យ​ ថា​​គេ​បាន​ដឹក​កូន​ស្រី​របស់​លោក​ ទៅ​ព្យាបាល​ជំងឺ​កូវីដ​នេះ​ នៅ​កន្លែង​ផ្សេង​មួយ​ទៀត​ ​គេ​ប្រាប់​លោក​ថា​ មជ្ឈមណ្ឌល​ អេអន​២​ (​Aeon​ 2​)​  ហើយ​រូប​លោក​ និង​ភរិយា​របស់​លោក​ ត្រូវ​គេ​ឲ្យ​ទៅ​ធ្វើ​ចត្តា​ឡី​ស័ក​​នៅ​ព្រែក​ព្នៅ​។ មុន​នឹង​គេ​ដឹក​​លោក​ទៅ​ព្រែក​ព្នៅ​ លោក​ ភិន​ ទិត្យ​ បាន​ឲ្យ​ទូរស័ព្ទ​ពីរ​ខ្សែ​ ទៅ​អ្នក​បញ្ជូន​កូន​ស្រី​លោក​នោះ​។​ ប៉ុន្តែ ​ដោយ​ភាន់​ភាំង​ និង​​វិល​វល់​ផង​ លោក​ថា​ លោក​មិន​បាន​សុំលេខ​ទូរស័ព្ទ​មន្រ្តី​ទាំង​នោះ​ទេ​។​ លោក​ ភិន​ ទិត្យ​​ ថា​ពេល​គេ​កំពុង​ដឹក​ទៅ​កន្លែង​ព្យាបាល​ជំងឺ​កូវីដ​-​១៩​ នោះ​​​ កញ្ញា​ ភិន​ សុដាលីន​ បារម្ភ​អំពី​រឿង​នេះ​ដែរ​៖ «កូន​ខ្ញុំ​ហ្នឹង​ គាត់​​និយាយ​ថា ​ប៉ា​យើង​ទៅណា​?ខ្ញុំ​ឆ្លើយ​ថា​ ​ប៉ា​នាំ​កូន​ទៅ​ព្យាបាល​​នៅ​កន្លែង​ថ្មី​។​ តាំង​ពី​ហ្នឹង​​មក​ ខ្ញុំ​ក៏​បាត់​ខ្សែរ​យៈ​បណ្តាញ​ហ្នឹង​ មិន​ដឹង​ទាក់​ទង​យ៉ាង​ម៉េច​​ ទើប​បាន​ជួប​កូន​។ ​ចេះ​តែ​បារម្ភ​!​​»។

លោក​ ភិន​ ទិត្យ​ និង​ភរិយា​បន្ត​ធ្វើ​ចត្តា​ឡី​ស័ក​រយៈពេល​ ១៤​ ថ្ងៃ​នៅ​ព្រែក​ព្នៅ​ ដោយ​បាត់​ដំណឹង​កូន​ឈឹង​។ ១៤​ ថ្ងៃ​ក្រោយ​មក​ គឺ​ក្រោយ​ផុត​ពី​ចត្តាឡីស័ក​ភ្លាម​ លោក​ធ្វើ​ដំណើរ​ទៅ​មជ្ឈមណ្ឌល​ អេអន​ (​Aeon​)​ នោះ​ភ្លាម​ ដើម្បី​​​ទៅ​​រក​​កូន​​។​ ថ្ងៃ​​​ដំបូង​​​​លោក​​មិន​​បាន​​ដំណឹង​​អ្វី​​ទាំង​​អស់​​។​​ ថ្ងៃ​​បន្ទាប់​​លោក​​ទៅ​​ម្តង​​ទៀត​​។​ លោក​ថា​បាន​មន្រ្តី​ប៉េអឹម​នៅ​ទីនោះ​ ជួយ​ស្រាវជ្រាវ​រក​ឈ្មោះ​កូន​របស់លោក​ ប៉ុន្តែ​គេ​ប្រាប់​ថា ​គ្មាន​ឈ្មោះ​កញ្ញា​ ភិន​ សុដាលីន​​ នៅ​ទីនោះ​ទេ​។​ លោក​បន្ត​ទៅ​សួររក​នៅ​កន្លែង​ផ្សេងៗ​ទៀត​។ ប៉ុន្តែ​ គេ​ប្រាប់​លោក​ថា ​អត់​មាន​ឈ្មោះ​នេះ​ទេ​។​ ទាល់​តម្រិះ​ លោក​ ភិន​ ទិត្យ​ ចេះ​តែ​ដើរ​គ្រប់​ច្រក​ល្ហក​ ដើម្បី​ផ្សង​ព្រេង​​រក​ដំណឹង​កូន​ «ខ្ញុំ​មិន​ដឹង​ទាក់​ទង​​ទៅណា ​មកណា​ ទាក់ទង​​បាន​រ​បៀប​​ម៉េច​ ​ដើម្បី​បាន​ជួប​កូន​ ចេះ​តែ​ដើរ​​ផ្សង​រក​ឯណេះ​រក​ឯណោះ​»។​

នៅ​ក្នុង​ទម្រង់​ស្នើ​សុំ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​-​១៩​ លើ​កញ្ញា​ ភិន​​ សុដាលីន​  ធ្វើ​​នៅ​​​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មា​លា​ មន្ទីរ​ពេទ្យ​នេះ​​បាន​កត់​លេខ​ទូរស័ព្ទ​លោក​ ភិន​ ទិត្យ​ និង​​កត់​ទីលំនៅ​របស់​លោក​ ភិន​ ទិត្យ​ ដោយ​​មាន​ទាំង​ភូមិ​ ឃុំ​ ស្រុក​ និង​​ខេត្ត​​ផង​។ ​ប៉ុន្តែ​លោក​ ភិន​ ទិត្យ​ ថា​លោក​គ្មាន​ដែល​​បាន​ទទួល​ដំណឹង​​ ឬ​​ទូរស័ព្ទ​ពី​មន្រ្តី​សុខាភិបាល​ ឬ​មន្រ្តី​ភូមិ​ឃុំ​​របស់​លោក​ អំពី​ស្ថានភាព​​របស់​កូន​ស្រី​​របស់​លោក​នោះ​ឡើយ​។​

ទើប​តែ​ថ្ងៃ​ទី​២២​ ខែ​ឧសភា​ ក្រោយ​​លោក​សម្រេច​ចិត្ត​​ឲ្យ​គេ​ជួយ​ផ្សាយ​រក​កូន​ តាម​​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ទើប​មាន​មន្រ្តី​សុខាភិបាល​ ដែល​លោក​មិន​ចាំ​​ឈ្មោះ​ បាន​ទូរស័ព្ទ​ប្រាប់​លោក​ថា​ កញ្ញា​ ភិន​ សុដាលីន​ ស្លាប់​ដោយសារ​​ជំងឺ​កូវីដ​-​១៩​ ជិត​មួយ​ខែ​ទៅ​ហើយ​។​ ដំណឹង​សោក​សៅ​ និង​​យឺត​ពេល​នេះ​ លោក​ ភិន​ ទិត្យ​ ថា​​លោក​មិន​អាច​ទទួល​យក​បាន​ ព្រោះ​លោក​ឆ្ងល់​ថា ​ហេតុអ្វី​បាន​ជា​កូន​ស្រី​រ​បស់​លោក​ស្លាប់​ជិត​មួយ​ខែ​ទៅ​ហើយ​ គ្មាន​នរណា​ទាក់​ទង​ ឬ​ផ្តល់​ដំណឹង​ឲ្យ​លោក​ និង​​ក្រុម​គ្រួសារ​បាន​ដឹង​ដូច្នេះ៖ «​ហេតុអ្វី​ក៏​ខាង​​ក្រសួង​​មិន​រាយការណ៍​មក​ខ្ញុំ​? គួរ​​មាន​​ផ្ញើ​ឯកសារ​បញ្ជូន​ត្រឹម​ត្រូវ​ ស្លាប់​ថ្ងៃ​ណា ​បូជា​ថ្ងៃ​ណា​ ដើម្បី​ឲ្យ​ដំណឹង​​ឲ្យ​បាន​​ច្បាស់​​»

ជុំវិញ​​រឿង​នេះ​ វេជ្ជ​បណ្ឌិត​​នៅ​​មណ្ឌល​​ព្យាបាល​​ជំងឺ​​កូវីដ​​-​១៩​ ព្រី​មៀរ​ លោក​ គុយ​ ណូ​ ធ្លាប់​​បញ្ជាក់​​ថា​ គ្រូពេទ្យ​​នៅ​​មន្ទីរពេទ្យ​​ព្រះ​​កេតុមាលា​ ​បាន​​ស្នើ​​បញ្ជូន​​អ្នក​​ជំងឺ​​ឈ្មោះ​ កញ្ញា​ ភិន​ សុ​ដាលីន​ មក​​មណ្ឌល​​ព្យាបាល​​ជំងឺ​​កូ​វីដ​-​​១៩​ ព្រី​មៀរ​ កាល​ពី​​​ថ្ងៃ​ទី​​២៦​ ខែ​មេសា​នោះ​ ដែល​លោក​អះអាង​ថា​ ​អ្នក​​ជំងឺ​​​មាន​​អាការៈ​​ធ្ងន់​ធ្ងរ​ ​ហើយ​​ក្រុម​គ្រូពេទ្យ​​ប្រឹងប្រែង​​ជួយ​សង្គ្រោះ​​អស់​រយៈ​ពេល​​ជិត​ ២​​ម៉ោង​​ដែរ​ ប៉ុន្តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន​។​ បន្ទាប់​​មក​​សព​​នេះ​​ ត្រូវ​​បា​ន​ប​ញ្ជូ​ល​​ទៅ​​មន្ទីរ​ពេទ្យ​​មិត្តភាព​​ខ្មែរ​​-​​សូ​វៀត​ នៅ​​ថ្ងៃ​​ដែល​។​

អាស៊ីសេរី​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​​ប្រធាន​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​ លោក​ ងី​ ម៉េង​ និង​​ ​អ្នក​នាំ​ពាក្យ​ក្រសួង​​សុខាភិបាល​អ្នកស្រី​ ឳ​ វណ្ណឌីន​ បាន​នៅ​ឡើយ​ទេ​ កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​ឧសភា​។​

កន្លង​មក​ក្រសួង​សុខាភិបាល​ និង​​រដ្ឋបាល​រាជធានី​ខេត្ត​ តែងតែ​ផ្សាយ​ព័ត៌មាន​អំពី​អត្តសញ្ញាណ​​របស់​អ្នក​ជំងឺ​ ទោះបីជា​រង​ការ​រិះគន់​ ថា​រំលោភ​សិទ្ធិ​ឯកជន​ភាព​របស់​បុគ្គល​ ដែល​កើត​ជំងឺ​កូវីដ​-​១៩​ ក៏​ដោយ​។​ រដ្ឋបាល​រាជធានី​ខេត្ត​ បន្ត​រាយ​នាម​អ្នក​​ជំងឺ​កូវីដ​-​១៩​ និង​​ផ្សាយ​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​។​ ប៉ុន្តែ​ ពេល​ដែល​អ្នក​ជំងឺ​ស្លាប់​ បែរ​ជា​គ្រួសារ​សព​ មិន​បាន​ទទួល​ដំណឹង​បែប​នេះ​​ទៅ​វិញ​។

មន្រ្តី​សិទ្ធិ​មនុស្ស​ យល់​ថា ​រឿង​នេះ​ ជា​ការ​ធ្វេស​ប្រហែស​​របស់​ក្រុម​គ្រូពេទ្យ​ ពាក់ព័ន្ធ​ទៅនឹង​​ការ​រៀប​ចំ​​អត្តសញ្ញាណ​​របស់​អ្នក​ជំងឺ​ និង​​ក្រុម​គ្រួសារ​​របស់​ពួកគាត់​​។​ អ្នក​នាំ​ពាក្យ​សមាគម​អាដហុក​លោក​ ស៊ឹង​ សែន​ករុណា​ នេះ​ជា​ពេល​វេលា​ដើម្បី​ធ្វើ​តេស្ត​អំពី​គុណភាព​ និង​​ការ​ទទួល​ខុសត្រូវ​​របស់​មន្រ្តី​សុខាភិបាល​ហើយ​ ប្រសិន​បើ​មន្រ្តី​ពាក់ព័ន្ធ​នៅ​តែ​គ្មាន​ចម្លើយ​ និង​​ការដោះស្រាយ​ចំពោះ​​ករណី​នេះ​៖ «គួរ​តែ​មាន​ការ​រៀបចំ​ឲ្យ​មាន​​ភាព​ច្បាស់​លាស់​ ដើម្បី​បើ​មាន​បញ្ហា​​អ្វី​​ ត្រូវ​​តែ​មាន​ការ​​ផ្សារ​ភ្ជាប់​​ទំនាក់ទំនង​​ជូន​ដំណឹង​​ ទៅដល់​ក្រុម​គ្រួសារ​​អំពី​ស្ថានភាព​​របស់​អ្នកជំងឺ​។​ នោះ​គឺ​ជា​គុណធម៌​ និង​​សីលធម៌រ​បស់​ក្រុម​គ្រូ​ពេទ្យ​ហើយ​ មិន​អាច​យើង​យក​មនុស្ស​​ អ្នក​ជំងឺ​ចេញ​ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយ​​ ដោយ​​មិន​​ផ្តល់​នូវ​ស្ថានភាព​​ព័ត៌មាន​ និង​​ស្ថាន​ភាព​ជំងឺ​ ទៅ​ដល់​ក្រុម​គ្រួសារ​បែប​ហ្នឹង​​នោះ​ទេ​ វា​ជា​ការរំ​លោភ​សិទ្ធិរ​បស់​ពួក​គាត់​»។

ទោះ​ជា​រង​ការ​រំលោភ​សិទ្ធិ​យ៉ាង​នេះ​ក្ដី​ ក៏​សម្រាប់​លោក​ ភិន​ ទិត្យ​ នៅ​ពេលនេះ​ អ្វី​ដែល​លោក​ចង់​បាន​បំផុត​ គឺ​ធាតុ​ពិត​ប្រាកដ​​របស់​កូន​ស្រី​របស់​លោក​ ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯស្រុក​កំណើត​។ ក្រៅ​ពីនេះ​ លោក​នៅ​តែ​​ទទូច​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំងអស់​ រួមទាំង​សប្បុរស​ជន​​ផង​ ជួយ​រក​យុត្តិធម៌​និង​ទំនុក​បម្រុង​ក្រុម​គ្រួសារ​​របស់​លោក​ផង​ ព្រោះ​លោក​ខ្វះ​ខាត​​​។

មន្រ្តី​សិទ្ធិ​មនុស្ស​ ស្នើ​ឲ្យ​ថ្នាក់​ដឹក​នាំ​ និង​​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ គម្បី​​ស្រាវជ្រាវ​ និង​​ពិនិត្យ​​មើល​ករណី​នេះ​​ឡើង​វិញ​ ឲ្យ​បាន​ម៉ត់​ចត់​​ ដើម្បី​រក​ដំណោះ​ស្រាយ​ជូន​គ្រួសារ​អ្នក​ស្លាប់​ ព្រោះ​គ្រួសារ​សព​កំពុង​តែ​ជួប​ទុក្ខ​សោក​ទ្វេរ​ដង​ គឺ​ទុក្ខ​សោក​ដោយ​សារ​ការ​បាត់​បង់​កូន​ស្រី​ជា​ទី​ស្រលាញ់​ផង​ និង​​ការ​មិន​ទទួល​បាន​ភាព​យុត្តិធម៌​ក្នុង​រឿង​នេះ​ផង​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល