លោក ភិន ទិត្យ ដែលជាឳពុកយុវតីវ័យ ១៧ ឆ្នាំ កញ្ញា ភិន សុដាលីន នៅតែមិនអស់ចិត្តនឹងការស្លាប់របស់កូនស្រីរបស់លោក ព្រោះលោកដើររកគ្រប់ច្រកល្ហក តែបាត់ដំណឹងកូនឈឹង រហូតជិតមួយខែ គឺទាល់តែលោកពឹងគេឲ្យជួយផ្សាយរកកូនតាមបណ្ដាញសង្គមហ្វេសប៊ុក ទើបបានដឹងដំណឹងកាលពីថ្ងៃទី២៣ ខែឧសភា ថាកូននោះ ស្លាប់ដោយសារជំងឺកូវីដ-១៩ តាំងពីចុងខែមេសា មកម្ល៉េះ ហើយសាកសពត្រូវគេបូជាតាំងពីពេលនោះមក។
ទោះជាយ៉ាងនេះក្ដី រហូតមកដល់ថ្ងៃទី២៦ ខែឧសភានេះ ដែលគម្រប់មួយខែនៃការស្លាប់របស់កូនស្រីរបស់លោក លោកនៅតែមិនទាន់បានសេចក្តីបញ្ជាក់ជាលាយលក្ខណ៍អក្សរពីមន្រ្តីសុខាភិបាល ថាកូនស្រីរបស់លោកពិតជាស្លាប់មែននៅឡើយ។ លោកឆ្ងល់ថា បើកូនស្រីរបស់លោកស្លាប់មែន ចុះឯណាមិនឃើញធាតុរបស់សព? លោក ភិន ទិត្យ នៅតែមានអារម្មណ៍មិនស្ងប់ វិលវល់ និងមិនអស់ចិត្តក្នុងរឿងនេះ។
លោកថា លោកនឹងទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៦ ខែឧសភានេះម្តងទៀត ដើម្បីទៅសាកសួរអំពីដំណឹងនេះ។
កញ្ញា ភិន សុដាលីន ជាកូនច្បង ក្នុងចំណោមកូនពីរនាក់ ប្រុសមួយស្រីមួយ ក្នុងគ្រួសារលោក ភិន ទិត្យ ដែលមានទីលំនៅ នៅភូមិកាទែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ កញ្ញាជាសិស្សថ្នាក់ទី១០ នៅវិទ្យាល័យមួយនៅក្នុងខេត្តនេះ។ លោក ភិន ទិត្យ ថាកញ្ញា ភិន សុដាលីន ជាសិស្សរៀនពូកែក្នុងថ្នាក់។
ដំបូងឡើយ កញ្ញាធ្លាក់ខ្លួនឈឺដោយសារជំងឺតម្រងនោម និងទឹកនោមផ្អែមផង និងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តរតនគិរីបានពីរថ្ងៃ។ ក្រោយស្ថានភាពនេះ មិនធូរស្បើយ នៅថ្ងៃទី២៦ ខែមីនា លោក ភិន ទិត្យ បានសម្រេចបញ្ជូនកញ្ញាទៅព្យាបាលនៅភ្នំពេញ។
សម្រាកព្យាបាលបានមួយខែ ពោលគឺនៅថ្ងៃទី២៦ ខែមេសា ស្រាប់តែកញ្ញាឆ្លងជំងឺកូវីដ-១៩ ពីអ្នកជំងឺក្នុងមន្ទីរពេទ្យ គឺឆ្លងក្នុងពេលកំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកេតុមាលា (ឬពេទ្យយោធា)។ ភ្លាមនោះលោក ភិន ទិត្យ ថាគេបានដឹកកូនស្រីរបស់លោក ទៅព្យាបាលជំងឺកូវីដនេះ នៅកន្លែងផ្សេងមួយទៀត គេប្រាប់លោកថា មជ្ឈមណ្ឌល អេអន២ (Aeon 2) ហើយរូបលោក និងភរិយារបស់លោក ត្រូវគេឲ្យទៅធ្វើចត្តាឡីស័កនៅព្រែកព្នៅ។ មុននឹងគេដឹកលោកទៅព្រែកព្នៅ លោក ភិន ទិត្យ បានឲ្យទូរស័ព្ទពីរខ្សែ ទៅអ្នកបញ្ជូនកូនស្រីលោកនោះ។ ប៉ុន្តែ ដោយភាន់ភាំង និងវិលវល់ផង លោកថា លោកមិនបានសុំលេខទូរស័ព្ទមន្រ្តីទាំងនោះទេ។ លោក ភិន ទិត្យ ថាពេលគេកំពុងដឹកទៅកន្លែងព្យាបាលជំងឺកូវីដ-១៩ នោះ កញ្ញា ភិន សុដាលីន បារម្ភអំពីរឿងនេះដែរ៖ «កូនខ្ញុំហ្នឹង គាត់និយាយថា ប៉ាយើងទៅណា ? ខ្ញុំឆ្លើយថា ប៉ានាំកូនទៅព្យាបាលនៅកន្លែងថ្មី។ តាំងពីហ្នឹងមក ខ្ញុំក៏បាត់ខ្សែរយៈបណ្តាញហ្នឹង មិនដឹងទាក់ទងយ៉ាងម៉េច ទើបបានជួបកូន។ ចេះតែបារម្ភ !»។
លោក ភិន ទិត្យ និងភរិយាបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនៅព្រែកព្នៅ ដោយបាត់ដំណឹងកូនឈឹង។ ១៤ ថ្ងៃក្រោយមក គឺក្រោយផុតពីចត្តាឡីស័កភ្លាម លោកធ្វើដំណើរទៅមជ្ឈមណ្ឌល អេអន (Aeon) នោះភ្លាម ដើម្បីទៅរកកូន។ ថ្ងៃដំបូងលោកមិនបានដំណឹងអ្វីទាំងអស់។ ថ្ងៃបន្ទាប់លោកទៅម្តងទៀត។ លោកថាបានមន្រ្តីប៉េអឹមនៅទីនោះ ជួយស្រាវជ្រាវរកឈ្មោះកូនរបស់លោក ប៉ុន្តែគេប្រាប់ថា គ្មានឈ្មោះកញ្ញា ភិន សុដាលីន នៅទីនោះទេ។ លោកបន្តទៅសួររកនៅកន្លែងផ្សេងៗទៀត។ ប៉ុន្តែ គេប្រាប់លោកថា អត់មានឈ្មោះនេះទេ។ ទាល់តម្រិះ លោក ភិន ទិត្យ ចេះតែដើរគ្រប់ច្រកល្ហក ដើម្បីផ្សងព្រេងរកដំណឹងកូន «ខ្ញុំមិនដឹងទាក់ទងទៅណា មកណា ទាក់ទងបានរបៀបម៉េច ដើម្បីបានជួបកូន ចេះតែដើរផ្សងរកឯណេះរកឯណោះ» ។
នៅក្នុងទម្រង់ស្នើសុំធ្វើតេស្តរកជំងឺកូវីដ-១៩ លើកញ្ញា ភិន សុដាលីន ធ្វើនៅមន្ទីរពេទ្យព្រះកេតុមាលា មន្ទីរពេទ្យនេះបានកត់លេខទូរស័ព្ទលោក ភិន ទិត្យ និងកត់ទីលំនៅរបស់លោក ភិន ទិត្យ ដោយមានទាំងភូមិ ឃុំ ស្រុក និងខេត្តផង។ ប៉ុន្តែលោក ភិន ទិត្យ ថាលោកគ្មានដែលបានទទួលដំណឹង ឬទូរស័ព្ទពីមន្រ្តីសុខាភិបាល ឬមន្រ្តីភូមិឃុំរបស់លោក អំពីស្ថានភាពរបស់កូនស្រីរបស់លោកនោះឡើយ។
ទើបតែថ្ងៃទី២២ ខែឧសភា ក្រោយលោកសម្រេចចិត្តឲ្យគេជួយផ្សាយរកកូន តាមបណ្តាញសង្គមហ្វេសប៊ុក ទើបមានមន្រ្តីសុខាភិបាល ដែលលោកមិនចាំឈ្មោះ បានទូរស័ព្ទប្រាប់លោកថា កញ្ញា ភិន សុដាលីន ស្លាប់ដោយសារជំងឺកូវីដ-១៩ ជិតមួយខែទៅហើយ។ ដំណឹងសោកសៅ និងយឺតពេលនេះ លោក ភិន ទិត្យ ថាលោកមិនអាចទទួលយកបាន ព្រោះលោកឆ្ងល់ថា ហេតុអ្វីបានជាកូនស្រីរបស់លោកស្លាប់ជិតមួយខែទៅហើយ គ្មាននរណាទាក់ទង ឬផ្តល់ដំណឹងឲ្យលោក និងក្រុមគ្រួសារបានដឹងដូច្នេះ៖ «ហេតុអ្វីក៏ខាងក្រសួងមិនរាយការណ៍មកខ្ញុំ ? គួរមានផ្ញើឯកសារបញ្ជូនត្រឹមត្រូវ ស្លាប់ថ្ងៃណា បូជាថ្ងៃណា ដើម្បីឲ្យដំណឹងឲ្យបានច្បាស់» ។
ជុំវិញរឿងនេះ វេជ្ជបណ្ឌិតនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ព្រីមៀរ លោក គុយ ណូ ធ្លាប់បញ្ជាក់ថា គ្រូពេទ្យនៅមន្ទីរពេទ្យព្រះកេតុមាលា បានស្នើបញ្ជូនអ្នកជំងឺឈ្មោះ កញ្ញា ភិន សុដាលីន មកមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ព្រីមៀរ កាលពីថ្ងៃទី២៦ ខែមេសានោះ ដែលលោកអះអាងថា អ្នកជំងឺមានអាការៈធ្ងន់ធ្ងរ ហើយក្រុមគ្រូពេទ្យប្រឹងប្រែងជួយសង្គ្រោះអស់រយៈពេលជិត ២ម៉ោងដែរ ប៉ុន្តែមិនអាចជួយសង្គ្រោះបាន។ បន្ទាប់មកសពនេះ ត្រូវបានបញ្ជូលទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃដែល។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោក ងី ម៉េង និង អ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឳ វណ្ណឌីន បាននៅឡើយទេ កាលពីថ្ងៃទី២៥ ខែឧសភា។
កន្លងមកក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីខេត្ត តែងតែផ្សាយព័ត៌មានអំពីអត្តសញ្ញាណរបស់អ្នកជំងឺ ទោះបីជារងការរិះគន់ ថារំលោភសិទ្ធិឯកជនភាពរបស់បុគ្គល ដែលកើតជំងឺកូវីដ-១៩ ក៏ដោយ។ រដ្ឋបាលរាជធានីខេត្ត បន្តរាយនាមអ្នកជំងឺកូវីដ-១៩ និងផ្សាយជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន។ ប៉ុន្តែ ពេលដែលអ្នកជំងឺស្លាប់ បែរជាគ្រួសារសព មិនបានទទួលដំណឹងបែបនេះទៅវិញ។
មន្រ្តីសិទ្ធិមនុស្ស យល់ថា រឿងនេះ ជាការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យ ពាក់ព័ន្ធទៅនឹងការរៀបចំអត្តសញ្ញាណរបស់អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគាត់។ អ្នកនាំពាក្យសមាគមអាដហុកលោក ស៊ឹង សែនករុណា នេះជាពេលវេលាដើម្បីធ្វើតេស្តអំពីគុណភាព និងការទទួលខុសត្រូវរបស់មន្រ្តីសុខាភិបាលហើយ ប្រសិនបើមន្រ្តីពាក់ព័ន្ធនៅតែគ្មានចម្លើយ និងការដោះស្រាយចំពោះករណីនេះ៖ «គួរតែមានការរៀបចំឲ្យមានភាពច្បាស់លាស់ ដើម្បីបើមានបញ្ហាអ្វី ត្រូវតែមានការផ្សារភ្ជាប់ទំនាក់ទំនងជូនដំណឹង ទៅដល់ក្រុមគ្រួសារអំពីស្ថានភាពរបស់អ្នកជំងឺ។ នោះគឺជាគុណធម៌ និងសីលធម៌របស់ក្រុមគ្រូពេទ្យហើយ មិនអាចយើងយកមនុស្ស អ្នកជំងឺចេញពីទីតាំងមួយទៅទីតាំងមួយ ដោយមិនផ្តល់នូវស្ថានភាពព័ត៌មាន និងស្ថានភាពជំងឺ ទៅដល់ក្រុមគ្រួសារបែបហ្នឹងនោះទេ វាជាការរំលោភសិទ្ធិរបស់ពួកគាត់»។
ទោះជារងការរំលោភសិទ្ធិយ៉ាងនេះក្ដី ក៏សម្រាប់លោក ភិន ទិត្យ នៅពេលនេះ អ្វីដែលលោកចង់បានបំផុត គឺធាតុពិតប្រាកដរបស់កូនស្រីរបស់លោក ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។ ក្រៅពីនេះ លោកនៅតែទទូចស្នើសុំឲ្យស្ថាប័នដែលពាក់ព័ន្ធទាំងអស់ រួមទាំងសប្បុរសជនផង ជួយរកយុត្តិធម៌និងទំនុកបម្រុងក្រុមគ្រួសាររបស់លោកផង ព្រោះលោកខ្វះខាត។
មន្រ្តីសិទ្ធិមនុស្ស ស្នើឲ្យថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធទាំងអស់ គម្បីស្រាវជ្រាវ និងពិនិត្យមើលករណីនេះឡើងវិញ ឲ្យបានម៉ត់ចត់ ដើម្បីរកដំណោះស្រាយជូនគ្រួសារអ្នកស្លាប់ ព្រោះគ្រួសារសពកំពុងតែជួបទុក្ខសោកទ្វេរដង គឺទុក្ខសោកដោយសារការបាត់បង់កូនស្រីជាទីស្រលាញ់ផង និងការមិនទទួលបានភាពយុត្តិធម៌ក្នុងរឿងនេះផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។