មន្រ្តីសង្គមស៊ីវិលនិងសហជីពព្រួយបារម្ភការយល់ដឹងប្រជាពលរដ្ឋអាចប្រឈមនឹងការពិន័យឬដាក់ទោសទណ្ឌលើវិធានការពាក់ម៉ាស

ដោយ សុជីវី
2021-03-24
Share
មន្រ្តីសង្គមស៊ីវិលនិងសហជីពព្រួយបារម្ភការយល់ដឹងប្រជាពលរដ្ឋអាចប្រឈមនឹងការពិន័យឬដាក់ទោសទណ្ឌលើវិធានការពាក់ម៉ាស អាជ្ញាធរសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចែកម៉ាសជូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរដោយឥតគិតថ្លៃនៅក្នុងអំឡុងផ្ទុះឡើងនូវជំងឺកូវី១៩។
រូប៖ ហ្វេសប៊ុក ខណ្ឌភ្នំពេញថ្មី ខណ្ឌសែនសុខ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

មន្រ្តីសង្គមស៊ីវិល និងសហជីព ព្រួយបារម្ភថា ពលរដ្ឋមិនសូវ​យល់ដឹងនិង​មិន​សូវ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ពាក់ព័ន្ធ​នឹង​វិធានការទប់ស្កាត់កូវីដ-១៩ របស់​រដ្ឋាភិបាល ហើយ​បណ្តាល​ឲ្យ​ពួក​គាត់​អាច​ប្រឈម​នឹងការពិន័យ ឬដាក់ទោសទណ្ឌ។ ការព្រួយបារម្ភនេះ គឺក្រោយ​ពីក្រសួងសុខាភិបាលចេញ​ប្រកាស​ស្តីពីកាតព្វកិច្ច​ពាក់ម៉ាស និង​កាតព្វកិច្ច​រក្សាគម្លាត​សុវត្ថិភាពសង្គម ក្នុងអំឡុង​ពេល​នៃ​ការរីករាលដាល​ជំងឺកូវីដ-១៩ ក្នុង​សហគមន៍។

មន្រ្តីសង្គមស៊ីវិល និងសហជីព អំពាវនាវ​ឲ្យរដ្ឋាភិបាលបង្កើន​ការ​យក​​ចិត្តទុក​ដាក់ ចុះណែនាំ និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ពីវិធានការនានា​របស់រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ជំងឺកូវីដ-១៩ ដើម្បី​ឲ្យ​​ពលរដ្ឋ​បាន​យល់​ដឹង និងចូល​រួម​អនុវត្ត​។ នាយក​រង​​ទទួល​​បន្ទុក​​ផ្នែក​​ឃ្លាំ​មើល និង​​ការពារ​​សិទ្ធិ​មនុស្ស​​នៃ​អង្គការ​​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ​សេចក្តី​ប្រកាស​​របស់​ក្រសួងសុខាភិបាល​ មាន​គោល​បំណង​ទប់ស្កាត់​ការ​រីករាល​ដាល​ជំងឺកូវីដ-១៩ ប៉ុន្តែលោក មើល​ឃើញ​ថា វិធានការនេះ ហាក់​ដូច​ជា​ការ​ចាប់​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​អនុវត្ត ខណៈ​ប្រជាពលរដ្ឋនៅ​មិន​បាន​សូវ​យល់​ដឹង​ច្បាស់លាស់​អំពីវិធាការនានា​នៅ​ឡើយ។ លោកបន្តទៀតថា ​រដ្ឋាភិបាល​គួរ​ផ្សព្វផ្សាយ​ឱ្យទូលំទូលាយ​ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​យល់​ដឹង និង​ចូលរួម​ជាមួយ​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការរីករាលដាល់​ជំងឺកូវីដ៖ «ចឹង​បើ​កាល​​ណា​ច្បាប់​ចេញ​ត្រូវតែ​អនុវត្ត សំខាន់​ការ​អនុវត្តន៍​ប្រសិន​ប្រជាពលរដ្ឋ​គាត់​បាន​យល់​ដឹង​ច្បាស់លាស់​អំពី​អនុក្រឹត្យ អំពី​ច្បាប់ហ្នឹង​គាត់​បំពាន​ត្រូវ​ទទួល​ការពិន័យ ប៉ុន្តែ​បើ​គាត់​មិន​បាន​ដឹង​មិន​បាន​យល់ ជាបញ្ហា​មួយ​ដែល​ការអនុវត្តន៍​ទៅ អាច​ជាការ​ប្រឈម​ច្រើន បើ​សិន​គាត់​មិន​ទាន់​បានយល់​មិន​ទាន់​បាន​ដឹង»

ស្រដៀង​​គ្នា​​នេះ​​ដែរ ​ប្រធាន​​សម្ព័ន្ធ​​សហជីព​​កម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ មាន​ប្រសាសន៍​ថា ​កម្មករស្វាគមន៍​ចំពោះ​ការអនុវត្តនូវ​វិធានការ​របស់​​ក្រសួងសុខាភិបាល ព្រោះ​កម្មករ​​ព្រួយបារម្ភ​ពី​​ការ​​ឆ្លង​​ជំងឺកូវីដ-១៩ ដែរ។ ទោះជាយ៉ាងណា អ្នកស្រីយល់ថា វិធានការ​ការពារកូវីដ-១៩ របស់​ក្រសួងសុខាភិបាល កម្មករ​ភាគ​ច្រើន មិន​អាច​អនុវត្ត​បាន​តាម​ការណែនាំ​បាន​នោះទេ ព្រោះកម្មករបន្ត​ជិះ​រថយន្ត​ប្រជ្រៀតគ្នា ហូបបាយជុំគ្នា និង​ការរក្សា​គម្លាតសុវតិ្ថភាព​​នៅក្នុងរោង​ចក្រ​មិន​ត្រឹមត្រូវ​តាម​ការណែ​នាំ​របស់ស្រសួងសុខាភិបាលជាដើម។ អ្នកស្រី​បន្ត​ទៀតថា ​ក្រសួង​មាន​វិធានការជាក់លាក់ហើយ ប៉ុន្តែ​ខ្វះ​ការ​អនុវត្តន៍ឱ្យ​បាន​ពេញលេញ​តាម​ការណែនាំ ដែល​ក្រុមហ៊ុន​មិន​បាន​កែប្រែ​ជូន​កម្មករនៅ​ក្នុង​រោង​ឱ្យ​បាន​ប្រសើរនៅឡើយ៖ «ត្រូវតែ​មាន​ការពិនិត្យ​ខ្ជាប់ខ្ជួន ពី​អាជ្ញាធរ​របស់​ពួកយើង​ធ្វើការតាម​ឃុំសង្កាត់​ផ្សេងៗ ឱ្យ​គាត់​មើល​ប្រជាពលរដ្ឋ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្រោម​ឱវាទ តើ​មាន​ការគោរព​បាន​ខ្ជាប់​ខ្ជួន​ជាទេ មាន​ការ​ថែទាំ ពាក់​ម៉ាស​ត្រឹមត្រូវទេ? ទៅ​ទី​ប្រជុំ​មាន​កន្លែង​ផឹកស៊ី​កន្លែងបុណ្យ​ទាន​ផ្សេងៗ​ធ្វើបាន​ទេ? នេះ​គឺ​ជា​កិច្ច​កាសំខាន់ បើ​ក្រឡេក​មក​មើល​កិច្ចការ​ទាំង​អស់​ហ្នឹង ជា​ចំណែក​មួយ​ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ពិត​ប្រកដ មិនមែន​គ្រាន់​តែ​យើង​មាន​ច្បាប់​ហ្នឹង យើង​បាន​គិតគូរ​ពី​ផល​ប្រយោជន៍​ដល់​បងប្អូន»

ការលើក​ឡើងនេះ គឺ​​​​​បន្ទាប់​​​ពី​ ក្រសួងសុខាភិបាល​ចេញ​ប្រកាស​ស្តីពី​កាតព្វកិច្ចពាក់ម៉ាស និង​កាតព្វកិច្ចរក្សា​គម្លាត​សុវត្ថិភាព ​ក្នុង​អំឡុង​ពេល​រីក​រាល​ដាល​ជំងឺកូវីដ-១៩ ក្នុង​សហគមន៍។ ប្រកាស​កម្រាស់ ៧ទំព័រ នេះ បាន​កំណត់​លើ​បុគ្គលដែល​ត្រូវ​ពាក់ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព និង​ទីតាំង​ដែល​តម្រូវ​ពាក់ម៉ាស និង​អនុវត្ត​វិធាន​ការរក្សា​​គម្លាត​សុវត្ថិភាព ស្រម​តាម​អនុក្រឹត្យ​ ស្តី​ពី វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ-១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងៗ។

ប្រកា​ស​​របស់​ក្រសួង​​សុខាភិបាលកំណត់​​​​ច្បាស់លាស់​​​​ថា​ បុគ្គល​​ណា​ដែល​មិន​ពាក់ម៉ាស​​នៅ​ទី​សាធារណៈ ​និង​កន្លែង​​ជួប​ជុំ​​មនុស្ស​ច្រើន​ និង​មិន​រក្សា​​គម្លាត​បុគ្គល​ គឺ​នឹង​​ត្រូវ​រង​ការ​​ផាកពិន័យ​​ជា​ទឹក​ប្រាក់​​ពី​ចន្លោះ​​ ២០ម៉ឺន​រៀល ​ទៅ ១លានរៀល​។ ក្រសួងបញ្ជាក់ថា បុគ្គល​​ដែល​​មាន​​កាតព្វកិច្ច​ត្រូវ​ពាក់​ម៉ាស រួមមាន អ្នក​ផ្ទុក​ជំងឺ​កូវីដ១៩ អ្នក​ដែល​ធ្វើ​ចត្តាឡីស័ក​រួម​ជាមួយ​អ្នកដទៃ​ទៀត អ្នក​បើក​បរ​រថយន្ត​ឈ្នួល អ្នក​ធ្វើដំណើរ​តាម​មធ្យោបាយ​សាធារណៈ  អ្នក​ផ្តល់​សេវា​ផ្ទាល់​ដល់​អតិថិជន និង​អ្នក​នៅ​តាម​ទីសាធារណៈ​ដែល​មាន​មនុស្ស​ច្រើន ឬ​ទីកន្លែង​ដែល​​មាន​ការ​ជួប​​ជុំ​​មនុស្ស​ចាប់​ពី​ ២នាក់​ ឡើង​ទៅ។ ចំពោះ​ទីតាំងដែល​តម្រូវ​ឲ្យ​ពាក់ម៉ាស និង​​ទីកន្លែង​រក្សា​គម្លាត​វិញ គឺ​​នៅ​​តាម​​រាល់​​សហគ្រាស ឬគ្រឹះស្ថាន​​ឯក​ជន ឬ​ទីតាំង​អាជីវកម្ម​គ្រប់​ប្រភេទ​នានា ចាប់​តាំង​ពីភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ រោងចក្រ សិប្បកម្ម ឱសថស្ថាន ហាងទំនិញ និងផ្សារទំនើបជាដើម។

ក្រុមមន្ត្រីសង្គមស៊ីវិល និងមន្ត្រីសហជីពព្រួយបារម្ភថា ប្រសិន​បើ​រដ្ឋាភិបាលមិន​បាន​ផ្សព្វផ្សាយ​វិធានការ​នានាឲ្យ​បាន​ទូលំទូលាយ​​ដើម្បី​ឲ្យ​ពលរដ្ឋ​​បាន​យល់​​ដឹង​ទេ​​នោះ គឺ​ពលរដ្ឋ​ជា​ច្រើនអាច​នឹង​រង​គ្រោះ​​ទ្វេដង​ គឺ​ការ​រង​គ្រោះដោយ​ជំងឺកូវីដផង និង​រង​គ្រោះ​ដោយ​ការ​ពិន័យ ឬ​ការ​ដាក់​ទោស​ទណ្ឌ​ពីសំណាក់​​អាជ្ញាធរ​រដ្ឋា​ភិ​បាល​ផង៕៊

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល