មន្រ្តីសង្គមស៊ីវិល និងសហជីព ព្រួយបារម្ភថា ពលរដ្ឋមិនសូវយល់ដឹងនិងមិនសូវទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពាក់ព័ន្ធនឹងវិធានការទប់ស្កាត់កូវីដ-១៩ របស់រដ្ឋាភិបាល ហើយបណ្តាលឲ្យពួកគាត់អាចប្រឈមនឹងការពិន័យ ឬដាក់ទោសទណ្ឌ។ ការព្រួយបារម្ភនេះ គឺក្រោយពីក្រសួងសុខាភិបាលចេញប្រកាសស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។
មន្រ្តីសង្គមស៊ីវិល និងសហជីព អំពាវនាវឲ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ ចុះណែនាំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយពីវិធានការនានារបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីឲ្យពលរដ្ឋបានយល់ដឹង និងចូលរួមអនុវត្ត។ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល មានគោលបំណងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប៉ុន្តែលោក មើលឃើញថា វិធានការនេះ ហាក់ដូចជាការចាប់បង្ខំឱ្យប្រជាពលរដ្ឋអនុវត្ត ខណៈប្រជាពលរដ្ឋនៅមិនបានសូវយល់ដឹងច្បាស់លាស់អំពីវិធាការនានានៅឡើយ។ លោកបន្តទៀតថា រដ្ឋាភិបាលគួរផ្សព្វផ្សាយឱ្យទូលំទូលាយដើម្បីឱ្យពលរដ្ឋបានយល់ដឹង និងចូលរួមជាមួយរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ៖ «ចឹងបើកាលណាច្បាប់ចេញត្រូវតែអនុវត្ត សំខាន់ការអនុវត្តន៍ប្រសិនប្រជាពលរដ្ឋគាត់បានយល់ដឹងច្បាស់លាស់អំពីអនុក្រឹត្យ អំពីច្បាប់ហ្នឹងគាត់បំពានត្រូវទទួលការពិន័យ ប៉ុន្តែបើគាត់មិនបានដឹងមិនបានយល់ ជាបញ្ហាមួយដែលការអនុវត្តន៍ទៅ អាចជាការប្រឈមច្រើន បើសិនគាត់មិនទាន់បានយល់មិនទាន់បានដឹង » ។
ស្រដៀងគ្នានេះដែរ ប្រធានសម្ព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា កម្មករស្វាគមន៍ចំពោះការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ព្រោះកម្មករព្រួយបារម្ភពីការឆ្លងជំងឺកូវីដ-១៩ ដែរ។ ទោះជាយ៉ាងណា អ្នកស្រីយល់ថា វិធានការការពារកូវីដ-១៩ របស់ក្រសួងសុខាភិបាល កម្មករភាគច្រើន មិនអាចអនុវត្តបានតាមការណែនាំបាននោះទេ ព្រោះកម្មករបន្តជិះរថយន្តប្រជ្រៀតគ្នា ហូបបាយជុំគ្នា និងការរក្សាគម្លាតសុវតិ្ថភាពនៅក្នុងរោងចក្រមិនត្រឹមត្រូវតាមការណែនាំរបស់ស្រសួងសុខាភិបាលជាដើម។ អ្នកស្រីបន្តទៀតថា ក្រសួងមានវិធានការជាក់លាក់ហើយ ប៉ុន្តែខ្វះការអនុវត្តន៍ឱ្យបានពេញលេញតាមការណែនាំ ដែលក្រុមហ៊ុនមិនបានកែប្រែជូនកម្មករនៅក្នុងរោងឱ្យបានប្រសើរនៅឡើយ៖ «ត្រូវតែមានការពិនិត្យខ្ជាប់ខ្ជួន ពីអាជ្ញាធររបស់ពួកយើងធ្វើការតាមឃុំសង្កាត់ផ្សេងៗ ឱ្យគាត់មើលប្រជាពលរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ ប្រជាពលរដ្ឋដែលស្ថិតនៅក្រោមឱវាទ តើមានការគោរពបានខ្ជាប់ខ្ជួនជាទេ មានការថែទាំ ពាក់ម៉ាសត្រឹមត្រូវទេ ? ទៅទីប្រជុំមានកន្លែងផឹកស៊ីកន្លែងបុណ្យទានផ្សេងៗធ្វើបានទេ ? នេះគឺជាកិច្ចកាសំខាន់ បើក្រឡេកមកមើលកិច្ចការទាំងអស់ហ្នឹង ជាចំណែកមួយក្នុងការជួយដល់ប្រជាពលរដ្ឋពិតប្រកដ មិនមែនគ្រាន់តែយើងមានច្បាប់ហ្នឹង យើងបានគិតគូរពីផលប្រយោជន៍ដល់បងប្អូន » ។
ការលើកឡើងនេះ គឺបន្ទាប់ពី ក្រសួងសុខាភិបាលចេញប្រកាសស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ប្រកាសកម្រាស់ ៧ទំព័រ នេះ បានកំណត់លើបុគ្គលដែលត្រូវពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព និងទីតាំងដែលតម្រូវពាក់ម៉ាស និងអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព ស្រមតាមអនុក្រឹត្យ ស្តីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ។
ប្រកាសរបស់ក្រសួងសុខាភិបាលកំណត់ច្បាស់លាស់ថា បុគ្គលណាដែលមិនពាក់ម៉ាសនៅទីសាធារណៈ និងកន្លែងជួបជុំមនុស្សច្រើន និងមិនរក្សាគម្លាតបុគ្គល គឺនឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ពីចន្លោះ ២០ម៉ឺនរៀល ទៅ ១លានរៀល។ ក្រសួងបញ្ជាក់ថា បុគ្គលដែលមានកាតព្វកិច្ចត្រូវពាក់ម៉ាស រួមមាន អ្នកផ្ទុកជំងឺកូវីដ១៩ អ្នកដែលធ្វើចត្តាឡីស័ករួមជាមួយអ្នកដទៃទៀត អ្នកបើកបររថយន្តឈ្នួល អ្នកធ្វើដំណើរតាមមធ្យោបាយសាធារណៈ អ្នកផ្តល់សេវាផ្ទាល់ដល់អតិថិជន និងអ្នកនៅតាមទីសាធារណៈដែលមានមនុស្សច្រើន ឬទីកន្លែងដែលមានការជួបជុំមនុស្សចាប់ពី ២នាក់ ឡើងទៅ។ ចំពោះទីតាំងដែលតម្រូវឲ្យពាក់ម៉ាស និងទីកន្លែងរក្សាគម្លាតវិញ គឺនៅតាមរាល់សហគ្រាស ឬគ្រឹះស្ថានឯកជន ឬទីតាំងអាជីវកម្មគ្រប់ប្រភេទនានា ចាប់តាំងពីភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ រោងចក្រ សិប្បកម្ម ឱសថស្ថាន ហាងទំនិញ និងផ្សារទំនើបជាដើម។
ក្រុមមន្ត្រីសង្គមស៊ីវិល និងមន្ត្រីសហជីពព្រួយបារម្ភថា ប្រសិនបើរដ្ឋាភិបាលមិនបានផ្សព្វផ្សាយវិធានការនានាឲ្យបានទូលំទូលាយដើម្បីឲ្យពលរដ្ឋបានយល់ដឹងទេនោះ គឺពលរដ្ឋជាច្រើនអាចនឹងរងគ្រោះទ្វេដង គឺការរងគ្រោះដោយជំងឺកូវីដផង និងរងគ្រោះដោយការពិន័យ ឬការដាក់ទោសទណ្ឌពីសំណាក់អាជ្ញាធររដ្ឋាភិបាលផង៕៊
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។