ពលរដ្ឋ​ក្នុង​ខេត្ត​ដែល​មាន​ភ្ញៀវ​ទេសចរ​ចិន​បារម្ភ​ពី​ការ​រាលដាល​ជំងឺ​រលាក​សួត​ថ្មី

0:00 / 0:00

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ខេត្ត​ដែល​មាន​ភ្ញៀវ​ទេសចរ​ចិន​ច្រើន កំពុង​បារម្ភ​អំពី​ការ​រីករាល​ដាល​ប្រភេទ​ជំងឺឆ្លង​រលាក​សួត​ថ្មី​ ដែល​បង្ក​ដោយ​វីរុស កូរ៉ូណា (Corona Virus)។ ពួកគេ​ស្នើសុំ​ឱ្យ រដ្ឋាភិបាល មាន​វិធានការ​ពិនិត្យ​ទប់ស្កាត់ និង​ផ្សព្វផ្សាយ​អំពី​ជំងឺ​នេះ​ឱ្យ​បាន​ទូលំទូលាយ។ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​តាមដាន​ព័ត៌មាន​អំពី​មេរោគ កូរ៉ូណា មានការ​ព្រួយ​បារម្ភ និង​សង្ស័យ​ថា ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ អាច​មាន​វត្ត​មាននៅ​កម្ពុជា ដោយសារ​តែ​រដ្ឋាភិបាល​នៅតែ​អនុញ្ញាត​ឱ្យ​មាន​ជើង​ហោះ​ហើរ​ត្រង់​ពី​ចិន​មក​កម្ពុជា ហើយ​ម្យ៉ាងទៀត មេរោគ​នេះ​បាន​ឆ្លង​ដល់​ប្រទេស​ជិត​ខាង​​ មាន​ប្រទេស​ថៃ និង​វៀតណាម​រួច​ហើយ។

អ្នក​នាំ​ភ្ញៀវ​ទេសចរណ៍​បរទេស​នៅ​ខេត្ត​សៀមរាប លោក ពុយ លេខ ដែល​មាន​វ័យ​ ៤០ឆ្នាំ ប្រាប់​អាស៊ីសេរី​ថា លោក​មានការ​ព្រួយបារម្ភ​ខ្លាំង​ខ្លាច​ឆ្លង​ជំងឺ​រលាក​សួត​ដែល​បង្ក​ដោយ​វីរុស​ខូរូណា​ថ្មី​នេះ ដោយសារតែ​លោក​ធ្វើ​ការ​ផ្ទាល់​ជាមួយ​ភ្ញៀវ​ទេសចរ​បរទេស​ជា​រៀងរាល់ថ្ងៃ​។ លោក​សង្កេត​ឃើញ​ថា ប៉ុន្មាន​ថ្ងៃនេះ មាន​ភ្ញៀវ​បរទេស​មួយ​ចំនួន​ដែល​ចូល​ទៅ​ទស្សនា​ប្រាសាទ​អង្គ​វត្ត នាំគ្នា​ពាក់ ម៉ាស់​ការពារ​និង​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​លោក​ក៏​ពាក់​ម៉ាស់​ការពារ​ដូច​ពួកគេ​ដែរ​។ មគ្គុទ្ទេសក៍​ទេសចរណ៍​រូប​នេះ ហាក់​មិនសូវ​ទុកចិត្ត​ទុក​ដាក់​​លើ​ប្រព័ន្ធ​ត្រួតពិនិត្យ​របស់​រដ្ឋាភិបាល​នៅ​តាម​វាល​យន្តហោះ​នោះ​ឡើយ ព្រោះ​សូម្បីតែ​ប្រទេស​ជឿនលឿន​ជាង​កម្ពុជា ក៏​មេរោគ​កាច​សាហាវ​នេះ ឆ្លង​ចូល​ដល់​ដែរ​៖ «ខ្ញុំ​មានការ​ព្រួយបារម្ភ​ដែរ ដោយសារ​ឃើញ​ភ្ញៀវ​ជនជាតិ​ចិន​មក​ច្រើន ជាពិសេស​ក្នុង​រដូវ​បុណ្យ ចូលឆ្នាំ​ចិន គឺ​មក​ច្រើន ខ្លាច​គាត់​នាំ​ជំងឺ​នេះ​មក​ដែរ​។​ប្រទេស​ខ្មែរ​យើង​ទន់ ខ្សោយ​ខាង​សេវា សុខាភិបាល​ផង ប្រសិនបើ​មាន​ជំងឺ​នេះ​ទៅ​ប្រហែលជា​ពិបាក​ទប់ស្កាត់»។

លោក ពុយ លេខ សង្កេតឃើញ​ថា បើ​ទោះ​​ជា​មេរោគ​ខូរូណា​បាន​សម្លាប់​មនុស្ស​អស់​ជាង ៤០​នាក់ និង មនុស្ស​ជាង ​១​ពាន់​នាក់ ​បាន​ឆ្លង​មេរោគ​នេះ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​សៀមរាប​ភាគ​ច្រើន ហាក់​មិន​បាន​ដឹង​អំពី​មេរោគ​នេះ​នៅឡើយ ដោយសារតែ​ក្រសួង​សុខាភិបាល មិនបាន​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ៖ «ជនជាតិ​ខ្មែរ​យើង មិនសូវ​បាន​ចាប់អារម្មណ៍​ជំងឺ​នេះ​ដោយសារតែ​គាត់​គិត​ថា កើត​នៅ​ស្រុក​ចិន ដូច្នេះ​ពួកគាត់​មិន​ជឿ​ថា មកដល់​ស្រុក​ខ្មែរ​ទេ។ ខ្ញុំ​សូម​សំណូមពរ​ប្រ សិន​បើ​រដ្ឋាភិបាល ជួយ​ធ្វើការ​ផ្សព្វ​ផ្សា​ឱ្យ​ច្រើន គឺ​រឹតតែ​ល្អ​ដោយសារ​ពលរដ្ឋ​យើង​មិនសូវ​យល់ដឹង និង​ដោយសារ​ពលរដ្ឋ​យើង​មិនសូវ​បាន​តាមដាន​ព័ត៌មាន​ផង»។

ចំណែក​ពលរដ្ឋ​ម្នាក់​ដែល​កំពុង​រស់នៅ​ខេត្ត​ព្រះសីហនុ ដែល​ជា​ខេត្ត​ជាប់មាត់​សមុទ្រ​សំបូរ​ភ្ញៀវ ទេសចរណ៍​បរទេស​និង​ជនជាតិ​ចិន​រស់នៅ​ច្រើន​នោះ រៀបរាប់​ថា លោក​ទើបតែ​បាន​ដឹង​អំពី​មេរោគ ខូរូណា​ថ្មី​នេះ នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ លោក​ថា លោក​មិនទាន់​ឃើញ​ក្រសួង​សុខាភិបាល និង​មន្ត្រី​រដ្ឋាភិបាល ចុះ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ឱ្យ​បាន​ទូលំទូលាយ​ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ការ​​ប្រុង​ប្រយ័ត្ន​នោះ​​ទេ៖ «ខ្ញុំ​ព្រួយបារម្ភ​ដែរ ខ្លាច​ជំងឺ​នេះ​ឆ្លង​ដល់​អ្នក​រស់នៅ​ខេត្ត​ព្រះសីហនុ​ដែរ ប៉ុន្តែ​បច្ចុប្បន្ន អត់​ឃើញ​គេ​ប្រកាស​ថា មាននៅ​ឡើយ​ទេ។ ខ្ញុំ​ក៏​មិនទាន់​ឃើញ​អាជ្ញាធរ​ចុះ​មក​ដល់​តាម ភូមិ​ -​ ឃុំ ប្រាប់​ពលរដ្ឋ​ឱ្យ​ដឹង​រឿង​នេះ​ដែរ។ ពលរដ្ឋ​ពាក់​ម៉ាស់​គឺ​គ្រាន់តែ​ដើម្បី​ការពារ​ដី​ហុយ ប៉ុន្តែ​មិន មែន​ពួកគាត់​ការពារ​ជំងឺ​ខូរូណា​នោះ​ទេ។ សូម​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ប្រាប់​ពលរដ្ឋ​អំពី​គ្រោះថ្នាក់​នៃ ជំងឺ​នេះ​និង​វិធីសាស្ត្រ​ទប់ស្កាត់ ហើយ​ប្រសិនបើ​កើតឡើង​តើ​គួរតែ​ទៅ​ព្យាបាល​កន្លែង ព្យាបាល​ជា​ឬ​អត់»។

ជំងឺ​រលាក​សួត​ដែល​បង្ក​ដោយ​វីរុស​ខូរូណា​ថ្មី​នេះ បាន​ផ្ទុះឡើង​នៅ​ខេត្ត ហ៊ូបេ (Hubei) ប្រទេស​ចិន ហើយ​បើ​តាម​គណៈកម្មការ​សុខ​ភាព​ជាតិ របស់​ប្រទេស​ចិន​បាន​ឱ្យ​​ដឹង​ថា មក​ទល់​ពេល​នេះ មាន​មនុស្ស​ស្លាប់​កើន​ដល់ ​៤១​នាក់ និង​ ១.៣០០​នាក់ ធ្លាក់ខ្លួន​ឈឺ​បណ្ដាលមកពី​វីរុស​ខូរូណា។ ករណី​វីរុស​ថ្មី​នេះ កំពុង​រីក​រាលដាល​ដល់​ប្រទេស​ជាច្រើន​រួមមាន កោះ​តៃវ៉ាន់ ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន នេប៉ាល់ កូរ៉េខាងត្បូង បារាំង អូស្ត្រាលី អារ៉ាប់ប៊ីសាអូឌីត និង​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​បច្ចុប្បន្ន​ករណី​ស្លាប់ មាន​តែ​នៅ​ចិន​ប៉ុណ្ណោះ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​ដែល​មាន​ជើង​ហោះហើរ​ត្រង់ ហើយ​មាន​ជនជាតិ​ចេញ​ចូល​រាល់ថ្ងៃ ដូច្នេះ អ្នកស្រី​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ខ្លាច​មេរោគ​នេះ ឆ្លង​ចូល​ដល់​ខេត្ត​ព្រះសីហនុ​។ ជាពិសេស បន្ទាប់ពី​ចប់​ពិធីបុណ្យ​ចូលឆ្នាំ​ចិន គឺ​អាច​មាន​ជនជាតិ​ចិន​ច្រើន ត្រឡប់​ចូល​មក​រស់នៅ​ខេត្ត​ព្រះ​សីហនុ​វិញ។ អ្នកស្រី ជៀប សុធារី បន្ថែម​ថា ស្រប​ពេល​ដែល​មេរោគ​ដ៏​កាច​សាហាវ​នេះ កំពុង​ផ្ទុះ​ផ្អើល ជុំវិញ​ពិភពលោក​អ្នកស្រី មើល​ឃើញ​ថា ពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ ហាក់​មិនសូវ​ដឹង​អំពី​របៀប​ការពារ​ខ្លួន និង​គ្រោះថ្នាក់​នៃ​ជំងឺ​នេះ​ទេ៖ «អាជ្ញាធរ​ពាក់ព័ន្ធ ឬ​ក្រសួងសុខាភិបាល គួរតែ​ផ្សាយ​ឱ្យ​បាន​ទូលាយ ព្រោះ​អី​ជំងឺ​នេះ បាន​រីក​រាលដាល​ពី​ប្រទេស​ចិន មក​ប្រទេសជិតខាង​និង​រហូតដល់​អាមេរិក​ដែល​ជា ប្រទេស​ជឿនលឿន​ទាំង​ផ្នែក​វេជ្ជសាស្ត្រ និង​បច្ចេកវិទ្យា នៅតែ​មាន​ការ​ព្រួយបារម្ភ​ដែរ រហូតដល់​ប្រទេស​ខ្លះ បាន​បិទ​ជើង​យន្តហោះ​ពី​ប្រទេស​ចិន​ទៀត​ផង​។ អាជ្ញាធរ​ជាពិសេស​ខេត្ត​ព្រះសីហនុ គួរតែ​ផ្សព្វផ្សាយ​ពី​របៀប​ការពារ​ដោយ​វិធី​ណា»។

អ្នកស្រី ជៀប សុធារី ឱ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃនេះ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ មាន​សភាព​ស្ងប់ស្ងាត់ និង​មាន កាស៊ីណូ ព្រមទាំង​ហាង​មួយ​ចំនួន​ដែល​ជា​របស់​ជនជាតិ​ចិន ត្រូវ​បាន​បិទទ្វា ប៉ុន្តែ​មិនមែន​ដោយសារ ផ្អើល​ខ្លាច​ជំងឺឆ្លង​ប្រភេទ​ថ្មី​នេះ​ទេ ពោល​គឺ​ដោយសារ​ពួកគេ រវល់​ធ្វើ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​។ អ្នកស្រី សង្កេត​ឃើញ​ថា នៅ​ខេត្ត​ព្រះសីហនុ មិន​សូវ​មាន​ពលរដ្ឋ​ពាក់​ម៉ាស់​ការពារ​ខ្លួន​នោះ​ដែរ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន មាន​ប្រសាសន៍ថា គិត​ត្រឹម​ម៉ោង​ ៣ល្ងាច ​ថ្ងៃ​ទី​២៥ ខែ​មករា កម្ពុជា​មិនទាន់​រក​ឃើញ​មាន​អ្នក​ជំងឺឆ្លង​ប្រភេទ​រលាក​សួត បង្ក​ដោយ​វីរុស កូរ៉ូណា (Corona Virus) នៅឡើយ​ទេ​។ ក៏ប៉ុន្តែ​ក្រសួង​រក​ឃើញ​មាន​ករណី​សង្ស័យ​ជា​បន្តបន្ទាប់ ចំពោះ​អ្នក​ដំណើរ​មកពី​ប្រទេស​ចិន ដូចជា​មាន​អាការៈ​គ្រុន​ក្តៅ និង​ផ្លូវ​ដង្ហើម ប៉ុន្តែ​ក្រោយ​ពិនិត្យ​និង​វិភាគ​មើល គឺ​លទ្ធផល​សុទ្ធតែ​អវិជ្ជមាន​។ លោក​អះអាង​ថា មន្ត្រី​ពាក់ព័ន្ធ កំពុង​បន្ត​តាមដាន​ឃ្លាំមើល​យ៉ាង​យកចិត្ត​ទុក ដាក់​ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ។ លោក លី សុវណ្ណ ឱ្យ​ដឹង​ដែរ​ថា អ្នកដំណើរ​ពី​ទីក្រុង​វ៉ូហាន (Wuhan) ប្រទេស​ចិន ដែល​ជា​កន្លែង​ផ្ទុះ​មេរោគ​ថ្មី​នេះ មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ហោះហើរ​មក​កម្ពុជា​ទៀត​នោះ​ទេ៖ «យើង​ពង្រឹង​ទប់ស្កាត់​ទាំង​ផ្លូវ​អាកាស​ទាំង​ផ្លូវគោក ដើម្បី​ឱ្យ​ប្រាកដ​ថា ប្រទេស​យើង​គ្មាន​ករណី​នេះ​ទេ ប៉ុន្តែ​ក្នុង​ករណី​បើ​មាន​វិញ យើង​ត្រូវតែ​ទប់​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត កុំ​ឱ្យ​រាលដាល​ក្នុង​ប្រទេស​យើង។ ក្រសួង​បាន​ដាក់​ម៉ាស៊ីន​ស្ទង់​កម្ដៅ​នៅ​តាម​ច្រក​អន្តរជាតិ​ផ្លូវគោក ៣​កន្លែង រួមមាន ប៉ោយប៉ែត បាវិត និង​ព្រែក​ចាក ហើយ​ដាក់​ម៉ាស៊ីន​ស្ទង់​កម្ដៅ​នៅ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣​កន្លែង​ផង​ដែរ គឺ​នៅ​ភ្នំពេញ សៀមរាប និង​ក្រុង​ព្រះសីហនុ​។ យើង​ក៏​មាន​មន្ត្រី​ដែល​ជា​ក្រុម​ឆ្លើយតប​បន្ទាន់​ទូទាំង​ប្រទេស​ជាង ២​ពាន់​នាក់​ដើម្បី​ត្រៀម​ឆ្លើយតប ទាំង​យប់​ទាំង​ថ្ងៃ​។ ទោះបី​ករណី​សង្ស័យ​ក៏​យើង​ត្រូវ​ប្រាកដ​ថា មិន​មាន​វិជ្ជមាន​នៃ​ជំងឺ​នេះ​ទេ»។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​រូប​នេះ បន្ត​ថា ដោយសារ​ជំងឺ​នេះ​មិនទាន់​រក​ឃើញ​ច្បាស់លាស់​ថា ឆ្លងតាម​របៀប​ណា​នៅឡើយ ដូច្នេះ​លោក​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​លាងដៃ​ជាមួយ​សាប៊ូ ឬ​ជាតិ​អាកុល​ឱ្យ​បាន​ញឹកញាប់ ខ្ទប់​មាត់​និង​ច្រមុះ នៅ​ពេល​ក្អក​និង​ផ្ដាសាយ ហើយ​ចោល​ក្រដាស​ទាំងនោះ​ក្នុង​ធុង​សម្រាម​ភ្លាមៗ​។ លោក​បន្ថែម​ថា ជៀសវាង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដែល​មាន​គ្រុនក្ដៅ និង​ក្អក​។ លោក​បន្ថែម​ថា ក្នុង​ករណី​មាន​អាការៈ​គ្រុនក្ដៅ ក្អក និង​ពិបាក​ដកដង្ហើម​ត្រូវ​រួសរាន់​រក​ការ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ដែល​នៅ​ជិត​៖ «ចំណុច​មួយទៀត យើង​សង្ស័យ​ថា ប្រភព​ចម្លង​ចេញ​មកពី​សត្វ ដូច្នេះ​សូម​បងប្អូន​កុំ​ប៉ះពាល់​សត្វ​រស់ បើ​មិន​ចាំបាច់​ហើយ​បើ​បងប្អូន​រៀបចំ​ម្ហូបអាហារ​ពី​សត្វ​រស់ ត្រូវ​រៀបចំ​អនាម័យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​ហាម​បរិភោគ​សត្វ ឬ​ស៊ុត​ដែល​ឆៅ​។ បើ​ចង់​រាយការណ៍​សង្ស័យ ឬមួយ​សួរ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ​ 115 ដែល​យើង​ប្រចាំ​ការ​ទទួល​និង​សម្រួល​បងប្អូន»។

ប្រជាពលរដ្ឋ​មួយ​ចំនួន និង​សង្គម​ស៊ីវិល​បារម្ភ​ថា កម្ពុជា​អាច​នឹង​មាន​ហានិភ័យ​ដោយសារ​តែ​មាន​ជនជាតិ​ចិន​ច្រើន​បាន​ចូល​មក​កម្ពុជា​។ កាលពី​ឆ្នាំមុន​មាន​អ្នកទេសចរ​ចិន​ចំនួន ២ លាន​នាក់​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា។

អង្គការ​សុខភាព​ពិភពលោក​(WHO) កំពុង​ធ្វើការ​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​នៅ​លើ​ពិភពលោក ដើម្បី​សិក្សា​ឱ្យ​ច្បាស់​ពី​ដើមកំណើត​របៀប​ឆ្លង របៀប​ការពារ និង​របៀប​ព្យាបាល​ជំងឺ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។