ក្រសួង​​ណែនាំ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ខ្មែរ​-​ថៃ បង្កើន​ការ​ប្រុងប្រយ័ត្ន ក្រោយ​ផ្ទុះ​​ជំងឺ​កូវីដ​នៅ​ខេត្ត​ ប្រទេស​ថៃ

ដោយ ទីន ហ្សាការីយ៉ា
2020-12-20
Share
ក្រសួង​​ណែនាំ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ខ្មែរ​-​ថៃ បង្កើន​ការ​ប្រុងប្រយ័ត្ន ក្រោយ​ផ្ទុះ​​ជំងឺ​កូវីដ​នៅ​ខេត្ត​ ប្រទេស​ថៃ ទិដ្ឋភាព​ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ ឡើង​រថយន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២០។
រូបភាព​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍

ក្រសួង​សុខាភិបាល ចេញ​ការណែនាំ​បន្ទាន់​មួយ​ដល់​បណ្ដា​ខេត្ត​នានា​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​ធ្វើ​ចត្តាឡឺស័ក​រាល់​ពលករ​ខ្មែរ​ទាំងឡាយ​ណា​ដែល​ត្រឡប់​មក​ពី​ថៃ​វិញ ។ វិធានការ​ទប់​នេះ ធ្វើឡើង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ដល់​ក្នុង​ប្រទេស ក្រោយពី​មាន​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ជាថ្មី ជាង​៥​រយ​ករណី ក្នុង​រយៈពេល​១​ថ្ងៃ នៅ​ខេត្ត​សាមុតសាខន (SamutSakorn) ប្រទេស​ថៃ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ចេញ​លិខិត​អំពាវនាវ​មួយ ដល់​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ខ្មែរ​-​ថៃ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ត្រូវ​ពិនិត្យ​សុខភាព​រាល់​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ​មក​កម្ពុជា ឱ្យ​បាន​ហ្មត់ចត់ តាម​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ របស់​ក្រសួង។

អាជ្ញាធរ​ខេត្ត​នីមួយៗ​ត្រូវ​ត្រួតពិនិត្យ​រាល់​អ្នកដំណើរ​ទាំងឡាយ​ណា​ដែល​ចេញពី​ថៃ​ចូល​កម្ពុជា ត្រូវ​ធ្វើ​ចត្តាឡឺស័ក​រយៈពេល​ចំនួន​១៤​ថ្ងៃ​ពេញ ដោយ​យក​វត្ថុ​សំណាក​ទៅ​ពិនិត្យ​រក​វីរុស​កូរ៉ូណា​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​មន្ទីរពេទ្យ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ដែល​បុគ្គល​នោះ​ចូល​កម្ពុជា។

ក្រសួង​សុខាភិបាល ស្នើ​ឱ្យ​អាជ្ញាធរ​ត្រួតពិនិត្យ​ឱ្យ​បាន​ដិតដល់​ចំពោះ​អ្នកធ្វើ​ចត្តាឡីស័ក​ទាំងអស់ ដើម្បី​ចៀសវាង​ការ​រត់​ចេញ​ពី​កន្លែង​នោះ ដោយហេតុ​ណាមួយ​។ ក្រសួង​ក៏​អំពាវនាវ​ដល់​ពលរដ្ឋ​នៅ​តាម​សហគមន៍​ផ្ដល់​ព័ត៌មាន​ដល់​អាជ្ញាធរ​ភូមិ​ឃុំ នៅ​ពេល​មាន​មនុស្ស​ចំណូល​ថ្មី​ចូល​សហគមន៍​ខ្លួន ករណី​បុគ្គល​នោះ​មិនបាន​ធ្វើការ​ត្រួតពិនិត្យ​សុខភាព និង​ធ្វើ​ចត្តាឡីស័ក​មិន​បាន​ត្រឹមត្រូវ។

ការ​ដាក់​ចេញ​វិធានការ​នេះ គឺ​បន្ទាប់ពី​មានការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាង​៥​រយ​ករណី ភាគច្រើន​ជា​ពលករ​ភូមា ដែល​ធ្វើការ​នៅ​ផ្សារ​លក់​បង្គា​មួយ​កន្លែង ក្នុង​ខេត្ត​សាមុតសាខន ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ កន្លងមក ។ នៅ​ខេត្ត​របស់​ប្រទេស​ថៃ​មួយ​នេះ ក៏​មាន​ពលករ​ខ្មែរ​ជាច្រើន​នាក់​ដែរ ដែល​កំពុង​ធ្វើ​ការ​នៅ​ទីនោះ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​លើ​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន នៅ​ថ្ងៃ​ទី២០ ធ្នូ បាន​ទេ ដោយសារ​គ្មាន​អ្នកទទួល​ទូរស័ព្ទ។

ទន្ទឹម​គ្នា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់​ថវិកា​ដល់​ខេត្ត​ចំនួន​៧​ជាប់​ព្រំដែន​ថៃ គឺ​១​ខេត្ត​ទទួល​បាន​៥០​លាន​រៀល ដើម្បី​ឱ្យ​ខេត្ត​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ រៀបចំ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ពី​ប្រទេស​ថៃ​។ ខេត្ត​ទាំងនោះ រួមមាន​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និង កោះកុង ដោយសារតែ​ខេត្ត​សាមុតសាខន ប្រទេស​ថៃ មាន​ចម្ងាយ​ប្រមាណ​ជាង​៣​រយ​គីឡូម៉ែត្រ ពី​ខេត្ត​ខ្មែរ​ដែល​មាន​ច្រកចេញ​ជាមួយ​ថៃ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ដែល​ទៅ​ធ្វើ​ចំណាក​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ សុទ្ធតែ​ជា​អ្នក​ជួប​បញ្ហា​ជីវភាព​លំបាក​ខ្លាំង​នៅ​ក្នុង​ស្រុក។

លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​ផ្ដល់​ទីកន្លែង​ស្នាក់នៅ និង​ផ្គត់ផ្គង់​អាហារ​ដល់​ពួកគាត់​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ធានា​ថា ពលរដ្ឋ​ខ្មែរ​ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ ធ្វើ​ចត្តាឡីស័ក​បាន​ពេញលេញ និង​ត្រឹមត្រូវ​តាម​វិធាន​របស់​ក្រសួង​សុខាភិបាល។

លោក​យល់​ថា បើ​អាជ្ញាធរ​តាម​ខេត្ត​នីមួយៗ​មិន​យកចិត្តទុកដាក់​ក្នុង​រឿង​នេះ អាច​នឹង​មាន​ករណី​រត់​ចេញពី​កន្លែង​ធ្វើ​ចត្តាឡីស័ក ដោយហេតុ​ណាមួយ៖ «កុំ​ឱ្យ​គាត់​មាន​អារម្មណ៍ គាត់​ស្ថិត​នៅ​ក្រោម​សម្ពាធ​។ ម្យ៉ាងវិញទៀត​ក្នុង​ការដែល​ធ្វើ​ចត្តាឡីស័ក​នេះ ជា​រឿង​មួយ​ចាំបាច់​ណាស់ ដែល​ត្រូវ​គិតគូរ​អំពី​ការរស់នៅ​របស់​គាត់ និង​គ្រួសារ​របស់​គាត់​។ យើង​ដឹង​ហើយ​ថា ការ​រីក​រាល​នៃ​កូវីដ​ពេញ​១​ឆ្នាំនេះ អ្នកខ្លះ​ជួបប្រទះ​នឹង​បញ្ហា​ជីវភាព​ខ្លាំង​។ ការ​ជួប​បញ្ហា​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​គាត់ ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​ដើម្បី​បានការ​ងារ​ធ្វើ បើ​ទោះ​កន្លងមក​គាត់​ដឹង​ថា ហានិភ័យ​នៅ​កូវីដ១៩ នៅ​ប្រទេស​ថៃ​ហ្នឹង វា​ខ្ពស់​ជាង​នៅ​កម្ពុជា​ក៏ដោយ ក៏​គាត់​នៅតែ​ប្រថុយ​ទៅ​ដែរ»

នៅ​ថ្ងៃ​ទី​២០ ធ្នូ ក្រសួង​សុខាភិបាល រក​មិន​ឃើញ​មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​១៩​ទេ ។ តែ​មក​ទល់​ពេល​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​នេះ​មាន​ចំនួន ៣៦២​នាក់ ក្នុង​នោះ អ្នកជា​សះស្បើយ មាន​៣៤៥​នាក់ និង ១៧​នាក់​កំពុង​សម្រាក​ព្យាបាល ។ ករណី​ឆ្លង​ទាំងនេះ មាន ៤​នាក់ បាន​ឆ្លង​ក្រោយ​ប៉ះពាល់​រដ្ឋមន្ត្រី​ហុងគ្រី ហើយ ៤១​នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​២៨ វិច្ឆិកា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល