ក្រសួងសុខាភិបាល ចេញការណែនាំបន្ទាន់មួយដល់បណ្ដាខេត្តនានានៅតាមបណ្ដោយព្រំដែនជាមួយប្រទេសថៃ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងធ្វើចត្តាឡឺស័ករាល់ពលករខ្មែរទាំងឡាយណាដែលត្រឡប់មកពីថៃវិញ ។ វិធានការទប់នេះ ធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដល់ក្នុងប្រទេស ក្រោយពីមានផ្ទុះការឆ្លងជំងឺកូវីដ១៩ជាថ្មី ជាង៥រយករណី ក្នុងរយៈពេល១ថ្ងៃ នៅខេត្តសាមុតសាខន (SamutSakorn) ប្រទេសថៃ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី២០ ខែធ្នូ ចេញលិខិតអំពាវនាវមួយ ដល់អាជ្ញាធរខេត្តជាប់ព្រំដែនខ្មែរ-ថៃ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវពិនិត្យសុខភាពរាល់អ្នកធ្វើដំណើរពីប្រទេសថៃមកកម្ពុជា ឱ្យបានហ្មត់ចត់ តាមវិធានការទប់ស្កាត់ជំងឺកូវីដ១៩ របស់ក្រសួង។
អាជ្ញាធរខេត្តនីមួយៗត្រូវត្រួតពិនិត្យរាល់អ្នកដំណើរទាំងឡាយណាដែលចេញពីថៃចូលកម្ពុជា ត្រូវធ្វើចត្តាឡឺស័ករយៈពេលចំនួន១៤ថ្ងៃពេញ ដោយយកវត្ថុសំណាកទៅពិនិត្យរកវីរុសកូរ៉ូណានៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពេទ្យខេត្តសៀមរាប នៅថ្ងៃដែលបុគ្គលនោះចូលកម្ពុជា។
ក្រសួងសុខាភិបាល ស្នើឱ្យអាជ្ញាធរត្រួតពិនិត្យឱ្យបានដិតដល់ចំពោះអ្នកធ្វើចត្តាឡីស័កទាំងអស់ ដើម្បីចៀសវាងការរត់ចេញពីកន្លែងនោះ ដោយហេតុណាមួយ។ ក្រសួងក៏អំពាវនាវដល់ពលរដ្ឋនៅតាមសហគមន៍ផ្ដល់ព័ត៌មានដល់អាជ្ញាធរភូមិឃុំ នៅពេលមានមនុស្សចំណូលថ្មីចូលសហគមន៍ខ្លួន ករណីបុគ្គលនោះមិនបានធ្វើការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវ។
ការដាក់ចេញវិធានការនេះ គឺបន្ទាប់ពីមានការឆ្លងជំងឺកូវីដ១៩ ជាង៥រយករណី ភាគច្រើនជាពលករភូមា ដែលធ្វើការនៅផ្សារលក់បង្គាមួយកន្លែង ក្នុងខេត្តសាមុតសាខន ប្រទេសថៃ កាលពីថ្ងៃទី១៨ ខែធ្នូ កន្លងមក ។ នៅខេត្តរបស់ប្រទេសថៃមួយនេះ ក៏មានពលករខ្មែរជាច្រើននាក់ដែរ ដែលកំពុងធ្វើការនៅទីនោះ។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមលើរឿងនេះ ពីអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន នៅថ្ងៃទី២០ ធ្នូ បានទេ ដោយសារគ្មានអ្នកទទួលទូរស័ព្ទ។
ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់ថវិកាដល់ខេត្តចំនួន៧ជាប់ព្រំដែនថៃ គឺ១ខេត្តទទួលបាន៥០លានរៀល ដើម្បីឱ្យខេត្តអាជ្ញាធរថ្នាក់ក្រោមជាតិ រៀបចំដោះស្រាយបញ្ហាចំពោះមុខ ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ពីប្រទេសថៃ។ ខេត្តទាំងនោះ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និង កោះកុង ដោយសារតែខេត្តសាមុតសាខន ប្រទេសថៃ មានចម្ងាយប្រមាណជាង៣រយគីឡូម៉ែត្រ ពីខេត្តខ្មែរដែលមានច្រកចេញជាមួយថៃ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ពលរដ្ឋខ្មែរភាគច្រើនដែលទៅធ្វើចំណាករកការងារធ្វើនៅប្រទេសថៃ សុទ្ធតែជាអ្នកជួបបញ្ហាជីវភាពលំបាកខ្លាំងនៅក្នុងស្រុក។
លោកបន្តថា រដ្ឋាភិបាលគួរផ្ដល់ទីកន្លែងស្នាក់នៅ និងផ្គត់ផ្គង់អាហារដល់ពួកគាត់ឱ្យបានគ្រប់គ្រាន់ ដើម្បីធានាថា ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ ធ្វើចត្តាឡីស័កបានពេញលេញ និងត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។
លោកយល់ថា បើអាជ្ញាធរតាមខេត្តនីមួយៗមិនយកចិត្តទុកដាក់ក្នុងរឿងនេះ អាចនឹងមានករណីរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ដោយហេតុណាមួយ៖ « កុំឱ្យគាត់មានអារម្មណ៍ គាត់ស្ថិតនៅក្រោមសម្ពាធ។ ម្យ៉ាងវិញទៀតក្នុងការដែលធ្វើចត្តាឡីស័កនេះ ជារឿងមួយចាំបាច់ណាស់ ដែលត្រូវគិតគូរអំពីការរស់នៅរបស់គាត់ និងគ្រួសាររបស់គាត់។ យើងដឹងហើយថា ការរីករាលនៃកូវីដពេញ១ឆ្នាំនេះ អ្នកខ្លះជួបប្រទះនឹងបញ្ហាជីវភាពខ្លាំង។ ការជួបបញ្ហានេះហើយ ដែលធ្វើឱ្យគាត់ ចំណាកស្រុកទាំងប្រថុយប្រថានដើម្បីបានការងារធ្វើ បើទោះកន្លងមកគាត់ដឹងថា ហានិភ័យនៅកូវីដ១៩ នៅប្រទេសថៃហ្នឹង វាខ្ពស់ជាងនៅកម្ពុជាក៏ដោយ ក៏គាត់នៅតែប្រថុយទៅដែរ»។
នៅថ្ងៃទី២០ ធ្នូ ក្រសួងសុខាភិបាល រកមិនឃើញមានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ទេ ។ តែមកទល់ពេលនេះ កម្ពុជា មានអ្នកឆ្លងជំងឺនេះមានចំនួន ៣៦២នាក់ ក្នុងនោះ អ្នកជាសះស្បើយ មាន៣៤៥នាក់ និង ១៧នាក់កំពុងសម្រាកព្យាបាល ។ ករណីឆ្លងទាំងនេះ មាន ៤នាក់ បានឆ្លងក្រោយប៉ះពាល់រដ្ឋមន្ត្រីហុងគ្រី ហើយ ៤១នាក់ ជាករណីឆ្លងក្នុងសហគមន៍២៨ វិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។