អ្នក​ជាប់​​ឃុំ​ម្នាក់​​ទៀត​​ស្លាប់​​នៅ​​មន្ទីរ​ពេទ្យ​មិត្តភាព​-ខ្មែរ​សូវៀត​​

0:00 / 0:00

អ្នក​ជាប់​ឃុំ​ម្នាក់​ទៀត​ស្លាប់​​ក្រោយ​ពេល​​អនុរក្ស​ពន្ធនាគារ​​បាន​​បញ្ជូន​ទៅ​​ព្យាបាល​​នៅ​​មន្ទីរ​ពេទ្យ​ខ្មែរ​សូវៀត​​ក្នុង​​ទី​ក្រុង​​ភ្នំពេញ​​។​ ភរិយា​អ្នក​​ជាប់​​ឃុំ​​សង្ស័យ​​ថា​​ មរណភាព​ប្ដី​របស់​លោក​ស្រី គឺដោយ​​សារ​​ជំងឺ​កូវីដ​ ១៩​។ ចំណែក​​មន្ត្រី​សង្គម​ស៊ីវិល​វិញ​​ស្នើ​សុំ​ឱ្យ​​សមត្ថកិច្ច​​ស៊ើប​អង្កេត​រក​មូល​ហេតុ​ពិត​​ប្រាកដ​​នៃ​​ការ​​ស្លាប់​​នេះ។

ភរិយា​អ្នក​ជាប់​ឃុំ​​លោក​ តាំង រ៉ុន គឺ​​លោក​ស្រី​ ឈិត​ ម៉ាលីស ​ប្រាប់​អាស៊ីសេរី​កាល​ពី​យប់​ថ្ងៃ​ទី​៧​ ខែមិថុនា​ថា​ ស្វាមី​របស់​លោក​ស្រី​បាន​ធ្លាក់​ខ្លួន​​ឈឺ​ក្ដៅ​ខ្លួន​​ខ្លាំង​​ក្រោយ​​ពេល​​ចាក់​​វ៉ាក់សាំង​កូវីដ​១៩​ លើក​ទី​២​ កាលពី ​១០​ ថ្ងៃ​មុន។​ លោក​ស្រី​និយាយ​ថា​ លោក​ តាំង រ៉ុន​ ត្រូវ​អនុរក្ស​ពន្ធនាគារ​បញ្ជូន​មក​ព្យាបាល​ នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ ខ្មែរ​ សូវៀត កាល​ពី​យប់​ម៉ោង​ ១១​ កាល​ពី​ថ្ងៃ​ទី​៦​ ខែមិថុនា​ ហើយ​នៅ​ម៉ោង​ ៥​ ព្រឹក​ ឈាន​ដល់​ថ្ងៃ​ទី​៧​ ខែមិថុនា​នេះ​ ក៏​បាន​ស្លាប់​។​ លោក​ស្រី​ថា ​ក្រុម​គ្រូពេទ្យ​បាន​បូម​ឈាម​ជនរងគ្រោះ​ទៅ​ពិនិត្យ​រួច​ ហើយ​តែ​មិន​ទាន់​ចេញ​លទ្ធផល​នៅ​ឡើយ​ទេ។​

លោក​ស្រី​ ឈិត​ ម៉ាលីស បញ្ជាក់ថា លោក​ តាំង រ៉ុន​ មាន​អាការៈ​ក្អក​យ៉ាង​ខ្លាំង​ ហើយ​ក្រោយ​ស្លាប់​ ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា​ មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ ដែលធ្វើ​ឱ្យ​លោក​ស្រី​សង្ស័យថា ស្វាមី​របស់​​លោក​ស្រី​ស្លាប់​​ដោយ​សារ​ជំងឺ​កូវីដ​ ១៩​៖ «ខ្ញុំ​យល់​ថា​ មក​ពី​ចាក់​វ៉ាក់សាំង​លើក​ទី​ ២​។ ប្តី​ខ្ញុំ​ពេល​ចាក់​វ៉ាក់សាំង​ លើក​ទី​២​ គឺ​ធ្វើ​ទុក្ខ​រហូត​ អត់​មាន​ថ្ងៃ​ណា​ដែល​ស្រួល​ខ្លួន​ទេ។​ ប្តី​ខ្ញុំ​ឱ្យ​មេធាវី​គាត់​ស្នើ​សុំ​នៅ​ក្នុង​មន្ទីរ​កែប្រែ​ ហ្នឹង​គាត់​ថា​ សុំ​បញ្ជូន​ខ្លួន​គាត់​មក​ពេទ្យ​មក​ពីព្រោះ​គាត់​ធ្វើ​ទុក្ខ​ខ្លាំង​ណាស់​​។ប៉ុន្តែ​ពេទ្យ​គេ​អត់​ទទួល​។​ គេ​ថា​មនុស្ស​ឈឺ​ខ្លាំង​ណាស់​បើ​គាត់​ចេញ​មក​តែ​ឯង​ក៏​អ្នក​ផ្សេង​គេ​អត់​ព្រម​ដែរ​ ខ្លាច​គេ​ច្រណែន​ មាន​ការ​រិះគន់​។​ គេ​និយាយ​ចឹង»។​​

អាស៊ីសេរី​បាន​ព្យាយាម​ទាក់​ទង​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​លោក​ នុត សវនា​ និង​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ គឺ​អ្នក​ស្រី​ ឱ វណ្ណឌីន​ តែ​មិនមានអ្នក​លើក​ទូរ​ស័ព្ទ។​

ទាក់​ទិន​បញ្ហា​នេះ​ នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​លោក​ អំ សំអាត​ បញ្ជាក់​ថា​ លោក​បាន​ទទួល​ដំណឹង​ពី​ករណី​អ្នក​ទោស​នៅ​ពន្ធនាគារ​ស្លាប់​ដែរ​ តែ​នៅ​មិន​ទាន់​ដឹង​មូល​ហេតុ​នៃ​ការ​ស្លាប់​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។​ លោក​ស្នើ​សុំ​ឱ្យ​សមត្ថកិច្ច​ ត្រូវ​តែ​បើក​ការ​ស៊ើប​អង្កេត​ដោយ​ឯក​រាជ្យ​ចំពោះ​ករណី​ស្លាប់​នេះ និងបង្ហាញលទ្ធផលដោយតម្លាភាព៖ «ករណី​ទាំង​អស់​នេះ​ទាម​ទារ​ឱ្យ​មាន​ព័ត៌មាន​តម្លា​ភាព​ទាក់ទង នឹង​ស្ថាន​ភាព​អ្នក​ជាប់​ឃុំ​ហ្នឹង​​ហើយ​អ្វី​ដែល​សំខាន់​ គឺ​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​ទទូច​ដែរ​ទាក់​ទង​នឹង​ការ​ ដោះ​ស្រាយ​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ​ហ្នឹង គឺ​ពាក់​ព័ន្ធ​នឹង​តុលាការ​ ពាក់ព័ន្ធ​នឹង​ក្រសួង​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​​ មួយ​ចំនួន​ទៀត​ដើម្បី​រក​មធ្យោបាយ​ធ្វើការ​យ៉ាង​ម៉េច​ដោះលែង​អ្នក​ដែល​ជាប់​ឃុំ​»។

លោក​ តាំង រ៉ុន​ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​ ហើយ​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​កាល​ពី​ដើម​ឆ្នាំ​២០២០​ ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​​៣​ ឆ្នាំ​ ពី​បទ​ប្លន់​។​

ភរិយា​លោក​ តាំង រ៉ុន និយាយ​ថា​ ស្វាមី​លោក​ស្រី​ នៅ​សល់​តែ ​៣​ ខែ​ទៀត​ប៉ុណ្ណោះ​ នឹង​ចេញ​ពី​ពន្ធនាគារ​ ប៉ុន្តែ​​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ ក្នុង​ពេល​កំពុង​ជាប់​ក្នុង​មន្ទីរ​ឃុំ​ឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស៕​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។