ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបកំពុងព្រួយបារម្ភពីស្ថានភាពឆ្លងរាតត្បាតជំងឺកូវីដ១៩ (Covid-19) ប្រភេទវីរុសអូមីក្រុង (virus Omicron) បំប្លែងថ្មីថា នឹងបង្កការលំបាកជាថ្មីដល់ការរស់នៅ និងរបរចិញ្ចឹមជីវិតរបស់ពួកគេ។ ពលរដ្ឋទាំងនោះថា ប្រសិនបើការឆ្លងរាតត្បាតវីរុសនេះ មានទ្រង់ទ្រាយធំដូចកាលកន្លងទៅ នោះវានឹងបង្កផលប៉ះពាល់ដល់ជីវភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៅលើវិបត្តិបណ្ដាលមកពីឥទ្ធិពលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១២ កក្កដានេះ ឱ្យដឹងថា កម្ពុជាមានករណីឆ្លងវីរុសកូវីដ-១៩ ឡើងវិញជាបន្តបន្ទាប់រាល់ថ្ងៃ។ ក្នុងនោះមានវីរុសប្រភេទអូមីក្រុង (Omicron) បំប្លែងថ្មី ដែលមានសមត្ថភាពឆ្លងលឿនជាងមុន និងជ្រៀតចូលទៅក្នុងប្រព័ន្ធភាពស៊ាំរបស់មនុស្សបានងាយស្រួលជាងមុន។
បន្ទាប់ពីសេចក្ដីប្រកាសនេះ ប្រជាពលរដ្ឋ ជាពិសេស អ្នកប្រកបរបររកស៊ីពឹងផ្អែកលើវិស័យទេសចរណ៍នៅខេត្តសៀមរាប បង្ហាញក្ដីព្រួយបារម្ភថា វីរុសបំប្លែងខ្លួនថ្មីនេះ នឹងបំផ្លាញជីវភាពរស់នៅរបស់ពួកគេម្ដងទៀត។
ពលរដ្ឋរស់នៅខេត្តសៀមរាប លោក ធុយ ចន្ថា មានការព្រួយបារម្ភថា ប្រសិនបើមានការឆ្លងរាតត្បាតវីរុសបំប្លែងថ្មីនេះ មានទ្រង់ទ្រាយធំ នោះ ពលរដ្ឋនឹងបាត់បង់ការងារធ្វើដោយសារតែអាជីវកម្មមួយចំនួនត្រូវផ្អាកដំណើរការ។ ម្យ៉ាងទៀតលោកបន្តថា សេដ្ឋកិច្ចពលរដ្ឋនៅខេត្តសៀមរាបភាគច្រើនពឹងផ្អែកលើវិស័យទេសចរណ៍ ជាហេតុធ្វើឱ្យខេត្តមួយនេះ ប្រឈមទៅនឹងការបិទទ្វារលែងទទួលភ្ញៀវចូលកម្សាន ហើយនឹងប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកប្រកបរបររកស៊ីពឹងផ្អែកលើវិស័យមួយនេះ។ លោកបន្ថែមថា ប្រសិនបើខេត្តសៀមរាបត្រូវបិទទ្វារម្ដងទៀត នោះវានឹងបន្ថែមបន្ទុកជីវភាពមួយទៀតដល់ពលរដ្ឋ លើវិបត្តិសេដ្ឋកិច្ច ដែលបណ្ដាលមកពីសង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែនក្នុងពេលបច្ចុប្បន្ន៖ « ក្នុងខេត្តសៀមរាបទាំងមូលហ្នឹង បើសិនជាគ្មានភ្ញៀវជាតិ និងអន្តរជាតិទៅលេងទេ អ៊ីចឹងវាធ្វើឱ្យប្រជាជនមួយចំនួន ដែលគាត់ពឹងផ្អែកលើវិស័យទេសចរណ៍ហ្នឹង ធ្វើឱ្យគាត់បាត់បង់ការងារធ្វើ ហើយនឹងបាត់បង់ប្រាក់ចំណូល »។
ពលរដ្ឋម្នាក់ទៀតនៅខេត្តសៀមរាប មានមុខរបរជាអ្នកដឹកភ្ញៀវទេសចរ លោក ប៉ក់ ស៊ីសុធរ ឱ្យដឹងថា ថ្វីត្បិតតែការឆ្លងរាតត្បាតវីរុសកូវីដ១៩ នេះ ប៉ះពាល់ដល់គ្រប់វិស័យក៏ពិតមែន ប៉ុន្តែវិស័យទេសចរណ៍ គឺរងគ្រោះខ្លាំងជាងគេ។ លោកមានការព្រួយបារម្ភថា វីរុសបំប្លែងថ្មីនេះ នឹងពង្រីកការឆ្លងរាតត្បាតកាន់តែធំជាងមុន ហើយបង្កផលប៉ះពាល់ដល់រូបលោក និងពលរដ្ឋផ្សេងទៀត ដែលជាអ្នកប្រកបរបរពឹងផ្អែកលើវិស័យមួយនេះ។ លោកសំណូមពររដ្ឋាភិបាល និងប្រជាពលរដ្ឋទូទៅឱ្យចូលរួមបង្ការទប់ស្កាត់កុំឱ្យមានការឆ្លងរាតត្បាតលក្ខណៈទ្រង់ទ្រាយធំដូចកាលកន្លងទៅ ដើម្បីជួយស្ដារសេដ្ឋកិច្ចដល់ពួកលោក ដែលទើបតែងើបឡើងវិញ ក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយនេះ៖ « អត់មានភ្ញៀវទេសចរមក គឺពិបាកមែនទែន ជាពិសេស ខ្ញុំ។ ធ្លាប់ដឹកភ្ញៀវទេសចរហ្នឹង គឺបានប្រាក់ល្អ ក្នុងមួយខែៗ ( បានពី ) ៤រយ ទៅ ៥រយដុល្លារ។ តែរហូតដល់កូវីដហ្នឹង គឺគ្នាអ្នកដឹកភ្ញៀវទេសចរហ្នឹង គឺកម្សត់កម្រខ្លាំងមែនទែន គឺអស់ដី អស់ផ្ទះ អស់អីទៀត ដើម្បីសងអង្គការ ( ធនាគារ )»។
ទាក់ទិននឹងក្ដីបារម្ភនេះ វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន និងប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន ដើម្បីសុំអត្ថាធិប្បាយបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី១២ កក្កដា។
ប៉ុន្តែនៅក្នុងការចុះផ្សាយរបស់ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ឱ្យដឹងថា បច្ចុប្បន្ននេះនៅតាមបណ្តាប្រទេសជាច្រើននៅលើសកលលោក បានរកឃើញវត្តមានវីរុសអូមីក្រុង (virus Omicron) (បំប្លែងថ្មីប្រភេទ ប៊ីអេ.ហ្វរ និងប៊ីអេ.ហ្វាយ (BA.4 និង BA.5) កំពុងធ្វើចរាចរណ៍យ៉ាងសកម្ម ខណៈវីរុសនេះ ក៏កំពុងមានវត្តមាននៅកម្ពុជាដែរ ដោយនៅថ្ងៃទី១១ កក្កដា ក្រសួងសុខាភិបាលរកឃើញមេរោគនេះចំនួន ១៤ករណី ដោយ ១២ករណី ជាអ្នកនៅក្នុងសហគមន៍ និង ២ករណីនាំចូលពីក្រៅប្រទេស។
លោកស្រីបញ្ជាក់ថា វីរុសអូមីក្រុងបំប្លែងថ្មី នេះ មានលទ្ធភាពអាចជ្រៀតចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សបានងាយស្រួលជាងមុន និងធ្វើឲ្យភាពស៊ាំរបស់បុគ្គល ក៏ឆាប់ធ្លាក់ចុះលឿនជាងប្រភេទប៊ីអេ.ហ្វរ និងប៊ីអេ.ហ្វាយ(BA.1 និង BA.2)។
« អស់រយៈពេល ២សប្តាហ៍មកហើយ ដែលយើងបានបន្តរកឃើញករណីឆ្លងវីរុសកូវីដ - ១៩ នៅព្រះរាជាណាចក្រកម្ពុជាយើងឡើងវិញជាបន្តបន្ទាប់ និងជារៀងរាល់ថ្ងៃកន្លងមកនេះ ក្នុងនោះ យើងក៏ឃើញមានវីរុសប្រភេទអូមីក្រុងបំប្លែងថ្មីនេះ (BA.4 និង BA.5) ដែលមានសមត្ថភាពឆ្លងលឿនជាងមុន »។
ជុំវិញរឿងនេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋកើតឡើង ដោយសារពួកគេខ្លាចធ្លាក់ចូលទៅក្នុងស្ថានភាពលំបាក ដូចកាលកម្ពុជាបិទខ្ទប់ប្រទេសកន្លងទៅដែរ។ លោកមើលឃើញថា កន្លងមកនៅពេលមានករណីឆ្លងរាតត្បាតជំងឺកូវីដ១៩ (Covid-19) ទ្រង់ទ្រាយធំ អាជ្ញាធរបានបិទខេត្តមួយចំនួន ហើយប៉ះពាល់ខ្លាំងដល់អ្នកប្រកបរបរពឹងផ្អែកលើវិស័យទេសចរណ៍។ លោកបន្ថែមថា ក្នុងអំឡុងពេលបិទខ្ទប់តំបន់ទាំងនោះ ទោះបីរដ្ឋាភិបាលបានផ្ដល់ជំនួយដល់ប្រជាពលរដ្ឋក៏ពិតមែន ប៉ុន្តែវាមិនអាចបំពេញតម្រូវការរបស់ពួកគេបាននោះឡើយ៖ « អ្នកខេត្តសៀមរាប គឺជាខេត្តមួយ ដែលគាត់អាស្រ័យផលជាមួយវិស័យទេសចរណ៍ អ៊ីចឹងកាលណាមានការផ្ទុះឡើងវិញ នូវមេរោគបំប្លែងថ្មីអូមីក្រុង គឺបាត់បង់ភ្ញៀវជាតិ និងអន្តរជាតិធ្វើឱ្យគាត់បាត់បង់ប្រាក់ចំណូលដែរ។ ហើយកន្លងមកឃើញថា ការផ្ដល់ ( ការ ) ឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ ឬក៏ការផ្ទេរជាសាច់ប្រាក់ពីអាជ្ញាធររដ្ឋ គឺបានបន្តិចបន្តួចសម្រាប់ពួកគាត់ អាហ្នឹងខ្ញុំគិតថា ជាការព្រួយបារម្ភមួយដ៏ត្រឹមត្រូវ »។
ទោះបីស្ថានភាពវិស័យទេសចរណ៍នៅក្នុងកម្ពុជាមានភាពបើកចំហឡើងវិញក៏ពិតមែន ប៉ុន្តែជីវភាពអ្នកធ្វើការក្នុងវិស័យនេះ ហាក់នៅតែមានការលំបាកនៅឡើយ។ អង្គការសង្គមស៊ីវិលធ្វើការទាក់ទងជាមួយវិស័យសេវាកម្មកម្ពុជា មានការព្រួយបារម្ភចំពោះប្រជាពលរដ្ឋពឹងផ្អែកលើវិស័យនេះ នឹងបន្តប៉ះពាល់កាន់តែធ្ងន់ធ្ងរ ប្រសិនបើមានការឆ្លងវីរុសកូវីដ១៩ (Covid-19) ទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ហើយនឹងបណ្ដាលឱ្យពលរដ្ឋត្រូវបង្ខំចិត្តចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាង៕