ពលរដ្ឋ​ចំនួន​ ៣០០​គ្រួសារ​ នៅ​តំបន់​ក្រហម​ក្រុង​ភ្នំពេញ​ទទួល​អំណោយ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក

ដោយ ហេង រស្មី
2021.05.06
ពលរដ្ឋ​ចំនួន​ ៣០០​គ្រួសារ​ នៅ​តំបន់​ក្រហម​ក្រុង​ភ្នំពេញ​ទទួល​អំណោយ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ពលរដ្ឋនៅតំបន់​ធ្វើចត្តាឡីស័ក ក្នុង​សង្កាត់​ស្ទឹង​មានជ័យ រាជធានី​ភ្នំពេញ នាំ​គ្នា​ចេញ​ទាមទារ​ជំនួយ​ស្បៀង​អាហារ​ពី​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ប្រជាពលរដ្ឋ​ចំនួន ៣០០គ្រួសារ ដែល​កំពុង​ប្រឈម​ នឹង​កង្វះ​ស្បៀងអាហារ​ នៅ​ក្នុង​តំបន់​ក្រហម​ ក្នុង​ទី​ក្រុងភ្នំពេញ នៅ​ថ្ងៃ​ទី៧ ឧសភា​នេះ នឹង​ទទួល​អំណោយ​ជា​អង្ករ​ និង​គ្រឿង​ឧបភោគ បរិភោគ​ មួយ​ចំនួន​ទៀត​ពី​ពលរដ្ឋ​ខ្មែរ រស់​នៅ​សហរដ្ឋ​អាមេរិក។ គម្រោង​ចែក​ស្បៀង​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​មាន​ពលរដ្ឋ​ជា​ច្រើន​នាក់​បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​ចែក​ស្បៀង​អាហារ​ដល់​ពួកគេ ​ដោយ​សារ​តែ​រដ្ឋាភិបាល​បាន​បិទ​ខ្ទប់​ទីក្រុង​កន្លង​ទៅ ក្នុង​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩ ចូល​ទៅ​ក្នុង​សហគមន៍។

ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​ក្រហម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​សប្ដាហ៍​មុន​ បាន​នាំ​គ្នា​ចេញ​មក​ខាង​ក្រៅ​ផ្ទះ​ដើម្បី​តវ៉ា​ទាម​ទារ​ឱ្យ​អាជ្ញាធរ​ផ្ដល់​ស្បៀង​អាហារ​ដល់​ពួកគេ​ បន្ទាប់​ពី​រដ្ឋាភិបាល​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ខេត្ត​កណ្ដាល មិន​ឱ្យ​ពួក​គេ​ចេញ​ក្រៅ​ផ្ទះ​ជា​ច្រើន​ថ្ងៃ​មក។

បើ​ទោះ​រស់នៅ​ឆ្ងាយ​ពី​ស្រុក​កំណើត​របស់​ខ្លួន​ក្ដី ក៏​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់​សហរដ្ឋ​អាមេរិក នឹក​រលឹក និង​ចង់​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​គ្នា​ឯង ដែល​កំពុង​ជួប​បញ្ហា​ខ្វះខាត​ស្បៀង នៅ​ឯ​កម្ពុជា។

ឧបាសក ឆាយ អ៊ីវសៀង និង​ឧបាសិកា ហុង គឹមសែ រស់​នៅ​រដ្ឋ​ម៉ារីលែនដ៍ (Maryland) បាន​រួមគ្នា​ជា​មួយ​នឹង​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ទៀត ទិញ​ស្បៀង​អាហារ​ចែក​ជូន​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​បញ្ហា​ខ្វះ​ខាត។

ឧបាសិកា ឆាយ អ៊ីវសៀង បញ្ជាក់​ថា មក​ដល់​ពេល​នេះ​លោក​ស្រី​ប្រមូល​បាន​ថវិកា សរុប​ចំនួន ១៦.២៧០​ដុល្លារ ហើយ​លោក​ស្រី​បាន​ឱ្យ​អ្នក​តំណាង​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ទិញ​អង្ករ ទឹក​ត្រី មី​កញ្ចប់ ត្រី​ខ​កំប៉ុង និង​ទឹក​ស៊ីអ៊ីវ ដើម្បី​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ ដែល​កំពុង​ជួប​ការ​លំបាក​នេះ។

ឧបាសិកា​បន្ត​ថា ការ​ចែក​ស្បៀង​នេះ គឺ​កើត​ចេញ​ពី​ទឹក​ចិត្ត​ស្រឡាញ់​ពលរដ្ឋ​ខ្មែរ​ ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា​ មិន​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​នយោបាយ​ទេ៖ «ពួក​ខ្ញុំ​នេះ​អត់​មាន​អ្នក​នយោបាយ​អ្វី​ទេ​ ជា​អំណោយ​សប្បុរស​ធម៌​ អត់​មាន​បក្ស​ពួក​ នយោបាយ​ក្នុង​ប្រទេស​ ក្រៅ​ប្រទេស​អី​ អត់​ទេ ជា​សប្បុរសជន​ដែល​អាណិត​ស្រឡាញ់​ជាតិ​ខ្មែរ​ ប៉ុណ្ណឹង​ឯង។​ ខ្ញុំ​ក៏​ប្រាប់​ទៅ​អ្នក​ចាត់​ការ​ទូទៅ​ដែរ​ថា​ អត់​មាន​រឿង​នយោបាយ អត់​មាន​រឿង​បក្ស​ពួក​ អត់​មាន​រឿង​ខ្មៅ ស ឱ្យ​តែ​គ្នា​អត់​ឃ្លាន​ចែក​ទៅ​។​ មិន​ឱ្យ​មាន​រើស​អើង​ពូជសាសន៍​អី​ទេ»

លោក​ស្រី​ អ៊ូ សៀងផុង​ តំណាង​អ្នក​ចែក​ចាយ​មួយ​រូប​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ក្រហម​ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ នៅ​ថ្ងៃ​ទី៧ ឧសភា​នេះ ចំនួន ៣០០ គ្រួសារ ហើយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​ចំនួន ២៦គីឡូ​ក្រាម មី ២៥កញ្ចប់ ត្រី​ខ​ ទឹក​ត្រី​ និង​ទឹក​ស៊ីអ៊ីវ ១យួរ។

ការ​ផ្ដួចផ្ដើម​ចែក​ស្បៀង​ជូន​ពលរដ្ឋ​នៅ​កម្ពុជា​នេះ មិន​មែន​មាន​តែ​​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នោះ​ទេ។ សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​ និង​ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ទៀត​ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ (California) ក៏​បាន​ប្រមូល​ថវិកា​ចែក​ជូន​ពលរដ្ឋ​ដែល​កំពុង​ខ្វះ​ស្បៀង​អាហារ​នៅ​តាម​បណ្ដា​ខេត្ត​ ផង​ដែរ។

ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ប្រចាំ​ប្រទេស​កម្ពុជា​ លោក​ តាំង​ សារៈ​ មាន​ប្រសាសន៍​ថា​ សហព័ន្ធ​ខ្មែរ​ក្រោម នៅ​សហរដ្ឋ​អាមេរិក​ បាន​ប្រមូល​ថវិកា​ប្រមាណ ៥.០០០​ដុល្លារ ដើម្បី​ចែក​ជួន​ពលរដ្ឋ​ចំនួន​ ៤០០គ្រួសារ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ សៀមរាប​ និង​នៅ​ក្នុង​ខេត្ត​ស្វាយរៀង ក្នុង​មួយ​គ្រួសារ​គិត​ជា​ទឹក​ប្រាក់​បាន​ចំនួន ១០ដុល្លារ៖ «ចែក​ជូន​ដល់​ខ្មែរ​កម្ពុជា​ក្រោម​ដែល​រង​ជំងឺ​កូវីដ ឬ​រង​ឥទ្ធិពល​នៃ​ជំងឺ​កូវីដ​ ហើយ​នឹង​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ដាច់​ស្បៀង​អាហារ​ដែល​ដាច់​ស្បៀង​អាហារ​ ដោយ​សារ​ជំងឺ​កូវីដ​ ដែល​មិន​អាច​ចេញ​ទៅ​ធ្វើ​ការ​បាន​ដែល​សរុប​ទឹក​ប្រាក់​ដែល​សហព័ន្ធ​ផ្ញើ​មក​ចំនួន ៥ពាន់​ដុល្លារ»

លោក​ តាំង សារៈ​ បាន​បញ្ជាក់​ថា​ មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រមាណ​ ៥០​ គ្រួសារ​មាន​ជំងឺ​កូវីដ​ ១៩​ ប៉ុន្តែ​អំណោយ​ដែល​សហព័ន្ធ​ខ្មែរ​ក្រោម​ចែក​នេះ គឺ​ផ្ដល់​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ ​ដែល​ខ្វះ​ស្បៀង​អាហារ​ មិន​ថា​ពលរដ្ឋ​ខ្មែរ​កណ្ដាល​ ឬ​ខ្មែរ​ក្រោម​នោះ​ទេ។​

ដោយ​ឡែក​ពលរដ្ឋ​ខ្មែរ​ ម្នាក់​ទៀត​រស់​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក លោក ភូ រស្មី មាន​ប្រសាសន៍​ថា លោក​បាន​ប្រមូល​ថវិកា​ចំនួន ៥ពាន់​ដុល្លារ សម្រាប់​ចែក​ជូន​ពលរដ្ឋ​ខ្មែរ​ នៅ​ក្នុង​ខេត្ត​បាត់ដំបង​ នៅ​ខេត្ត​ត្បូង​ឃ្មុំ​ ខេត្ត​មណ្ឌលគិរី​ និង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ចំនួន ៦០០គ្រួសារ។ លោក​ថា ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​ មី​ និង​ទឹក​ស៊ីអ៊ីវ​ ក្នុង​ពេល​ដែល​ពួកគេ​កំពុង​ប្រឈម​ នឹង​កង្វះ​ស្បៀង​អាហារ​សម្រាប់​ទទួល​ទាន។​

សំឡេង«អារម្មណ៍​ខ្ញុំ​ក៏​ធ្លាប់​កម្សត់​ណាស់​ដែរ​ ជា​ជន​ភៀសខ្លួន​មក​ពី​ស្រុក​ខ្មែរ​តាំង​ពី​អាយុ​ ៦​ ឆ្នាំ​​ពេល​ ឃើញ​អ៊ីចឹង​ទៅ​ កម្សត់​ម៉្យាង​ដែរ​ ឃើញ​ខ្វះខាត​ ណា​ក៏​ដូច​អ្នក​ណា​ដែរ​ មិន​ថា​ បង​ប្អូន​យើង​ បង​ប្អូន​គេ​ទេ។ បើ​យើង​ធ្លាប់​ឃើញ​គេ​អត់​មាន​អាហារ​ យើង​ចេញ​តូច​ចិត្ត​អន់​ចិត្ត»

ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០នាក់ រស់​នៅ​សង្កាត់​ស្ទឹង​មានជ័យ​ ក្រុង​ភ្នំពេញ​ កាល​ពី​សប្ដាហ៍​មុន​បាន​នាំ​គ្នា​ចេញ​មក​តវ៉ា​ជា​លើក​ដំបូង​ទាមទារ ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ស្បៀង​អាហារ​ដល់​ពួក​គេ ក្រោយ​ពេល​រដ្ឋាភិបាល​​រាំង​ខ្ទប់​មិន​ឱ្យ​ពលរដ្ឋ​ចេញ​ក្រៅ​ផ្ទះ​នៅ​ក្នុង​តំបន់​ក្រហម​អស់​ជា​ច្រើន បណ្ដាល​ឱ្យ​ពួក​គេ​មិន​ជួប​បញ្ហា​ខ្វះ​ស្បៀង។ បច្ចុប្បន្ន បាន​បន្ធូរ​បន្ថយ​ការ​បិទ​ខ្ទប់​តំបន់​ពណ៌​លឿង និង​ពណ៌​លឿង​ទុំ តែ​នៅ​បន្ត​ឃាំង​ខ្ទប់​តំបន់​ក្រហម ដែល​មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូដវីដ១៩ ច្រើន៕

Lockdown_people_call_for_food_aid_in_Stung_Meanchey_042921_Pokpo21.jpg
ពលរដ្ឋនៅតំបន់​ធ្វើចត្តាឡីស័ក ក្នុង​សង្កាត់​ស្ទឹង​មានជ័យ រាជធានី​ភ្នំពេញ នាំ​គ្នា​ចេញ​ទាមទារ​ជំនួយ​ស្បៀង​អាហារ​ពី​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋ​ផ្ដល់ឱ្យ



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។