ពលករ​មួយ​ចំនួន​ត្អូញត្អែរ​ពី​ទុក្ខ​លំបាក ក្រោយ​ពី​ពួក​គេ​ជាប់​គាំង​នៅ​ព្រំដែន​ខ្មែរ-ថៃ​អស់​ជា​ច្រើន​ថ្ងៃ

0:00 / 0:00

ពលករ​ខ្មែរ​មួយ​ចំនួន​ត្អូញត្អែរ​ពី​ទុក្ខ​លំបាក បន្ទាប់​ពី​ពួក​គេ​បាន​ជាប់​គាំង​នៅ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ-ថៃ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ទាំង​អស់​ពន្លឿន​អនុវត្ត​វិធានការ​របស់​រដ្ឋាភិបាល ដើម្បី​ឱ្យ​ពលករ ដែល​កំពុង​ជាប់​គាំង​នៅ​តំបន់​ព្រំដែន​ចូល​ក្នុង​ប្រទេស​វិញ​ឲ្យ​បាន​ឆាប់​រហ័ស។

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ជាប់​គាំង​នៅ​តំបន់​ព្រំដែន​ថៃ​ត្អូញត្អែរ​ថា ពួក​គាត់​កំពុង​លំបាក​វេទនា ព្រោះ​ពួក​គាត់​ស្នាក់​នៅ​ក្នុង​តង់​អស់​ជា​ច្រើន​ថ្ងៃ​ហើយ អាជ្ញាធរ​ខ្មែរ​មិន​ទាន់​ឱ្យ​ពួក​គេ​ចូល​ស្រុក​វិញ​នៅ​ឡើយ​ទេ។

ពលករ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់​លោកស្រី សាន សម្ភស្ស ប្រាប់​​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១០ សីហា ថា លោកស្រី​បាន​ជាប់​គាំង​នៅ​តំបន់​ព្រំដែន​ថៃ​ជាប់​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ​ជាង ១០ថ្ងៃ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​ខ្មែរ​មិន​ទាន់​អនុញ្ញាត​ឱ្យ​លោក​ស្រី​ចូល​ស្រុក​វិញ​នោះ​ទេ។ ពេល​នេះ លោកស្រី និង​ពលករ​ខ្មែរ​ចំនួន ២៦នាក់ និង​កូន​តូចៗ មួយ​ចំនួន​ទៀត ​កំពុង​ស្នាក់​នៅ​ក្រោម​តង់​តាម​បណ្ដោយ​អូរ​ជាប់​ព្រំដែន​កម្ពុជា និង​ថៃ​យ៉ាង​លំបាក។ ស្ត្រី​រូប​នេះ​ឱ្យ​ដឹង​ថា លោកស្រី​សម្រេច​ចិត្ត​វិល​ត្រឡប់​មក​ខ្មែរ​វិញ​ទាំង​ប្រថុយប្រថាន​បែប​នេះ ដោយសារ​លោក​ស្រី​បាត់​ការងារ និង​គ្មាន​លុយ​បង់​ថ្លៃ​បន្ទប់​ជួល ជា​ពិសេស បារម្ភ​ឆ្លង​ជំងឺ​កូវីដ១៩ គ្មាន​គ្រូពេទ្យ​ព្យាបាល។

លោក​ស្រី សាន សម្ភស្ស និយាយ​ថា ប្រសិន​បើ​អាជ្ញាធរ​ខ្មែរ​បន្ត​អូស​បន្លាយ​ឱ្យ​ពលករ​ចូល​ស្រុក​វិញ នោះ​វា​នឹង​ធ្វើ​ឱ្យ​ពួក​គាត់​កាន់​តែ​លំបាក​បន្ថែម​ទៀត។ ស្ត្រី​វ័យ ២៦ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា អាជ្ញាធរ​ខ្មែរ​មិន​សូវ​អើពើ​ពី​ទុក្ខ​លំបាក​របស់​ពលករ​វិល​ចូល​ស្រុក​វិញ​នោះ​ទេ៖ «ព្រោះ​អី​នៅ​ខាង​ថៃ​នោះ​ជំងឺ​កូវីដ​ហ្នឹង​វា​ច្រើន​អ៊ីចឹង​ណា​មួយ​តាម​តូប​លក់​អាហារ​គេ​បិទ​ច្រើន​អ្នក​ខ្លះ​អត់​មាន​ការ​ងារ​ធ្វើ​អ៊ីចឹង​ទៅ​គាត់​សម្រេចចិត្ត​មក​ហ្មង​ទៅ​ណា មួយ​បើ​កើត​កូវីដ​នៅ​ប្រទេស​គេ​ខ្លាច​អត់​ព្យាបាល​យើង ពេល​ភ្លៀង​អ៊ីចឹង​ក៏​សាច​នាំ​គ្នា​ងើប​សើម ​នៅ​កន្លែង​នេះ​អូរ​មួយ ងូត​ទឹក​​អូរ​ប្រើប្រាស់​ក៏​ទឹក​អូរ អ៊ីចឹង​ពិបាក​មិន​ដឹង​ធ្វើ​មិច​ទ្រាំ​សិន​ទៅ​ព្រោះ​អី​អត់​ទាន់​ឱ្យ​ចូល​បាន​ចឹង ព្រួយ​បារម្ភ​ចង់​ឱ្យ​ទៅ​លឿនៗ អ៊ីចឹង»។

រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក អ៊ិត សំហេង ធ្លាប់​អួត​សរសើរ និង​លើក​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ថា ជា​វីរបុរស​ជាតិ ដោយសារ​តែ​ខំ​លក់​កម្លាំង​ពលកម្ម ប្តូរ​យក​ប្រាក់​មក​ជួយ​សេដ្ឋកិច្ច​ជាតិ។ ប៉ុន្តែ​ក្រសួង​ការងារ និង​រដ្ឋាភិបាល​លោក ហ៊ុន សែន រង​ការ​រិះគន់​ថា បោះបង់​ពលករ​ជាង ២០០នាក់​ចោល ពេល​ពួក​គាត់​មាន​ទុក្ខ ព្រោះ​ពួក​គាត់​មក​ដល់​ព្រំដែន​ខ្មែរ​ទៅ​ហើយ មិន​ឲ្យ​ពួក​គាត់​ចូល ដោយ​ទុក​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​ព្រៃ ដោយ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ-១៩។

ក្រោយ​ការ​រិះគន់​នេះ កាល​ពី​ថ្ងៃទី១ ខែ​សីហា លោក ហ៊ុន បាន​ចេញ​បទ​បញ្ជា​ឲ្យ​កង​ទ័ព​ត្រៀម​កន្លែង​ទុក​ទទួល​​ពលករ​ខ្មែរ​ថ្មី ដែល​កំពុង​វិលត្រឡប់​មកពី​ប្រទេស​ថៃ បន្ទាប់​ពី​ពួក​គេ​បាន​សម្រុក​ត្រឡប់​មក​វិញ ព្រោះ​តែ​ប្រទេស​ថៃ​កំពុង​ផ្ទុះ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ កាន់​តែ​ខ្លាំង។ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ ពលករ​ដែល​រដ្ឋាភិបាល មិន​ឲ្យ​ចូល​ស្រុក​ទាំង​នោះ នៅ​បន្ត​ជាប់​គាំង​ក្នុង​តង់​ដដែល។

ជុំវិញ​រឿង​នេះ​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា រដ្ឋាភិបាល​កម្ពុជា និង​ថៃ​បាន​សហការ​គ្នា​ផ្តល់​ស្បៀង​អាហារ​ដល់​ពលករ​ជាប់​គាំង​នៅ​តាម​ព្រំដែន​រួច​ហើយ។ លោក​ថា រដ្ឋាភិបាល​ក៏​បាន​រៀបចំ​កន្លែង​ព្យាបាល​ជំងឺ​កូវីដ១៩ និង​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ព្រំដែន រួម​ទាំង​រថយន្ត​របស់​ក្រសួង​ការពារ​ជាតិ ដើម្បី​ដឹក​ពួក​គាត់​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​ស្រុក​កំណើត​ដែរ។ ទោះ​ជា​យ៉ាង​ណា ក្ដី លោក​មិន​បក​ស្រាយ​ជុំវិញ​ពលករ​បន្ត​ជាប់​គាំង​ជា​ច្រើន​ថ្ងៃ​លើ​ទឹក​ដី​ថៃ​ដោយ​អាជ្ញាធរ​ខ្មែរ មិន​អនុញ្ញាត​ឱ្យ​ពួក​គាត់​ចូល​មក​កម្ពុជា​នោះ​ទេ ដោយ​លោក​រុញ​ឱ្យ​ទៅ​សួរ​រដ្ឋបាល​ខេត្ត​នៅ​តាម​ព្រំដែន​វិញ៖ «ពី​ដើម​យើង​រក្សា ១៥ថ្ងៃ​នៃ​ថេរវេលា​ធ្វើ​ចត្តាឡីស័ក​ដល់​ឥឡូវ​នេះ​ក្នុង​ការ​ចង្អុល​ប្រាប់​ថ្មី​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន គឺ​តែ ៧ថ្ងៃ​ទេ បន្ទាប់​ពី ៧ថ្ងៃ​ហ្នឹង​ទៅ​មធ្យោបាយ​ដឹក​ជញ្ជូន​តាម​រយៈ​កងទ័ព​ដឹក​ជញ្ជូន​ចេញ​ពី​កន្លែង​ព្រំដែន​ហ្នឹង​មក​កាន់​ស្រុក​កំណើត​របស់​ខ្លួន​ដើម្បី​ធ្វើ​ចត្តាឡីស័ក»។

ដោយឡែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក អ៊ុន សុវណ្ណ ប្រាប់​វិទ្យុ​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា លោក​មិន​បកស្រាយ​ជំរុញ​រឿង​នេះ​ទេ ដោយ​លោក​ប្រាប់​ថា ក្តាប់​ព័ត៌មាន​នេះ មិន​ទាន់​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ ដូច្នេះ​លោក​រុញ​ឱ្យ​ទៅ​សួរ​អាជ្ញាធរ​តាម​ព្រំដែន​វិញ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អភិបាល​រង​ខេត្ត​បន្ទាយ​មានជ័យ លោក ង៉ោ ម៉េងជ្រួន និង​អភិបាល​ខេត្ត​ប៉ៃលិន អ្នកស្រី បាន ស្រីមុំ ដើម្បី​​សុំ​ការ​បក​ស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១០ សីហា ដោយ​លើក​ទូរស័ព្ទ​តែ​ចុច​ផ្ដាច់​ទៅ​វិញ។

ទោះ​ជា​យ៉ាង​ណា​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក ទៀ បាញ់ ប្រាប់​សារ​ព័ត៌មាន​ក្នុងស្រុក​ថា ពលករ​ជាង ១ម៉ឺន​នាក់ បាន​ធ្វើ​ចត្តាឡីស័ក​ជា​ច្រើន​ថ្ងៃ​ហើយ ប៉ុន្តែ​ត្រូវ​ដឹក​ជញ្ជូន​ឱ្យ​ទៅ​ធ្វើ​ចត្តាឡីស័ក​បន្ត នៅ​ក្នុង​ខេត្ត​ស្រុក​កំណើត​ពួក​គេ​វិញ។ លោក​ថា នេះ​ជា​ការ​ត្រៀម​សម្រាប់​ពលករ ដែល​កំពុង​ជាប់​គាំង​នៅ​លើ​ទឹក​ដី​ថៃ ដែល​គ្រោង​នឹង​អនុញ្ញាត​ឲ្យ​ចូល​កម្ពុជា​វិញ។

ជុំវិញ​រឿង​នេះ​ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយ​មាន​ជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ពលករ​ខ្មែរ​បន្ត​ជាប់​គាំង​នៅ​តាម​បណ្ដោយ​ព្រំដែន​ដែល​កំពុង​ជួប​ទុក​លំបាក​ជា​ខ្លាំង ព្រោះ​ពួក​គេ​ប្រឈម​ខ្វះខាត​ស្បៀង​អាហារ សុខភាព និង​ទី​ជម្រក​ជា​ដើម។ លោក​យល់​ថា អាជ្ញាធរ​មិន​គួរ​យឺតយ៉ាវ សម្រួល​ដល់​ពលករ​ដែល​កំពុង​ជាប់​គាំង​នៅ​តាម​បណ្ដោយ​ព្រំដែន​នេះ​ទេ។ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ពន្លឿន​ការ​វិធានការ​របស់​រដ្ឋាភិបាល​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​បញ្ចៀស​បញ្ហា​នានា លើ​ពួក​គាត់ ព្រោះ​រដ្ឋ​មាន​កាតព្វកិច្ច​ធានា​ការពារ​សុខភាព សិទ្ធិ​រស់រាន​មាន​ជីវិត​ដល់​ពលរដ្ឋ​គ្រប់​រូប៖ «ប៉ុន្តែ​បើ​រស់​​នៅ​​ឱ្យ​​បាន​យូរ​រហូត​​ជាង ១០ថ្ងៃ​យើង​វា​ហួសចិត្ត​ដែរ​ត្រង់​ថា​រដ្ឋាភិបាល​បាន​រៀបចំ​ដើម្បី​ដោះ​ស្រាយ​ជូន​ពលករ​របស់​ខ្លួន​បែរ​ជា​អត់​ឃើញ​ដោះ​ស្រាយ​នៅ​តែ​ស្រែក ជួប​បញ្ហា​ដដែល ហើយ​នាំ​គ្នា​ឱ្យ​ទឹក ស្បៀង អង្ករ​វា​រួច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​ទេ វា​អត់​ទេ​ព្រោះ​ថា​នៅ​នឹង​តង់​ក្តី​នៅ​នឹង​អី​ក្ដី​ឃើញ​ថា​ពួក​គាត់​សើច​ញញឹម មិន​មែន​ក្នុង​ចិត្ត​ពួកគាត់​សប្បាយចិត្ត​ប៉ុន្មាន​ទេ ប៉ុន្តែ​អ្វី​ចំពោះ​មុខ​ការ​រស់​នៅ​យូរ​អ៊ីចឹង​មិន​មែន​ជា​ដំណោះ​ស្រាយល្អ​ទេ ត្រូវ​ធ្វើ​យ៉ាង​ណា​បញ្ចេញ​ពួក​គាត់»។

រដ្ឋាភិបាល បាន​បិទ​ខ្ទប់​ខេត្ត​ចំនួន៨ ជាប់​ព្រំដែន​ប្រទេស​ថៃ រយៈ​ពេល ១៤ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី២៩ កក្កដា រហូត​ដល់​ថ្ងៃ​ទី១២ សីហា ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​វីរុស​កូវីដ១៩ បំប្លែង​ថ្មី ឌែលតា (Delta Variant) ដែល​កំពុង​រាតត្បាត​កាន់​តែ​ច្រើន ជា​ពិសេស ក្នុង​ចំណោម​ពលករ​ចំណាក​ស្រុក ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ។ វិធានការ​នេះ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ជាប់​គាំង​នៅ​តាម​បណ្ដោយ​ព្រំដែន។

របាយការណ៍​របស់​អាជ្ញាធរ​ថៃ បង្ហាញ​ថា ចាប់​ពី​ចុង​ខែ​មីនា ដល់​ថ្ងៃ​ទី៥ សីហា មាន​ពលករ​ខ្មែរ ១៤.១៩៤នាក់ ឆ្លង​ជំងឺ​កូវីដ១៩។ ក្នុង​នោះ​យ៉ាង​ហោច​ណាស់​មាន​ពលករ​ខ្មែរ​ចំនួន ២នាក់ ស្លាប់ កាល​ពី​ខែ​មេសា និង​ខែ​ឧសភា ខណៈ​ពលករ​ឆ្លង​ជំងឺ​កូវីដ១៩ ជា​ច្រើន​ទៀត កំពុង​ព្យាបាល​ក្នុង​ការដ្ឋាន​សំណង់ និង​បន្ទប់​ជួល​តាម​យថាកម្ម​រៀងៗ ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។