ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​សប្បាយ​ចិត្ត​ក្រោយ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​

0:00 / 0:00

ពលករ​ខ្មែរ​ជា​ច្រើន​នាក់​ធ្វើ​ការ​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក ដែល​បាន​ចាក់​វ៉ាក់សាំង​​ការពារ​ជំងឺ​កូវីដ​១៩​ លើក​ឡើង​ដូច​គ្នា​​ថា ​ការ​ទទួល​បានការ​​ចាក់​វ៉ាង​សាំង​​នេះ ​ប្រៀប​បាន​ដូច​​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ក្រុម​គ្រួសារ​របស់​ខ្លួន​ឱ្យ​រស់​ឡើង​វិញ​ ព្រោះ​ពួកគាត់​មាន​ជីវភាព​ក្រីក្រ​ ដោយ​​ពឹងផ្អែក​ទាំង​ស្រុង​លើ​​របរ​លក់​កម្លាំង​ពលកម្ម ​នៅក្នុង​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវភាព​។

ពលករ​ខ្មែរ​ម្នាក់​ធ្វើការ​សំណង់​នៅ​ខេត្ត​សាមុតប្រកាណ​​ (Samuth Pra Kan) លោក​ វ៉ាន់ នេត រៀប​រាប់​ប្រាប់​អាស៊ី​សេរី​ថា ​គ្រួសារ​របស់​គាត់​នៅ​ពេល​នេះ​ ដូច​បាន​ដក​​បន្លា​ចេញ​ពី​ទ្រូង​ ដោយសារ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩ ​​ម្ជុល​ទី១​ ​​កាល​ពី​ថ្ងៃ​១៣​ ខែឧសភា។ ពលករ​វ័យ ​៤២ ឆ្នាំ​រូប​នេះ​ បន្ត​ថា ​ពី​ដំបូង​លោក​និង​ពលករ​ខ្មែរ​​ដទៃ​ទៀត​​នៅ​​កន្លែង​​ធ្វើ​ការ​​ជា​​មួយ​​លោក​​ជា​ច្រើន​​នាក់​​បម្រុង​​នាំ​គ្នា​ត្រឡប់​​ទៅ​កម្ពុជា​វិញ​ហើយ ដោយសារ​ភ័យ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ ​​ពុំ​​មាន​អ្នក​មើល​ថែ ​និង​​គ្មាន​​ប្រាក់​ព្យាបាល​ជំងឺ​។ លោក​បញ្ជាក់​ថា ពួក​លោក​បាន​លុប​ចោល​គម្រោង​ធ្វើ​មាតុភូមិ​និវត្ត​នេះ​វិញ​ភ្លាមៗ​ ក្រោយ​ពេល​ថៅកែ​របស់​គាត់​បាន​នាំ​ពួក​គាត់​ទៅ​​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កាច​សាហាវ​នេះ​៖ «ក៏​គេ​យក​តែ​ប័ណ្ណ​ពណ៌ស៊ីជម្ពូរ​យើង​ទៅ​គេ​សួរ​យើង​ ថា​មាន​រោគ​អី​ខ្លះ​ ខ្ញុំ​ប្រាប់​ថា​ យើង​អត់​មាន​រោគ​អី​ទេ​គេ​ក៏​ចាក់​​ឱ្យ​យើង​អត់​មាន​អស់​លុយ​ទេ​។ យើង​ចាក់​តាម​លេខរៀង​យើង​ទៅ​ ពេល​ចាក់​ថ្នាំ​រួច​គេ​ឱ្យ​យើង​អង្គុយ​ប្រហែល​ជា​កន្លះ​ម៉ោង​ ទម្រាំ​គេ​រៀប​ឯកសារ​រួច​ គេ​ថា ​បើ​កន្លះ​ម៉ោង​ហ្នឹង​មាន​បញ្ហា​អី​ប្រាប់​គេ​ ពីព្រោះ​មាន​ឡាន​ពេទ្យ​ជា​ច្រើន​​អង្គុយ​រង់ចាំ​យើង​»។

Cambodia_Worker_in_Thailand_02.jpg
ពលករខ្មែរធ្វើសំណង់នៅក្នុងប្រទេសថៃ។

​ពលករ​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង​រូប​នេះ​​អះអាង​ទៀត​​ថា ​​រដ្ឋាភិបាល​ថៃ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាកផ្លូវ​ដង្ហើម​ថ្មី​នេះ​ជូន​​លោក​​ដោយ​​ឥត​គិត​លុយ​។ បន្ថែម​ពី​នេះ​​គ្រូពេទ្យ​​របស់​ថៃ​បាន​ប្រាប់​លោក​ឱ្យ​​ទៅ​ចាក់​ម្ជុល​ទី​២​បន្ថែម​ទៀត​នៅ​​ដើម​ខែ​មិថុនា​។ លោក​និយាយ​ថា ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ចំនួន​២​ដង​ហើយ​​លោក​នឹង​ខំប្រឹង​ធ្វើ​ការ​​សន្សំ​ប្រាក់​ផ្ញើ​ទៅ​ឱ្យ​ឪពុក​ម្ដាយ​នៅ​ស្រុក​កំណើត៖ «ខ្ញុំ​នៅ​ផ្ទះ​អត់​មាន​ប្រាក់​ចំណូល​អី​ទេ​ យើង​នៅ​ណោះ​មាន​រក​អី​ នៅ​ខាង​ស្រុក​ស្រែ​ ធ្វើ​ស្រែ​ក៏​មិន​បាន​ បើ​នៅ​ថៃ​យើង​បាន​ខ្លះ​ ព្រោះ​លុយ​យើង​ប្រចាំ​ថ្ងៃ​ ប្រចាំ​ខែ​ជាប់​។​ កាល​មុន​មិន​ទាន់​ចាក់​ខ្ញុំ​ក៏​ខ្លាច​ដែរ​ ដល់​ពេល​ខ្ញុំ​ធ្លាប់​ត្រួត​ម្ដង​ បាន​គេ​បើក​ចាក់​ថ្នាំ​ក៏​ទៅ​ចាក់​នឹង​។ បាន​ចាក់​ថ្នាំ​ហើយ​ក៏​សប្បាយ​ចិត្ត​ ព្រោះ​យើង​បាន​ចាក់​ថ្នាំ​បង្ការ​វា​។​ មិន​មាន​អី​ពិបាក​ទេ​ យើង​យក​លេខ​បាន​ទៅ​អង្គុយ​រង់ចាំ​តាម​លេខរៀង​អត់​មាន​គិត​ថា​អ្នក​មាន​អ្នក​ក្រ​ទេ​ »។

ដូច​គ្នា​នេះ​ដែរ​ ពលការិនី​ខ្មែរ​ធ្វើ​ការ​នៅ​សិប្បកម្ម​កាប់​សាច់​ជ្រូក​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក​លោក​ស្រី រ៉ាត់ ចន្ធី ប្រាប់​ថា លោក​ស្រី​នឹង​កូន​ប្រុស​​របស់​គាត់​ម្នាក់​​​ បាន​ចាក់​វ៉ាក់សាំង​ការពារ​​ម្ជុល​ទី១​​រួច​ហើយ កាល​ពី​សប្ដាហ៍​កន្លង​ទៅ​។ លោក​ស្រី​ពុំ​ដឹង​ថា ​វ៉ាក់សាំង​ដែល​គាត់​បាន​ចាក់​នោះ​ឈ្មោះ​អ្វី​នោះ​ទេ ​ប៉ុន្តែ​លោក​ស្រី​សប្បាយ​ចិត្ត​ដែល​បាន​​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កាច​សាហាវ​នេះ​​។ ​បន្ថែម​ពី​នេះ​​លោក​ស្រី​ថា នៅ​តំបន់​ធ្វើ​ការរបស់លោកស្រី​​កំពុង​ឆ្លងរាតត្បាត​​​ជំងឺ​កូវីដ​១៩ខ្លាំង ​ធ្វើ​ឱ្យ​ពួក​លោក​ស្រី​​ក្រោយ​ចេញ​ពី​ធ្វើ​ការ​នាំ​គ្នា​ស្នាក់​នៅ​តែ​ក្នុង​បន្ទប់​មិន​ហ៊ាន​ដើរ​ចេញ​ទៅ​ណា​​ឆ្ងាយ​ឡើយ​៖ «ពី​ដើម​គឺ​មិន​នឹក​ស្មាន​ថា​បាន​ចាក់​ថ្នាំ​ទេ​ នឹក​ឃើញ​ថា ​យើង​​កូន​ខ្មែរ​​គេ​​មិន​អាច​ឱ្យ​យើង​ចាក់​ទេ​ ពីព្រោះ​យើង​នៅ​ប្រទេស​គេ​។​ តែ​ដល់​ពេល​ថៅកែ​គាត់​មក​ប្រាប់​អីចឹង​ទៅ​ខ្ញុំ​អរ​ណាស់​បាន​ចាក់​វ៉ាក់សាំង​ មូលហេតុ​ត្រង់​ថា​ ខ្ញុំ​មិន​សូវ​ខ្លាច​អីចឹង​ព្រោះ​កូវីដ​វា​សាហាវ​ណាស់​ ដល់​ពេល​បាន​ចាក់​បាន​អី​ចឹង​ខ្ញុំ​សប្បាយ​ចិត្ត​។​ តែ​ឮ​ស្ដាប់​ព័ត៌មាន​គេ​​ថា​ ចាក់​ទៅ​ងាប់​អី​ ព័ត៌មាន​ខ្ញុំ​ចង់​ខ្លាច​ដែរ​ តែ​ដល់​ពេល​ចាក់​ខ្លួន​ឯង​ជាង​១០​ថ្ងៃ​មិន​កើត​អី​ក៏​លែង​ខ្លាច​លែង​អី​អស់​ទៅ​​ »

កន្លែង​ធ្វើ​ការងារ​របស់​ពលករ​​មួយ​ក្រុម​នេះ​មាន​ពលករ​ខ្មែរ​ចំនួន​១០​នាក់​ ដោយ​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​ការពារ​​ជំងឺ​កូវីដ​ម្ជុល​​ទី​១​ទាំង​អស់​គ្នា​ ហើយ​ពួកគាត់​​​ទន្ទឹង​រង់ចាំ​ដល់​ថ្ងៃ​កំណត់​ចាក់​ម្ជុលទី​២​​។ ទោះ​ជា​យ៉ាង​ណា​ពលករ​ទាំង​នោះ​ឱ្យ​ដឹង​ថា ការ​ចាក់​វ៉ាក់​សាំង​នេះ​​ធ្វើ​ឡើង​ចំពោះ​តែ​ពលករ​បរទេស​ដែល​ធ្វើ​ការងារ​ស្រប​ច្បាប់​នៅ​ប្រទេស​ប៉ុណ្ណោះ។​

​អាស៊ី​សេរី​មិន​អាច​ទាក់​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​​ប្រទេស​ថៃ ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំ​វិញ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ដល់​ពលករ​ខ្មែរ​​​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​បាន​ទេ ​នៅ​ថ្ងៃ​ទី​២៣​ឧសភា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ ​ហ្វេសប៊ុក​ស្ថានទូត​ខ្មែរ​នៅ​ទីក្រុង​បាងកក​ បាន​បង្ហោះ​សារ​នៅ​ថ្ងៃ​ទី​២២​ ខែឧសភា​ថា ​រដ្ឋាភិបាល​ថៃ​បាន​យកចិត្ត​ទុក​​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ ដល់​មនុស្ស​គ្រប់រូប​​​ ដែល​បាន​ស្នាក់​នៅ​ប្រទេស​មួយ​នេះ ​ទៅ​តាម​កម្រិត​ហានិភ័យ ​ដោយ​បាន​កំណត់​យក​ថ្ងៃ​ទី​៧​ ខែ​មិថុនា ​ឆ្នាំ​២០២១ ជា​ថ្ងៃ​ចាក់​វ៉ាក់សាំង​ដល់​ជនបរទេស​នៅ​ទូទាំង​ប្រទេស។ ប្រភព​ដដែល​បន្ត​ថា ជនបរទេស​អាច​ចុះ​ឈ្មោះ​នៅ​តាម​មណ្ឌល​ចាក់​វ៉ាក់​សាំង​​ដោយ​ប្រើ​​លេខ​ប័ណ្ណ​សន្តិសុខ​សង្គម លិខិត​ឆ្លងដែន​ដែល​មាន​កំណត់​ត្រា​សុខភាព​របស់​មន្ទីរ​ពេទ្យ​ ឬ​មន្ទីរ​ពេទ្យ​ដែល​រៀប​ចំ​ចាក់​វ៉ាក់សាំង តាម​ការ​កំណត់​របស់​ក្រសួង​សុខាភិបាល​ថៃ។ បន្ថែម​ពី​នេះ ចំពោះ​ជន​បរទេស​នៅ​ទីក្រុង​បាងកក ក្រសួង​សុខាភិបាល​ថៃ ​បាន​កំណត់​យក​មន្ទីរ​ពេទ្យ វិមុត ( Vimut Hospital)) មន្ទីរ​ពេទ្យ​បាងរ៉ាក់ (Bangrak) និង​មណ្ឌល​ចាក់​វ៉ាក់សាំង​មួយ​ចំនួន​ទៀត​ ដើម្បី​ចាក់​វ៉ាក់​សាំង។ ចំណែក​ជនបរទេស​នៅ​តាម​ខេត្ត​វិញ ក្រសួង​សុខាភិបាល​ថៃ​បាន​កំណត់​យក​មន្ទីរ​ពេទ្យ ដែល​ជនបរទេស​ធ្លាប់​ពិនិត្យ​សុខភាព​ ដើម្បី​ចាក់​វ៉ាក់សាំង​។ ដោយ​ឡែក​ចំពោះ​ពលករ​បរទេស​វិញ ​​មន្ត្រី​ការិយាល័យ​សន្តិសុខ​សង្គម​នឹង​​ទាក់ទង​ជា​មួយ​និយោជក ​ដើម្បី​ធ្វើ​ការងារ​នេះ​ជូន​ពួកគាត់​។

Cambodia_Working_in_Thailand_24_05_2021.jpg
ពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃដែលកំពុងរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ទទួលជំនួយពីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ។

កន្លង​ទៅ​មន្ត្រី​ក្រសួងសុខាភិបាល​ថៃ បាន​ប្រកាស​​ដោយ​កំណត់​ដាក់​ខេត្ត​៤​ រួម​ទាំង​ទីក្រុង​បាងកក​ផង ជា​តំបន់​ក្រហម​ដែល​មាន​​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​ច្រើន​​ជាង​គេ។ បន្ថែម​ពី​នេះ​​អាជ្ញាធរ​ថៃ​​បាន​បន្ថែម​កងកម្លាំង​ប្រដាប់អាវុធ​ប្រចាំ​ការ​នៅ​តំបន់​ព្រំដែន ដើម្បី​ទប់ស្កាត់​ពលករ​បរទេស​លួច​ឆ្លងដែន​ខុស​ច្បាប់​អំឡុង​ពេល​រាតត្បាត​នេះ។​​​

​​​​​​​​​​​​​​ជុំ​វិញ​រឿង​នេះ​ មន្ត្រី​អង្គការ​សង់ត្រាល់ ​(Central)​ ទទួល​បន្ទុក​ផ្នែក​ពលករ​លោក​ ឌី ថេហូយ៉ា​ មាន​ប្រសាសន៍​ថា ​ការ​ដែល​ពលករ​ខ្មែរ​បាន​ចាក់វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​នេះ​ ជា​រឿង​ល្អ​​ ធ្វើ​ឱ្យ​ពួកគាត់​អាច​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​បាន​ ដោយ​មិន​ភ័យ​ព្រួយ​ខ្លាច​ឆ្លង​ជំងឺ​កាច​សាហាវ​នេះ។​ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា​ ក្នុង​ស្ថានភាព​បែប​នេះ រដ្ឋាភិបាល​ខ្មែរ គួរតែ​​​ស្នើ​ទៅ​រដ្ឋាភិបាល​ថៃ​​​អនុញ្ញាត​ឱ្យ​​ពលករ​ធ្វើ​ការងារ​ខុស​ច្បាប់​ បាន​ចាក់​វ៉ាក់​សាំង​ទាំង​អស់​ដែរ​។ ​បន្ថែម​ពី​នេះ​លោក​ថា អាជ្ញាធរ​ថៃ​ក៏​គួរតែ​​ជំរុញ​ដល់​និយោជក​ឱ្យ​យកចិត្ត​ទុក​ដាក់ ដល់​ពលករ​ខ្មែរ​ធ្វើ​យ៉ាង​ណា​ឱ្យ​ពួកគាត់​បាន​ចាក់​វ៉ាក់សាំង​គ្រប់គ្នា៖ «ជា​យោបល់​ខ្ញុំ​គិត​ថា​មិន​ត្រូវ​បែងចែក​ខុស​ច្បាប់​ឬ​ត្រូវ​ច្បាប់​អី​ទេ​ ប៉ុន្តែ​ត្រូវ​ផ្ដោត​ទៅ​លើ​តំបន់​ដែល​មាន​ហានិភ័យ​ត្រូវ​ទទួល​ការ​ចាក​វ៉ាក់សាំង​ ហើយ​នឹង​បង្ការ​ការ​ពារ​ឱ្យ​បាន​ប្រសើរ​ជាង​តំបន់​ដែល​មិន​សូវ​មាន​ហានិភ័យ​។ទី២​ថៅកែ​ហើយ​ហ្នឹង​រដ្ឋាភិបាល​នៃ​ប្រទេស​ទទួល​គឺ​ប្រទេស​ថៃ​ហ្នឹង​​ក៏​ត្រូវ​តែ​គិត​គួរ​រឿង​នឹង​។​កាលណា​គាត់​ការពារ​អំពី​សុខមាលភាព​ពី​ជំងឺ​ឆ្លង​បាន​ បញ្ហា​សេដ្ឋកិច្ច ក៏​វា​ដើរ​ដែរ​ ប៉ុន្តែ​បើ​សិន​បើ​មាន​ការ​ឆ្លង​ត្រូវ​បិទ​រោងចក្រ​អី​ហ្នឹង​សេដ្ឋកិច្ច​ក៏​វា​ប៉ះពាល់​តាម​ហ្នឹង​ដែរ​ »។

លោក​ ឌី ថេហូយ៉ា​ បន្ត​ថា​ ក្នុង​កាល​ទេស​បែប​នេះ​ ពលករ​ខ្មែរ​​ត្រូវ​តែ​តាម​ដាន​ព័ត៌មាន​​នៅ​ប្រទេស​ថៃ​ឱ្យ​បាន​ជាប់​ជា​ប្រចាំ ដើម្បី​ពួកគាត់​អនុវត្ត​​ខ្លួន​ឱ្យ​ទាន់​តាម​ស្ថានការណ៍​។ លើស​ពី​នេះ​លោក​ថា ពលករខ្មែរ​គ្រប់គ្នាគួរតែ​ចេះ​សម្ដែង​មតិ​តាមលទ្ធភាពដែលអាចធ្វើទៅបាន តាមមធ្យោបាយផ្សេងៗ រួមទាំងតាមបណ្ដាញ​សង្គម បង្ហាញ​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន ដើម្បី​​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ដឹង ​និង​ជួយ​ដោះស្រាយ​ជូន​ដល់​ពួកគាត់​ឱ្យបាន​ទាន់​ពេល​វេលា។​ របាយការណ៍​អង្គការ​សង់ត្រាល់​ ​បង្ហាញ​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ធ្វើ​ការ​ស្រប​ច្បាប់ ​និង​មិន​ស្រប​ច្បាប់​​មាន​ជាង​១លាន​៨សែននាក់​ធ្វើ​ការ​នៅក្នុង​ប្រទេស​ថៃ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។