ពលករខ្មែរមួយចំនួនដែលឆ្លងជំងឺកូវីដ១៩ (Covid-19) នៅប្រទេសថៃ នៅតែបន្តអត់ទ្រាំព្យាបាលជំងឺខ្លួនឯងតាមយថាកម្ម នៅក្នុងបន្ទប់ជួល ឬ ការដ្ឋានសំណង់ដោយគ្មានជម្រើសអ្វីផ្សេង។ សង្គមស៊ីវិល និងអ្នកវេជ្ជសាស្ត្រជំរុញឲ្យស្ថានទូត និងរដ្ឋាភិបាលជួយផ្ដល់ស្បៀងអាហារ ឧបករណ៍ធ្វើតេស្តរកមេរោគ សេវាប្រឹក្សាជំងឺ និងថ្នាំព្យាបាលជំងឺកូវីត១៩ដល់ពលករនៅប្រទេសថៃឲ្យបានលឿន។
ពលករឆ្លងជំងឺកូវីដ១៩ខ្លះអះអាងថា ពួកគាត់លែងមានលទ្ធភាពទិញថ្នាំលេបទៀតហើយ ស្របពេលនៅក្នុងបន្ទប់ជួលនៅសល់ថ្នាំបន្តិចបន្តួចទុកឲ្យកូនតូចលេប។ ពលករម្នាក់ ធ្វើការផ្នែកកសិកម្មនៅខេត្តជលបូរី (Chonburi) លោក ឃួន សំអាត ឲ្យដឹងថា សមាជិកគ្រួសារលោកទាំងអស់ ៦ នាក់ បានឆ្លងជំងឺកូវីដ១៩ អស់ ៤ នាក់ហើយ គឺខ្លួនលោក ប្រពន្ធ និងកូនភ្លោះ ២ នាក់ អាយុ ១២ ឆ្នាំ។ ចំណែកកូនវ័យជំទង់ ២ នាក់ទៀត ត្រូវបានដាក់ឲ្យនៅបន្ទប់ផ្សេងដាច់ដោយឡែក។
លោកឲ្យដឹងថា គ្រួសារលោកឈឺធ្ងន់ជាងមួយសប្ដាហ៍ហើយ ទើបដាច់ចិត្តខ្ចីលុយពីគេ ទៅធ្វើតេស្តរកមេរោគកាលពីថ្ងៃទី២៧ ខែកក្កដា ហើយលទ្ធផលបង្ហាញថាមានជំងឺកូវីដ១៩។ លោកថា ការធ្វើតេស្តម្ដងៗត្រូវចំណាយលុយជាងមួយពាន់ (១.២៥០) បាត ស្មើ៤០ដុល្លារក្នុងម្នាក់ ស្របពេលដែលលោកនិងប្រពន្ធរបស់គាត់បានបាត់បង់ការងារធ្វើជិតមួយខែហើយ ដោយសារវិបត្តិជំងឺកូវីដ១៩។
លោកបន្តថា ក្រោយធ្វើតេស្តរួច អាជ្ញាធរមូលដ្ឋាននៅខេត្តជលបូរី (Chunbori) បានហាមគ្រួសារលោកទាំងអស់គ្នាមិនឲ្យចេញពីផ្ទះនោះទេ។ រីឯខាងគ្រូពេទ្យវិញក៏មិនអាចយកពួកលោកទៅព្យាបាលដែរ ដោយសារគ្មានគ្រែសម្រាប់អ្នកជំងឺ។ លោក ឃួន សំអាត ត្រូវរកខ្ចីប្រាក់ពីគេនៅខ្មែរ ដើម្បីទិញថ្នាំព្យាបាលដោយខ្លួនឯង។ លោកក៏មិនទទួលបានការប្រឹក្សាផ្នែកសុខាភិបាលពីអ្នកជំនាញដែរ គឺលោកទិញថ្នាំតាមការលឺតៗគ្នា និងតាមការបង្ហោះតាមហ្វេសប៊ុក(facebook)។ បន្ថែមពីនេះ លោកអះអាងថា លោកនៅសល់ថ្នាំ អាចលេបបានរយៈពេលខ្លីប៉ុណ្ណោះ ហើយលោក និងប្រពន្ធសម្រេចចិត្តឈប់លេបថ្នាំនោះទៀតហើយ ដើម្បីទុកថ្នាំនោះសម្រាប់ព្យាបាលកូនតូចទាំង ២ នាក់៖ «ទិញថ្នាំប៉ារ៉ាសេតាម៉ុល វីតាមីន ថ្នាំក្អក ថ្នាំបំបាត់ស្លេះអ្វីខ្លួនឯង។ លេបទៅធូរដែរ។ គ្រាន់ថា ឥឡូវវាជិតអស់ហើយ ព្រោះថា ខ្ញុំទិញមកចំនួនតិច ហើយគ្រួសារយើងកើតជំងឺច្រើនគ្នា។ អ៊ីចឹងខ្ញុំលេបល្មមៗទុកសាគួរឲ្យកូនខ្ញុំខ្លះ ព្រោះខ្លាចក្មេងវាកម្លាំងមិនដល់អ៊ីចឹង»។
ពលករខ្មែរធ្វើការនៅប្រទេសថៃកំពុងតែប្រឈមស្ថានភាពធ្ងន់ធ្ងរ ពិសេស គឺមេរោគបំប្លែងថ្មីប្រភេទដែលតា (Dalta) ដែលកំពុងឆ្លងខ្លាំងក្នុងប្រទេសថៃ។ របាយការណ៍របស់ក្រសួងសុខាភិបាលថៃបង្ហាញថា ចាប់តាំងពីដើមឆ្នាំ មកដល់ចុងខែកក្កដានេះ មានពលករខ្មែរជាងមួយម៉ឺន (១ម៉ឺន) នាក់ បានឆ្លងជំងឺកូវីដ១៩។ ពលករជាច្រើនបានធ្លាក់ខ្លួនឈឺធ្ងន់ និងភាគច្រើនទៀត ស្នាក់នៅការដ្ឋានសំណង់តាមយថាកម្មដោយគ្មានគ្រូពេទ្យព្យាបាល។ ពួកគេក៏គ្មានលទ្ធភាពទៅធ្វើតេស្តរកមេរោគដែរ។
ពលករម្នាក់ធ្វើការនៅខេត្តស្រះបូរី (srakburi) លោកស្រី លឹប លាប និយាយថា កុំថាឡើយធ្វើតេស្ត ឬទិញថ្នាំលេប សូម្បីតែថ្លៃអាហារហូបចុកប្រចាំថ្ងៃក៏ពិបាកដែរ ព្រោះពលករជាច្រើនសុទ្ធតែគ្មានការងារធ្វើ។ ស្ត្រីឆ្លងជំងឺកូវីដ១៩រូបនេះ ក៏កំពុងដេកឈឺនៅក្នុងបន្ទប់ជួល ព្យាបាលដោយខ្លួនឯងតាមយថាកម្មដែរ។ លោកស្រីឲ្យដឹងថា មន្ទីរពេទ្យនៅប្រទេសថៃ គ្រប់ខេត្តក្រុងសុទ្ធតែពេញ និងគ្មានកន្លែងឲ្យអ្នកជំងឺកូវីដសម្រាកទេ ពិសេសគឺពលករបរទេសតែម្ដង៖ «គេឃុំយើងទុក១៤ថ្ងៃសិន ដល់ពេលអាការៈយើងម្ដេចៗ បើថាយើងស្បើយអត់អ្វីទេ។ តែបើថា យ៉ាងម្ដេច ខ្ញុំអត់ដឹងដែរ។ នេះគេដាក់ឃុំយើង១៤ថ្ងៃសិន។ នេះយើងអត់ទាន់ច្បាស់ណាស់»។
ប្រទេសថៃ បានផ្ទុះការឆ្លងជំងឺកូវីដ១៩ខ្លាំងចាប់ពីខែមេសាមក។ រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលថៃរកឃើញអ្នកកើតកូវីដ១៩ជាមធ្យមក្នុងមួយថ្ងៃ ចន្លោះពីមួយម៉ឺនបួនពាន់ (១៤.០០០) នាក់ ទៅមួយម៉ឺនប្រាំមួយពាន់ (១៦.០០០) នាក់។ ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ សុទ្ធតែប្រឈមឆ្លងជំងឺកាចសាហាវនេះ ដោយសារពួកគាត់ធ្វើការងារជាក្រុម ក្នុងការដ្ឋានសំណង់ ឬរោងចក្រ។ បន្ថែមពីនេះនៅតាមតំបន់ខ្លះ ដែលមានពលករខ្មែរធ្វើការច្រើន មានអ្នកឆ្លងថ្មីមួយថ្ងៃជាងមួយរយ (១០០) នាក់ក៏មានដែរ។
ទោះយ៉ាងណាក្នុងការដ្ឋានខ្លះ មិនទាន់មានករណីឆ្លងកូវីដ១៩ទេ ដោយសារប៉ូលិសថៃបិទខ្ទប់ជិត មិនឲ្យនរណាម្នាក់អាចចេញក្រៅបានឡើយ។ ពលករសំណង់ម្នាក់ ធ្វើការនៅខេត្តសមុទ្រប្រាកាន (Samutprakan) លោក ឌឹប ឌី ឲ្យដឹងថា ប៉ូលិសបានបិទខ្ទប់ពួកលោកជាងមួយរយ (១០០) នាក់ មិនឲ្យចេញពីក្នុងការដ្ឋានជិតមួយខែហើយ ដោយរយៈពេល៣ថ្ងៃម្ដង ថៅកែដឹកអាហារខ្លះ យកមកឲ្យពួកលោក។ លោកបន្តថា បច្ចុប្បន្នពួកគាត់អាចស៊ូទ្រាំរស់ក្នុងស្ថានភាពអត់ឃ្លានក្នុងការដ្ឋានសំណង់បាន តែពួកគាត់បារម្ភខ្លាចធនាគារនឹងរឹបអូសផ្ទះរបស់ពួកគាត់នៅឯស្រុកកំណើត ដោយសារតែគ្មានលុយផ្ញើឱ្យឪពុកម្ដាយទៅបង់ធនាគារ៖ «នៅនេះវាមិនសូវអ្វីទេ។ វាយ៉ាប់តែយើងអត់បានធ្វើការលុយអង្គការ ( ធនាគារ ) យើងចងការគេយកមកធ្វើផ្ទះ ធ្វើសម្បែងនៅ។ ដល់ពេលយើងអត់បានធ្វើការអ៊ីចឹង យើងសុំអង្គការគេពន្យារវាមិនដឹងបានឬមិនបាន។ គេឲ្យយើងលេបថ្នាំទប់ស្កាត់ដែរ។ ថ្នាំគេបើកឲ្យដូចឫសឈើអ៊ីចឹង ខ្ញុំមិនដឹងថ្នាំអ្វីផង។ ខាងទាហានគេឲ្យមក ចេះតែលេប១គ្រាប់ ២គ្រាប់ ការពារទៅ»។
ជុំវិញរឿងនេះ អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃលោក អ៊ូក សោភ័ណ្ឌ និងអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក កុយ គួង បានទេនៅថ្ងៃទី២៨ ខែកក្កដា ដោយទូរស័ព្ទចូលច្រើនដង គ្មានអ្នកទទួល។
តំណាងមូលនិធិពលករខ្មែរធ្វើការនៅប្រទេសថៃអ្នកស្រី សេង ស្រីទូច ឲ្យដឹងថា ស្ថានភាពពលករខ្មែរពេលនេះ កំពុងប្រឈមហានិភ័យខ្លាំងជាងពេលណាទាំងអស់។ អ្នកស្រីឲ្យដឹងថា ពលករឆ្លងកូវីដ១៩ខ្លះ បានសុំឲ្យសាច់ញាតិខ្ចីលុយគេពីស្រុកកំណើតផ្ញើមកឲ្យទិញថ្នាំលេបក៏មាន ដោយសារពួកគាត់មិនចង់ធ្វើដំណើរទាំងប្រថុយទៅកម្ពុជាវិញ។ ចំណែកអ្នកខ្លះទៀតសុខចិត្តប្រើវិធីបុរាណសម្ងំស្ពង់ក្នុងបន្ទប់ជួល ដោយសារគ្មានលទ្ធភាពទៅធ្វើតេស្ត ឬទិញថ្នាំលេប។ អ្នកស្រី បន្តថាថៅកែថៃភាគច្រើន មិនអើពើជួយផ្គត់ផ្គង់ពលករឆ្លងកូវីដទេ ហើយខាងមន្ទីរពេទ្យ និងអាជ្ញាធរថៃ ក៏មិនបានជួយឧបត្ថម្ភស្បៀងអាហារ ឬថ្នាំពេទ្យអ្វីដែរ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃ និងរដ្ឋសភាថៃ ក៏មិនបានឆ្លើយតបញត្តិ ដែលតំណាងពលករបានដាក់សំណើឲ្យជួយផ្ដល់សេវាសុខាភិបាលឲ្យពលករឲ្យបានសមរម្យដែរ។
អ្នកស្រី សេង ស្រីទូច យល់ថា ស្ថានភាពពេលនេះ មានតែរដ្ឋាភិបាលកម្ពុជាជំរុញឱ្យស្ថានទូតខ្មែរនៅប្រទេសថៃតែមួយគត់ ដែលអាចជួយពលករបាន ដូចជាការផ្ដល់សេវាធ្វើតេស្តឥតគិតថ្លៃ ការផ្ដល់សេវាប្រឹក្សាផ្នែកសុខាភិបាលតាមទូរស័ព្ទសម្រាប់ពលករឆ្លងកូវីដ១៩ ការដឹកស្បៀងអាហារ និងថ្នាំពេទ្យឲ្យពួកគាត់ដល់ទីកន្លែង។ តំណាងពលកររូបនេះ ជឿថាមន្ត្រីស្ថានទូតអាចដោះស្រាយបញ្ហាទាំងនេះឲ្យពលករបាន ដោយសារសេវាដឹកជញ្ជូននៅប្រទេសថៃ មានភាពទូលំទូលាយ និងអាចដឹកឲ្យអ្នកជំងឺដល់កន្លែងស្នាក់នៅ៖ «រកថ្នាំ រកអ្វីខ្លួនឯង ស្ពង់ខ្លួនឯង។ ទិញថ្នាំខ្លួនឯង ដែលគេលក់តាមអនឡាញ។ ទិញទៅ យកមកលេបទៅដើម្បីឲ្យវាប្រសើរទៅ។ អ្នកខ្លះក៏បានធូរទៅ។ ភាគច្រើនដែលខ្ញុំនៅកន្លែងការងារខ្ញុំនេះ ភាគច្រើនគឺផ្ញើលុយពីផ្ទះមកទិញថ្នាំលេបខ្លួនឯង ចំពោះអ្នកកើត ( កូវីដ១៩ )»។
ចំណែកអ្នកជំនាញវេជ្ជសាស្ត្រក៏លើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាជួយពលករខ្មែរតាមរយៈស្ថានទូតដែរ។ ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី យល់ឃើញថា អាជ្ញាធរថៃពិតជាជាប់ដៃមើលថែពលរដ្ឋគេមែន ដូច្នេះថៃអាចនឹងទុកពលករបរទេសចោលសិន។ លោកជំរុញឲ្យស្ថានទូតខ្មែរនៅប្រទេសថៃរាយការណ៍ពីស្ថានភាពជាក់ស្ដែងទៅរដ្ឋាភិបាល និងត្រូវស្នើសុំឧបករណ៍ធ្វើតេស្តរហ័ស ថ្នាំពេទ្យ ស្បៀងអាហារ និងតម្រូវការចាំបាច់ជួយផ្គត់ផ្គង់ឲ្យពលករភ្លាមៗ។ បន្ថែមពីនេះលោកក៏អំពាវនាវឲ្យស្ថានទូតខ្មែរ រៀបចំទីតាំងសមរម្យ ដើម្បីទទួលយកពលករឈឺធ្ងន់យកទៅព្យាបាលដែរ៖ «( ពលករប្រាប់ ) សារទាំងអស់ហ្នឹងទៅស្ថានទូតដើម្បីសុំឲ្យជួយគាត់ ( ពលករ ) ។ គាត់កំពុងកើតកូវីដ១៩នៅថៃ តើឲ្យគាត់ធ្វើយ៉ាងម្ដេច ? នៅខាងថៃ គេមើលប្រជាជនគេមិនចង់ទាន់ផង។ អ៊ីចឹងគួរណាតែខ្មែរយើងជួយមើលខ្មែរគ្នាយើង ហើយធ្វើ Rapid test ហ្នឹង អាតេស្តរហ័សហ្នឹង។ ទី២ អាចនឹងព្យាបាល ឲ្យថ្នាំអ្វីយ៉ាងម្ដេចៗ ស្ថានទូតនឹងអាចដោះស្រាយ ហើយសុំថ្នាំក្រសួងសុខាភិបាលខ្មែរយើង ដែលជាអំណោយអង្គការសុខភាពពិភពលោកផង ចិនផង ហើយអាចយកទៅជួយពួកគាត់បាន»។
អ្នកជំនាញវេជ្ជសាស្ត្រដដែលពន្យល់ថា ពលករឆ្លងជំងឺកូវីដ១៩កម្រិតដំបូង ពិតជាអាចព្យាបាលដោយខ្លួនឯងបានពិតមែន ដោយការលេបថ្នាំ ការអនុវត្តវិធីសាស្ត្រស្ពង់ ការហាត់ប្រាណ បរិភោគអាហារមានជីវជាតិ ពិសាទឹកក្ដៅឲ្យបានច្រើន និងការសម្រាកជាដើម។ ប៉ុន្តែក្នុងករណីការឆ្លងដល់កម្រិត២ ឬកម្រិត៣លោកថា អ្នកជំងឺចាំបាច់ត្រូវតែទទួលបានសេវាព្យាបាលនៅមន្ទីរពេទ្យ។
ជាមួយគ្នានេះ មានពលករមួយចំនួនដែលមិនអាចទ្រាំនៅប្រទេសថៃបានតទៅទៀត បានសម្រុកនាំគ្នាធ្វើដំណើរទាំងឈឺ ទៅរកការព្យាបាលជំងឺកូវីដ១៩នៅកម្ពុជាវិញក៏មាន។ ពលករខ្លះអះអាងថា ពួកគាត់មិនចង់ធ្វើបែបនេះទេ ព្រោះជាការនាំជំងឺចូលប្រទេស ប៉ុន្តែពួកគាត់គ្មានលទ្ធភាព ដើម្បីជួយខ្លួនឯងនៅប្រទេសថៃបានបន្តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។