ពលករ​ខ្មែរ​មួយ​ចំនួន នាំ​គ្នា​ត្រឡប់​ទៅ​កម្ពុជា​វិញ​ទាំង​ឈឺ ដោយសារ​គ្មាន​លទ្ធភាព​ព្យាបាល​នៅ​ថៃ

ដោយ ទីន ហ្សាការីយ៉ា
2021-07-27
Share
ពលករ​ខ្មែរ​មួយ​ចំនួន នាំ​គ្នា​ត្រឡប់​ទៅ​កម្ពុជា​វិញ​ទាំង​ឈឺ ដោយសារ​គ្មាន​លទ្ធភាព​ព្យាបាល​នៅ​ថៃ ពលករកម្ពុជារាប់សែននាក់កំពុងបន្តប្រឈមអត់ការងារធ្វើស្របពេលជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃកើនឡើងយ៉ាងខ្លាំង និងពលករខ្លះបង្ខំចិត្តប្រថុយប្រថានធ្វើដំណើរត្រឡប់កម្ពុជាវិញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។
រូប៖ សង់ត្រាល់ (Central)

ពលករ​​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ កំពុង​ឆ្លង​ជំងឺ​កូវីដ១៩ (Covid-19) កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ស្ថានភាព​បែប​នេះ​ធ្វើ​ឱ្យ​ពលករ​ខ្លះ បាន​នាំ​កូន​ធ្វើ​ដំណើរ​ទាំង​ឈឺ​ទៅ​ព្យាបាល​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា​វិញ ដោយសារ​គ្មាន​លទ្ធភាព​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ប្រទេស​ថៃ។ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​មន្ត្រី​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ថៃ​បន្ថែម​ការ​យក​ចិត្ត​ទុក​ដាក់ និង​រក​យន្តការ​ជួយ​ពលករ។

រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​ពលករ​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ទាំង​យប់ និង​ខ្លះ​ទៀត​ប្រថុយ​នាំ​គ្នា​ត្រឡប់​ទៅ​កម្ពុជា​វិញ ទាំង​ដឹង​ថា ខ្លួន​មាន​ជំងឺ​កូវីដ១៩។

ពលករ​សំណង់​ម្នាក់ នៅ​ខេត្ត​មួយ​ជាប់​ក្រុង​បាងកក​លោក គា រ៉ាវី ដែល​សង្ស័យ​ថា ខ្លួន​មាន​ជំងឺ​កូវីដ១៩ ក៏​ត្រៀម​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ដែរ ព្រោះ​មន្ទីរ​ពេទ្យ​នានា​នៅ​ប្រទេស​ថៃ​ មិន​ទទួល​ឲ្យ​លោក​ចូល​សម្រាក​ព្យាបាល​ទេ។

លោក​ឲ្យ​ដឹង​ថា ពលករ​នៅ​ការដ្ឋាន​ជាមួយ​គ្នា​ជា​ច្រើន​នាក់ បាន​ត្រឡប់​ទៅ​កម្ពុជា​វិញ​ជា​បន្ត​បន្ទាប់​អស់​ហើយ នៅ​សល់​មិន​ដល់ ១០នាក់​ទេ​នៅ​ពេល​នេះ។ លោក​បញ្ជាក់​ទៀត​ថា ទោះបី​ជា​មាន​ការ​បិទ​ខ្ទប់​ការដ្ឋាន​សំណង់ និង​ទី​ប្រជុំ​ជន​មួយ​ចំនួន ក៏​កំណើន​ការ​ឆ្លង​កូវីដ១៩ ក្នុង​ប្រទេស​ថៃ​នៅ​តែ​ច្រើន ហើយ​តាម​មន្ទីរ​ពេទ្យ​បដិសេធ​ទទួល​យក​អ្នក​ជំងឺ​កូវីដ១៩ ជា​ពិសេស​គឺ ក្រុម​ពលករ​បរទេស​តែ​ម្ដង។ លោក​បន្ត​ថា ពួក​លោក​ក៏​គ្មាន​លទ្ធភាព​បង់​ថ្លៃ​ធ្វើតេស្ត​រក​ជំងឺ​កូវីដ១៩ ហើយ​ថែម​ទាំង​គ្មាន​គ្រូពេទ្យ​មក​យក​សំណាក​ពួក​លោក​ទៀត៖ «ចុះ​ទៅ​ខ្មែរ​ម្សិលមិញ​ប៉ុន្មាន ហើយ​បី បួន​ថ្ងៃ​ហ្នឹង ចុះ​ទៅ​ចង់​អស់​ហើយ។ នៅ​ខ្ញុំ​ប៉ុន្មាន​នាក់​ហ្នឹង ជាប់​ក្នុង (ការដ្ឋាន) ហ្នឹង​ទេ​ដឹង។ ខ្ញុំ​ថា នៅ​ចាំ​មើល​ព្យាបាល​បន្តិច​សិន​បង។ (អ្នក​ជំងឺ) វា​ច្រើន​ពេក​ណា​បង។ ណា​មួយ​ពេទ្យ​គេ​មិន​មើល​ខ្មែរ​យើង​ផង គេ​បិទ​យើង​ចោល​ក្នុង​កន្លែង​កសាង (ការដ្ឋាន​សំណង់) ដដែលៗ ហ្នឹង»

ចំណែក​ពលករ​ម្នាក់​ទៀត ជា​អ្នក​លក់​តាម​ចិញ្ចើម​ថ្នល់​ លោកស្រី​ តឹក ហៀង ក៏​គ្មាន​ជម្រើស​អ្វី​​ក្រៅ​ពី​​នាំ​កូន​តូច​ប្រថុយ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដែរ ប្រសិន​បើ​ឆ្លង​កូវីដ១៩។ ទោះ​ជា​យ៉ាង​ណា​ លោកស្រី នឹង​ព្យាយាម​​​​ទ្រាំ​នៅ​ក្នុង​បន្ទប់​ជួល​ ហើយ​រក​វិធី​​ព្យាបាល​ខ្លួន​ឯង​ឲ្យ​អស់​លទ្ធភាព មុន​នឹង​សម្រេច​ចិត្ត​ថា​​ប្រថុយ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កម្ពុជា​វិញ ឬ​យ៉ាង​ណា៖ «ទៅ​ផ្ទះ ក៏​វា​មិន​ងាយ​ស្រួល ព្រោះ​វា​មាន​ជំងឺ​ជាប់​នៅ​ខ្លួន។ អ៊ីចឹង​ហើយ បើ​តាម​គំនិត​បង បើ​សិន​ជា​យើង​កើត​ពិត​មែន​សុខ​ចិត្ត​រក្សា​ខ្លួន​ឯង​នៅ​ក្នុង​ហង់ (បន្ទប់) ហ្នឹង​បណ្ដោយ ហើយ​ប្រើ​ថ្នាំ​ខ្មែរ​យើង​ដូច​ខ្ទឹម​ម្រេច ស្លឹក​ក្រូច ស្លឹកគ្រៃ​អ្វី​ស្ពង់​អ៊ីចឹង​ណា។ តែ​បើ​ថា​ឲ្យ Call ទៅ​ស្ថានទូត ក៏​មិន​ដឹង​ថា គេ​ជួយ​អ្វី​យើង​បាន​ដែរ»

រដ្ឋាភិបាល​កម្ពុជា និង​ថៃ​មិន​ទាន់​បង្ហាញ​ថា មាន​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ប៉ុន្មាន​នាក់​ហើយ បាន​ឈឺ​ធ្ងន់ និង​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នោះ​ទេ ស្រប​ពេល​ដែល​អត្រា​ឆ្លង​កូវីដ១៩ នៅ​ថៃ មាន​ជាង​មួយ​ម៉ឺន​ប្រាំ​ពាន់ (១៥.០០០) នាក់ ក្នុង​មួយ​ថ្ងៃ។ រដ្ឋាភិបាល​ទាំង២ ក៏​មិន​ទាន់​បាន​បង្ហាញ​យន្តការ​ណាមួយ ដើម្បី​គាំទ្រ​ដល់​ពលករ​ខ្មែរ​ដែល​ឆ្លង​កូវីដ១៩ ដែរ ក្រៅ​ពី​ឲ្យ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួន​ឯង និង​ស្ដាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ថៃ។

ជុំវិញ​ករណី​នេះ អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​​ពី​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង បាន​ដែរ នៅ​ថ្ងៃ​ទី​២៧​កក្កដា។ តែ​យ៉ាង​ណា លោក កុយ គួង បាន​ប្រាប់​សារព័ត៌មាន​វីអូអេ (VOA) ថា ស្ថាន​ទូត​កំពុង​ធ្វើការ​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ផ្ទៀងផ្ទាត់​ចំនួន និង​ឈ្មោះ​ពលករ​ដែល​ឆ្លង​កូវីដ១៩ នៅ​ប្រទេស​ថៃ ព្រោះ​ខ្លាច​ច្រឡំ​ជាមួយ​ពលករ​ប្រទេស​ផ្សេង។ លោក​អះអាង​ថា ស្ថានទូត និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ប្រទេស​ថៃ កំពុង​ខិតខំ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ជួយ​សម្រប​សម្រួល​ដល់​ពល​ករ​ខ្មែរ ដែល​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ពេល​ឆ្លង​ជំងឺ​កូវីដ១៩។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ពលករ និង​អ្នក​ឃ្លាំមើល​សិទ្ធិ​ពលករ​ក្នុង​ប្រទេស​ថៃ សង្កេត​ឃើញ​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​អសកម្ម ក្នុង​កិច្ចការ​ជួយ​ពលករ​ខ្មែរ ដែល​កំពុង​ឆ្លង​ជំងឺ​កូវីដ១៩។

មន្ត្រី​ផ្នែក​អន្តោប្រវេសន៍​ប្រចាំ​ប្រទេស​ថៃ នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក លឹង សុផុន ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ឆ្លង​កូវីដ១៩ ទ្រង់ទ្រាយ​ធំ​កាន់​តែ​ច្រើន​ឡើយ ដោយ​តំបន់​ខ្លះ​ឆ្លង​រាប់​រយ​នាក់​មួយ​ថ្ងៃ។ លោក​បន្ត​ថា ពលករ​ខ្លះ​ទៀត ត្រូវ​បាន​ថៅកែ​បង្ខាំង​ទុក​ក្នុង​បន្ទប់​ជួល ឬ​ការដ្ឋាន​សំណង់​ចោល​នៅ​ពេល​ឆ្លង​កូវីដ១៩។ ដូច្នេះ​ទើប​ពលករ​នាំ​គ្នា​សម្រុក​ទៅ​ប្រទេស​កម្ពុជា​វិញ ទោះ​បី​ដឹង​ថា ខ្លួន​ឆ្លង​ជំងឺ​កូវីដ១៩ ក៏​ដោយ។

ចំណែក​ការ​ជួយ​អន្តរាគមន៍​ពី​មន្ត្រី​ស្ថាន​ទូត​ខ្មែរ​វិញ​នោះ សង្គម​ស៊ីវិល​រូប​នេះ សង្កេត​ឃើញ​ថា មាន​ភាព​យឺតយ៉ាវ​ខ្លាំង​ណាស់។ លោក​ជំរុញ​ឲ្យ​ស្ថានទូត និង​រដ្ឋាភិបាល​កម្ពុជា​រក​យន្តការ​បន្ថែម​ទៀត ដើម្បី​ស្នើសុំ​ទៅ​រដ្ឋាភិបាល​ថៃ និង​ជួយ​អន្តរាគមន៍​ដោយ​ផ្ទាល់​ ជួយ​ពលករ ដែល​ឆ្លង​ជំងឺ​កូវីដ១៩ ឲ្យ​បាន​ទទួល​សេវា​សុខាភិបាល​ត្រឹមត្រូវ៖ «(ពលករ) ភាគ​ច្រើន គាត់​ថា គាត់​បាន​ទំនាក់ទំនង​ទៅ​ខាង​ស្ថាប័ន​ទូត ទៅ​ខាង​កុងស៊ុល​អ្វី​ដែរ តែ​អត់​មាន​អ្នក​ណា​គាត់​លើក​ទូរស័ព្ទ​ផ្ដល់​យោបល់​ជូន​ពួក​គាត់​អ៊ីចឹង​ណា ហើយ​នៅ​ពេល​ដែល​ពួកគាត់​ឆ្លង​កូវីដ​អ្វី​អ៊ីចឹង​ទៅ គេ​ទុក​ចោល ហើយ​អត់​មាន​ថៅកែ​ដោះ​ស្រាយ​រក​ថ្នាំ​រក​អ្វី​ឲ្យ​ពួក​គាត់ ដល់​អ៊ីចឹង​ទៅ​ពួក​គាត់​ភ័យ ហើយ​គាត់​មិន​ដឹង​ជា​ទាក់ទង​អ្នក​ណា​អ្វី​អ៊ីចឹង​ណា»

របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ថៃ បង្ហាញ​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី១ មករា ដល់​ថ្ងៃ​ទី២២ ខែ​កក្កដា​ មាន​ពលករ​ខ្មែរ​ជាង​មួយ​ម៉ឺន (១ម៉ឺន) នាក់ បាន​ឆ្លង​ជំងឺ​កូវីដ១៩។ ក្នុង​នោះ​មាន​ពលករ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​ភាគ​ច្រើន​ទៀត ស្នាក់​នៅ​ការដ្ឋាន​សំណង់​តាម​យថាកម្ម​ដោយ​គ្មាន​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ទេ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល