ពលរដ្ឋមួយចំនួនរិះគន់គ្រូពេទ្យថា មិនសូវយកចិត្តទុកដាក់ព្យាបាលជំងឺដល់អ្នកប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម
2022.12.26

ពលរដ្ឋមួយចំនួនរិះគន់គ្រូពេទ្យ ថាមិនសូវយកចិត្តទុកដាក់ព្យាបាល អ្នកជំងឺ ដែលប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា (ប.ស.ស) នោះទេ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា ក្រសួងសុខាភិបាល និងធ្វើកិច្ចសន្យា និងជាមួយក្រុមគ្រូពេទ្យមួយចំនួន ដែលប្រព្រឹត្តអំពើពុករលួយ ប្រាស់ចាកពីក្រមសីលធម៌ និងវិជ្ជាជីវៈ ប៉ះពាល់ដល់ប្រយោជន៍ និងអាយុជីវិតពលរដ្ឋ។
ពលរដ្ឋមួយចំនួនសោកស្ដាយ ដែលគ្រូពេទ្យរដ្ឋ និងឯកជន មិនយកចិត្តទុកដាក់ព្យាបាលជំងឺដល់ពួកគាត់ ដោយសារពួកគាត់ប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម។ ពួកគាត់ថា នៅពេលបង្ហាញពីប័ណ្ណ ប.ស.ស ដល់គ្រូពេទ្យម្ដងៗ ក្រុមគ្រូពេទ្យធ្វើឯកសារយឺតយ៉ាវ និងស៊ាំញ៉ាំ ជាងការទៅព្យាបាលដោយចំណាយប្រាក់ផ្ទាល់ខ្លួន ទោះបីអ្នកជំងឺ នៅក្នុងស្ថានភាព សង្គ្រោះបន្ទាន់ក៏ដោយ។ ពួកគាត់អះអាងថា នៅពេលចំណាយប្រាក់ផ្ទាល់ខ្លួន ទើបគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាល និងណែនាំទៅកាន់សេវាកម្មពេទ្យឯកជនផ្សេងៗ។
ពលរដ្ឋនៅរាជធានីភ្នំពេញ សុំមិនបញ្ចេញឈ្មោះ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ ខែធ្នូថា ប្រពន្ធរបស់លោកជាកម្មកររោងចក្រ ហើយប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) របស់កម្មកររោងចក្រសហគ្រាស ប៉ុន្ដែគ្រូពេទ្យមិនសូវមានការយកចិត្តទុកដាក់ព្យាបាលនោះទេ។ លោកថា លុះត្រាតែមន្ត្រីរាជការ ទើបគ្រូពេទ្យ យកចិត្តទុកដាក់ច្រើន និងព្យាបាលឱ្យឆាប់រហ័សបន្តិច។ លោកថា គ្រូពេទ្យមួយចំនួនធ្វើការធ្វេសប្រហែស ប្រព្រឹត្តអំពើពុករលួយ បំភ័យអ្នកជំងឺ ដើម្បីទទួលបានប្រាក់ច្រើនជាដើម។
លោកបន្តថា ជាក់ស្ដែងម្ដាយក្មេកលោកឈឺសន្លាក់ក្បាលជង្គង់ បានទៅព្យាបាលនៅមន្ទីរពេទ្យព្រះអង្គដួង ហើយក្រុមគ្រូពេទ្យទាមទារវះកាត់ក្បាលជង្គង់ ប៉ុន្តែដោយសារការធ្វេសប្រហែសរបស់គ្រូពេទ្យ ធ្វើអោយឆ្លងមេរោគ បណ្ដាលឲ្យម្ដាយក្មេករបស់លោកស្លាប់ កាលពីថ្ងៃទី១៧ ខែធ្នូ៖
«ដើម្បីអោយរដ្ឋាភិបាល ដឹកនាំទៅអោយប្រជាពលរដ្ឋគេជឿជាក់ គួររដ្ឋាភិបាលបង្កើតច្បាប់មួយ អោយមានការដាក់ទោសទៅលើពេទ្យ ឬលោកគ្រូពេទ្យមួយចំនួនតូច ដែលគាត់ប្រព្រឹត្តខុសឆ្គងទៅលើអ្នកជំងឺ អោយមានការដាក់ទោស កុំអោយពេទ្យមួយចំនួនពេលដែលធ្វើខុសគាត់រួចខ្លួនរហូត ដល់អ៊ីចឹងមួយៗ ចេះតែថា អាងមិនអីៗ អ៊ីចឹងនៅតែធ្វើរឿងបែបហ្នឹងរហូត ធ្វើអោយមានការបាត់បង់ជីវិតដល់ប្រជាពលរដ្ឋយើង ដែលមិនគួរបាត់បង់ ជាពិសេសប្រជាពលរដ្ឋក្រីក្រនេះ ដែលគាត់ខ្វះខាតថវិកាលុយកាក់នេះ។ អោយមានច្បាប់ពង្រឹងទៅលើក្រសួងសុខាភិបាលទី១ ទី២អោយមានច្បាប់ដាក់ទណ្ឌទោសទៅលើមន្ត្រីពេទ្យដែលធ្វើការខ្ជះខ្ជាយ ធ្វើការបាត់បង់ទៅលើជីវិតមនុស្សនេះ»។
ស្រដៀងគ្នានោះដែរ ពលរដ្ឋម្នាក់ទៀតរស់នៅស្រុកកំរៀង ខេត្តបាត់ដំបងលោក ប៉ុន ខុន ថ្លែងថា លោកក្រីក្រ ទើបស្វែងរកសេវាព្យាបាលជំងឺរបស់រដ្ឋ ប៉ុន្តែក្រុមគ្រូពេទ្យមិនសូវយកចិត្តទុកដាក់នោះឡើយ។ លោកថា កូនប្រុសរបស់លោកអាយុ២៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន បានជួបគ្រោះថ្នាក់ចរាចរ បាក់ឆ្អឹងកែងជើង និងបញ្ជូនទៅព្យាបាលមន្ទីរពេទ្យខេត្តបាត់ដំបង ប៉ុន្តែគ្រូពេទ្យគិតតែសាកសួរពីប័ណ្ណក្រីក្រ និងប័ណ្ណ ប.ស.ស និងតម្រូវឲ្យបំពេញឯកសារជាមុន ដោយទុកអោយកូនរបស់លោកនៅហូរឈាមក្នុងឡាន។ លោកបន្តថា ក្រោយមក លោកសម្រេចចិត្តបង់ប្រាក់ ៤០ម៉ឺនរៀល(៤០០,០០០៛) ទើបគ្រូពេទ្យចាប់ផ្ដើមព្យាបាលកូនប្រុសរបស់លោក៖
«ព្រោះយើងវាអ្នកអត់អ្នកអី យើងអាចពឹងផ្អែកទៅលើសុខាភិបាលហ្នឹងហើយ អ៊ីចឹងខាងក្រសួងហ្នឹងមេត្តាពង្រឹងអស់ហ្នឹងតាមដានមើលផង ព្រោះវិស័យឯកជនហ្នឹងវាច្រើន។ ដល់អ៊ីចឹងមួយៗរុញទាញទៅខាងនោះអ៊ីចឹង ដល់យើងអ្នកអត់ទៅខាងវិស័យសុខាភិបាលរដ្ឋហ្នឹងឯង ដល់អ៊ីចឹងសុំអោយខាងហ្នឹងជួយមេត្តាតាមដានមើលសកម្មភាព ហើយនឹងពង្រឹងសមត្ថភាពពេទ្យអីហ្នឹងបន្តទៀតផង ដើម្បីអោយសេវាសុខភាពដំណើរការ»។
ទាក់ទងនឹងបញ្ហានេះ វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី យក់ សម្បត្តិ និងអគ្គនាយក ប.ស.ស លោក អ៊ុក សមវិទ្យា ដើម្បីសុំអត្ថាធិប្បាយបកស្រាយជុំវិញរឿងនេះទេ ថ្ងៃទី២៥ ខែធ្នូ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ជុំវិញរឿងនេះ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ការលើកឡើងរបស់ពលរដ្ឋ និងកម្មករជារឿងពិត ហើយបញ្ហាប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) គ្រាន់តែជារូបភាពល្អមើល។ លោកបន្ថែមថា តាមការបញ្ជាក់ពីកម្មករ កម្មការិនី មន្ត្រីរាជការ និងគ្រូបង្រៀន ប្រាប់លោកកន្លងមក តាមមន្ទីរពេទ្យ ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស មួយចំនួន គ្រូពេទ្យមិនសូវយកចិត្តទុកដាក់ជាមួយអ្នកជំងឺទេ ហើយថ្នាំផ្ដល់អោយពលរដ្ឋក៏មិនសូវល្អដែរ។
លោកថា កត្តានេះ ឆ្លុះបញ្ចាំងការពិត ពីវិស័យសុខាភិបាលនៅកម្ពុជា ដោយសារគ្រូពេទ្យមួយចំនួនខ្វះក្រមសីលធម៌ និងធ្វេសប្រហែសចំពោះអ្នកជំងឺ។ លោក រ៉ុង ឈុន ថា ក្រសួងសុខាភិបាលគួរមានវិធានការច្បាស់លាស់ និងគ្រប់គ្រងគ្លីនិកពាក់ព័ន្ធ អោយយកចិត្តទុកដាក់ អ្នកជំងឺ និងទប់ស្កាត់អំពើពុករលួយ ចៀសវាងថ្លោះធ្លោយប៉ះពាល់ដល់អាយុជីវិតពលរដ្ឋ៖
«កង្វះខាតមកពីស្ថាប័នពាក់ព័ន្ធហ្នឹង មិនបានពិនិត្យយកចិត្តទុកដាក់ទៅនឹងអំពើពុករលួយអីនៅក្នុងហ្នឹងបន្ថែមទៀត ពីបញ្ហាទាំងអស់ហ្នឹង។ វាជារឿងមួយ ដែលត្រូវតែស្ថាប័ន ប.ស.ស. ហ្នឹងត្រូវតែចុះត្រួតពិនិត្យ ហើយនឹងដាក់កិច្ចសន្យាអោយច្បាស់លាស់ជាមួយពេទ្យ ហើយបើលឺព័ត៌មានភាពមិនប្រក្រតី ការមិនយកចិត្តទុកដាក់ត្រូវតែមានវិធានការបន្ទាន់ ចៀសវាងឆ្លើយដោះសាគេចវេះមិនទទួលខុសត្រូវ»។
គិតត្រឹមខែតុលា មានបុគ្គលិកជិត ១លាន ៥សែននាក់ (១,៤៦៦,៧២៥) មកពីអាជីវកម្មជាង១ម៉ឺនអាជីវកម្ម (១៣,៣០០) ដែលបានចុះឈ្មោះក្នុងប្រព័ន្ធបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)។ បេឡាជាតិរបបសន្តិសុខសង្គមសព្វថ្ងៃផ្ដល់ការធានារ៉ាប់រងចំនួន ៣ផ្នែកដល់កម្មករនិយោជិករួមមាន ប.ស.ស ហានិភ័យការងារ ប.ស.ស ថែទាំសុខភាព និង ប.ស.ស ប្រាក់សោធន។
កន្លងមកប្រជាពលរដ្ឋតែងរិះគន់មន្ត្រីសុខាភិបាលជាពិសេសគ្រូពេទ្យមួយចំនួន ធ្វេសប្រហែស ក្នុងការព្យាបាលអ្នកជំងឺ និងបណ្ដាលអោយទារកស្លាប់ ដោយសារការរំលូតកូន ខុសបច្ចេកទេស។ ជាក់ស្ដែងថ្មីៗនេះ ស្ត្រីកម្មកររោងចក្រនៅខេត្តកណ្ដាលជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ ឈ្មោះ ឈាង ស្រីអូន គ្រូពេទ្យរំលូតកូនស្លាប់ចេញ ក៏ច្រឡំកាត់ពោះវៀន ព្រោះច្រឡំថាជាទងសុក។
ពលរដ្ឋ និងសង្គមស៊ីវិល អំពាវនាវក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ គួរតាមដាន និងពិនិត្យនៅតាមមូលដ្ឋាន ដោយពង្រឹងការគ្រប់គ្រង និងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ហើយបង្កើនសមត្ថភាពគ្រូពេទ្យបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។