ពលរដ្ឋ​មួយចំនួន​រិះគន់​គ្រូពេទ្យ​ថា មិន​សូវ​យក​ចិត្តទុកដាក់​ព្យាបាល​ជំងឺ​ដល់​អ្នក​ប្រើប្រាស់​ប័ណ្ណ​បេឡាជាតិ​របប​សន្តិសុខ​សង្គម

0:00 / 0:00

ពលរដ្ឋមួយ​ចំនួន​រិះគន់​គ្រូពេទ្យថា​មិន​សូវ​យក​ចិត្ត​ទុកដាក់​ព្យាបាលអ្នក​ជំងឺដែល​ប្រើប្រាស់​ប័ណ្ណបេឡាជាតិ​របប​សន្តិសុខ​សង្គមហៅកាត់​ថា (ប.ស.ស) នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថាក្រសួង​សុខាភិបាលនិង​ធ្វើ​កិច្ចសន្យានិង​ជាមួយ​ក្រុម​គ្រូពេទ្យ​មួយ​ចំនួន​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយប្រាស់​ចាក​ពី​ក្រម​សីលធម៌និង​វិជ្ជាជីវៈប៉ះពាល់​ដល់​ប្រយោជន៍និង​អាយុ​ជីវិត​ពលរដ្ឋ។

ពលរដ្ឋ​មួយ​ចំនួន​សោកស្ដាយ ដែល​គ្រូពេទ្យ​រដ្ឋនិង​ឯកជនមិនយក​ចិត្ត​ទុក​ដាក់​ព្យាបាល​ជំងឺ​ដល់​ពួកគាត់​ដោយ​សារ​ពួកគាត់​ប្រើប្រាស់​ប័ណ្ណ​បេឡាជាតិ​របប​សន្តិសុខ​សង្គម។ពួកគាត់​ថានៅ​ពេល​បង្ហាញ​ពី​ប័ណ្ណ ប.ស.ស ដល់​គ្រូពេទ្យ​ម្ដងៗក្រុម​គ្រូពេទ្យ​ធ្វើ​ឯកសារ​យឺតយ៉ាវនិង​ស៊ាំ​ញ៉ាំជាង​ការ​ទៅ​ព្យាបាល​ដោយ​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួនទោះបី​អ្នក​ជំងឺនៅ​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់​ក៏​ដោយ។ពួក​គាត់​អះអាង​ថានៅពេល​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួនទើប​គ្រូពេទ្យ​យក​ចិត្តទុក​ដាក់​ព្យាបាល​និង​ណែនាំ​ទៅ​កាន់​សេវាកម្ម​ពេទ្យ​ឯកជន​ផ្សេងៗ។

ពលរដ្ឋនៅ​រាជធានី​ភ្នំពេញសុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ ខែធ្នូ​ថាប្រពន្ធ​របស់​លោក​ជា​កម្មករ​រោងចក្រហើយ​ប័ណ្ណ​បេឡាជាតិ​របបសន្តិសុខ​សង្គម (ប.ស.ស) របស់​កម្មករ​រោងចក្រ​សហគ្រាស ប៉ុន្ដែ​គ្រូពេទ្យ​មិន​សូវ​មាន​ការ​យក​ចិត្ត​ទុកដាក់​ព្យាបាល​នោះ​ទេ។ លោក​ថាលុះត្រា​តែ​មន្ត្រី​រាជការទើប​គ្រូពេទ្យ យក​ចិត្តទុក​ដាក់​ច្រើន​និង​ព្យាបាល​ឱ្យ​ឆាប់​រហ័ស​បន្តិច។​ លោកថា គ្រូពេទ្យ​មួយចំនួន​ធ្វើការ​ធ្វេស​ប្រហែសប្រព្រឹត្ត​អំពើ​ពុករលួយបំភ័យ​អ្នក​ជំងឺដើម្បី​ទទួល​បាន​ប្រាក់​ច្រើន​ជា​ដើម។

លោកបន្តថា ជាក់ស្ដែង​ម្ដាយ​ក្មេក​លោក​ឈឺ​សន្លាក់​ក្បាល​ជង្គង់បាន​ទៅ​ព្យាបាល​នៅមន្ទីរ​ពេទ្យ​ព្រះអង្គដួងហើយ​ក្រុម​គ្រូពេទ្យ​ទាមទារ​វះកាត់​ក្បាល​ជង្គង់ប៉ុន្តែ​ដោយ​សារការ​ធ្វេសប្រហែស​របស់​គ្រូពេទ្យធ្វើ​អោយ​ឆ្លង​មេរោគ បណ្ដាល​ឲ្យម្ដាយ​ក្មេក​របស់​លោក​ស្លាប់ កាលពីថ្ងៃទី១៧ ខែធ្នូ៖

«ដើម្បី​អោយ​រដ្ឋាភិបាលដឹកនាំ​ទៅ​អោយ​ប្រជាពលរដ្ឋ​គេជឿជាក់គួរ​រដ្ឋាភិបាល​បង្កើត​ច្បាប់​មួយ​អោយ​មាន​ការ​ដាក់​ទោស​ទៅ​លើ​ពេទ្យឬ​លោកគ្រូពេទ្យ​មួយ​ចំនួន​តូចដែល​គាត់​ប្រព្រឹត្ត​ខុសឆ្គង​ទៅ​លើ​អ្នកជំងឺអោយ​មាន​ការ​ដាក់ទោសកុំអោយ​ពេទ្យ​មួយ​ចំនួន​ពេល​ដែល​ធ្វើខុស​គាត់​រួច​ខ្លួន​រហូត​ដល់​អ៊ីចឹង​មួយៗចេះតែថាអាង​មិន​អីៗអ៊ីចឹង​នៅតែ​ធ្វើ​រឿង​បែប​ហ្នឹង​រហូតធ្វើអោយ​មាន​ការ​បាត់បង់​ជីវិត​ដល់​ប្រជាពលរដ្ឋ​យើងដែល​មិន​គួរ​បាត់បង់ជាពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ​នេះដែល​គាត់​ខ្វះខាត​ថវិកា​លុយ​កាក់​នេះ។អោយមាន​ច្បាប់​ពង្រឹង​ទៅ​លើ​ក្រសួង​សុខាភិបាលទី១​ទី២​អោយ​មាន​ច្បាប់​ដាក់​ទណ្ឌទោស​ទៅលើ​មន្ត្រីពេទ្យ​ដែល​ធ្វើការ​ខ្ជះខ្ជាយធ្វើការ​បាត់បង់​ទៅ​លើ​ជីវិត​មនុស្ស​នេះ»។

ស្រដៀង​គ្នា​នោះ​ដែរពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ស្រុក​កំរៀងខេត្តបាត់ដំបង​លោក ប៉ុន ខុន ថ្លែង​ថាលោក​ក្រីក្រទើប​ស្វែង​រក​សេវា​ព្យាបាលជំងឺ​របស់​រដ្ឋប៉ុន្តែ​ក្រុម​គ្រូពេទ្យ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នោះ​ឡើយ។លោក​ថាកូនប្រុស​របស់​លោកអាយុ​២៤​ឆ្នាំជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជនបាន​ជួប​គ្រោះ​ថ្នាក់​ចរាចរបាក់​ឆ្អឹង​កែង​ជើងនិង​បញ្ជូន​ទៅ​ព្យាបាល​មន្ទីរពេទ្យ​ខេត្តបាត់ដំបងប៉ុន្តែ​គ្រូពេទ្យ​គិតតែ​សាក​សួរ​ពី​ប័ណ្ណ​ក្រីក្រនិង​ប័ណ្ណ ប.ស.ស និង​តម្រូវ​ឲ្យ​បំពេញ​ឯកសារ​ជាមុន​ដោយ​ទុក​អោយ​កូន​របស់​លោក​នៅ​ហូរ​ឈាម​ក្នុង​ឡាន។ លោកបន្ត​ថា ក្រោយមក លោកសម្រេច​ចិត្ត​បង់ប្រាក់៤០​ម៉ឺនរៀល​(៤០០,០០០៛) ​ទើប​គ្រូពេទ្យ​ចាប់​ផ្ដើម​ព្យាបាល​កូនប្រុស​របស់​លោក៖

«ព្រោះ​យើង​វាអ្នក​អត់​អ្នកអីយើង​អាច​ពឹង​ផ្អែក​ទៅ​លើ​សុខាភិបាល​ហ្នឹង​ហើយអ៊ីចឹង​ខាង​ក្រសួង​ហ្នឹង​មេត្តា​ពង្រឹង​អស់​ហ្នឹង​តាម​ដាន​មើល​ផងព្រោះ​វិស័យ​ឯកជន​ហ្នឹង​វា​ច្រើន។ដល់អ៊ីចឹង​មួយៗ​រុញ​ទាញ​ទៅខាង​នោះ​អ៊ីចឹងដល់​យើង​អ្នកអត់​ទៅខាង​វិស័យ​សុខាភិបាល​រដ្ឋ​ហ្នឹង​ឯងដល់​អ៊ីចឹង​សុំអោយ​ខាង​ហ្នឹង​ជួយ​មេត្តា​តាមដាន​មើល​សកម្មភាពហើយ​នឹង​ពង្រឹង​សមត្ថភាព​ពេទ្យ​អីហ្នឹង​បន្ត​ទៀត​ផងដើម្បី​អោយ​សេវា​សុខភាព​ដំណើរ​ការ»។

ទាក់ទង​នឹង​បញ្ហា​នេះវិទ្យុអាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី យក់ សម្បត្តិ និង​អគ្គនាយក ប.ស.ស លោក អ៊ុក សមវិទ្យា ដើម្បី​សុំអត្ថាធិប្បាយ​បកស្រាយ​ជុំវិញ​រឿង​នេះ​ទេ ថ្ងៃទី២៥ ខែធ្នូ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ជុំវិញ​រឿងនេះ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថាការលើកឡើង​របស់​ពលរដ្ឋនិង​កម្មករ​ជា​រឿង​ពិតហើយ​បញ្ហា​ប័ណ្ណ​បេឡាជាតិ​របប​សន្តិសុខ​សង្គម​(ប.ស.ស) គ្រាន់​តែ​ជា​រូបភាព​ល្អ​មើល។ លោក​បន្ថែម​ថាតាមការ​បញ្ជាក់​ពី​កម្មករ កម្មការិនី មន្ត្រីរាជការ និង​គ្រូបង្រៀនប្រាប់​លោក​កន្លង​មកតាម​មន្ទីរពេទ្យដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជា​មួយ ប.ស.ស មួយ​ចំនួនគ្រូពេទ្យ​មិន​សូវ​យក​ចិត្ត​ទុកដាក់​ជាមួយ​អ្នក​ជំងឺ​ទេហើយ​ថ្នាំ​ផ្ដល់​អោយ​ពលរដ្ឋ​ក៏​មិន​សូវ​ល្អ​ដែរ។

លោក​ថា កត្តានេះ ឆ្លុះ​បញ្ចាំង​ការ​ពិតពី​វិស័យ​សុខាភិបាល​នៅ​កម្ពុជាដោយសារ​គ្រូពេទ្យ​មួយ​ចំនួន​ខ្វះក្រម​សីលធម៌និង​ធ្វេសប្រហែស​ចំពោះ​អ្នក​ជំងឺ។ លោក រ៉ុង ឈុន ថា ក្រសួងសុខាភិបាល​គួរ​មាន​វិធានការ​ច្បាស់​លាស់និង​គ្រប់គ្រង​គ្លីនិក​ពាក់ព័ន្ធអោយ​យក​ចិត្តទុក​ដាក់អ្នក​ជំងឺនិង​ទប់ស្កាត់​អំពើពុករលួយចៀសវាង​ថ្លោះធ្លោយ​ប៉ះពាល់​ដល់​អាយុជីវិត​ពលរដ្ឋ៖

«កង្វះ​ខាតមក​ពី​ស្ថាប័ន​ពាក់ព័ន្ធហ្នឹងមិនបាន​ពិនិត្យ​យក​ចិត្តទុកដាក់​ទៅ​នឹង​អំពើពុករលួយ​អី​នៅ​ក្នុង​ហ្នឹង​បន្ថែម​ទៀតពី​បញ្ហា​ទាំងអស់​ហ្នឹង។វា​ជា​រឿង​មួយដែល​ត្រូវ​តែ​ស្ថាប័នប.ស.ស.ហ្នឹងត្រូវ​តែ​ចុះត្រួត​ពិនិត្យហើយ​នឹង​ដាក់​កិច្ចសន្យា​អោយ​ច្បាស់​លាស់​ជា​មួយ​ពេទ្យហើយ​បើលឺ​ព័ត៌មាន​ភាព​មិន​ប្រក្រតីការ​មិន​យក​ចិត្តទុកដាក់​ត្រូវ​តែ​មាន​វិធានការ​បន្ទាន់ចៀស​វាង​ឆ្លើយ​ដោះសា​គេច​វេះ​មិន​ទទួល​ខុស​ត្រូវ»។

គិតត្រឹម​ខែតុលាមាន​បុគ្គលិក​ជិត ១លាន ៥សែននាក់ (១,៤៦៦,៧២៥) មកពីអាជីវកម្ម​ជាង​១​ម៉ឺន​អាជីវកម្ម (១៣,៣០០) ដែល​បាន​ចុះឈ្មោះ​ក្នុង​ប្រព័ន្ធបេឡាជាតិ​របបសន្តិសុខ​សង្គម (ប.ស.ស)។ បេឡាជាតិ​របប​សន្តិសុខ​សង្គម​សព្វថ្ងៃ​ផ្ដល់​ការ​ធានា​រ៉ាប់រង​ចំនួន៣ផ្នែក​ដល់​កម្មករ​និយោជិក​រួមមាន​ ប.ស.ស ហានិភ័យ​ការងារ ប.ស.ស ថែ​ទាំ​សុខភាព និង ប.ស.ស ប្រាក់​សោធន។

កន្លង​មក​ប្រជាពលរដ្ឋ​តែង​រិះគន់​មន្ត្រីសុខាភិបាល​ជាពិសេស​គ្រូពេទ្យ​មួយចំនួនធ្វេស​ប្រហែសក្នុង​ការ​ព្យាបាល​អ្នក​ជំងឺនិង​បណ្ដាល​អោយ​ទារក​ស្លាប់ដោយ​សារ​ការ​រំលូត​កូនខុស​បច្ចេកទេស។ជាក់​ស្ដែង​ថ្មីៗ​នេះស្ត្រី​កម្មករ​រោងចក្រ​នៅ​ខេត្តកណ្ដាល​ជាប់ព្រំ​ប្រទល់​ខេត្តកំពង់ស្ពឺ ឈ្មោះ ឈាង ស្រីអូន គ្រូពេទ្យ​រំលូត​កូន​ស្លាប់​ចេញក៏ច្រឡំ​កាត់​ពោះវៀន ​ព្រោះ​ច្រឡំ​ថា​ជា​ទងសុក។

ពលរដ្ឋ និង​សង្គមស៊ីវិលអំពាវនាវ​ក្រសួង​សុខាភិបាលនិង​ស្ថាប័ន​ពាក់ព័ន្ធគួរតាម​ដាន​និង​ពិនិត្យ​នៅ​តាម​មូលដ្ឋានដោយ​ពង្រឹង​ការ​គ្រប់គ្រងនិង​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យហើយ​បង្កើន​សមត្ថភាព​គ្រូពេទ្យ​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។