ពលរដ្ឋ​មួយ​ចំនួន​សម្រេច​ បរិច្ចាគ​ឈាម​ ដើម្បី​ប្រាក់​ដោយ​សារ​ភាព​ក្រីក្រ

ហេង រស្មី
2020-12-10
Share
ពលរដ្ឋ​មួយ​ចំនួន​សម្រេច​ បរិច្ចាគ​ឈាម​ ដើម្បី​ប្រាក់​ដោយ​សារ​ភាព​ក្រីក្រ ពលរដ្ឋ​ម្នាក់​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ ធ្នូ​ ឆ្នាំ​២០២០​ បាន​បង្ហាញ​ពី​សកម្មភាព​ផ្ដល់​ឈាម​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម។
រូបថតពី៖គេ​ហ​ទំព័រ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម

អ្នក​រត់​ម៉ូតូ​ឌុប​ ម៉ូតូ​កង់​បី​ និង​អ្នក​ប្រកប​មុខ​របរ​តូច​តាច​ដូច​ជា​អ្នក​ប៉ះ កង់​ម៉ូតូ​ជា​ដើម​ ជា​រៀង​រាល់​ព្រឹក​ បាន​មក​អង្គុយ​រង​ចាំ​នៅ​ក្បែរ​ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ​មាន​ទី​តាំង​នៅ​ក្បែរ​មន្ទីរ​ពេទ្យ​ខ្មែរ​ សូវៀត​ ក្រុង​ភ្នំពេញ​ ដើម្បី​រង់​ចាំ​បរិច្ចាគ​ឈាម​ ជា​ថ្នូរ​ នឹង​បាន​​ប្រាក់​មក វិញ​ សម្រាប់​យក​មក​​ដោះ​ស្រាយ​បញ្ហា​ជីវភាព​គ្រួសារ។

អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ឈ្មោះ​ សុខ ចិន្តា​ (ឈ្មោះ​អ្នក​និពន្ធ​ដាក់​ឱ្យ​ ) តែង​ប្រកាស​បរិច្ចាគ​ឈាម ចំពោះ​ក្រុង​គ្រួសារ​អ្នក​ជំងឺ​ ណា​ដែល​មក​រក​ឈាម​​នៅ​​​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម។ ​ ​​

លោក​បន្ត​ថា​ មូល​ហេតុ​ដែល​លោក​សម្រេច​ចិត្ត​​ដើម្បី​បរិច្ចាគ​ឈាម​នេះ​ ដោយ​សារ​តែ​មាន​​អតិថិជន​មកពី​ខាង​ក្រៅ អាច​ ផ្តល់​ប្រាក់​កម្រៃ​ថ្លៃ​ជាង​ ​​មន្ត្រី​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ផ្ទាល់​។​

​​​​​លោក​ថា​ បើ​បរិច្ចាគ​ឈាម​ ដល់​អតិថិជន​មក​ពី​ខាង​ក្រៅ​អាច​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ ១០០​ដុល្លារ​ ទៅ​១៥០​ ដុល្លារ​ ក្នុង​ពេល​ផ្ដល់​ឈាម​ម្ដងៗ​ តែ​បើ​ផ្ដល់​តាម​រយៈ​​អ្នក​រត់​ការ​ ដែល​លោក​មិន​អាច​បញ្ជាក់​អត្តសញ្ញាណ​ គឺ​បាន​កម្រៃ​ ប្រមាណ​ពី​៤០​ ដុល្លារ​ទៅ​ ៥០​ ដុល្លារ​ តែ​ប៉ុណ្ណោះ។

លោក​ សុខ ចិន្តា​ ​បន្ថែម​ថា​ពេល​ខ្លះ​ក្នុង​រយះ​ពេល​១​ ខែ​ លោក​សម្រេច​ចិត្ត​បរិច្ចាគ​ឈាម​ពី​ ២​ដង​ ទៅ​ ៣​ ដង​ ក៏​មាន​ដោយ​សារ​តែ​ ជីវភាព​ខ្វះ​ខាត​ ណា​មួយ​ការ​ប្រកប​មុខ​របរ​រត់​ម៉ូតូ​ឌុប​ មិន​សូវ​រក​បាន​ដូច​ មុន​ពេល​ដែល​កម្ពុជា​ ផ្ទុះ​​ជំងឺ​កូវីត​ ១៩​ នោះ​ទេ​​៖«​ដោយ​សារ​មួយ​រយះ​ពេល​នេះ​មាន​ជំងឺ​កូវិត​ចឹង​មាន​ការ​ខ្វះ​ខាត​។​ ដូច​ជា​ថ្លៃ​ផ្ទះ​ជួល​ជា​រៀង​រាល់​ខែ​ យើង​ត្រូវ​បង់​ឱ្យ​គេ​ ទាំង​ផ្ទះ​ និង​ទឹក​ ៦៥​ ដុល្លារ​ បាត់​ហើយ។​ ដល់​ពេល​ខ្ញុំ​ខ្វះ​ខាត​ចឹង​ ដោយ​សារ​បំពេញ​កាតព្វកិច្ច​ខ្លួន​ឯង​ផង​ ជួយ​សង្គ្រោះ​គេ​ផង។​ បើ​យើង​គិត​ថា​ លក់​ដូរ​ វា​មិន​ល្អ​ស្ដាប់​ តែ​ប្រសិន​បើ​យើង​ប្រើ​ភាសា​ ថា​បរិច្ចាគ​ ឬ​ជួយ​សង្គ្រោះ​ វា​បាន​បុណ្យ​ហើយ​ វា​បាន​ផល​ប្រយោជន៍​ពី​អ្នក​ដែល​បាន​ទទួល​ ឈាម​ពី​យើង​ទៅ​ដែរ។»

មិន​មែន​មាន​តែ​ លោក​ សុខ ចិន្តា​ តែ​ម្នាក់​នោះ​ទេ​ ដែល​រង់​ចាំ​ដើម្បី​បរិច្ចាគ​ឈាម​ ដើម្បី​បាន​ប្រាក់​​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ជីវភាព។អ្នក​ប៉ះ កង់​ ម្នាក់​នៅ​ក្បែរ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ លោក​ ពេជ្រ រតនា(​ ឈ្មោះ​អ្នក​និពន្ធ​ដាក់​ឱ្យ) ក៏​សម្រេច​ចិត្ត​បរិច្ចាគ​ឈាម​ដែរ។​

លោក​ ពេជ្រ រតនា​ និយាយ​ថា​ នៅ​មុន​ពេល​ផ្ទុះ​ជំងឺ​កូវិត​១៩​ លោក​ប៉ះ កង់​ ​មួយ​ថ្លៃ​បាន​ជាង​ ១ម៉ឺន​ ៥​ ពាន់​​ រៀល​ គឺ​ប្រមាណ​ ៤ ដុល្លារ​ ទៅ​ ២​ម៉ឺន​រៀល​ គឺ​ប្រមាណ​ ៥​ ដុល្លារ​ ក្នុង​មួយ​ថ្លៃ​ តែ​សព្វ​ថ្លៃ​នេះ​​រក​ចំណូល​បាន​ត្រឹមតែ​ ៥​ពាន់​រៀល​ ឬ​ស្មើ​ជាង​ ២ ដុល្លារ​ ប៉ុណ្ណោះ​ ហើយ​​ថ្ងៃ​ខ្លះ​រក​ប្រាក់​មិន​បាន​ក៏​មាន។

លោក​ ពេជ្រ រតនា​ ​បាន​សម្រេច​បរិច្ចាគ​ បន្ថែម​លើ​មុខ​របរ​ប៉ះ​កង់​ ដោយ​សារ​តែ​ គ្មាន​ជម្រើស​ណា​ផ្សេង​ដើម្បី​បាន​ប្រាក់។​

លោក​ថា​ លោក​ផ្ដល់​ឈាម​ម្ដង​ រយៈពេល​ ២ ខែ​ ឬ ៣​ ខែ​ ក្រោយ​មក​ទៀត​ ទើប​លោក​ សម្រេច​បរិច្ចាគ​ឈាម​ សារ​ជា​ថ្មី​ម្ដង​ទៀត​ ដោយ​សារ​តែ​លោក​រង់ចាំ​ទទួល​ទាន​អាហារ​ឱ្យ​​គ្រប់​គ្រាន់​ជា​មុន​សិន​៖«​ខ្ញុំ​ទាល់​មែន​ទែន​ ហើយ​បង​។​ថ្លៃ​ផ្ទះ​អី​គេ​​មួយ​សប្ដាហ៍​មិន​ដឹង​រក​អី​បាន​ចេះ​តែ​ឡើង​ទៅ​ផ្ដល់​ឈាម​ទៅ​ ជួន​កាល​ផ្ដល់​បាន​ ជួន​កាល​អត់។ ក្នុង​ការ​ផ្ដល់​ឈាម​គេ​តេ​ទាក់​ទង​មក​ បើ​មាន​បង​ប្អូន​ណា​ ខ្វះ​ឈាម​ ឬ​ត្រូវ​ការ​ឈាម​ ពេល​គេ​ តេ​មក​ យើង​ទៅ​ៗ។»

មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​បាន​ឱ្យ​ដឹង​ថា​ ការ​បរិច្ចាគ​ឈាម​ពី​អ្នក​ស្ម័គ្រ​ចិត្ត ​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ពេល​ដែល​កម្ពុជា​ កំពុង​​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ ដែល​ធ្វើ​ឲ្យ​ឈាម​ក្នុង​ស្តុក​ប្រឈម​កង្វះ​ខាត។​ មជ្ឈមណ្ឌល​កំណត់​ថា  ដើម្បី​ទទួល​បាន​ឈាម​ពី​ក្នុង​ស្តុក​ ក្រុម​គ្រួសារ​ សាច់​ញាតិ​ ឬ​មិត្ត​ភក្តិ​របស់​អ្នក​ជំងឺ​ ​ត្រូវ​ការ​ មាន​អ្នក​មក​ជំនួស​ មក​បរិច្ចាគ​​ឈាម​ ដើម្បី​ប្ដូរ​យក​ឈាម​ ពី​ក្នុង​ស្តុក​ សម្រាប់​យក​ទៅ​សង្គ្រោះ​អ្នក​ជំងឺ​។

​​​​​អនុ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ អ្នក​ស្រី​ មើក សាមៀន​ ប្រាប់​អាស៊ីសេរី​ថា​ បច្ចុប្បន្ន​នេះ​អ្នក​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​ មាន​ការ​ថយ​ចុះ​គឺ​បាន​ប្រមាណ​តែ​១០​%​ ប៉ុណ្ណោះ​ គឺ​នៅ​ខ្វះ​ចំនួន​៩០​%​ទៀត​។​ អ្នក​ស្រី​បន្ត​ថា​ ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ​ទទួល​ឈាម​ពី​អ្នក​ស្ម័គ្រ​ចិត្ត​បាន​ប្រមាណ​ពី​ ៣៥០​​ នាក់​ទៅ​ ៤០០​ នាក់​ប៉ុណ្ណោះ។​ ​នៅ​ក្នុង​ចំណោម​នោះ​គ្រូពេទ្យ​សម្រេច​ជ្រើស​រើស​អ្នក​បរិច្ចាគ​ ​ដែល​មាន​សុខ​ភាព​ល្អ​ និង​ឈាម​ដែល​មាន​សុវត្ថិភាព ប្រមាណ​តែ​ជាង​ ៣០០​ ប្លោក​ ក្រៅ​ពី​នោះ​ត្រូវ​បោះ​ចោល​ដោយ​សារ​ឈាម​ដែល​បាន​ផ្ដល់​ឱ្យ​នោះ​ ​មិន​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​សម្រាប់​យក​ទី​សង្គ្រោះ​អ្នក​ជំងឺ​។​

អ្នក​ស្រី​ទទួល​ស្គាល់​ថា​ សព្វ​ថ្ងៃ​នេះ​ នៅ​មាន​អ្នក​​បរិច្ចាគ​ឈាម​លក់​យក​ប្រាក់​កម្រៃ​ខាង​ក្រៅ​ តែ​ចំនួន​ឈាម​ដែល​បាន​បូម​នោះ​ភាព​ច្រើន​ មជ្ឈមណ្ឌល​ជាតិ​មិន​​យក​ឈាម​នោះ​ទៅ​ប្រើ​ប្រាស់​ដើម្បី​សង្គ្រោះ​អ្នក​ជំងឺ​ទេ ដោយ​សារ​តែ​អ្នក​ផ្ដល់​ឈាម​មួយ​ចំនួន​ ធ្វើ​ខុស​បច្ចេកទេស​។

អ្នក​ស្រីបន្ត​ថា​ កន្លងមក​ក្រសួង​បាន​ណែ​នាំ​ពួក​គេ​ពី​គ្រោះ​ថ្នាក់​​ដល់​សុខ​ភាព​នៅ​ពេល​ខាង​មុខ​ ដោយ​សារ​តែ​ពួក​គេ​បរិច្ចាគ​ឈាម​ញឹកញាប់​ពេក​អាច​បណ្ដាល​អោយ​កើត​ជំងឺ​ខ្សោយ​ក្រលៀន និង​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ តែ​ទោះ​ជា​យ៉ាង​ណា​ មិន​អាច​ទប់​ស្កាត់​សកម្មភាព​នេះ​ទេ​ ដោយ​សារ​តែ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ប្រឆាំង​នឹង​អ្នក​ដែល​បរិច្ចាគ​ឈាម​ដើម្បី​យក​កម្រៃ។​ អ្នកស្រី​បន្ថែម​ថា​ ក្រុម​គ្រូ​ពេទ្យ​​បាន​ត្រឹម​តែ​ ហៅ​សមត្ថកិច្ច​នាំ​ខ្លួន​ពួក​គេ​នៅ​ណែ​នាំ​ប៉ុណ្ណោះ​ ដើម្បី​ពន្យល់​ឱ្យ​ពួក​គេ​បញ្ឈប់​សកម្មភាព​ បរិច្ចាគ​ឈាម​លក់៖«​ ផ្ដល់​ឈាម​លក់​ហ្នឹង​មិន​មែន​ជា​អំពើ​មួយ​ល្អទេ​។​ ផ្ដល់​ឈាម​លក់​គឺ​គាត់​អស់​លុយ​ទៅ​ទិញ ទៅ​ជួល​​ អ្នក​លក់​ឈាម​។​អំពើ​នេះ​ វា​ខុស​បច្ចេកទេស​ ពី​ព្រោះ​អី​អ្នក​លក់​ឈាម​ហ្នឹង​ គាត់​ផ្ដល់​ឈាម​ក្នុង​រង្វង់​ជួនកាល​១​ អាទិត្យ​ ជួន​កាល​២ អាទិត្យ​ ជួន​កាល​មួយ​ខែ​។​អញ្ចឹង​ហើយ​អត់​គ្រប់​លក្ខខណ្ឌ​យើង​ទេ។​ អត់​គ្រប់​ធ្វើ​ឱ្យ​សារធាតុ​ចិញ្ចឹម​ នៅ​ក្នុង​ឈាម​របស់​គាត់​ហ្នឹង​គឺ​ មិន​គ្រប់​គ្រាន់​តាំង​ពី​សារធាតុ​ ចិញ្ចឹម​ដ៏​ទៃ​ទៀត​។ អញ្ចឹង​អ្នក​ជំងឺ​ម្នាក់​ បើ​គាត់​ចាក់​ឈាម​ ត្រូវ​ការ​មួយ​ប្លោក​ បើ​សិន​ជា​គាត់​ផ្ដល់​ឈាម​ នៅ​ក្នុង​ឈាម​គាត់​ គ្មាន​សារ​ធាតុ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់​ អញ្ចឹង​អ្នក​ជំងឺ​មិន​មែន​ត្រូវ​ការ​មួយ​ទេ​គឺ​អាច​ត្រូវ​ការ​២​ ឬ​ ៣​ ប្លោក​ បាន​ដាក់​ទៅ​គ្រប់។»

អ្នក​ស្រី​ បន្ថែម​ទៀត​ថា​ ​អ្នក​ផ្ដល់​ឈាម​ស្ម័គ្រ​ចិត្ត​ ត្រូវ​មាន​អាយុ​ចាប់​ពី ​១៧​ឆ្នាំ ដល់ ៦០​ឆ្នាំ មាន​ទម្ងន់​យ៉ាង​តិច​បំផុត ៤៥​គីឡូក្រាម។ សម្រាប់​ស្ត្រី​អាច​ផ្ដល់​ឈាម​បាន​ម្តង​​ក្នុង​រយៈ​ពេល ៤​ខែ​​ ចំណែក​បុរស​អាច​ផ្ដល់​ឈាម​បាន​ក្នុង​រយៈ​ពេល ៣​ខែ​ម្ដង។ អ្នក​ផ្ដល់​ឈាម​​ អាច​ចំណាយ​ពេល​តែ ៤៥​​នាទី​ប៉ុណ្ណោះ ​ក្នុង​ដំណើរការ​ផ្ដល់​ឈាម និង​បាន​ទទួល​​អាហារ​គ្រប់​គ្រាន់​ក្រោយ​ពេល​ផ្ដល់​ឈាម​រួច។

ទាក់​ទិន​នឹង​ការ​ផ្ដល់​ឈាម​នេះ​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការអភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា​ បើ​ការ​លក់​ឈាម​ដើម្បី​លុយ ​ជា​ការ​ពិត​មែន​នោះ​ វា​ជា​រឿង​សោក​សៅ​សម្រាប់​ពលរដ្ឋ​។​

លោក​ទាម​ទារ​ឱ្យ​ក្រសួង​សុខាភិបាល​គួរ​តែ​ថា​ វិធាន​ការណ៍​ទប់​ស្កាត់​ដើម្បី​កុំ​អោយ​សកម្មភាព​ទាំង​នេះ​កើត​មាន​ឡើង​តទៅ​ទៀត​៖«​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ខ្ញុំ​ថា​ គួរ​តែ​មាន​ដំណោះ​ស្រាយ​ សម្រាប់​ពួក​គាត់​ធ្វើ​យ៉ាង​ណា​ ដើម្បី​ ឱ្យ​ពួក​គាត់​ មាន​ជីវភាព​រស់​នៅ​បាន​ ហើយ​នឹង​អាច​ទទួល​បាន​ ការ​ផ្គត់​ផ្គង់​ណា​មួយ​ពី​រដ្ឋ​ដើម្បី​ ឱ្យ​គាត់​អាច​នឹង​បន្ត​ជីវភាព​របស់​គាត់​ ហើយ​នឹង​ដក​ឃ្លា​សម្រាប់​ការ​រក​ស៊ី​ផ្សេងៗ​ ឬ​ក៏​អាច​ថា​ បញ្ចូល​ពួក​គាត់​ទៅ​ក្នុង​ បញ្ជី​អ្នក​ដែល​ក្រ​១​ ក្រ​២​ ដែល​អាច​ទទួល​បាន​ការ​ឧបត្ថម្ភ​ នេះ​ជា​រឿង​មួយ​សំខាន់​។»​

អាស៊ី​សេរី​ មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​អ្នក​ស្រី​ ឱ្យ វណ្ណឌីន​ បាន​ទេ​ ដោយ​សារ​តែ​អ្នក​ស្រី​ថា​ កំពុង​ជាប់​រវល់។​​​

ទាក់​ទិន​នឹង​បញ្ហា​បរិច្ចាគ​ឈាម​នេះ​ អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក​ លោក​ សឹង សែន​ ករុណា​ បាន​បញ្ជាក់​ថា​ ពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន​ ជា​ពិសេស​ពលរដ្ឋ​ដែល​រង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ​រស់​នៅ​ជាយ​ៗ​ក្រុង​ ពួក​គេ​តែង​តែ​ មក​បរិច្ចាគ​ឈាម​ដើម្បី​យក​ប្រាក់។​លោក​ ថា​ ប្រសិន​បើ​សកម្មភាព​នេះ​នៅ​តែ​អូស​​បន្លាយ​តទៅ​ទៀត​នោះ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខ​មាត់​ក្នុង​សង្គម​ ដែល​អាជ្ញាធរ​ត្រូវ​តែ​ទប់​ស្កាត់៖« នេះ​ជា​កាតព្វកិច្ច​រដ្ឋ​តើ​ធ្វើ​យ៉ាងណា​ដើម្បី​ ឱ្យ​មាន​ការ​បង្កើន​នូវ​ជីវភាព​ និង​មុខ​របបរ​ដល់​ប្រជាពលរដ្ឋ​ កុំ​ឱ្យ​ពួកគាត់​ មាន​ភាព​ទាល់​ច្រក​ ដល់​ថ្នាក់​ទៅ​បូម​ឈាម​លក់​។ អាហ្នឹង​វា​ប៉ៈពាល់​ទៅ​ដល់​ការ​ដឹក​នាំ​ មុខមាត់​របស់​អ្នក​ដឹកនាំ​នៃ​ប្រទេស​កម្ពុជា​ ហ្នឹង​ដែរ។»​

​ទាក់​ទិន​ទៅ នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក​ ផៃ​ ស៊ីផាន ទទួល​ស្គាល់​ថា ​ពិតជា​មាន​ការ​លក់​ឈាម​នៅ​កម្ពុជា​មែន​

ហើយ​បញ្ហា​នេះ​រដ្ឋាភិបាល​កំពុង​មាន​វិធាន​ការណ៍​ទប់​ស្កាត់​ដើម្បី​បញ្ឈប់​សកម្មភាព​បរិច្ចាគ​ឈាម​លក់​តទៅ​ទៀត៖« នៅ​ក្នុង​មជ្ឈមណ្ឌល​ផ្ដល់​ឈាម​ហ្នឹង​គេ​ មាន​វិធាន​ការណ៍​ត្រឹម​ត្រូវ​។​ ខ្ញុំ​បាន​ចុះ​ទៅ​មើល​ ហើយ​គាត់​បាន​រាយការណ៍​ ហើយ​ខ្ញុំ​បាន​ធ្វើ​សន្និសីទ​​សារព័ត៌មាន​ អំពី​ការ​ផ្ដល់​ឈាម​ហ្នឹង​ដែរ។ យើង​បាន​ទប់​ស្កាត់​ សកម្មភាព​នៅ​ជុំវិញ​ មន្ទីរ​ពេទ្យ​រុស្ស៊ី​ដែរ​។​ យើង​បាន​ទប់​ស្កាត់​រឿង​ហ្នឹង​។»​

បើ​ទោះ​បី​ជា​ការ​លក់​ឈាម​ច្រើន​លើស​កំណត់​ពី​ការ​ណៃ​នាំ​របស់​មន្រ្តី​សុខាភិបាល​ក៏​ លោក​ ពេជ្រ រតនា​ ថា​ លោក​នៅតែ​បន្ត​ផ្ដល់​ឈាម​ដើម្បី​បាន​លុយ​ដើម្បី​ចិញ្ចឹម​ជីវិត​ ដោយ​សារ​តែ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​​ពី​នេះ​ នោះ​ទេ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល