កម្មករ​មួយ​ចំនួន​កាប់​ចេក​ឱ្យ​ក្រុមហ៊ុន​ចិន​នៅ​ខេត្តកំពត​ប្រឈម​បញ្ហា​សុខភាព

0:00 / 0:00

កម្មករ​ខ្មែរ​មួយ​ចំនួន​នៅ​ក្រុមហ៊ុន​ចិន ឡងម៉េត អេហ្គ្រីខលឈ័រ (Longmate Agriculture) ដែល​វិនិយោគ​ផ្នែក​ដំណាំ​ចេក​នៅ​ខេត្ត​កំពត មាន​សុខភាព​ទ្រុឌទ្រោម ដោយសារ​តែ​រង​ការ​បំពុល​ពី​សារធាតុ​ថ្នាំ​គីមី និង​កម្មករ​ខ្លះ​ទៀត​ត្អូញត្អែរ​អំពី​ថ្លៃ​ប្រាក់​ឈ្មួញ​ថោក ខណៈ​ពួកគាត់​បញ្ចេញ​កម្លាំង​ពលកម្ម​ច្រើន។ ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា មូលហេតុ​ពលរដ្ឋ​ភាគច្រើន​នៅ​មូលដ្ឋាន​ទ្រាំ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ចិន ទាំង​ការ​លំបាក ដោយសារ​តែ​ពលរដ្ឋ​គ្មាន​ជម្រើស និង​មិន​ចង់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ចោល​ក្រុម​គ្រួសារ។

កម្មករ​ខ្មែរ​ដែល​ភាគ​ច្រើន​ជា​បុរស​បាញ់​ថ្នាំ​សារធាតុ​គីមី​ទៅ​លើ​ផ្លែ​ចេក​នៅ​ក្រុមហ៊ុន​ចិន ឡងម៉េត អេហ្គ្រីខលឈ័រ នៅ​ខេត្តកំពត​ពុំ​ទទួល​បាន​កិច្ច​គាំពារ​ពី​ក្រុមហ៊ុន​ទាក់ទង​នឹង​ការ​ថែទាំ​សុខភាព​នោះ​ទេ ហើយ​កម្មករ​មួយ​ចំនួន​មាន​អាការ​ក្អក​ជា​ប្រចាំ ខ្សោះ​អស់​កម្លាំង ស្ងួត​បំពង់​ក និង​ពិបាក​ដង្ហើម។

កម្មករ​ម្នាក់​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ចិន ឡងម៉េត លោក ឆាយ សិលា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី៣ ខែកញ្ញា ថា លោក និង​កម្មករ​ផ្សេង​ទៀត​នៅ​ពេល​យក​ថ្នាំ​សារធាតុ​គីមី​បាញ់​ថែទាំ​ផ្លែ​ចេក​ម្ដងៗ​គឺ​ក្រុមហ៊ុន​ពុំ​បាន​ផ្ដល់​សំលៀក​បំពាក់​ការពារ និង​សម្ភារៈ​ផ្សេង​ទៀត ដើម្បី​ការពារ​ចំហាយ​សារធាតុ​គីមី​នោះ​ទេ។ លោក​ថា នៅ​ពេល​កម្មករ​យក​សារធាតុ​គីមី​ចាញ់​ថែទាំ​ផ្លែ​ចេក​នោះ ចំហាយ​គីមី​ហូរ​ជ្រាប​ពេញ​ខ្លួន ដែល​ធ្វើ​ឱ្យ​លោក និង​កម្មករ​មួយ​ចំនួន​ទៀត​មាន​ធ្លាក់​ខ្លួន​ឈឺ ក្អក ស្ងួត​បំពង់​ក និង​ខ្សោះ​អស់​កម្លាំង ជាដើម។ លោក​ព្រួយបារម្ភ​ថា ទៅ​ថ្ងៃ​ខាង​មុខ​លោក​មិន​ដឹង​ប្រឈម​កើត​ជំងឺ​អ្វី​ទៀត​នោះ​ទេ។ លោក​បញ្ជាក់​ថា ដោយសារ​តែ​ថ្លៃ​កម្លាំង​ពលកម្ម​ថោក និង​មាន​ជំងឺ​ប្រចាំ​កាយ​ផង​នោះ លោក​ត្រូវ​ឆ្លៀត​ពេល​ទៅ​កាប់​អុស​តាម​ជ្រលង​ភ្នំ ដើម្បី​យក​ទៅ​លក់​ដោះស្រាយ​ជីវភាព និង​សង​បំណុល​ធនាគារ។

លោក ឆាយ សិលា៖«ជំពាក់​អង្គការ​អត់​ជម្រើស ហើយ​ពិបាក​ដើរ​ទៅ​ធ្វើ​ការ​នៅ​ឆ្ងាយ​ពី​ផ្ទះ ទើប​ទ្រាំ​ធ្វើ។ វា​ប្រឈម​ថ្នាំ​ពុល​ច្រើន​ណាស់ ជាតិ​ពុល​ចូល​ក្នុង​ខ្លួន​យើង។ ពេល​ណា​យើង​នៅ​កម្លាំង​វា​មិន​អាច​ធ្វើ​អី​យើង​បាន​ទេ តែ​រាង​កាយ​យើង​ទ្រុឌ​តិច​វា​នឹង​កើត​មាន គ្រាន់​តែ​ក្លិន​ខ្ញុំ​ឈឺក្បាល បាញ់​ពី​ក្រោម​ដើម​ចេក ហើយ​ហានិភ័យ​ដែល​វា​គ្រោះថ្នាក់​ហ្នឹង​ខ្ញុំ​អត់​ដឹង​ថា ថ្ងៃ​ក្រោយ​វា​យ៉ាង​ម៉េច»។

ចំណែក កម្មករ​ម្នាក់​ទៀត​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​រៀបរាប់​ថា ការ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​មួយ​នេះ​មិន​មាន​ជីវភាព​ប្រសើរ​ឡើយ ព្រោះ​ពួកគាត់​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន​បាន​ប្រាក់​ឈ្នួល ៣ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ខណៈ​អ្នក​ថែទាំ​កូន​ចេក​វិញ បាន​ប្រាក់​ឈ្នួល​តែ ១៨០​ដុល្លារ​ទេ ក្នុង​មួយ​ខែ។ លោក​ស្រី​ថា តម្លៃ​ប្រាក់​ឈ្នួល​នេះ​មិន​សក្ដិសម​នឹង​កម្លាំង​ពលកម្ម​របស់​កម្មករ​ឡើយ។ លោកស្រី​ឱ្យ​ដឹង​ថា កម្មករ​ភាគច្រើន​រួម​ទាំង​លោកស្រី​ផង ទ្រាំ​ធ្វើការ​ដោយ​មិន​ហ៊ាន​ងើប​តវ៉ា​ជាមួយ​ថៅកែ​នោះ​ទេ ដោយសារ​ព្រួយបារម្ភ​ខ្លាច​ថៅកែ​បញ្ឈប់​ពី​ការងារ ហើយ​មិន​មាន​លុយ​សង​ធនាគារ និង​មិន​ចង់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ចោល​ក្រុម​គ្រួសារ។

កម្មករ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ៖«និយាយទៅ​ការងារ​កន្លែង​នេះ គ្មាន​កន្លែង​ណា​ស្រណុក​ទេ ពិបាក​ទាំងអស់ តាម​ផ្នែក​នីមួយៗ​ធ្វើ​មិន​ទាន់​ គេ​ស្ដី​ឱ្យ។ ដូច​ពួក​ខ្ញុំ​អ៊ីចឹង​ចិត​ចេក​ឱ្យ​គេ​មិន​ស្អាត គេ​ស្ដី​ឱ្យ​រាល់​ថ្ងៃ​ដឹង​ធ្វើ​ម៉េច»។

ពលរដ្ឋ​ឱ្យ​ដឹង​ថា នៅ​ភូមិ​ខ្ពប ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត មាន​ពលរដ្ឋ​ខ្មែរ​ជាង ៣រយ​គ្រួសារ (៣០០) កំពុង​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ចិន​ដែល​វិនិយោគ​ដាំណាំ​ចេក​ឈ្មោះ ឡងម៉េត អេហ្គ្រីខលឈ័រ។ នៅ​តំបន់​ភូមិ​ខ្ពប ឃុំ​តាកែន គឺ​ជា​តំបន់​ជនបទ​ដាច់​ស្រយាល គ្មាន​ផ្សារ​រោងចក្រ​សហគ្រាស​នោះ​ទេ និង​មាន​ចម្ងាយ​ប្រមាណ​ជាង ៧០គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពត។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ចិន ឡងម៉េត អេហ្គ្រីខលឈ័រ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៣ ខែ​កញ្ញា។ ចំណែក​អ្នកនាំពាក្យ​សាលាខេត្ត​កំពត លោក ឃុត ឧសភា អភិបាលខេត្ត​កំពត ​លោក ម៉ៅ ធនិន និង​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម ​លោក ឌិត ទីណា ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

កន្លងទៅ ក្រុមហ៊ុន​ចិន​ដែល​វិនិយោគ​ដំណាំ​ចេក ឡងម៉េត មិន​ត្រឹមតែ​ប្រើប្រាស់​ថ្នាំ​គីមី​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​កម្មករ​ខ្មែរ និង​ផ្ដល់​ប្រាក់​ឈ្នួល​ដល់​កម្មករ​ក្នុង​តម្លៃ​ថោក​តែ​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​មួយ​នេះ​ធ្លាប់​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​រំលោភ​យក​ដី​ធ្លី​ពលរដ្ឋ​ថែម​ទៀត​ផង។

ក្រសួង​កសិកម្ម​អះអាង​ថា ការ​នាំ​ចេញ​កសិផល​ចេក​ពី​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​បាន​កើន​ឡើង​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ២០១៨ មក គឺ​កើន​ឡើង​ពី​ជាង ៣ម៉ឺន​តោន​ក្នុង​ឆ្នាំ២០១៨ រហូត​ដល់​ជាង ៤សែន ២ម៉ឺន​តោន​នៅ​ក្នុង​ឆ្នាំ២០២១ ក្នុង​នោះ​ស្ទើរ​តែ ៩០ភាគរយ​នាំ​ទៅ​ប្រទេស​ចិន។ ចំណែក ក្នុង​រយៈពេល ២ខែ កាល​ដើម​ឆ្នាំ២០២៣ វិញ ក្រុមហ៊ុន​អះអាង​ថា នាំ​ចេញ​ផ្លែ​ចេក​ស្រស់ ទៅ​កាន់​ប្រទេស​ចិន​ចំនួន​ជាង ៨ម៉ឺន ៨ពាន់​តោន (៨៨.១៤០)។

ជុំវិញ​រឿង​នេះ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADO) ប្រចាំ​ខេត្ត​កំពត លោក ប៉ែន វុទ្ធា ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា ថ្វី​ដ្បិត​ក្រុមហ៊ុន​នាំ​ចេញ​ផ្លែ​ចេក​លក់​ទៅ​ទីផ្សារ​ចិន​ច្រើន ប៉ុន្តែ​មិន​បាន​ធ្វើ​ឱ្យ​ជីវភាព​កម្មករ​ខ្មែរ​ធូរធារ​នោះ​ទេ។ លោក​ឱ្យ​ដឹង​ទៀត​ថា កន្លង​ទៅ​ក្រុម​កម្មករ​នៅ​កសិដ្ឋាន​ដាំ​ចេក​តែង​តវ៉ា​បញ្ហា​ក្រុមហ៊ុន​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម ប៉ុន្តែ​ពួកគេ​ពុំ​ហ៊ាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ខាង​អាជ្ញាធរ​នោះ​ទេ ដោយសារ​តែ​ខាង​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ចាត់​ទុក​ការ​គំរាមកំហែង​របស់​ក្រុមហ៊ុន​គឺ​ជា​ការ​រំលោភ​សិទ្ធិ​ការងារ​កម្មករ និង​ស្នើ​ឱ្យ​អាជ្ញាធរ​វិធានការ​ដោះស្រាយ​បញ្ហា​ជូន​កម្មករ ដើម្បី​លើក​កម្ពស់​ជីវភាព​កសិករ​ខ្មែរ។

លោក ប៉ែន វុទ្ធា៖«ក្នុង​ករណី​ដែល​កម្មករ​គ្រាន់​តែ​ការ​អនុវត្ត​សិទ្ធ​ទាមទារ​អត្ថ​ប្រយោជន៍​របស់​គាត់​ស្រប​នឹង​គោលការណ៍​លក្ខខណ្ឌ​ការងារ​របស់​គាត់ ប៉ុន្តែ ការ​អនុវត្ត​របស់​គាត់​មិន​ត្រូវ​បាន​អនុវត្ត​ដោយសារ​តែ​មាន​ការ​គំរាមកំហែង​បំភិតបំភ័យ​បែប​ហ្នឹង​វា​ជា​រឿង​រំលោភ​បំពាន​ធ្ងន់ធ្ងរ​សម្រាប់​កម្មករ។ ចំណុច​ទាំងអស់​នេះ កម្មករ​គួរ​តែ​ក្លាហាន​ក្នុង​ការ​ស្នើ​សុំ ជំរុញ​ឱ្យ​មន្ទីរ​មាន​សមត្ថកិច្ច ដូចជា​មន្ទីរ​ការងារ និង​ក្រសួង​ការងារ ចុះ​ធ្វើ​អធិការកិច្ច​ចំពោះ​ការ​អនុវត្ត​របស់​ក្រុមហ៊ុន​ហ្នឹង តើ​វា​មាន​ភាព​ត្រឹមត្រូវ​ច្បាប់​ស្ដី​ពី​របប​សន្តិសុខ​សង្គម​ក្នុង​ការ​គាំពារ​លើ​កម្មករ​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​នោះ»។

ក្រុមហ៊ុន​ចិន ឡងម៉េត អេហ្គ្រីខលឈ័រ កាល​ពី​ឆ្នាំ​២០១៨ ទទួល​បាន​សិទ្ធ​វិនិយោគ​លើ​ផ្ទៃ​ដី​ប្រមាណ​ជាង ១ពាន់​ហិកតារ នៅ​ទីតាំង​ភូមិ​ដុំផ្តៅ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ក្នុង​គម្រោង​វិនិយោគ​ផ្នែក​ដំណាំ​ចេក​មាន​ទឹក​ប្រាក់ ៣២​លាន​ដុល្លារ។

ប្រជា​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ដល់​អាជ្ញាធរ​ជួយ​ជំរុញ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ និង​ផ្ដល់​កិច្ច​គាំពារ​នានា​ជូន​កម្មករ​ដែល​ងាយ​រង​ផល​ប៉ះពាល់​សុខភាព​ដោយសារ​ថ្នាំ​ជាតិ​គីមី និង​ដើម្បី​លើក​កម្ពស់​ជីវភាព​កម្មករ​ខ្មែរ​រស់​នៅ​ប្រកប​ដោយ​សេចក្ដី​ថ្លៃ​ថ្នូរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។