អ្នកឧបត្ថម្ភ​ថវិកា​ឱ្យ​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​មិន​ពេញចិត្ត​ការ​ទិញ​លក់​មន្ទីរពេទ្យ​នេះ

ដោយ ខែ សុណង
2021.04.01
អ្នកឧបត្ថម្ភ​ថវិកា​ឱ្យ​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​មិន​ពេញចិត្ត​ការ​ទិញ​លក់​មន្ទីរពេទ្យ​នេះ ​មន្ទីរពេទ្យ​ស្ត្រី «នគរ​ទេព» នៅ​រាជធានី​ភ្នំពេញ ដែល​រដ្ឋាភិបាល​គ្រោង​ទិញយក ហើយ​ដូរ​ឈ្មោះ​ទៅ​ជា​មន្ទីរពេទ្យ «ហ្លួង​ម៉ែ» ដើម្បី​ព្យាបាល​អ្នកជំងឺ​កូវីដ១៩។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​ម្នាក់​ដែល​ជា​អ្នកឧបត្ថម្ភ​ប្រាក់​ដើម្បី​ទ្រទ្រង់​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​ថ្លែង​ថា លោក​មិន​ពេញ​ចិត្ត​ទេ ចំពោះ​ការ​ទិញ​លក់​មន្ទីរពេទ្យ​នេះ ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ឆ្លើយ​តប​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថា ការ​ទិញ​មន្ទីរពេទ្យ​នេះ​ធ្វើឡើង​ត្រឹម​ត្រូវ​មាន​តម្លាភាព និង​គ្មាន​ការ​បង្ខិតបង្ខំ​ណា​មួយ​ឱ្យ​លក់​មន្ទីរពេទ្យ​នេះ​ឡើយ។

អ្នកឧបត្ថម្ភ​ក្នុង​ការ​សាងសង់​មន្ទីរពេទ្យ​នគរ​ទេព​បារម្ភ​ថា ការ​ទិញ​លក់​មន្ទីរពេទ្យ​នេះ​ធ្វើ​ឱ្យ​បាត់បង់​ការ​ខិតខំ​ប្រឹងប្រែង​របស់​សប្បុរស​ជន ដែល​ឧបត្ថម្ភ​ឱ្យ​មន្ទីរពេទ្យ​នេះ​នា​ពេល​កន្លង​មក។

ឧសថការី​នៅ​ប្រទេស​អូស្ត្រាលី​លោក លឹម សួរ ឱ្យ​ដឹង​ថា ស្ថាបនិក​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​ផ្ដល់​ដំណឹង​មក​ថា អ្នកស្រី​កំពុង​ពិភាក្សា​ពី​រឿង​លក់​ម​ន្ទី​ពេទ្យ​នេះ​ទៅ​រដ្ឋាភិបាល​ព្រោះ​រដ្ឋាភិបាល​ស្នើ​ទិញ​ដោយ​អះអាង​ថា ត្រូវការ​មន្ទីរពេទ្យ​នេះ​ជាចាំបាច់ ដើម្បី​យក​មន្ទីរពេទ្យ​នេះ​ព្យាបាល​អ្នកជំងឺ​កូវីដ១៩។ លោក​ឱ្យ​ដឹង​ទៀត​ថា លោក​បាន​ប្រាប់​ទៅ​ស្ថាបនិក​មន្ទីរពេទ្យ​នេះ​ថា លោក​មិន​សប្បាយ​ចិត្ត​ចំពោះ​កា​រលក់​មន្ទីរពេទ្យ​នេះ​ទេ ហើយ​អ្នក​ឧបត្ថម្ភ​ផ្សេង​ក៏​គេ​មិន​សប្បាយ​ចិត្ត​ដែរ៖ «ខ្ញុំមាន​ការមិនសប្បាយ​ចិត្តក្នុងការលក់មន្ទីរពេទ្យហ្នឹង ហើយទី២ ទៀត អ្នកដែល​គេចូលបុណ្យតាម​រយៈខ្ញុំ ដែល​គេខិតខំរក​លុយកាកមួយដុល្លារពីរដុល្លារទម្រាំបានប្រាំពាន់ដុល្លារទិញបន្ទប់មួយដាក់​ឈ្មោះគាត់ឥឡូវទៅ​ជាលក់ឱ្យរដ្ឋាភិបាលវិញ ហើយប្ដូរឈ្មោះទៅ​ទៀតធ្វើឱ្យមាន​ការមិនសប្បាយអ្នកដែលជួយ​ឧបត្ថម្ភកសាងមន្ទីរ​ពេទ្យ»

លោក​ថា លោក​មិន​ជំទាស់​ការ​យក​មន្ទីរពេទ្យ​នេះ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ​នោះ​ទេ ប៉ុន្តែ មិន​គួរ​ដល់​ថ្នាក់​ទិញ​យក​នោះ​ទេ។ លោក​យល់​ថា រដ្ឋាភិបាល​គួរ​ទិញ​មន្ទីរពេទ្យ​ឯកជន ឬ​សណ្ឋាគារ​ផ្សេង​ទៀត​ដែល​ប្រឈម​ការ​ក្ស័យធន​វិញ។ លោក​ថា ទោះ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​មាន​ការ​សាងសង់​មន្ទីរ​បែប​នេះ​នៅ​ទីតាំង​ផ្សេង​ទៀត គឺ​ត្រូវ​ចំណាយ​ពេល​យូរ និង​បាត់​ព្រលឹង​នគរ​ទេព​នៅ​តំបន់​ព្រៃ​ស៖ «រយៈជិតមួយឆ្នាំរឿងអីយើងមិនរៀបចំឱ្យដល់​ពេលត្រូវ​ការទៅអូសទាញមន្ទីរមនុស្សធម៌ទៅ​វិញ រឿងអីយើងមិនរៀបចំ ប្រទេសគេផ្សេង ខ្ញុំនិយាយប្រទេសអូស្ត្រាលី គឺគេរៀបចំស្រេចរួចយើងអត់​មានកូវីដជិតប្រហែលប្រាំបីប្រាំបួនខែយើងអត់​មាន យើងគួរតែកែកុនរៀបចំ យើងសង់ថែមមន្ទីរ​ពេទ្យ»

កាល​ពី​ចុងខែ​មីនា​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រកាស​ទិញ​មន្ទីរពេទ្យ «នគរ​ទេព» ដោយ​ប្ដូរ​ឈ្មោះ​ទៅ​ជា​មន្ទីរពេទ្យ «ហ្លួង​ម៉ែ» ដើម្បី​ព្យាបាល​អ្នកជំងឺ​កូវីដ១៩។ ពេល​នេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កំពុង​វាយ​តម្លៃ​ចរចា និង​រៀបចំ​កិច្ចសន្យា​ទិញ-លក់​មន្ទីរពេទ្យ​នេះ។ ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ ចំនួន ២០ម៉ឺន​ដុល្លារ រីឯ​សម្ដេច​ម៉ែ ក៏​បាន​ប្រោស​ព្រះរាជទាន​ព្រះរាជទ្រព្យ ២០ម៉ឺន​ដុល្លារ ក្នុង​ការ​រួម​ចំណែក​ទិញ​មន្ទីរពេទ្យ​នេះ។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ឱ្យ​អាស៊ី​សេរី​ដឹង​ថា ការ​ទិញ​មន្ទីរពេទ្យ​នេះ​ឈ​រលើ​គោល​ការណ៍​តម្លា​ភាព និង​មាន​ការ​វាយ​តម្លៃ​តាម​ផ្នែក​នីមួយៗ ត្រឹមត្រូវ។ លោក​អះអាង​ថា ការ​ទិញ​មន្ទីរពេទ្យ​នេះ​ជា​តម្រូវ​ការ​របស់​ពលរដ្ឋ​ព្រោះ​មន្ទីរពេទ្យ​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ ហើយ​មិន​មែន​ត្រឹមតែ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​ទេ គឺ​ទុក​សម្រាប់​ព្យាបាល​អ្នកជំងឺ​ផ្សេងៗ ទៀត៖ «ជាចម្លើយរាជ​រដ្ឋាភិបាលអ្វីដែលរាជ​រដ្ឋាភិបាលប្រឹងប្រែងខំទិញ គឺចង់ទិញ មិនមែនគ្រាន់​តែឆ្លើយ​តប​នឹងជំងឺកូវីដហ្នឹងទេ គឺបម្រើផ្នែកសុខាភិបាលសាធារណៈទាំង​អស់​គ្នានេះជាយើងគិតពីផល​ប្រយោជន៍ប្រជា​ពលរដ្ឋ»

មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ២០១១ តាម​រយៈ​មូលនិធិ​នគរ​ទេព​លើ​ផ្ទៃដី​ទំហំ ១ហិកតារ និង ៥០អា ដែល​មាន​អគារ​ទំហំ ២៥.០០០​ម៉ែត្រ​ការ៉េ កម្ពស់ ៥ជាន់។ សហ​ស្ថាបនិក​មន្ទីរពេទ្យ​នេះ គឺ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​អ្នកស្រី អ៊ឹង កន្ថាផាវី និង​ជនបរទេស​ម្នាក់ទៀត​អ្នកស្រី យ៉ាណេ រិទ្ធស្កេស៍ (Janne Ritskes)។ មន្ទីរពេទ្យ​នេះ​មាន​ឯកទេស​ព្យាបាល​ជំងឺ​ស្ត្រី និង​មាន​ប្រព័ន្ធ​ទឹក​ភ្លើង​គ្រប់​គ្រាន់។

ទាក់ទង​ការ​ទិញ​លក់​មន្ទីរពេទ្យ​នេះ អាស៊ី​សេរី​បាន​សុំ​ការ​បំភ្លឺ​ពី​ស្ថាបនិក​មន្ទីរពេទ្យ​នេះ គឺ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី ប៉ុន្តែ​ពេល​ទូរស័ព្ទ​ហៅ​ចូល អ្នក​លើក​ទូរស័ព្ទ​ប្រាប់​ថា អ្នកស្រី​ចេញ​ទៅ​ក្រៅ​បាត់​ហើយ តែ​ទុក​ទូរស័ព្ទ​នៅ​ផ្ទះ។ អាស៊ី​សេរី​ក៏បាន​សុំ​ការ​បក​ស្រាយ​ពី​ស្ថាបនិក​មន្ទីរពេទ្យ​នេះ​ម្នាក់​ទៀត គឺ​អ្នកស្រី យ៉ាណេ រិទ្ធស្កេស៍ (Janne Ritskes) តាម​សារ​អ៊ីម៉ែល ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ឆ្លើយ​តប​ពី​អ្នកស្រី​វិញ​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១ ខែ​មេសា។ នៅ​ពេល​កំពុង​ចរចា​ថ្លៃ​ទិញ​នេះ ក្រុម​ឈ្មួញ​មុខ​ដដែលៗ កំពុង​បណ្ដាក់​គ្នា​ជួយ​ផ្ដល់​លុយ​រាប់​លាន​ដុល្លារ​ក្នុង​ការ​ទិញ​មន្ទីរពេទ្យ​នេះ។

អ្នកឃ្លាំមើល​សង្គម​ថា ការ​ឧបត្ថម្ភ​ថវិកា​របស់​ក្រុម​ឧកញ៉ា​ក្នុង​ស្ថានភាព​កម្ពុជា​ជួប​វិបត្តិ​នេះ គឺជា​រឿង​ល្អ​ប៉ុន្តែ​អ្វី​គួរ​ឱ្យ​សង្ស័យ​ក្នុងចំណោម​អ្នកឧបត្ថម្ភ​នោះ​គឺ​មាន​ឈ្មួញ​មុខ​ដដែលៗ ផ្ដល់​លុយ​រាប់​លាន​ដុល្លារ ដែល​ករណី​នេះ​អាច​ជាប់​ពាក់ព័ន្ធ​ការ​លាង​លុយ​កខ្វក់ និង​ដើម្បី​ឱ្យ​លោក ហ៊ុន សែន ជួយ​ការ​ពារ​មុខ​របរ​ទុច្ចរិត​របស់​ពួក​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។